រដ្ឋាភិបាល​គ្រួសារ «​ហ៊ុន​» ជាប់​ឈ្មោះ​សេពគប់​ឧក្រិដ្ឋជន​ដើម្បី​លាង​​ឈ្មោះ​អាស្រូវ​របស់​ចិន​ឆបោក

0
29
មនុស្ស​ជំនិត​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​អានហ៊ុយ (Anhui) ប្រចាំ​កម្ពុជា លោក លីវ រ៉េន (ស្ដាំ) និង​ភរិយា​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អ្នកស្រី ពេជ ចន្ទមុន្នី ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​មួយ កាល​ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូប៖ AKP
មនុស្ស​ជំនិត​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​អានហ៊ុយ (Anhui) ប្រចាំ​កម្ពុជា លោក លីវ រ៉េន (ស្ដាំ) និង​ភរិយា​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អ្នកស្រី ពេជ ចន្ទមុន្នី ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​មួយ កាល​ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូប៖ AKP

រដ្ឋាភិបាល​នៃ​ក្រុមគ្រួសារ​ត្រកូល «​ហ៊ុន​» បាន​ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ ដើម្បី​ការពារ និង​បិទបាំង​បណ្ដាញ​ឧក្រិដ្ឋជន​ចិន​ដែល​មាន​កេរ្តិ៍ឈ្មោះ​អាស្រូវ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆ្លងដែន។ យុទ្ធសាស្ត្រ​ការពារ​ទាំងនេះ​រួមមាន ការបង្កើត​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ ការ​លក់​សញ្ជាតិ​ខ្មែរ និង​ការ​ផ្ដល់​ឋានៈ​តួនាទី​ធំៗ​ដល់​ឧក្រិដ្ឋជន​ជាដើម​។ ទង្វើ​កាង​ការពារ​បែបនេះ​បន្តិច​ម្ដងៗ​បាន​រួម​ចំណែក​លាង​សម្អាត​កេរ្តិ៍ឈ្មោះ​ឧក្រិដ្ឋជន​ចិន និង​បើកផ្លូវ​ឱ្យ​ពួកគេ​បន្ត​ពង្រីក​អាណាចក្រ​ឆបោក​តាម​អនឡាញ ព្រមទាំង​ប្រព្រឹត្ត​បទល្មើស​ឆ្លងដែន​ផ្សេងៗ​នៅ​កម្ពុជា​ដោយ​គ្មាន​អាជ្ញាធរ​រារាំង​ឡើយ​។ ជាក់ស្ដែង កូនចៅ​ជំនិត​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) គឺ​លោក លីវ រ៉េន (Lui Ren) ក៏​ធ្លាប់​ទទួល​បាន​ការ​កាង​ការ​ការ និង​ផ្ដល់​កិត្តិយស​យ៉ាង​ខ្លាំង​ក្លា​ពី​មន្ត្រី​អ្នក​មាន​អំណាច និង​សមាជិក​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន មុននឹង​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​បញ្ចូល​ទៅ​ប្រទេស​ចិន​វិញ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម។

តើ​កូនចៅ​ជំនិត​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី រូបនេះ​មាន​ប្រវត្តិ និង​មាន​ទំនាក់​ទំនងជា​មួយ​ក្រុម​គ្រួសារ​ត្រកូល «​ហ៊ុន​» បែប​ណា​ខ្លះ?

លោក លីវ រ៉េន (Liu Ren) គឺជា​ពាណិជ្ជករ​ចិន​ម្នាក់​ដែល​មាន​ឥទ្ធិពល​នៅ​កម្ពុជា និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​អានហ៊ុយ (Anhui) ប្រចាំ​កម្ពុជា​។ រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​ចាត់ទុក​លោក​ថា ជា​សមាជិក​ជាន់ខ្ពស់ និង​ជា​ដៃស្ដាំ​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ក្នុង​ការ​គ្រប់គ្រង​បណ្ដាញ​ល្បែង​អនឡាញ និង​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​នៅ​កម្ពុជា។

លោក លីវ រ៉េន (Liu Ren) មាន​វ័យ​ជាង ៥០​ឆ្នាំ និង​មាន​ស្រុកកំណើត​នៅ​ខេត្ត​អានហួយ (Anhui) ប្រទេស​ចិន​។ លោក​បាន​មក​រស់នៅ និង​រកស៊ី​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០០០ ដោយ​ចាប់ផ្ដើម​ពី​អាជីវកម្ម​តូចតាច មុននឹង​ពង្រីក​ខ្លួន​ក្លាយជា​ម្ចាស់​សណ្ឋាគារ និង​ខុនដូ (Condo) ហួង​សាន អ៊ី​ន​ធើ​ណា​សិ​នណល (Huangshan International) នៅ​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ដូច​ឧក្រិដ្ឋជន​ចិន​មាន​ឥទ្ធិពល​មួយចំនួ​នទៀត​ដែរ លោក​មាន​ប្រវត្តិ​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ត្រូវ​អាជ្ញាធរ​ចិន​តាម​ចាប់ខ្លួន​តាំងពី​ឆ្នាំ​២០១៦។ ក្រោយ​មក លោក​បាន​ទិញ​សញ្ជាតិ​ខ្មែរ​ពី​អតីត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​អំឡុង​ឆ្នាំ​២០១៨។

ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ឱ្យដឹង​ទៀត​ថា កាលពី​ឆ្នាំ​២០១៦ ឧក្រិដ្ឋជន ចេន ហ្ស៊ី បាន​ដឹកនាំ និង​បញ្ជា​ឱ្យ​លោក លីវ រ៉េន (Liu Ren) និង​បណ្ដាញ​ឧក្រិដ្ឋជន​ផ្សេងទៀត​ឱ្យ​បង្កើត​ក្រុមហ៊ុន ជីនប៉ី គ្រុប (Jinbei Group) ដើម្បី​បង្កើត​ជា​វេទិកា​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត​ជាច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​។ រហូត​ចាប់តាំងពី​ឆ្នាំ​២០២០ រដ្ឋាភិបាល​ចិន​រក​ឃើញ​ថា ក្រុមហ៊ុន ជីនប៉ី គ្រុប បាន​ដំណើរការ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ក្លែងបន្លំ​ទូរគមនាគមន៍​នៅ​កម្ពុជា ដោយ​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​អនឡាញ​ទ្រង់ទ្រាយ​ធំ​ក្នុង​ទំហំ​ទឹកប្រាក់​ច្រើន​សន្ធឹក​សន្ធាប់​។ ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ឱ្យ​ដឹង​ទៀត​ថា កូនចៅ​ជំនិត​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី គឺ​លោក លីវ រ៉េន ក៏​ត្រូវ​បាន​ជាប់​សង្ស័យ​ពី​បទ​ឧក្រិដ្ឋ​ហិង្សា​ជាច្រើន​ករណី​រួមមាន ការ​បង្ខាំង និង​ឃុំខ្លួន​មនុស្ស​ខុសច្បាប់ និង​ការប្រើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ដោយ​ចេតនា។ លោក​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​នៅ​អគារ​ខុន​របស់​លោក​ឈ្មោះ ហួងសាន អ៊ី​ន​ធើណាសិនណល (Huangshan International) នៅ​រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​ធ្វើ​បត្យាប័ន​បញ្ចូល​ទៅ​ប្រទេស​ចិន​កាលពី​ពាក់កណ្ដាល​ខែមិថុនា ដើម្បី​បន្ត​ការស៊ើបអង្កេត​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ឆបោក និង​ហិង្សា​ដោយ​ចេតនា។

មុន​ពេល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់ខ្លួន​ធ្វើ​បត្យាប័ន​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ លោក លីវ រ៉េ​ន ត្រូវ​បាន​មន្ត្រី​អ្នក​មាន​អំណាច​នៅ​កម្ពុជា និង​សមាជិក​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ចាត់ទុកថា ជា​ជន​សប្បុរស និង​តែងតែ​លេច​វត្តមាន​ចូលរួម​កម្មវិធី​ផ្សេងៗ​ជាមួយ​មន្ត្រី​ឧកញ៉ា​ឈ្មួញ​គ្រាក់ៗ និង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមាជិក​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដូចជា ក្មួយបង្កើត​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ និង​កូនប្រុស​ពៅ​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី។

កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក លីវ រ៉េន ក្នុងនាម​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​អាន​ហ៊ុយ​ប្រចាំ​នៅ​កម្ពុជា បាន​ចំណាយ​លុយ​រាប់សិប​ម៉ឺន​ដុល្លារ​តាមរយៈ​ការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ភរិយា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ​អ្នកស្រី ពេជ ចន្ទមុន្នី ដើម្បី​រួមគ្នា​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នៅ​កម្ពុជា​។ តាមរយៈ​កិច្ចព្រមព្រៀង​នោះ លោក លីវ រ៉េ​ន អះអាង​ថា បាន​ឧបត្ថម្ភ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​និស្សិត​កម្ពុជា​ចំនួន ១០០​នាក់ ឱ្យទៅ​សិក្សា​នៅ​សកល​វិទ្យាល័យ​អាន​ហ៊ុយ ក្នុង​ប្រទេស​ចិន។

តាមរយៈ​កិច្ចព្រមព្រៀង​នេះ តួអង្គ​ស្នូល និង​ជា​អ្នកសម្របសម្រួល​សំខាន់​ម្នាក់ទៀត​គឺ​លោក ឡាវ វ៉ាន់ ដែល​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត។ លោក ឡាវ វ៉ាន់ គឺជា​ប្រធាន​ការិយាល័យ​កិច្ចការ​និស្សិត​ក្រៅប្រទេស​នៃ​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍ លោក ហ៊ុន សែន និង​ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​និស្សិត ប្រចាំ​ប្រទេស​ចិន​។ លោក​ក៏​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់​ខាង​បំបែកបំបាក់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស។

របាយការណ៍​ស៊ើបអង្កេត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​មួយចំនួន​បាន​លើកឡើង​ថា ជំនួយ និង​សកម្មភាព​សប្បុរសធម៌​របស់​លោក លីវ រ៉េន ដែល​ជា​មនុស្ស​ជំនិត​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី នេះ​ទំនង​បាន​មកពី​អំពើ​ឧក្រិដ្ឋកម្ម និង​ការ​លាង​លុយកខ្វក់​។ ទោះជា​យ៉ាងណា តាមរយៈ​ការ​បរិច្ចាគ និង​ការឧបត្ថម្ភ​ជាច្រើន​នៅ​កម្ពុជា លោក​តែងតែ​ទទួល​បាន​ការ​សរសើរ ការ​ទទួល​ស្គាល់ និង​កិត្តិយស​ពី​មន្ត្រី​រដ្ឋាភិបាល ព្រមទាំង​សមាជិក​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន និង​អាច​សម្ងំ​បន្តសកម្មភាព​បែប​ឧក្រិដ្ឋកម្ម​នៅ​កម្ពុជា​រហូតដល់​អាជ្ញាធរ​ចិន​ដាក់​សម្ពាធ​ឱ្យ​ចាប់ខ្លួន។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើង​ថា ករណី​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន​ចូល​មក​បើក​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា អាច​មាន​លក្ខណៈ​រៀបចំ​ជា​ប្រព័ន្ធ​រវាង​រដ្ឋាភិបាល​ត្រកូល ហ៊ុន និង​រដ្ឋាភិបាល​កុម្មុយនិ​ស្ត​ចិន​។ លោក​បន្ត​ថា តាមរយៈ​លំហូរ​សាច់ប្រាក់ និង​សកម្មភាព​វិនិយោគ​របស់​ជនជាតិ​ចិន​នៅ​ក្រៅ​ប្រទេស ជាពិសេស​អ្នក​ដែល​អាច​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ ការ​ត្រួត​ពិនិត្យ​ពី​សំណាក់​អាជ្ញាធរ​ចិន​តែង​មាន​ភាព​ច្បាស់លាស់ ខណៈ​មេដឹកនាំ​កម្ពុជា និង​ចិន ក៏​មាន​ទំនាក់ទំនង​ស្អិតល្មួត។

លោក ស៊ឹង សែន ករុណា លើកឡើង​ទៀត​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ​មិនមែន​មិនដឹង​រឿងរ៉ាវ និង​ប្រវត្តិ​ឧក្រិដ្ឋជន​ចិន​ដែល​ចូល​មក​កម្ពុជា​ឡើយ ប៉ុន្តែ​ជា​ថ្នូរ​ទទួល​បាន​ផលប្រយោជន៍​ពី​បណ្ដាញ​ឧក្រិដ្ឋជន​ទាំងនេះ មេដឹកនាំ​ក្រុងភ្នំពេញ​បាន​បើកឱកាស និង​ការពារ​ក្រុម​ឧក្រិដ្ឋជន ដើម្បី​ឱ្យ​ចូល​មក​រកស៊ី​បែប​ទុច្ចរិត​នៅ​កម្ពុជា។

លោក ស៊ឹង សែន ករុណា៖ «ការ​ជួយ​គ្នា​ទៅវិញទៅមក​អី​ទាំងអស់​នេះ ខ្ញុំ​ជឿជាក់​ថា មិនមែន​រដ្ឋាភិបាល​កម្ពុជា​អត់​ដឹង​ទេ គឺ​បានដឹង​យ៉ាង​ច្បាស់​រហូតដល់​អ្នកខ្លះ​ទទួល​បាន​មុខងារ ទទួល​បាន​គ្រឿង​ឥស្សរិយយស​ទទួល​បាន​នូវ​សំណូក​សូកប៉ាន់​ទៅដល់​មន្ត្រីជាន់ខ្ពស់ និង​អ្នកជំនួញ​ផ្សេងៗ​ដែល​ទទួល​បាន​ផលប្រយោជន៍​ពី​ដៃគូ​គ្នា​ទៅវិញទៅមក​ហ្នឹង​ដែរ​។ ប៉ុន្តែ​ទោះបី​ការ​ការពារ ឬក៏​ខិតខំ​លាង​ជម្រះ​យ៉ាងណាក៏ដោយ វា​មិនអាច​ធ្វើ​ទៅ​បានទេ​ពីព្រោះ​បញ្ហា​ទាំងអស់​ហ្នឹង​គេ​មើលឃើញ​ទាំងអស់គ្នា​ហ្នឹង ទាំង​ប្រជាពលរដ្ឋ សហគមន៍​អន្តរជាតិ​គេ​មើលឃើញ​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា​គឺជា​នាក់​រួមចំណែក និង​ផ្ដល់​ឱកាស​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ទាំងអស់​ហ្នឹង ទៅ​ប្រព្រឹត្ត​នូវ​បទល្មើស​ឆបោក​អន​ឡាញ​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​ការ​បំផ្លិចបំផ្លាញ​នូវ​ធនធាន​របស់​កម្ពុជា​នៅក្នុង​រយៈពេល​ដែល​ពួកគេ​ធ្វើ​ជំនួញ​នៅ​ប្រទេស​កម្ពុជា»។

ក្រុមហ៊ុន ជីនប៉ី គ្រុប (Jinbei Group) និង​អគារ​ធំៗ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​នេះ​ក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty) ហៅថា ជា​អាណាចក្រ​មជ្ឈមណ្ឌល​ឆបោក​ដ៏​ធំ និង​ជាទី​កន្លែង​រំលោភបំពាន​សិទ្ធិមនុស្ស និង​អំពើ​ឃាតកម្ម​លើ​ជនរងគ្រោះ​ដ៏​អាក្រក់​បំផុត​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស សុខា ក៏​ធ្លាប់​ជា​អគ្គនាយក​មួយ​រូប​ក្នុង​ក្រុមហ៊ុន ជីនប៉ី គ្រុប ប៉ុន្តែ​លោក​បាន​លាលែង​ពី​តំណែង​វិញ​កាលពី​ឆ្នាំ​២០១៧។

សហរដ្ឋអាមេរិក (US) និង​ចក្រភព​អង់គ្លេស (UK) បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន ជីនប៉ី គ្រុប និង​បណ្ដាញ​ក្រុមហ៊ុន​ពាក់ព័ន្ធ​កាលពី​ឆ្នាំ​២០២៥ ដោយសារតែ​អាមេរិក​រកឃើញ​ថា ជា​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ ពាក់ព័ន្ធ​ពលកម្ម​ដោយ​បង្ខំ និង​ការរំលោភ​សិទ្ធិមនុស្ស​ផ្សេងទៀត​រួមមាន​ដូចជា​ការ​ឃុំ​ឃាំង គំរាមកំហែង និង​ការ​ធ្វើ​ទារុណកម្ម​វាយដំ​ជនរងគ្រោះ​ក្នុង​រូបភាព​ឃោរឃៅ។

អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង​វាយតម្លៃ​ថា ការ​ផ្ដល់​កិត្តិយស និង​អំពើ​កាង​ការពារ​ដល់​ឧក្រិដ្ឋជន​ចិន​ដែល​ពាក់ព័ន្ធ​សកម្មភាព​ឧក្រិដ្ឋកម្ម​ដោយ​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន គឺជា «​វប្បធម៌​ឯង​ជួយ​អញ អញ​ជួយ​ឯង​» ដើម្បី​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​អាច​បន្ត​រកស៊ី​បែប​ឧក្រិដ្ឋ​ប្រមូល​លុយ​ចិញ្ចឹម​អំណាច​ផ្ដាច់ការ​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន។

វិទ្យាស្ថាន​សហរដ្ឋអាមេរិក​ដើម្បី​សន្តិភាព (USIP) បាន​ប៉ាន់​ស្មានថា បណ្ដាញ​ឧក្រិដ្ឋជន​រកស៊ី​លើ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​អាច​លួច​ប្លន់​លុយ​ពិភពលោក​យ៉ាងហោចណាស់​ប្រមាណ ១២​ពាន់ ៥​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ