

អ្នកឃ្លាំមើល និងមហាជនដែលប្រើប្រាស់បណ្ដាញសង្គម រិះគន់អភិក្រមថ្មី «នាំកង្កែបចេញពីអណ្ដូង» របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ ដែលទើបតែដាក់ចេញថ្មីៗ។ ពួកគេចំអកថា អភិក្រមនេះ មានន័យបន្ទាបតម្លៃកម្ពុជា ជាប្រជាជាតិ ដែលធ្លាប់មានអរិយធម៌រុងរឿង។
អ្នកឃ្លាំមើល និង មហាជនដែលបញ្ចេញមតិលើបណ្ដាញសង្គម បានចេញប្រតិកម្មថា ពួកគាត់ធ្លាប់ឮឃ្លា«កង្កែបក្នុងអណ្ដូង»នេះ ត្រូវមនុស្សទូទៅ យកមកនិយាយ ប្រើសម្រាប់មើលងាយអ្នកណាម្នាក់ ដែលល្ងង់ខ្លៅ មានចំណេះដឹងតិចតួច មិនសូវយល់សាច់ការ ឬ ចេះតែអួតក្អេងក្អាង ជាដើម។ ប៉ុន្តែ នៅពេលនេះ «នាំកង្កែបចេញពីអណ្ដូង» បែរជាត្រូវក្រសួងទេសចរណ៍ យកធ្វើជាអភិក្រមផ្សព្វផ្សាយតំណាងវិស័យទេសចរណ៍របស់ជាតិទៅវិញ។
ការរិះគន់ព្រោងព្រាតនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្រោយកម្មវិធីរត់ឆ្លងឧបសគ្គសំបូរព្រៃគុក កាលពីថ្ងៃទី០៦ ខែកក្កដា ដោយលោករដ្ឋមន្ត្រី លើកឡើងពីការជំរុញ សក្ដានុពលវិស័យទេសចរណ៍កម្ពុជា តាមអភិក្រម «នាំកង្កែបចេញពីអណ្ដូង»។ លោករដ្ឋមន្ត្រី បានអះអាងថា ក្រសួងទេសចរណ៍ បានដាក់ចេញនូវអភិក្រម «នាំកង្កែបចេញពីអណ្ដូង»នេះ ដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ធម្មជាតិ តំបន់ ទេសចរណ៍វប្បធម៌ និង អេកូទេសចរណ៍ដ៏សម្បូរបែប នៅប្រទេសកម្ពុជា ទៅឱ្យពិភពលោក បានដឹង និងស្គាល់ ដើម្បីជួយពង្រឹងវិស័យសេដ្ឋកិច្ចជាតិ។
លោក ហួត ហាក់ ៖ «ថ្មីៗនេះ យើងខ្ញុំទើបតែកំណត់ចេញនូវអភិក្រមមួយ គឺថា«នាំ កង្កែបចេញពីអណ្ដូង» បានន័យថា យើងមានរបស់ល្អ ពិសេស អស្ចារ្យ។ អ៊ីចឹង យើង ត្រូវតែនាំកម្ពុជានាំសក្ដានុពលរបស់យើងទៅកាន់ពិភពលោក ឲ្យពិភពលោកស្គាល់ ឲ្យពិភពលោកដឹង ពិភពលោកចង់អញ្ជើញមកភ្លក់រសជាតិ សាកដកស្រងបទពិសោធន៍ បានដកស្រងបទពិសោធន៍ហើយ ត្រឡប់ទៅវិញផ្សព្វផ្សាយបន្ត ហើយជាពិសេសចង់ត្រឡប់មកវិញទៀត»។
យ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានផ្ដល់យោបល់ ឱ្យរដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ពិចារណាជ្រើសរើស អភិក្រមដែលល្អសម្រាប់មុខមាត់កម្ពុជា ដូចជា «ការច្នៃគ្រាប់ពេជ្រដែលស្រអាប់ ឱ្យភ្លឺចែងចាំ» ជំនួស «កង្កែបក្នុងអណ្តូង»។
អ្នកជំនាញហិរញ្ញវត្ថុ និងជាសេដ្ឋកិច្ចវិទូ លោក ង៉ែត ជូ ពន្យល់ថា «ដូចកង្កែបក្នុង អណ្តូង» គឺចង់សំដៅលើអ្នកមានចំណេះដឹងមិនទូលំទូលាយ មានបទពិសោធន៍ តិចតួច មិនស្គាល់ពិភពលោក ឬ មិនដឹងថាពិភពលោក ដែលគេដើរដល់ណាហើយ ប៉ុន្តែ មានអំនួត ហើយគិតថាខ្លួនជាអ្នកមានចំណេះ និងការយល់ដឹងទូលំទូលាយ។ លោកបន្ដថា ការយកកម្ពុជាទៅឲ្យពិភពលោកបានស្គាល់ដោយប្រៀបជាមួយ ពាក្យថា «យកកង្កែបចេញពីអណ្តូង» ដើម្បីពង្រីកសក្ដានុពល និងវិសាលភាព វិស័យទេសចរណ៍ឱ្យបានទូលំទូលាយ ហាក់មិនសមស្របនឹងអត្ថន័យដើម ទាល់តែសោះ។
លោក ង៉ែត ជូ សរសេរលើហ្វេសប៊ុក នៅថ្ងៃទី០៧ ខែកក្កដា ថា ពិភពលោកក៏ទំនងជាមិនមានការចាប់អារម្មណ៍ពីកង្កែប ដែលធ្លាប់តែនៅក្នុងអណ្តូងនោះដែរ។ ប៉ុន្តែលោកថា បើយកគ្រាប់ពេជ្រដ៏មានតម្លៃ ដែលប្រឡាក់ ភក់ស្រអាប់ពណ៌ ក្លិន មិនល្អទៅលាង សំអាតឲ្យបញ្ចេញពន្លឺចែងចាំង ទាក់ទាញចំណាប់អារម្មណ៍ពិភព លោក បែបត្រូវនឹងបរិបទជាង។ លោកថា យើងដឹងច្បាស់ អ្វីខ្លះដែលធ្វើឲ្យគ្រាប់ ពេជ្រ ១ គ្រាប់ដ៏មានតម្លៃនេះ ស្រអាប់ពណ៌ និងមានក្លិនមិនល្អ រីឯតួអង្គកង្កែប ក្នុងអណ្តូង មិនឆ្លុះបញ្ចាំងពីតម្លៃវប្បធម៌ និងសម្បត្តិធម្មជាតិ ដែលកម្ពុជាមាន នោះទេ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី០៧ ខែកក្កដាថា ដើម្បីលាងសំអាតគ្រាប់ពេជ្រកម្ពុជាឲ្យភ្លឺចាំងចែង ទាក់ទាញសក្ដានុពលទេសចរណ៍ អន្តរជាតិ រដ្ឋាភិបាលត្រូវចេញនូវ វិធានការ ម៉ឺងម៉ាត់ ក្នុងការធានាសន្តិសុខ សុវត្ថិភាព ប្រសិទ្ធភាពនៃការកម្ចាត់អំពើពុករលួយ និងដឹកនាំបែបនីតិរដ្ឋ យុត្តិធម៌ ជាជាងការដាក់ចេញអភិក្រម«នាំកង្កែបចេញ ពីអណ្ដូង» ដែលគ្មានន័យ។ លោកថា កាលណា កម្ពុជានៅតែជាទឹកដី ដែលជន បរទេសទូទៅព្រួយបារម្ភអំពីរឿងឧក្រិដ្ឋកម្ម នោះពុំមានភ្ញៀវទេសចរណ៍ទៅ ទស្សនាកម្ពុជាឡើយ។
លោក ម៉ែន ណាត ៖ «ពាក្យស្លោករបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហួត ហាក់ថា ដូចជានាំកង្កែបចេញពីអណ្ដូង ហាក់ដូចជាកម្ពុជា គ្មានអាណាស្គាល់សោះ។ និយាយអ៊ីចឹងវាមិនត្រូវទេ គេស្គាល់កម្ពុជាវាល្បីល្បាញខ្លាំងណាស់ រាល់ថ្ងៃនេះ ជាពិសេសរឿង អាក្រក់អំពើ ឧក្រិដ្ឋកម្ម ឆបោកតាមប្រព័ន្ធអនឡាញហ្នឹង ហើយ ពាក់ព័ន្ធនឹងគ្រួសារមន្ត្រីថ្នាក់ដឹកនាំធំៗ ដូចជា លោក ហ៊ុន តូ លោក ហ៊ុន សែន ដូចជា លោក លី យ៉ុងផាត់ ដូចជាលោក កុក អាន ជាដើម សុទ្ធតែជាមន្ត្រីជំនិត របស់លោក ហ៊ុន សែន អាហ្នឹងហើយដែលល្បីហ្នឹង។ អាល្បីហ្នឹងហើយ ដែលធ្វើឲ្យអ្នកទេសចរណ៍ពិបាកមកលេងស្រុកខ្មែរ»។
អ្នកប្រើប្រាស់បណ្ដាញសង្គម ឈ្មោះ សន ទិ បានបញ្ចេញមតិថា ពាក្យ«កង្កែប ក្នុងអណ្ដូង»នេះ ធ្លាប់លឺតែគេប្រើសម្រាប់មើលងាយអ្នកណាម្នាក់ ដែលល្ងង់ និង មិនសូវមានចំណេះដឹង ហើយចុះក្រសួងយកឈ្មោះនេះ ជាតំណាងការផ្សព្វផ្សាយឲ្យកម្ពុជាទាំងមូល ចង់មានន័យថាកម្ពុជា ជាកង្កែបក្នុងអណ្តូង? រីឯ ឈ្មោះ KO ចំអកថា យើងជារ៉ែត្បូងមរកត ដែលគួរយកទៅច្នៃ តែថ្ងៃនេះ ក្រសួងទេសចរណ៍ថា ជាកង្កែប។
ចំណែកឈ្មោះ ពិសិដ្ឋ ផាង Piseth Phang រិះគន់ក្រសួងទេសចរណ៍ថា សុទ្ធតែបណ្ឌិត តែប្រើទ្រឹស្ដី ដូចក្មេងបៀមដៃ ដែលប្រៀបខ្មែរ ១៧លាននាក់ សុទ្ធតែជាកង្កែប? ខណៈឈ្មោះ លាង ឈិន Leang Chhin ហៅរដ្ឋមន្ត្រី ទេសចរណ៍ថា ស្ទើរភ្លើង ពីព្រោះ «នាំកង្កែបចេញពីអណ្តូង» ន័យអវិជ្ជមាន។
លាង ឈិន ថា មុនបង្កើតអភិក្រមអ្វីមួយ ត្រូវវិភាគ ពីខ្លឹមសារនៃអភិក្រមនោះ ថាតើ វិជ្ជមានជួយជំរុញកំណើនសេដ្ឋកិច្ច ឬ អត់?
អ្នកប្រឹក្សាយោបល់ផ្នែកផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់ទូរទស្សន៍ អាស៊ីសេរី នៅថ្ងៃទី០៧ ខែកក្កដា ថា អភិក្រមនាំកង្កែបចេញពីអណ្ដូង របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មិនត្រឹមត្រូវទេ ពីព្រោះ ប្រទេសកម្ពុជា មានអរិយធម៌ខ្ពង់ខ្ពស់ និងសំបូរបេតិកភណ្ឌ សម្បត្តិ បុរាណនានា។ ដែលជាសក្ដានុពលទាក់ទាញវិស័យភ្ញៀវទេសចរណ៍បរទេស។ លោកថា រដ្ឋាភិបាល គួរតែដាក់ចេញនូវគោលនយោបាយពិសេស ដោយផ្អែកលើសក្ដានុពលទាំងនេះដោយបញ្ចៀសឲ្យបាននូវការទារប្រាក់ក្រោមតុ ពីភ្ញៀវទេសចរណ៍ និងការឆបោកតាមអនឡាញជាដើម ដែលសុទ្ធតែជារឿងបំភ័យភ្ញៀវទេសចរអន្តរជាតិ។
លោក សេក សុជាតិ៖ «ខ្ញុំលើកឧទាហរណ៍ថា ការរៀបចំគោលនយោបាយពិសេស ដើម្បីបើកលំហូរវិស័យទេសចរណ៍ទៅកាន់អន្តរជាតិ។ មានន័យថា យើងធ្វើឲ្យ ប្រទេសយើងមានភាពល្អប្រសើរឡើងគេហៅថា នៅក្នុងតំបន់ មិនមានបញ្ហា មិនបង្កើតឲ្យមនុស្សមានការភ័យខ្លាច នៅពេលមកដល់ស្រុកខ្មែរ ខ្ញុំជឿជាក់ថា មនុស្ស ភាគច្រើនគឺចង់ឃើញសម្បត្តិបេតិកភណ្ឌពិភពលោកខ្លាំងណាស់ ហើយពួកគេនឹង មកខ្មែរ»។
របាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា ពេញមួយឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥លាន ៥៦ម៉ឺននាក់ ដែលថយចុះជិត ១៧ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦០ម៉ឺននាក់ដែលធ្លាក់ចុះជាង ៤៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
អ្នកឃ្លាំមើល និងមហាជនទូទៅ មើលឃើញដូចគ្នាថា វិបត្តិធ្លាក់នៃភ្ញៀវទេសចរនៅកម្ពុជា ដោយសារអំពើពុករលួយក្នុងប្រព័ន្ធសេវាកម្ម អំពើអយុត្តិធម៌ អសន្តិសុខ ការឆបោកតាមប្រព័ន្ធអនឡាញ និងអស្ថិរភាពនយោបាយជាដើម។ ថ្មីៗនេះ ក្រុមអ្នកវិនិយោគបរទេស ក៏បានសួររដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន បើពួកគេទៅដាក់ទុនវិនិយោគនៅកម្ពុជា តើអាចធានាសុវត្ថិភាពរបស់ ពួកគេបានដែរទេ។
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវដោះស្រាយកត្កា ព្រួយបារម្ភទាំងនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេស និងវិនិយោគិនអន្តរជាតិ ជាជាងការសូត្រទ្រឹស្ដីនាំកង្កែបចេញពីអណ្ដូង ដែលធ្វើឲ្យអាប់មុខមាត់ ប្រទេសកម្ពុជាថែមទៀត៕








