អ្នកឃ្លាំមើល និង​មហាជន​រិះគន់​អភិក្រម​«​នាំ​កង្កែប​ចេញ​ពី​អណ្ដូង​» របស់​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍

0
75
​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​លោក ហួត ហាក់។ រូប៖ ក្រសួង​ទេសចរណ៍
​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​លោក ហួត ហាក់។ រូប៖ ក្រសួង​ទេសចរណ៍

អ្នកឃ្លាំមើល និង​មហាជន​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម រិះគន់​អភិក្រម​ថ្មី «​នាំ​កង្កែប​ចេញពី​អណ្ដូង​» របស់​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​លោក ហួត ហាក់ ដែល​ទើបតែ​ដាក់ចេញ​ថ្មីៗ​។ ពួកគេ​ចំអក​ថា អភិក្រម​នេះ មានន័យ​បន្ទាប​តម្លៃ​កម្ពុជា ជា​ប្រជាជាតិ ដែល​ធ្លាប់​មាន​អរិយធម៌​រុងរឿង។

អ្នកឃ្លាំមើល និង មហាជន​ដែល​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម បាន​ចេញ​ប្រតិកម្ម​ថា ពួកគាត់​ធ្លាប់​ឮ​ឃ្លា​«​កង្កែប​ក្នុង​អណ្ដូង​»​នេះ ត្រូវ​មនុស្ស​ទូទៅ យក​មក​និយាយ ប្រើ​សម្រាប់​មើលងាយ​អ្នកណាម្នាក់ ដែល​ល្ងង់ខ្លៅ មាន​ចំណេះដឹង​តិចតួច មិនសូវ​យល់​សាច់​ការ ឬ ចេះតែ​អួត​ក្អេងក្អាង ជាដើម​។ ប៉ុន្តែ នៅ​ពេលនេះ «​នាំ​កង្កែប​ចេញពី​អណ្ដូង​» បែរជា​ត្រូវ​ក្រសួងទេសចរណ៍ យក​ធ្វើជា​អភិក្រម​ផ្សព្វផ្សាយ​តំណាង​វិស័យ​ទេសចរណ៍​របស់​ជាតិ​ទៅវិញ​។​

ការរិះគន់​ព្រោងព្រាត​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ លោក ហួត ហាក់ បាន​ផ្ដល់​បទសម្ភាស​ដល់​អ្នកសារព័ត៌មាន ក្រោយ​កម្មវិធី​រត់​ឆ្លង​ឧបសគ្គ​សំបូរ​ព្រៃ​គុក កាលពី​ថ្ងៃទី​០៦ ខែកក្កដា ដោយ​លោក​រដ្ឋមន្ត្រី លើកឡើង​ពី​ការជំរុញ សក្ដានុពល​វិស័យ​ទេសចរណ៍​កម្ពុជា តាម​អភិក្រម «​នាំ​កង្កែប​ចេញពី​អណ្ដូង​»​។ លោក​រដ្ឋមន្ត្រី បាន​អះអាង​ថា ក្រសួងទេសចរណ៍ បាន​ដាក់​ចេញ​នូវ​អភិក្រម «​នាំ​កង្កែប​ចេញពី​អណ្ដូង​»​នេះ ដើម្បី​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍ធម្មជាតិ តំបន់ ទេសចរណ៍វប្បធម៌ និង អេកូ​ទេសចរណ៍​ដ៏​សម្បូរ​បែប នៅ​ប្រទេស​កម្ពុជា ទៅ​ឱ្យ​ពិភពលោក បានដឹង និង​ស្គាល់ ដើម្បី​ជួយ​ពង្រឹង​វិស័យ​សេដ្ឋកិច្ចជាតិ។

លោក ហួត ហាក់ ៖ «​ថ្មីៗ​នេះ យើងខ្ញុំ​ទើបតែ​កំណត់​ចេញ​នូវ​អភិក្រម​មួយ គឺថា​«​នាំ កង្កែប​ចេញពី​អណ្ដូង​» បាន​ន័យថា យើង​មាន​របស់​ល្អ ពិសេស អស្ចារ្យ​។ អ៊ីចឹង យើង ត្រូវតែ​នាំ​កម្ពុជា​នាំ​សក្ដានុពល​របស់​យើង​ទៅកាន់​ពិភពលោក ឲ្យ​ពិភពលោក​ស្គាល់ ឲ្យ​ពិភពលោក​ដឹង ពិភពលោក​ចង់​អញ្ជើញ​មក​ភ្លក់​រសជាតិ សាក​ដក​ស្រង​បទពិសោធន៍ បាន​ដក​ស្រង​បទពិសោធន៍​ហើយ ត្រឡប់​ទៅវិញ​ផ្សព្វផ្សាយ​បន្ត ហើយ​ជាពិសេស​ចង់​ត្រឡប់​មក​វិញទៀត»។

យ៉ាងណា អ្នកជំនាញ​សេដ្ឋកិច្ច​កម្ពុជា បាន​ផ្ដល់​យោបល់ ឱ្យ​រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ពិចារណា​ជ្រើសរើស អភិក្រម​ដែល​ល្អ​សម្រាប់​មុខមាត់​កម្ពុជា ដូចជា «​ការ​ច្នៃ​គ្រាប់ពេជ្រ​ដែល​ស្រអាប់ ឱ្យ​ភ្លឺ​ចែង​ចាំ​» ជំនួស «​កង្កែប​ក្នុង​អណ្តូង​»​។​

អ្នកជំនាញ​ហិរញ្ញវត្ថុ និង​ជា​សេដ្ឋកិច្ចវិទូ លោក ង៉ែត ជូ ពន្យល់​ថា «​ដូច​កង្កែប​ក្នុង អណ្តូង​» គឺ​ចង់​សំដៅលើ​អ្នកមាន​ចំណេះដឹង​មិន​ទូលំទូលាយ មានបទពិសោធន៍ តិចតួច មិន​ស្គាល់​ពិភពលោក ឬ មិនដឹង​ថា​ពិភពលោក ដែល​គេ​ដើរ​ដល់​ណា​ហើយ ប៉ុន្តែ មាន​អំនួត ហើយ​គិតថា​ខ្លួន​ជា​អ្នកមាន​ចំណេះ និង​ការ​យល់​ដឹង​ទូលំទូលាយ​។ លោក​បន្ដ​ថា ការ​យក​កម្ពុជា​ទៅ​ឲ្យ​ពិភពលោក​បាន​ស្គាល់​ដោយ​ប្រៀប​ជាមួយ ពាក្យ​ថា «​យក​កង្កែប​ចេញពី​អណ្តូង​» ដើម្បី​ពង្រីក​សក្ដានុពល និង​វិសាលភាព វិស័យ​ទេសចរណ៍​ឱ្យ​បាន​ទូលំទូលាយ ហាក់​មិន​សមស្រប​នឹង​អត្ថន័យ​ដើម ទាល់តែសោះ​។​

លោក ង៉ែត ជូ សរសេរ​លើ​ហ្វេស​ប៊ុ​ក នៅ​ថ្ងៃទី​០៧ ខែកក្កដា ថា ពិភពលោក​ក៏​ទំនងជា​មិន​មាន​ការ​ចាប់អារម្មណ៍​ពី​កង្កែប ដែល​ធ្លាប់តែ​នៅក្នុង​អណ្តូង​នោះ​ដែរ​។ ប៉ុន្តែ​លោក​ថា បើ​យក​គ្រាប់ពេជ្រ​ដ៏​មានតម្លៃ ដែល​ប្រឡាក់ ភក់​ស្រអាប់​ពណ៌ ក្លិន មិនល្អ​ទៅ​លាង សំអាត​ឲ្យ​បញ្ចេញ​ពន្លឺ​ចែងចាំង ទាក់ទាញ​ចំណាប់អារម្មណ៍​ពិភព លោក បែប​ត្រូវ​នឹង​បរិបទ​ជាង​។ លោក​ថា យើង​ដឹង​ច្បាស់ អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​គ្រាប់ ពេជ្រ ១ គ្រាប់​ដ៏​មានតម្លៃ​នេះ ស្រអាប់​ពណ៌ និង​មាន​ក្លិន​មិនល្អ រីឯ​តួអង្គ​កង្កែប ក្នុង​អណ្តូង មិន​ឆ្លុះ​បញ្ចាំង​ពី​តម្លៃ​វប្បធម៌ និង​សម្បត្តិ​ធម្មជាតិ ដែល​កម្ពុជា​មាន នោះ​ទេ​។​

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​០៧ ខែកក្កដា​ថា ដើម្បី​លាង​សំអាត​គ្រាប់ពេជ្រ​កម្ពុជា​ឲ្យ​ភ្លឺ​ចាំងចែង ទាក់ទាញ​សក្ដានុពល​ទេសចរណ៍ អន្តរជាតិ រដ្ឋាភិបាល​ត្រូវ​ចេញ​នូវ វិធានការ ម៉ឺងម៉ាត់ ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព ប្រសិទ្ធភាព​នៃ​ការ​កម្ចាត់​អំពើពុករលួយ និង​ដឹកនាំ​បែប​នីតិរដ្ឋ យុត្តិធម៌ ជាជាង​ការដាក់​ចេញ​អភិក្រម​«​នាំ​កង្កែប​ចេញ ពី​អណ្ដូង​» ដែល​គ្មាន​ន័យ​។ លោក​ថា កាលណា កម្ពុជា​នៅតែ​ជា​ទឹកដី ដែល​ជន បរទេស​ទូទៅ​ព្រួយបារម្ភ​អំពី​រឿង​ឧក្រិដ្ឋកម្ម នោះ​ពុំ​មាន​ភ្ញៀវ​ទេសចរណ៍​ទៅ ទស្សនា​កម្ពុជា​ឡើយ។

លោក ម៉ែន ណាត ៖ «ពាក្យស្លោក​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ហួត ហាក់​ថា ដូចជា​នាំ​កង្កែប​ចេញពី​អ​ណ្ដូង ហាក់ដូចជា​កម្ពុជា គ្មាន​អាណា​ស្គាល់​សោះ​។ និយាយ​អ៊ីចឹង​វា​មិនត្រូវ​ទេ គេ​ស្គាល់​កម្ពុជា​វា​ល្បីល្បាញ​ខ្លាំង​ណាស់ រាល់ថ្ងៃ​នេះ ជាពិសេស​រឿង អាក្រក់​អំពើ ឧក្រិដ្ឋកម្ម ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ហ្នឹង ហើយ ពាក់ព័ន្ធ​នឹង​គ្រួសារ​មន្ត្រី​ថ្នាក់ដឹកនាំ​ធំៗ ដូចជា លោក ហ៊ុន តូ លោក ហ៊ុន សែន ដូចជា លោក លី យ៉ុង​ផាត់ ដូចជា​លោក កុក អាន ជាដើម សុទ្ធតែ​ជា​មន្ត្រី​ជំនិត របស់​លោក ហ៊ុន សែន អាហ្នឹង​ហើយ​ដែល​ល្បី​ហ្នឹង​។ អា​ល្បី​ហ្នឹងហើយ ដែល​ធ្វើ​ឲ្យ​អ្នក​ទេសចរណ៍​ពិបាក​មកលេង​ស្រុក​ខ្មែរ»។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ឈ្មោះ សន ទិ បាន​បញ្ចេញមតិ​ថា ពាក្យ​«​កង្កែប ក្នុង​អណ្ដូង​»​នេះ ធ្លាប់​លឺ​តែ​គេ​ប្រើ​សម្រាប់​មើលងាយ​អ្នកណាម្នាក់ ដែល​ល្ងង់ និង មិនសូវ​មាន​ចំណេះដឹង ហើយ​ចុះ​ក្រសួង​យកឈ្មោះ​នេះ ជា​តំណាង​ការ​ផ្សព្វផ្សាយ​ឲ្យ​កម្ពុជា​ទាំងមូល ចង់​មានន័យថា​កម្ពុជា ជា​កង្កែប​ក្នុង​អណ្តូង​? រីឯ ឈ្មោះ KO ចំអក​ថា យើង​ជា​រ៉ែ​ត្បូង​មរកត ដែល​គួរ​យក​ទៅ​ច្នៃ តែ​ថ្ងៃនេះ ក្រសួងទេសចរណ៍​ថា ជា​កង្កែប។

ចំណែក​ឈ្មោះ ពិសិដ្ឋ ផាង Piseth Phang រិះគន់​ក្រសួងទេសចរណ៍​ថា សុទ្ធតែ​បណ្ឌិត តែ​ប្រើ​ទ្រឹស្ដី ដូច​ក្មេង​បៀម​ដៃ ដែល​ប្រៀប​ខ្មែរ ១៧​លាន​នាក់ សុទ្ធតែ​ជា​កង្កែប​? ខណៈ​ឈ្មោះ លាង ឈិន Leang Chhin ហៅ​រដ្ឋមន្ត្រី ទេសចរណ៍​ថា ស្ទើរ​ភ្លើង ពីព្រោះ «​នាំ​កង្កែប​ចេញពី​អណ្តូង​» ន័យ​អវិជ្ជមាន។

លាង ឈិន ថា មុន​បង្កើត​អភិក្រម​អ្វីមួយ ត្រូវ​វិភាគ ពី​ខ្លឹមសារ​នៃ​អភិក្រម​នោះ ថា​តើ វិជ្ជមាន​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច ឬ អត់​?

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ផ្នត់គំនិត និង​ការស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​ទូរទស្សន៍ អាស៊ីសេរី នៅ​ថ្ងៃទី​០៧ ខែកក្កដា ថា អភិក្រម​នាំ​កង្កែប​ចេញពី​អណ្ដូង របស់​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ មិន​ត្រឹមត្រូវ​ទេ ពីព្រោះ ប្រទេស​កម្ពុជា មាន​អរិយធម៌​ខ្ពង់ខ្ពស់ និង​សំបូរ​បេតិកភណ្ឌ សម្បត្តិ បុរាណ​នានា​។ ដែល​ជា​សក្ដានុពល​ទាក់ទាញ​វិស័យ​ភ្ញៀវ​ទេសចរណ៍​បរទេស​។ លោក​ថា រដ្ឋាភិបាល គួរតែ​ដាក់ចេញ​នូវ​គោលនយោបាយ​ពិសេស ដោយ​ផ្អែកលើ​សក្ដានុពល​ទាំងនេះ​ដោយ​បញ្ចៀស​ឲ្យ​បាន​នូវ​ការ​ទារ​ប្រាក់​ក្រោម​តុ ពី​ភ្ញៀវ​ទេសចរណ៍ និង​ការ​ឆបោក​តាម​អន​ឡាញ​ជាដើម ដែល​សុទ្ធតែ​ជា​រឿង​បំភ័យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ។

លោក សេក សុជាតិ​៖ «​ខ្ញុំ​លើក​ឧទាហរណ៍​ថា ការរៀបចំ​គោលនយោបាយ​ពិសេស ដើម្បី​បើក​លំហូរ​វិស័យ​ទេសចរណ៍​ទៅកាន់​អន្តរជាតិ​។ មានន័យថា យើង​ធ្វើ​ឲ្យ ប្រទេស​យើង​មាន​ភាពល្អ​ប្រសើរ​ឡើង​គេ​ហៅថា នៅក្នុង​តំបន់ មិន​មាន​បញ្ហា មិន​បង្កើត​ឲ្យ​មនុស្ស​មានការ​ភ័យខ្លាច នៅពេល​មកដល់​ស្រុក​ខ្មែរ ខ្ញុំ​ជឿជាក់​ថា មនុស្ស ភាគច្រើន​គឺ​ចង់​ឃើញ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ខ្លាំង​ណាស់ ហើយ​ពួកគេ​នឹង មក​ខ្មែរ»។

របាយការណ៍​របស់​ក្រសួងទេសចរណ៍​បង្ហាញ​ថា ពេញ​មួយឆ្នាំ​២០២៥ កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ៥​លាន ៥៦​ម៉ឺន​នាក់ ដែល​ថយ​ចុះ​ជិត ១៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២៤​។ ដោយឡែក ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៦ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ៦០​ម៉ឺន​នាក់​ដែល​ធ្លាក់ចុះ​ជាង ៤៥ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២៥។

អ្នកឃ្លាំមើល និង​មហាជន​ទូទៅ មើលឃើញ​ដូចគ្នា​ថា វិបត្តិ​ធ្លាក់​នៃ​ភ្ញៀវ​ទេសចរ​នៅ​កម្ពុជា ដោយសារ​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​សេវាកម្ម អំពើ​អយុត្តិធម៌ អសន្តិសុខ ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ និង​អស្ថិរភាព​នយោបាយ​ជាដើម​។ ថ្មីៗ​នេះ ក្រុម​អ្នក​វិនិយោគ​បរទេស ក៏បាន​សួរ​រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ប្រាក់ សុខុន បើ​ពួកគេ​ទៅ​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា តើ​អាច​ធានា​សុវត្ថិភាព​របស់ ពួកគេ​បាន​ដែរ​ទេ។

អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​ដោះស្រាយ​កត្កា ព្រួយ​បារម្ភ​ទាំងនេះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស និង​វិនិយោគិន​អន្តរជាតិ ជាជាង​ការសូត្រ​ទ្រឹស្ដី​នាំ​កង្កែប​ចេញ​ពី​អណ្ដូង ដែល​ធ្វើ​ឲ្យ​អាប់​មុខមាត់ ប្រទេស​កម្ពុជា​ថែមទៀត​៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ