រដ្ឋាភិបាល​២៣ តុលា សង្ឃឹម​ថា ICC បើក​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​លើ​មេដឹកនាំ​ថៃ​ពាក់ព័ន្ធ​ការ​ឈ្លានពាន​កម្ពុជា

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន។ Photo Courtesy of RFA
ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន។ Photo Courtesy of RFA

មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា អះអាង​ថា ប្រសិនបើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បើក​ការស៊ើបអង្កេត​តាម​សំណើ​របស់​ខ្លួន លើ​មេដឹកនាំ​និង​មេ​យោធា​ថៃ​ដែល​បញ្ជា​ឱ្យ​លើកទ័ព​ឈ្លានពាន​កម្ពុជា នោះ​អ្នក​ទាំងនេះ​អាច​ប្រឈម​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ និង​អាច​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ប្រសិនបើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បើក​ការស៊ើបអង្កេត​តាម​សំណើ​របស់​រដ្ឋាភិបាល​២៣​តុលា មេដឹកនាំ​ថៃ និង​មេ​យោធា​ថៃ អាច​ប្រឈម​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចំនួន​៣​ប្រភេទ​រួមមាន ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ឈ្លានពាន។

លោក អ៊ុំ សំអាន អះអាង​ថា ការ​ចោទប្រកាន់​នោះ ដោយសារតែ​ភាគី​ថៃ​បាន​ទម្លាក់​គ្រាប់បែក​មក​លើ​ទីតាំង​ស៊ីវិល​របស់​កម្ពុជា ដូចជា​លំនៅឋាន​របស់​ប្រជាពលរដ្ឋ សាលារៀន និង​មន្ទីរពេទ្យ ដែល​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ជាង ៣០ នាក់ រងរបួស​ជិត ១០០ នាក់ និង​បង្ក​ឱ្យ​មាន​ប្រជាពលរដ្ឋ​ភៀសខ្លួន​រហូតដល់​ទៅ​ជាង ៦០ ម៉ឺន​នាក់​។ ក្រៅពីនោះ យោធា​ថៃ​ក៏បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម ឧស្ម័ន​ពុល ដែល​ជា​អាវុធ​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់​អន្តរជាតិ និង​អនុសញ្ញា​អន្តរជាតិ​ផង​ដែរ។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន អះអាង​ថា ថៃ​ក៏បាន​ទម្លាក់​គ្រាប់ និង​ផ្លោង​ចូល​ទៅ​ក្នុង​ទីតាំង​បោកប្រាស់​តាម​អនឡាញ ដែល​មាន​ជន​ស៊ីវិល​នៅ​ទីនោះ ធ្វើ​ឱ្យ​ស្លាប់​ជន​ស៊ីវិល មាន​ទាំង​ខ្មែរ និង​បរទេស ដែល​នេះ​ជា​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ផង​ដែរ។​

លោក អ៊ុំ សំអាន៖ «រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​ប្ដឹង​ប្រទេស​ថៃ​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ហ្នឹង ខ្ញុំ​យល់ថា ដោយសារតែ​ខ្លាច​ថៃ​ខឹង​ទៅ ថៃ​អាច​នឹង​ធ្វើ​សង្គ្រាម​លើក​ទី​៣​ទៅ ទម្លាក់​ត្រកូល​ហ៊ុន​ពី​អំណាច​។ អញ្ចឹង ប៉ះពាល់​ទៅដល់​ការ​កាន់អំណាច​ត​ពូជ​របស់​ត្រកូល​ហ៊ុន ទើប​មិន​ហ៊ាន​ប្ដឹង​ប្រទេស​ថៃ​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)»។

លោក អ៊ុំ សំអាន អះអាង​ថា បើ​គិត​ពី​ច្បាប់​អន្តរជាតិ ភាគី​កម្ពុជា ក៏​ប្រព្រឹត្ត​បទឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ដែរ ដោយសារតែ មិនបាន​ជម្លៀស​ជន​ស៊ីវិល​ចេញពី​ទីតាំង​បោកប្រាស់​តាម​អនឡាញ ទោះបីជា​ដឹង​ថា ថៃ​ត្រូវ​វាយប្រហារ និង​បាន​ព្រមាន​ជាមុន​ក៏ដោយ ដែល​លោក​យល់ថា​នេះ​អាច​ជា​ចំណុចខ្សោយ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​ប្ដឹង​ថៃ​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)។

ការ​អះអាង​នេះ​បន្ទាប់ពី រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​កោះហៅ​តំណាង​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​និង​មេធាវី​អន្តរជាតិ​អោយ​ទៅ​ជួប​នៅ​ចុងខែ​សីហា​ឆ្នាំ​២០២៦ នៅ​ទីស្នាក់ការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់​អំពី​បណ្តឹង​របស់​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា ដែល​បាន​ប្តឹង​មេដឹកនាំ​ថៃ​និង​មេដឹកនាំ​យោធា​ថៃ​ទៅ ICC ស្ដីពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​យោធា​ថៃ​បាន​ទម្លាក់​គ្រាប់បែក​លើ​ជនរងគ្រោះ​ខ្មែរ ផ្ទះសម្បែង ប្រាសាទខ្មែរ​និង​សាលារៀន ជាដើម។

កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣ តុលា សម្រេច​ដាក់​បណ្តឹង​ជា​ផ្លូវការ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC) ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ទទួលខុសត្រូវ​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នា​ពេល​កន្លងមក​។ ការ​ដាក់​បណ្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាលនោះ ធ្វើឡើង​តាមរយៈ​មេធាវី​អន្តរជាតិ​។​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា បញ្ជាក់​ថា ចំពោះ​រដ្ឋាភិបាល និង​កងទ័ព​ថៃ ត្រូវ​ទទួលខុសត្រូវ​លើ​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​ថៃ ដូចជា​ការវាយប្រហារ​លើ​គោលដៅ​ជន​ស៊ីវិល និង​ទៅលើ​គោលដៅ​យោធា​ដែល​បង្ក​ការខូចខាត​ដល់​ជន​ស៊ីវិល​ច្រើន​លើសលប់​។ បន្ថែម​ពី​នេះ កងទ័ព​ថៃ ត្រូវ​ទទួលខុសត្រូវ​លើ​ការប្រើប្រាស់​អាវុធ​ធន់​ធ្ងន់ គ្រាប់បែក​ចង្កោម និង​អាវុធ​គីមី ដែល​បំពាន​អនុសញ្ញា​អន្តរជាតិ ហើយ​បាន​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​ជីវិត និង​សុខភាព​របស់​កងទ័ព​កម្ពុជា និង​ជន​ស៊ីវិល រួម​ទាំង​កុមារ​ផង បំផ្លាញ​ផ្ទះសម្បែង​ពលរដ្ឋ អាគារ​សាធារណ​: សាលារៀន មន្ទីរពេទ្យ និង​ប្រាសាទបុរាណ​ខ្មែរ​ដូចជា​ប្រាសាទព្រះវិហារ និង​ប្រាសាទ​តា​ក្របី​ជាដើម។

ថ្លែង​នៅក្នុង​ពិធី​បិទ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា កាលពី​ខែមិថុនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​ជាថ្មី​ពី​ការ​ព្យាយាម​សម្របសម្រួល ដោះស្រាយ​វិវាទ​ទ្វេភាគី​ជាមួយ​ថៃ លើ​បញ្ហា​ព្រំដែន តែបើ​មិន​ឯកភាព​គ្នា លោក​ថា កម្ពុជា នឹង​ប្តឹង​ជា​ឯកតោភាគី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ។

អ្នកឃ្លាំមើល​សង្គម​មួយ​ចំនួន លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ជឿ​ថា អំពើ​ដែល​អាច​ចាត់ទុកជា​ឧក្រិដ្ឋកម្ម​អន្តរជាតិ ហើយ​មាន​ភស្តុតាង​គ្រប់គ្រាន់ ការ​មិន​ស្វែងរក​យន្តការ​ច្បាប់​អន្តរជាតិ អាច​ធ្វើ​ឱ្យ​មានការ​ចោទសួរ​អំពី ការអនុវត្ត​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​។ ពួកគេ​យល់ថា ការ​បញ្ជូន​សំណុំរឿង​ទៅ​ស្ថាប័ន​អន្តរជាតិ អាច​ជា​វិធី​មួយ​ដើម្បី​ស្វែងរក​ការទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់។

ទោះជា​យ៉ាងណា ការបាត់បង់​ទឹកដី​ខ្មែរ រូបភាព​ខ្លោច​ផ្សារ ការ​ព្រាត់ប្រាស​សាច់ញាតិ និង​ការ​បាត់​បង់ជីវិត​កង​ទ័ព និង​ប្រជាជន​ខ្មែរ​ដោយសារតែ​សង្គ្រាម​វាយប្រហារ​ឈ្លានពាន​របស់​ថៃ​នេះ​រដ្ឋាភិបាល​ត្រកូល ហ៊ុន មិន​បាន​រៀបចំ​ពាក្យបណ្ដឹង​ឱ្យ​ភាគី​ថៃ​ទទួលខុសត្រូវ​តាម​យន្តការ​អន្តរជាតិ​ជាពិសេស​តាមរយៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឡើយ​។ ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ជឿជាក់​ថា ការ​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន មិន​ប្ដឹង​ភាគី​ថៃ​ទាមទារ​ទឹកដី​តាម​យន្តការ​អន្តរជាតិ​នោះ ទីតាំង​ទឹកដី​កម្ពុជា​ដែល​យោធា​ថៃ​កំពុង​ឈរជើង​នឹង​ត្រូវ​បាន​បាត់បង់​ជា​រៀង​រហូត​ដែល​បន្សល់​ការឈឺចាប់​សម្រាប់​ប្រជាជន​ខ្មែរ ហើយ​រដ្ឋាភិបាល​ក្រុម​គ្រួសារ លោក ហ៊ុន សែន នឹង​ជាប់​ឈ្មោះ ជនជាតិ​ក្បត់ជាតិ​ត​ជំនាន់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ