

សាលាឧទ្ធរណ៍ភ្នំពេញបានបដិសេធសំណើសុំដោះលែងឱ្យមានសេរីភាពជំទប់ទី២ នៃឃុំអន្លង់វិល និងជាអតីតប្រធានប្រតិបត្តិស្រុកសង្កែ ខេត្តបាត់ដំបង នៃគណបក្សភ្លើងទៀនលោក រ័ត្ន សុធី កាលពីថ្ងៃទី១៣ កក្កដា។ នេះបើតាមការចុះផ្សាយរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ។
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់មន្រី្តគណបក្សជំទាស់វ័យ ៥៤ឆ្នាំ លោក រ័ត្ន សុធី ពីបទ «រួមគំនិតក្បត់» តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការចែករំលែកសារតាមបណ្តាញសង្គមហ្វេសប៊ុក។
អង្គការលីកាដូឲ្យដឹងទៀតថា លោក រ័ត្ន សុធី បានប្រកាសលាឈប់ពីគណបក្សភ្លើងទៀន និងបានសុំទោស អំឡុងពេលការប្រកាសពីលទ្ធផលនៃការស្នើសុំរបស់លោក កាលពីម្សិលមិញ។
អាជ្ញាធរបានបញ្ជូនលោក ទៅកាន់មណ្ឌលអប់រំកែប្រែទី១ (ម១) វិញភ្លាមៗ បន្ទាប់ពីសំណើសុំដោះលែងឱ្យមានសេរីភាពរបស់លោកត្រូវបានបដិសេធ ហើយលោកអាចប្រឈមមុខជាប់ពន្ធនាគារ ពី ៥ ទៅ ១០ ឆ្នាំ ប្រសិនបើលោកត្រូវបានរកឃើញថា «មានទោស»។
អាជ្ញាធរ និងនគរបាលពីការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនលោក រ័ត្ន សុធី នៅដីចម្ការមួយកន្លែង ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៦។
តាមរបាយការណ៍របស់អង្គការលីកាដូ គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ចំនួនអ្នកជាប់ឃុំបានកើនដល់១២២នាក់ហើយ រួមមានអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គម ដោយសារពួកគាត់ បានប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិ និងហ៊ានរិះគន់រដ្ឋាភិបាល លើបណ្ដាញសង្គម៕









