សាលាឧទ្ធរណ៍​ភ្នំពេញ​បដិសេធ​សំណើសុំ​ដោះលែង​មន្ត្រី​នយោបាយ​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​មួយ​រូប

0
10
(ពីឆ្វេង)​ជំទប់​ទី​២​នៃ​គណបក្ស​ភ្លើងទៀន លោក រ័ត្ន សុធី និងភរិយារបស់លោក លោកស្រី ឃឹម សុខុម និង​​លោក សរ ណាល់ សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ចោមចៅ​២ និង​ជា​អ្នកគាំទ្រ​គណបក្ស​កម្លាំង​ជាតិ រាជធានី​ភ្នំពេញ។ ​រូប៖ បណ្ដាញសង្គម
(ពីឆ្វេង)​ជំទប់​ទី​២​នៃ​គណបក្ស​ភ្លើងទៀន លោក រ័ត្ន សុធី និងភរិយារបស់លោក លោកស្រី ឃឹម សុខុម និង​​លោក សរ ណាល់ សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ចោមចៅ​២ និង​ជា​អ្នកគាំទ្រ​គណបក្ស​កម្លាំង​ជាតិ រាជធានី​ភ្នំពេញ។ ​រូប៖ បណ្ដាញសង្គម

សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​បដិសេធ​សំណើសុំ​ដោះលែង​ឱ្យ​មាន​សេរីភាព​ជំទប់​ទី​២ នៃ​ឃុំ​អន្លង់​វិល និង​ជា​អតីត​ប្រធាន​ប្រតិបត្តិ​ស្រុក​សង្កែ ខេត្តបាត់ដំបង នៃ​គណបក្ស​ភ្លើងទៀន​លោក រ័ត្ន សុធី កាលពី​ថ្ងៃទី​១៣ កក្កដា។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​មន្រី្ត​គណបក្សជំទាស់​វ័យ ៥៤​ឆ្នាំ លោក រ័ត្ន សុធី ពីបទ «​រួមគំនិត​ក្បត់​» តាម​បញ្ញត្តិ​មាត្រា ៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការ​ចែករំលែក​សារ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។

អង្គការ​លីកាដូ​ឲ្យ​ដឹង​ទៀត​ថា លោក រ័ត្ន សុធី បាន​ប្រកាស​លាឈប់​ពី​គណបក្ស​ភ្លើងទៀន និង​បាន​សុំទោស អំឡុង​ពេល​ការប្រកាស​ពី​លទ្ធផល​នៃ​ការ​ស្នើ​សុំ​របស់​លោក កាលពី​ម្សិលមិញ។

អាជ្ញាធរ​បាន​បញ្ជូន​លោក ទៅកាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​១ (​ម​១) វិញ​ភ្លាមៗ បន្ទាប់ពី​សំណើសុំ​ដោះលែង​ឱ្យ​មាន​សេរីភាព​របស់​លោក​ត្រូវ​បាន​បដិសេធ ហើយ​លោក​អាច​ប្រឈមមុខ​ជាប់ពន្ធនាគារ ពី ៥ ទៅ ១០ ឆ្នាំ ប្រសិនបើ​លោក​ត្រូវ​បាន​រក​ឃើញ​ថា «​មានទោស»។

អាជ្ញាធរ និង​នគរបាល​ពី​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​លោក រ័ត្ន សុធី នៅ​ដីចម្ការ​មួយ​កន្លែង ស្ថិត​ក្នុង​ស្រុក​បាណន់ ខេត្តបាត់ដំបង កាលពី​ថ្ងៃទី ១២ ខែមករា ឆ្នាំ​២០២៦។

តាម​របាយការណ៍​របស់​អង្គការ​លីកាដូ គិត​ត្រឹម​ថ្ងៃទី​១៤ ខែកក្កដា ចំនួន​អ្នក​ជាប់ឃុំ​បាន​កើន​ដល់​១២២​នាក់​ហើយ រួមមាន​អ្នកនយោបាយ អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សហជីព អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ដោយសារ​ពួកគាត់ បាន​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ និង​ហ៊ាន​រិះគន់​រដ្ឋាភិបាល លើ​បណ្ដាញ​សង្គម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ