

ពលរដ្ឋ និងសមាជិកគណបក្សកម្លាំងជាតិជិត ៥០នាក់ បានជួបជុំគ្នា នៅថ្ងៃទី១៧ កក្កដា ដើម្បីដាក់ញត្តិទៅព្រះបរមរាជរាំងស្នើសុំកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រលើករណីលោក រ៉ុង ឈុន ដើម្បីឲ្យលោកមានសេរីភាពពេញលេញឡើងវិញ។ មន្ត្រីសង្គមស៊ីវិលចង់ឃើញគណបក្សនយោបាយ និងពលរដ្ឋអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនបានពេញលេញ ដោយមិនមានការភ័យខ្លាចពីការអនុវត្តច្បាប់របស់រដ្ឋាភិបាល។
ពលរដ្ឋ និងមន្ត្រីគណបក្សកម្លាំងជាតិជាច្រើន បានដាក់ញត្តិថ្វាយព្រះមហាក្សត្រនៅមុខព្រះបរមរាជវាំង ដើម្បីស្នើសុំឲ្យទ្រង់ អន្តរាគមន៍ឲ្យលោក រ៉ុង ឈុន មានសេរីភាពពេញលេញ អាចធ្វើនយោបាយឡើងវិញ។ ប៉ុន្តែមន្ត្រីនគរបាលដែលយាមនៅច្រកចូលមុខព្រះបរមរាជវាំងមិនអនុញ្ញាតឲ្យមន្ត្រីគណបក្សកម្លាំងជាតិយកញត្តិចូលទៅដាក់នៅផ្នែករដ្ឋបាល ស្ថិតនៅខាងក្នុងព្រះបរមរាជវាំងឡើយ។ ពលរដ្ឋ និងមន្ត្រីគណបក្សជំទាស់ បានរង់ចាំជិត ១ម៉ោង ទើបមន្ត្រីនៅខ្លោងទ្វារចេញមកជួប និងបានបង្គាប់ឲ្យពួកគាត់យកញត្តិនោះទៅដាក់ក្នុងប្រអប់សំបុត្រវិញ ដោយមិនព្រមចុះហត្ថលេខាទទួលញត្តិឡើយ។
ប្រធានយុវជនគណបក្សកម្លាំងជាតិ និងជាអតីតមន្ត្រីរាជការក្នុងស្ថាប័នរដ្ឋម្នាក់ដែលត្រូវបានអភិបាលខេត្តកណ្តាលលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋ លោក ផុន សុភា ថ្លែងថា លោកភ្ញាក់ផ្អើល និងខកចិត្តជាខ្លាំងដែលមន្ត្រីអាជ្ញាធរមិនព្រមចុះហត្ថលេខាទទួលញត្តិរបស់គណបក្សកម្លាំងជាតិ ហើយរុញច្រានឲ្យដាក់លិខិតនោះទៅក្នុងប្រអប់សំបុត្រវិញ។ លោកលើកឡើងថា មន្ត្រីអាជ្ញាធរនៅច្រកខ្លោងទ្វារព្រះបរមរាជវាំងហាក់បង្កឧបសគ្គ និងមានចេតនារារាំងមិនឲ្យលោក និងក្រុមការងារដាក់លិខិតសុំកិច្ចអន្តរាគមន៍ថ្វាយព្រះមហាក្សត្រ និងមិនបានបំពេញតួនាទីត្រឹមត្រូវ មិនសាកសមជាមន្ត្រីរាជការក្នុងព្រះបរមរាជវាំងដែលបំរើ និងផ្តល់សេវាជូនពលរដ្ឋ សង្គមស៊ីវិល ឬគណបក្សនយោបាយឡើយ។
លោក ផុន សុភា៖ «ការរារាំងសិទ្ធិលោកគ្រូ រ៉ុង ឈុន វាពាក់ព័ន្ធជាមួយនឹងរដ្ឋធម្មនុញ្ញ ហើយវាមិនស្របតាមរដ្ឋធម្មនុញ្ញហើយថែមទាំងច្បាប់អន្តរជាតិទៅទៀត អើយពាក់ព័ន្ធជាមួយសិទ្ធិនយោបាយ ហើយនឹងសិទ្ធិជាពលរដ្ឋ។ យើងសង្ឃឹមថា នឹងមានអឺព្រះរាជអន្តរាគមន៍ពីព្រះករុណា ដើម្បីធ្វើយ៉ាងម៉េចដោះស្រាយ ឬក៏អន្តរាគមន៍ឲ្យអ្នកនយោបាយទាំងអស់មានសិទ្ធិស្មើគ្នាពេញលេញនៅក្នុងការប្រកួតប្រជែងតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ»។
នៅក្នុងញត្តិរបស់គណបក្សកម្លាំងជាតិ ចុះថ្ងៃទី១៧ កក្កដា នេះ បង្ហាញក្តីព្រួយបារម្ភថា វិធានការ បម្រាម និងសេចក្តីសម្រេចរបស់តុលាការកំពូលដែលបានកាត់ទោសលោក រ៉ុង ឈុន អាចបង្កជាចម្ងល់ផ្នែកគតិយុត្តិ អំពីភាពមិនស្របជាមួយស្មារតីនៃរដ្ឋធម្មនុញ្ញ ជាពិសេសពាក់ព័ន្ធនឹងសិទ្ធិនយោបាយ សិទ្ធិបោះឆ្នោត សេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការបប្រមូលផ្តុំដោយសន្តិវិធី និងសិទ្ធិក្នុងការចូលរួមក្នុងជីវភាពនយោបាយដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងកាតព្វកិច្ចរបស់អន្តរជាតិ។
កាលពីថ្ងៃទី១៩ ខែមិថុនា តុលាការកំពូលបានសម្រេចផ្ដន្ទាទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ (ព្យួរ) ហាមមិនឲ្យចាកចេញពីរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ មិនឲ្យថ្លែងសារនយោបាយ ឬបង្ហាញមុខនៅវេទិកាទីសាធារណៈ និងដកសិទ្ធមិនឲ្យឈរឈ្មោះបោះឆ្នោតជាដើម។
សមាជិកគណបក្សកម្លាំងជាតិមួយរូបទៀតដែលជាអ្នកកាន់ញត្តិដាក់នៅព្រះបរមរាជវាំង លោកស្រី ពេជ លីណា ឲ្យអាស៊ីសេរីដឹងថា លោកស្រីសង្ឃឹមថា ញត្តិនេះ នឹងអាចដល់ព្រះមហាក្សត្រ ហើយទ្រង់នឹងទទួលជ្រាបពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ហើយជួយអន្តរាគមន៍រឿងនេះ ដើម្បីបើកលំហសេរីភាពរបស់ប្រជាពលរដ្ឋឡើងវិញ ហើយលោក រ៉ុង ឈុន អាចមានសេរីភាព ចូលរួមក្នុងជីវភាពនយោបាយបានឡើងវិញ ដោយលោកស្រីយល់ថា លោក រ៉ុង ឈុន ពុំបានប្រព្រឹត្តកំហុសដូចការចោទកាន់របស់តុលាការឡើយ។ លោកស្រីបន្តថា ព្រះមហាក្សត្រ នឹងផ្តល់យុត្តិធម៌ ឲ្យប្រជាពលរដ្ឋក្នុងនាមជាព្រះប្រមុខរដ្ឋ ជាអ្នកធានាការគោរពរដ្ឋធម្មនុញ្ញ និងសិទ្ធិរបស់ប្រជាពលរដ្ឋ។
លោកស្រី ពេជ លីណា៖ «ក្រោយពីតុលាការកំពូលអឺបានអឺចេញសេចក្តីប្រកាសហ្នឹងមកអឺខ្ញុំយល់ថា ជារឿងដ៏អយុត្តិធម៌សម្រាប់លោកគ្រូដែលលោកគ្រូជាអ្នកនយោបាយប៉ុន្តែបែរជាបិទសិទ្ធិសេរីភាពមិនឲ្យអឺគាត់ធ្វើនយោបាយមិនឲ្យអឺមានសកម្មភាព ហីអឺមិនឲ្យឈរឈ្មោះបោះឆ្នោតហើយសូម្បីតែអឺបោះឆ្នោតដូចពលរដ្ឋទូទៅក៏អត់បាន។ អញ្ចឹងគឺអឺបញ្ជាក់ឲ្យឃើញច្បាប់ជាការរើសអើង ជាការអឺរឹតត្បិតសិទ្ធិសេរីភាពធ្វើនយោបាយនៅកម្ពុជា»។
គណបក្សកម្លាំងជាតិ យល់ថា អង្គហេតុដែលតុលាការបានយកមកធ្វើជាមូលដ្ឋានក្នុងការផ្តន្ទាទោសលោក រ៉ុង ឈុន ពាក់ព័ន្ធនឹងការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់់ពីវិវាទដីធ្លី ការថ្លែងសុន្ទរកថា អំពីសង្គម សេដ្ឋកិច្ច និងនយោបាយ និងការបង្ហាញក្តីបារម្ភអំពីបូរណភាពទឹកដីជាដើម មិនមែនជាបទល្មើសដូចការចោទប្រកាន់នោះទេ។
ចំណែក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សេចក្តីសម្រេចរបស់តុលាការកន្លងទៅដែលបានហាមប្រាម បំបិទសិទ្ធិលោក រ៉ុង ឈុន មិនឲ្យចូលរួមសកម្មភាពនយោបាយ គឺហាក់ផ្ទុយនឹងច្បាប់ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ លោកបារម្ភថា សេរីភាពប្រជាពលរដ្ឋ និងអ្នកនយោបាយនៅកម្ពុជាបន្តធ្លាក់ចុះ ប្រសិនបើរដ្ឋាភិបាលបន្តចាប់ខ្លួន ចោទប្រកាន់អ្នកនយោបាយដែលប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការចូលរួមសកម្មភាពសង្គម។
លោក អំ សំអាត៖ «ឆ្នាំ២០២៧-២០២៨ ខាងមុខនេះ ជាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោតជាតិទៀត អញ្ចឹងយើងក្នុងនាមជាសង្គមស៊ីវិល យើងចង់ឃើញបរិយាកាសនយោបាយ ឬក៏សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋហ្នឹងត្រូវបានធានា និងគោរពហើយចង់ឃើញការបោះឆ្នោតហ្នឹងវាប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ចឹងគណបក្សនយោបាយទាំងអស់ ទោះតូចឬធំ ក៏មានការប្រកួតប្រជែងតាមរយៈការបោះឆ្នោតដោយសន្តិវិធីតាមគោលការណ៍នៃច្បាប់ ឬក៏រដ្ឋធម្មនុញ្ញដែលបានចែង»។
គណបក្សកម្លាំងជាតិ ទទូចស្នើសុំព្រះមហាក្សត្រ ក្នុងព្រះរាជតួនាទី ជាព្រះប្រមុខរដ្ឋ និងជាអ្នកធានារដ្ឋធម្មនុញ្ញ ឲ្យព្រះរាជតម្រិះ ដើម្បីឲ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធពិនិត្យលទ្ធភាពអនុវត្តនីតិវិធីដែលច្បាប់ បានកំណត់ ដើម្បីធានាបានយុត្តិធម៌ការគោរពរដ្ឋធម្មនុញ្ញ និងការការពារសិទ្ធិមនុស្សបានពេញលេញ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន គឺជាអ្នកនយោបាយ ជាអ្នកការពារសិទ្ធិកម្មករ-សហជីព និង ជាគ្រូបង្រៀនឯករាជ្យម្នាក់ ដែលបានតស៊ូ ដើម្បីយុត្តិធម៌សង្គម សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។ លោកត្រូវបានតុលាការចោទប្រកាន់ និងកាត់ទោសដាក់ពន្ធនាគារចំនួន២លើក រួចមកហើយដោយសារតែសកម្មភាពសង្គម និងរិះគន់រដ្ឋាភិបាលពីបញ្ហាព្រំដែន។ ទោះជាយ៉ាងណា អង្គការជាតិ និងអន្តរជាតិ បានចាត់ទុកសំណុំរឿង លោក រ៉ុង ឈុន មិនមែនជាការអនុវត្តច្បាប់នោះទេ ប៉ុន្តែគឺជារឿងនយោបាយ៕








