គណបក្ស​កម្លាំងជាតិ​ដាក់​ញត្តិ​ទៅ​ព្រះបរមរាជវាំង​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​លើ​ករណី​លោក រ៉ុង ឈុន

0
111
ទិដ្ឋភាពសមាជិកគណបក្សកម្លាំងជាតិ និងអ្នកគាំទ្រ នាំយកញត្តិដាក់ក្រសួងព្រះបរមរាជវាំង កាលពីថ្ងៃទី១៧ កក្កដា ២០២៦។ រូប៖ ហ្វេសប៊ុក ពេជ លីណា
ទិដ្ឋភាពសមាជិកគណបក្សកម្លាំងជាតិ និងអ្នកគាំទ្រ នាំយកញត្តិដាក់ក្រសួងព្រះបរមរាជវាំង កាលពីថ្ងៃទី១៧ កក្កដា ២០២៦។ រូប៖ ហ្វេសប៊ុក ពេជ លីណា

ពលរដ្ឋ និង​សមាជិក​គណបក្ស​កម្លាំង​ជាតិ​ជិត ៥០​នាក់ បាន​ជួបជុំគ្នា នៅ​ថ្ងៃទី​១៧ កក្កដា ដើម្បី​ដាក់​ញត្តិ​ទៅ​ព្រះ​បរម​រាជ​រាំង​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​លើ​ករណី​លោក រ៉ុង ឈុន ដើម្បី​ឲ្យ​លោក​មាន​សេរីភាព​ពេញលេញ​ឡើងវិញ​។ មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​គណបក្ស​នយោបាយ និង​ពលរដ្ឋ​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​បាន​ពេញលេញ ដោយ​មិន​មាន​ការភ័យខ្លាច​ពី​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល។

ពលរដ្ឋ និង​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ជាច្រើន បាន​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​នៅមុខ​ព្រះបរមរាជវាំង ដើម្បី​ស្នើសុំ​ឲ្យ​ទ្រង់ អន្តរាគមន៍​ឲ្យ​លោក រ៉ុង ឈុន មាន​សេរីភាព​ពេញលេញ អាច​ធ្វើ​នយោបាយ​ឡើងវិញ​។ ប៉ុន្តែ​មន្ត្រី​នគរបាល​ដែល​យាម​នៅ​ច្រកចូល​មុខ​ព្រះបរមរាជវាំង​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​យក​ញត្តិ​ចូល​ទៅ​ដាក់​នៅ​ផ្នែក​រដ្ឋបាល ស្ថិតនៅ​ខាងក្នុង​ព្រះបរមរាជវាំង​ឡើយ​។ ពលរដ្ឋ និង​មន្ត្រី​គណបក្សជំទាស់ បាន​រង់ចាំ​ជិត ១​ម៉ោង ទើប​មន្ត្រី​នៅ​ខ្លោងទ្វារ​ចេញ​មក​ជួប និង​បាន​បង្គាប់​ឲ្យ​ពួកគាត់​យក​ញត្តិ​នោះ​ទៅ​ដាក់​ក្នុង​ប្រអប់​សំបុត្រ​វិញ ដោយ​មិន​ព្រម​ចុះហត្ថលេខា​ទទួល​ញត្តិ​ឡើយ។

ប្រធាន​យុវជន​គណបក្ស​កម្លាំង​ជាតិ និង​ជា​អតីតមន្ត្រី​រាជការ​ក្នុង​ស្ថាប័នរដ្ឋ​ម្នាក់​ដែល​ត្រូវ​បាន​អភិបាល​ខេត្តកណ្តាល​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​រដ្ឋ លោក ផុន សុភា ថ្លែង​ថា លោក​ភ្ញាក់ផ្អើល និង​ខកចិត្ត​ជា​ខ្លាំង​ដែល​មន្ត្រី​អាជ្ញាធរ​មិន​ព្រម​ចុះហត្ថលេខា​ទទួល​ញត្តិ​របស់​គណបក្ស​កម្លាំង​ជាតិ ហើយ​រុញច្រាន​ឲ្យ​ដាក់​លិខិត​នោះ​ទៅ​ក្នុង​ប្រអប់​សំបុត្រ​វិញ​។ លោក​លើកឡើង​ថា មន្ត្រី​អាជ្ញាធរ​នៅ​ច្រក​ខ្លោងទ្វារ​ព្រះបរមរាជវាំង​ហាក់​បង្ក​ឧបសគ្គ និង​មាន​ចេតនា​រារាំង​មិន​ឲ្យ​លោក និង​ក្រុមការងារ​ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ថ្វាយ​ព្រះមហាក្សត្រ និង​មិនបាន​បំពេញ​តួនាទី​ត្រឹមត្រូវ មិន​សាក​សមជា​មន្ត្រីរាជការ​ក្នុង​ព្រះបរមរាជវាំង​ដែល​បំរើ និង​ផ្តល់​សេវា​ជូន​ពលរដ្ឋ សង្គម​ស៊ីវិល ឬ​គណបក្ស​នយោបាយ​ឡើយ។

លោក ផុន សុភា៖ «ការរារាំង​សិទ្ធិ​លោកគ្រូ រ៉ុង ឈុន វា​ពាក់ព័ន្ធ​ជាមួយនឹង​រដ្ឋធម្មនុញ្ញ ហើយ​វា​មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​ហើយ​ថែមទាំង​ច្បាប់​អន្តរជាតិ​ទៅទៀត អើយ​ពាក់ព័ន្ធ​ជាមួយ​សិទ្ធិ​នយោបាយ ហើយនឹង​សិទ្ធិ​ជា​ពលរដ្ឋ​។ យើង​សង្ឃឹមថា នឹង​មាន​អឺ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះករុណា ដើម្បី​ធ្វើ​យ៉ាងម៉េច​ដោះស្រាយ ឬក៏​អន្តរាគមន៍​ឲ្យ​អ្នកនយោបាយ​ទាំងអស់​មាន​សិទ្ធិ​ស្មើគ្នា​ពេញលេញ​នៅក្នុង​ការប្រកួតប្រជែង​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យសេរី​ពហុបក្ស​ដូច​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ»។

នៅក្នុង​ញត្តិ​របស់​គណបក្ស​កម្លាំង​ជាតិ ចុះ​ថ្ងៃទី​១៧ កក្កដា នេះ បង្ហាញ​ក្តី​ព្រួយបារម្ភ​ថា វិធានការ បម្រាម និង​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ដែល​បាន​កាត់ទោស​លោក រ៉ុង ឈុន អាច​បង្ក​ជា​ចម្ងល់​ផ្នែក​គតិយុត្តិ អំពី​ភាព​មិន​ស្រប​ជាមួយ​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ជាពិសេស​ពាក់ព័ន្ធ​នឹង​សិទ្ធិ​នយោបាយ សិទ្ធិ​បោះឆ្នោត សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​នៃ​កា​រប​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​ក្នុង​ការ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​កាតព្វកិច្ច​របស់​អន្តរជាតិ។

កាលពី​ថ្ងៃទី​១៩ ខែ​មិថុនា តុលាការ​កំពូល​បានសម្រេច​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ឲ្យ​ជាប់ពន្ធនាគារ ៤​ឆ្នាំ (​ព្យួរ​) ហាម​មិន​ឲ្យ​ចាក​ចេញពី​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ មិន​ឲ្យ​ថ្លែង​សារ​នយោបាយ ឬ​បង្ហាញមុខ​នៅ​វេទិកា​ទី​សាធារណៈ និង​ដក​សិទ្ធ​មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​ជាដើម។

សមាជិក​គណបក្ស​កម្លាំង​ជាតិ​មួយ​រូប​ទៀត​ដែល​ជា​អ្នក​កាន់​ញត្តិ​ដាក់​នៅ​ព្រះបរមរាជវាំង លោកស្រី ពេជ លីណា ឲ្យ​អាស៊ីសេរី​ដឹង​ថា លោកស្រី​សង្ឃឹមថា ញត្តិ​នេះ នឹង​អាច​ដល់​ព្រះមហាក្សត្រ ហើយ​ទ្រង់​នឹង​ទទួល​ជ្រាប​ពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ ហើយ​ជួយ​អន្តរាគមន៍​រឿង​នេះ ដើម្បី​បើក​លំហ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ឡើងវិញ ហើយ​លោក រ៉ុង ឈុន អាច​មាន​សេរីភាព ចូលរួម​ក្នុង​ជីវភាព​នយោបាយ​បាន​ឡើងវិញ ដោយ​លោកស្រី​យល់ថា លោក រ៉ុង ឈុន ពុំបាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​កាន់​របស់​តុលាការ​ឡើយ​។ លោកស្រី​បន្ត​ថា ព្រះមហាក្សត្រ នឹង​ផ្តល់​យុត្តិធម៌ ឲ្យ​ប្រជាពលរដ្ឋ​ក្នុងនាម​ជា​ព្រះប្រមុខរដ្ឋ ជា​អ្នកធានា​ការគោរព​រដ្ឋធម្មនុញ្ញ និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​។​

លោកស្រី ពេជ លីណា៖ «ក្រោយពី​តុលាការ​កំពូល​អឺ​បាន​អឺ​ចេញ​សេចក្តី​ប្រកាស​ហ្នឹង​មក​អឺ​ខ្ញុំ​យល់ថា ជា​រឿង​ដ៏​អយុត្តិធម៌​សម្រាប់​លោកគ្រូ​ដែល​លោកគ្រូ​ជា​អ្នកនយោបាយ​ប៉ុន្តែ​បែរជា​បិទ​សិទ្ធិ​សេរីភាព​មិន​ឲ្យ​អឺ​គាត់​ធ្វើ​នយោបាយ​មិន​ឲ្យ​អឺ​មាន​សកម្មភាព ហី​អឺ​មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​ហើយ​សូម្បីតែ​អឺ​បោះឆ្នោត​ដូច​ពលរដ្ឋ​ទូទៅ​ក៏​អត់​បាន​។ អញ្ចឹង​គឺ​អឺ​បញ្ជាក់​ឲ្យ​ឃើញ​ច្បាប់​ជា​ការ​រើសអើង ជា​ការ​អឺ​រឹតត្បិត​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ​នៅ​កម្ពុជា»។

គណបក្ស​កម្លាំង​ជាតិ យល់ថា អង្គ​ហេតុ​ដែល​តុលាការ​បាន​យក​មក​ធ្វើជា​មូលដ្ឋាន​ក្នុង​ការ​ផ្តន្ទាទោស​លោក រ៉ុង ឈុន ពាក់ព័ន្ធ​នឹង​ការ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់់​ពី​វិវាទ​ដីធ្លី ការ​ថ្លែង​សុន្ទរកថា អំពី​សង្គម សេដ្ឋកិច្ច និង​នយោបាយ និង​ការ​បង្ហាញ​ក្តី​បារម្ភ​អំពី​បូរណភាព​ទឹកដី​ជាដើម មិនមែន​ជា​បទល្មើស​ដូច​ការចោទប្រកាន់​នោះ​ទេ។

ចំណែក នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សេចក្តី​សម្រេច​របស់​តុលាការ​កន្លងទៅ​ដែល​បាន​ហាមប្រាម បំបិទ​សិទ្ធិ​លោក រ៉ុង ឈុន មិន​ឲ្យ​ចូលរួម​សកម្មភាព​នយោបាយ គឺ​ហាក់​ផ្ទុយ​នឹង​ច្បាប់ ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​បារម្ភ​ថា សេរីភាព​ប្រជាពលរដ្ឋ និង​អ្នកនយោបាយ​នៅ​កម្ពុជា​បន្ត​ធ្លាក់ចុះ ប្រសិនបើ​រដ្ឋាភិបាល​បន្ត​ចាប់ខ្លួន ចោទប្រកាន់​អ្នកនយោបាយ​ដែល​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​សកម្មភាព​សង្គម។

លោក អំ សំអាត៖ «ឆ្នាំ​២០២៧-២០២៨ ខាងមុខនេះ ជា​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ​ទៀត អញ្ចឹង​យើង​ក្នុងនាម​ជា​សង្គម​ស៊ីវិល យើង​ចង់​ឃើញ​បរិយាកាស​នយោបាយ ឬក៏​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ហ្នឹង​ត្រូវ​បាន​ធានា និង​គោរព​ហើយ​ចង់​ឃើញ​ការបោះឆ្នោត​ហ្នឹង​វា​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ចឹ​ង​គណបក្ស​នយោបាយ​ទាំងអស់ ទោះ​តូច​ឬ​ធំ ក៏​មាន​ការប្រកួតប្រជែង​តាមរយៈ​ការបោះឆ្នោត​ដោយ​សន្តិវិធី​តាម​គោលការណ៍​នៃ​ច្បាប់ ឬក៏​រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែង»។

គណបក្ស​កម្លាំង​ជាតិ ទទូច​ស្នើសុំ​ព្រះមហាក្សត្រ ក្នុង​ព្រះរាជ​តួនាទី ជា​ព្រះប្រមុខរដ្ឋ និង​ជា​អ្នកធានា​រដ្ឋធម្មនុញ្ញ ឲ្យ​ព្រះរាជ​តម្រិះ ដើម្បី​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ពិនិត្យ​លទ្ធភាព​អនុវត្ត​នីតិវិធី​ដែល​ច្បាប់ បាន​កំណត់ ដើម្បី​ធានា​បាន​យុត្តិធម៌​ការគោរព​រដ្ឋធម្មនុញ្ញ និង​ការ​ការពារ​សិទ្ធិមនុស្ស​បាន​ពេញ​លេញ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន គឺជា​អ្នកនយោបាយ ជា​អ្នកការពារ​សិទ្ធិ​កម្មករ​-​សហជីព និង ជា​គ្រូបង្រៀន​ឯករាជ្យ​ម្នាក់ ដែល​បាន​តស៊ូ ដើម្បី​យុត្តិធម៌​សង្គម សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លោក​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​កាត់ទោស​ដាក់​ពន្ធនាគារ​ចំនួន​២​លើក រួច​មក​ហើយ​ដោយសារ​តែ​សកម្មភាព​សង្គម និង​រិះគន់​រដ្ឋាភិបាល​ពី​បញ្ហា​ព្រំដែន​។ ទោះជា​យ៉ាងណា អង្គការ​ជាតិ និង​អន្តរជាតិ បាន​ចាត់ទុក​សំណុំរឿង លោក រ៉ុង ឈុន មិនមែន​ជា​ការអនុវត្ត​ច្បាប់​នោះ​ទេ ប៉ុន្តែ​គឺជា​រឿង​នយោបាយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ