សាលាឧទ្ធរណ៍​តម្កល់​ការ​ផ្តន្ទាទោស​សកម្មជន​នយោបាយ និង​យុវជន​សង្គម ៤​រូប​រឿង​បញ្ចេញមតិ

0
24
សកម្មជន​យោបាយ លោក ផង់ ប្រុស (ឆ្វេង) និង លោក ឆាន់ បញ្ញា។ រូប៖ គេហទំព័រ លីកាដូ
សកម្មជន​យោបាយ លោក ផង់ ប្រុស (ឆ្វេង) និង លោក ឆាន់ បញ្ញា។ រូប៖ គេហទំព័រ លីកាដូ

សាលាឧទ្ធរណ៍​ភ្នំពេញ សម្រេច​តម្កល់​ការ​ផ្តន្ទាទោស​លើ​សកម្មជន​នយោបាយ​២​រូប និង​យុវជន​សង្គម​២​រូប​ដោយសារ​ការប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​លើ​បណ្តាញ​សង្គម នៅ​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា​នេះ​។ មេធាវី និង​មន្ត្រី​សិទ្ធិមនុស្ស យល់ឃើញ​ដូចគ្នា​ថា សាលក្រម​របស់​តុលាការ​កាត់ទោស​ពួក​កាត់​ទាំង​៤​រូប មិន​សម​ហេតុផល និង​ផ្ទុយ​ពី​ច្បាប់រដ្ឋធម្មនុញ្ញ។

សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្ដន្ទាទោស​សកម្មជន​នយោបាយ​២​រូប និង​យុវជន​បណ្ដាញ​សង្គម ២​រូប ទុក​ជា​បាន​ការ​ដដែល​។ សកម្មជន​ទាំង​៤​រូប​នោះ រួមមាន សកម្មជន​នយោបាយ លោក ផង់ ប្រុស និង លោក ឆាន់ បញ្ញា ព្រមទាំង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ពីរ​រូប​គឺ លោក សឿន ចាន់​ដែន និង​កញ្ញា អយ ឌីណា ជា​យុវជន​បណ្ដាញ​សង្គម។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក ផង់ ប្រុស និង​លោក ឆាន់ បញ្ញា គឺ​លោក ឡោ ជុន​ធី មាន​ប្រសាសន៍ថា កូន​ក្តី​របស់​លោក​មិន​មាន​ចេតនា​ញុះញង់​ដូច​ការចោទប្រកាន់​របស់​តុលាការ​ឡើយ ហើយ​កូន​ក្តី​របស់​លោក​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​ក្នុង​ន័យ ដើម្បី​កែ​លម្អ និង​ចូលរួម​អភិវឌ្ឍន៍​សង្គម​ឲ្យ​មានការ​រីកចម្រើន​តែប៉ុណ្ណោះ។

លោក ឡោ ជុនធី៖ «​រឿង​ហ្នឹង​មានតែ​កូនក្តី​មិន​សុខចិត្ត​យ៉ាងណា​អីយ៉ា​ង​ណី​ហ្នឹង គឺ​អាច​ប្តឹង​សាទុក្ខ​តទៅ​ទៀត​បាន​។ ដូច​ថា គាត់​បាន​ស៊ែរ បាន​បង្ហោះ​ហ្វេសប៊ុក​បង្ហោះ​អីហ្នឹង​គេៗ​អត់​ជឿ​ថា នេះ​ជា​ការ​បញ្ចេញមតិ​របស់​ពួកគាត់ៗ​អឺ​ចង់​កែ​លំអ​សង្គម ចង់​ធ្វើ​ម៉េច​ឲ្យ​វា​បាន​ល្អ​ក្នុង​សង្គម​អី​អញ្ចឹង​ទេ​។ គាត់​អត់​មានគំនិត​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ​ឬមួយ​ញុះញង់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​អីនុង​ទេ»។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​អ្នក​ទាំង​៤​ឲ្យ​ជាប់ពន្ធនាគារ​១៨​ខែ ដូចៗ​គ្នា និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​ចំនួន ពីរ​លាន​រៀល ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ពាក់ព័ន្ធ​ការ​បង្ហោះ និង​ចែករំលែក​សា​រលើ​បណ្ដាញ​សង្គម។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ថ្លែង​ថា អង្គការ​ជាតិ និង​អន្តរជាតិ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​បន្ត​ចាប់ខ្លួន និង​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ផ្ដន្ទាទោស​លើ​សកម្មជន​នយោបាយ និង​ពលរដ្ឋ​ស្លូតត្រង់​ជាច្រើន​ទៀត​ដែល​ប៉ះពាល់​ដល់​សិទ្ធិ សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ​។ លោក​បន្ត​ថា តុលា​ការគួរ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​មុន​ចាប់ខ្លួន និង​ឃុំខ្លួន​ពលរដ្ឋ​ស្លូតត្រង់ ដើម្បី​បញ្ឈប់​ការរិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​។​

លោក អំ សំអាត៖ «នៅ​មាន​ការ​លើកឡើង​នូវ​ការ​ខ្វែងគំនិត​គ្នា​ដោយ​អង្គការ​សិទ្ធិ​មនុស្សជាតិ អន្តរជាតិ និង​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លើកឡើង​ថា ការ​ចាប់ខ្លួន ការ​ឃុំខ្លួន ការចោទប្រកាន់​និង​ផ្ដន្ទាទោស​ទៅលើ​មនុស្ស​មួយចំនួន​គឺ​ប៉ះពាល់​ទៅដល់​អឺ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ឬក៏​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ»។

របាយការណ៍​អង្គការ​លីកាដូ​បង្ហាញថា អ្នកនយោបាយ អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សហជីព អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ចំនួន​១២៥​នាក់​ហើយ​ដែល​ត្រូវ​បាន​ជាប់ឃុំ ដោយសារតែ​ភាព​សកម្ម​និយម ឬ​ការ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​នឹង​លើកយក​ករណី​ទាំងនេះ​ស្នើ​ឱ្យ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​៣១ ខែកក្កដា ដើម្បី​ឲ្យ​លោក ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​នយោបាយ សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​បញ្ចេញមតិ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ