

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធនៃសហរដ្ឋអាមេរិក (FBI) ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរព័ត៌មានសម្ងាត់ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើឆបោកតាមអនឡាញ។ អ្នកតាមដានបញ្ហាឧក្រិដ្ឋកម្មវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់នាយក (FBI) អាមេរិកមកកម្ពុជានេះ គឺជាសារដាក់សម្ពាធដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យបង្ហាញឆន្ទៈនយោបាយពិតប្រាកដស៊ើបអង្កេត និងចាត់វិធានការលើមេខ្លោងធំៗដែលកាងឧស្សាហកម្មឆបោកតាមអនឡាញ ដែលឆបោកលុយពលរដ្ឋអាមេរិក និងជនរងគ្រោះជុំវិញពិភពលោកក្នុងទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
សហរដ្ឋអាមេរិកបានបង្ហាញការចាប់អារម្មណ៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងក្លាយជាបញ្ហាសន្តិសុខដ៏ស្មុគស្មាញនៅក្នុងតំបន់។
កម្ពុជា និងការិយាល័យទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) សហរដ្ឋអាមេរិកប្ដេជ្ញាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដែលក្នុងនោះគ្របដណ្ដប់លើការប្រឆាំងអំពើឆបោកអនឡាញ ជួញដូរមនុស្ស និងគ្រឿងញៀនជាដើម។
ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) សហរដ្ឋអាមេរិកលោក កាស ប៉ាទែល (Kash Patel) នៅថ្ងៃទី២២ ខែកក្កដា។ លោក ហ៊ុន ម៉ាណែត ឱ្យដឹងតាមទំព័រហ្វេសប៊ុករបស់លោកថា ក្នុងជំនួបនោះ នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) សហរដ្ឋអាមេរិកលោក កាស ប៉ាទែល បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មឆបោកអនឡាញ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពប្រជាជននៃប្រទេសទាំងពីរ។
នៅរសៀលថ្ងៃដដែលនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) លោក កាស ប៉ាទែល ក៏មានជំនួបទ្វេភាគីជាមួយអគ្គស្នងការនគរបាលជាតិ លោក ស ថេត ដែរ។ ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការពង្រឹងការអនុវត្តច្បាប់ប្រឆាំងឧក្រិដ្ឋកម្មឆបោកអនឡាញ។ ក្រៅពីនេះ ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) ក៏បានសន្យាថា នឹងបន្តជួយបណ្ដុះបណ្ដាលជំនាញដល់មន្ត្រីកងកម្លាំងនគរបាលកម្ពុជាផងដែរ។
ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២២ កក្កដា ក៏បានប្រកាសព័ត៌មានអំពីជំនួបទាំងនេះ។ ស្ថានទូតអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា ដែលបានបណ្ដាលឱ្យមានការលួចប្រាក់រាប់ពាន់លានដុល្លារពីជនរងគ្រោះជនជាតិអាមេរិក ហើយបញ្ហានេះនៅតែជាអាទិភាពចម្បងមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
ស្ថានទូតបន្ថែមថា ទស្សនកិច្ចរបស់មេ (FBI) នៅពេលនេះ បានបញ្ជាក់ឡើងវិញពីតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដ៏រឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មឆ្លងដែនតាមអនឡាញ រួមទាំងការបង្កើនការខិតខំ ដើម្បីធ្វើឱ្យមេខ្លោងបណ្ដាញឆបោកកម្រិតខ្ពស់ទទួលខុសត្រូវ និងការកែលម្អការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងមន្ត្រីដែលពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុន ឬទីតាំងបោកប្រាស់។
នេះជាលើកទីមួយហើយដែលនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) លោក កាស ប៉ាទែល មានវត្តមាននៅកម្ពុជា និងបានជួបជជែកត្រង់ៗជាមួយលោក ហ៊ុន ម៉ាណែត និងមន្ត្រីគ្រាក់ៗអំពីក្ដីបំណងរបស់អាមេរិកក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញ។ វត្តមាននាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៅកម្ពុជានាពេលនេះក៏ស្របពេលអាជ្ញាធរកម្ពុជាអះអាងថា កំពុងធ្វើយុទ្ធនាការបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញដែលកំពុងរីករាលពេញប្រទេស។
កន្លងទៅទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) ក៏ជាអ្នករួមចំណែកដ៏សំខាន់ក្នុងការប្រមូលព័ត៌មានសម្ងាត់ និងស៊ើបអង្កេតចំពោះអ្នកដែលពាក់ព័ន្ធ និងជាមេខ្លោងសំខាន់ៗក្នុងជួរគណបក្សកាន់អំណាចរហូតរដ្ឋាភិបាលអាមេរិកសម្រេចប្រកាសដាក់ទណ្ឌកម្ម។ អ្នកទទួលរងទណ្ឌកម្មអាមេរិកទាំងនោះរួមមានសមាជិកព្រឹទ្ធសភាមកពីបក្សកាន់អំណាចឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា កុក អាន ឧក្រិដ្ឋជន ចេន ហ្ស៊ី និងអ្នកជំនួញខ្មែរដើមកំណើតចិនមួយចំនួនទៀតដែលអាមេរិករកឃើញថា ពួកគេជាមេខ្លោងធំកាងឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា ឬដើរតួនាទីសំខាន់ក្នុងបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងការជួញដូរមនុស្ស ដោយបង្ខំបុគ្គលិកឱ្យឆបោកពលរដ្ឋអាមេរិក និងជនរងគ្រោះនៅទូទាំងពិភពលោកក្នុងទំហំទឹកប្រាក់រាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា នាយក (FBI) អាមេរិកមកកម្ពុជានេះ គឺជាសារដាក់សម្ពាធដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យបង្ហាញឆន្ទៈនយោបាយពិតប្រាកដស៊ើបអង្កេត និងចាត់វិធានការលើមេខ្លោងធំៗដែលកាងឧស្សាហកម្មឆបោកតាមអនឡាញ។ លោកជឿថា ទីភ្នាក់ងារ (FBI) មានព័ត៌មាន និងភស្តុតាងគ្រប់គ្រាន់ពាក់ព័ន្ធនឹងអ្នកមានអំណាច និងឥស្សរជននយោបាយមួយចំនួនដែលមានទំនាក់ទំនងជាមួយលោក ហ៊ុន សែន ដែលរងការចោទប្រកាន់ជាប់ពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជា។
ទោះជាយ៉ាងណា លោក គឹម សុខ សង្កត់ធ្ងន់ថា រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន នឹងមិនអនុញ្ញាតឱ្យភ្នាក់ងារ (FBI) ចូលរួមដោយពេញលេញក្នុងការស៊ើបអង្កេត និងយុទ្ធនាការបង្ក្រាបឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជានោះទេ ព្រោះលោកយល់ថា ការធ្វើបែបនេះអាចប៉ះពាល់ដល់បុគ្គលមានអំណាច និងមនុស្សជំនិតមួយចំនួនរបស់រដ្ឋាភិបាលត្រកូល ហ៊ុន ដែលមានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ។
លោក គឹម សុខ៖ «សហរដ្ឋអាមេរិកប្ដេជ្ញាបោសសំអាតឱ្យបាន ការឆបោកអនឡាញនៅកម្ពុជា និងពិភពលោក ក៏ប៉ុន្តែរដ្ឋាភិបាលគ្រួសារហ៊ុន វិញ កំពុងតែធ្វើសកម្មភាពក្នុងការប្ដេជ្ញាចិត្តការពារមេបណ្ដាញធំៗ ជាពិសេសជនជាតិខ្មែរនៅក្នុងរដ្ឋាភិបាលគ្រួសារ ហ៊ុន។ ដូច្នេះ បញ្ហានេះវាមានភាពស្មុគស្មាញខ្លាំងណាស់ ក៏ប៉ុន្តែយ៉ាងណា វត្តមានរបស់មេ (FBI) អាមេរិកនៅកម្ពុជា ជាសញ្ញាប្រាប់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា ត្រូវតែសហការ បើមិនដូច្នេះទេ អាមេរិកាំងនឹងប្រើធម៌ក្ដៅបន្ថែមទៀត បើមិនធ្វើតាមការស្នើរបស់សហរដ្ឋអាមេរិកទេ អាមេរិកាំងនឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរដ្ឋាភិបាលគ្រួសារ ហ៊ុន»។
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ថា (UNODC) បានចេញរបាយការណ៍ចុងក្រោយមួយដោយព្រមានថា ការជួញដូរគ្រឿងញៀន អំពើឆបោកអនឡាញ អំពើជួញដូរមនុស្ស ការលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យា កំពុងត្រូវបានបណ្ដាញឧក្រិដ្ឋកម្មនៅអាស៊ីអាគ្នេយ៍ចង់ភ្ជាប់រួមបញ្ចូលគ្នាជាប្រព័ន្ធតែមួយ។ ចំណែកឯ ការជួញដូរមនុស្សនៅតែជាបញ្ហាធ្ងន់ធ្ងរ ដោយសារតែមនុស្សជាច្រើនត្រូវបានឧក្រិដ្ឋជនបោកបញ្ឆោតឱ្យទៅធ្វើការនៅមជ្ឈមណ្ឌលឆបោកអនឡាញ និងត្រូវបានបង្ខំឱ្យប្រព្រឹត្តឧក្រិដ្ឋកម្មក្រោមលក្ខខណ្ឌបំពានសិទ្ធិមនុស្សឃោរឃៅ។ អង្គការអន្តរជាតិមួយនេះរកឃើញថា ក្នុងឆ្នាំ២០២៥ ប្រជាជននៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី (Australia) និងនូវែលហ្សេឡង់ (New Zealand) បានខាតបង់ប្រាក់ប្រមាណជិត ៩០ពាន់លានដុល្លារដល់ជាង ១រយពាន់លានដុល្លារ ដោយសារការឆបោកតាមអនឡាញរបស់ក្រុមឧក្រិដ្ឋជននៅតំបន់អាស៊ីអាគ្នេយ៍៕








