លោក ហ៊ុន ម៉ាណែត និង​មេ FBI អាមេរិក​ពិភាក្សា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ឆបោក​អនឡាញ

0
36
​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជាមួយ​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) សហរដ្ឋអាមេរិក​លោក កាស ប៉ាទែល (Kash Patel) នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី​២២ ខែកក្កដា​ ឆ្នាំ២០២៦។
​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជាមួយ​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) សហរដ្ឋអាមេរិក​លោក កាស ប៉ាទែល (Kash Patel) នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី​២២ ខែកក្កដា​ ឆ្នាំ២០២៦។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ​នៃ​សហរដ្ឋអាមេរិក (FBI) ប្ដេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ការផ្លាស់ប្ដូរ​ព័ត៌មាន​សម្ងាត់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេស​អំពើ​ឆបោក​តាម​អនឡាញ។ អ្នក​តាមដាន​បញ្ហា​ឧក្រិដ្ឋកម្ម​វាយតម្លៃ​ថា ដំណើរ​ទស្សនកិច្ច​របស់នា​យក (FBI) អាមេរិក​មក​កម្ពុជា​នេះ គឺជា​សារ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​បង្ហាញ​ឆន្ទៈ​នយោបាយ​ពិតប្រាកដ​ស៊ើបអង្កេត និង​ចាត់វិធានការ​លើ​មេខ្លោង​ធំៗ​ដែល​កាង​ឧស្សាហកម្ម​ឆបោក​តាម​អន​ឡាញ ដែល​ឆបោក​លុយ​ពលរដ្ឋ​អាមេរិក និង​ជនរងគ្រោះ​ជុំវិញ​ពិភពលោក​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ។

សហរដ្ឋអាមេរិក​បាន​បង្ហាញ​ការចាប់អារម្មណ៍​ក្នុង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា តាមរយៈ​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេស​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ដែល​កំពុង​ក្លាយជា​បញ្ហា​សន្តិសុខ​ដ៏​ស្មុគស្មាញ​នៅក្នុង​តំបន់។

កម្ពុជា និង​ការិយាល័យ​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) សហរដ្ឋអាមេរិក​ប្ដេជ្ញា​ថា នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​ក្នុង​នោះ​គ្របដណ្ដប់​លើ​ការ​ប្រឆាំង​អំពើ​ឆបោក​អនឡាញ ជួញដូរ​មនុស្ស និង​គ្រឿងញៀន​ជាដើម។

ការ​ប្ដេជ្ញា​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយ​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) សហរដ្ឋអាមេរិក​លោក កាស ប៉ាទែល (Kash Patel) នៅ​ថ្ងៃទី​២២ ខែកក្កដា​។ លោក ហ៊ុន ម៉ាណែត ឱ្យ​ដឹង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ក្នុង​ជំនួប​នោះ នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) សហរដ្ឋអាមេរិក​លោក កាស ប៉ាទែល បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​លុបបំបាត់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

នៅ​រសៀល​ថ្ងៃ​ដដែល​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) លោក កាស ប៉ាទែល ក៏មាន​ជំនួប​ទ្វេភាគី​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ដែរ​។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​។ ក្រៅ​ពី​នេះ ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) ក៏បាន​សន្យា​ថា នឹង​បន្ត​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​ដល់​មន្ត្រី​កងកម្លាំង​នគរបាល​កម្ពុជា​ផង​ដែរ​។​

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​២២ កក្កដា ក៏បាន​ប្រកាស​ព័ត៌មាន​អំពី​ជំនួប​ទាំងនេះ​។ ស្ថានទូត​អាមេរិក​បញ្ជាក់​ថា សហរដ្ឋអាមេរិក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កើនឡើង​នៃ​ប្រតិបត្តិ​ការ​ឆបោក​តាម​អន​ឡាញ​នៅ​កម្ពុជា ដែល​បាន​បណ្ដាល​ឱ្យ​មានការ​លួច​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ពី​ជនរងគ្រោះ​ជនជាតិ​អាមេរិក ហើយ​បញ្ហា​នេះ​នៅតែ​ជា​អាទិភាព​ចម្បង​មួយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

ស្ថានទូត​បន្ថែម​ថា ទស្សនកិច្ច​របស់​មេ (FBI) នៅ​ពេល​នេះ បាន​បញ្ជាក់​ឡើងវិញ​ពី​តម្រូវការ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដ៏​រឹងមាំ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​តាម​អនឡាញ រួមទាំង​ការ​បង្កើន​ការខិតខំ ដើម្បី​ធ្វើ​ឱ្យ​មេខ្លោង​បណ្ដាញ​ឆបោក​កម្រិត​ខ្ពស់​ទទួលខុសត្រូវ និង​ការ​កែលម្អ​ការ​ចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​មន្ត្រី​ដែល​ពាក់ព័ន្ធ និង​ម្ចាស់​ក្រុមហ៊ុន ឬ​ទីតាំង​បោកប្រាស់។

នេះ​ជា​លើកទីមួយ​ហើយ​ដែល​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) លោក កាស ប៉ាទែល មាន​វត្តមាននៅ​កម្ពុជា និង​បាន​ជួប​ជជែក​ត្រង់ៗ​ជាមួយ​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​គ្រាក់ៗ​អំពី​ក្ដី​បំណង​របស់​អាមេរិក​ក្នុង​ការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​។ វត្តមាន​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) នៅ​កម្ពុជា​នា​ពេល​នេះ​ក៏​ស្របពេល​អាជ្ញាធរ​កម្ពុជា​អះអាង​ថា កំពុង​ធ្វើ​យុទ្ធនាការ​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​អនឡាញ​ដែល​កំពុង​រីក​រាល​ពេញ​ប្រទេស។

កន្លងទៅ​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) ក៏​ជា​អ្នក​រួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​ប្រមូល​ព័ត៌មាន​សម្ងាត់ និង​ស៊ើបអង្កេត​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ និង​ជា​មេខ្លោង​សំខាន់ៗ​ក្នុង​ជួរ​គណបក្ស​កាន់អំណាច​រហូត​រដ្ឋាភិបាល​អាមេរិក​សម្រេច​ប្រកាស​ដាក់ទណ្ឌកម្ម​។ អ្នក​ទទួលរង​ទណ្ឌកម្ម​អាមេរិក​ទាំងនោះ​រួមមាន​សមាជិក​ព្រឹទ្ធសភា​មកពី​បក្ស​កាន់អំណាច​ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា កុក អាន ឧក្រិដ្ឋជន ចេន ហ្ស៊ី និង​អ្នកជំនួញ​ខ្មែរ​ដើមកំណើត​ចិន​មួយ​ចំនួន​ទៀត​ដែល​អាមេរិក​រកឃើញ​ថា ពួកគេ​ជា​មេខ្លោង​ធំ​កាង​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​នៅ​កម្ពុជា ឬ​ដើរ​តួនាទី​សំខាន់​ក្នុង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ និង​ការ​ជួញដូរ​មនុស្ស ដោយ​បង្ខំ​បុគ្គលិក​ឱ្យ​ឆបោក​ពលរដ្ឋ​អាមេរិក និង​ជនរងគ្រោះ​នៅ​ទូទាំង​ពិភពលោក​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើង​ថា នាយក (FBI) អាមេរិក​មក​កម្ពុជា​នេះ គឺជា​សារ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​បង្ហាញ​ឆន្ទៈ​នយោបាយ​ពិតប្រាកដ​ស៊ើបអង្កេត និង​ចាត់វិធានការ​លើ​មេខ្លោង​ធំៗ​ដែល​កាង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ។ លោក​ជឿ​ថា ទីភ្នាក់ងារ (FBI) មាន​ព័ត៌មាន និង​ភស្តុតាង​គ្រប់គ្រាន់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច និង​ឥស្សរជន​នយោបាយ​មួយចំនួន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​លោក ហ៊ុន សែន ដែល​រង​ការចោទប្រកាន់​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

ទោះជា​យ៉ាងណា លោក គឹម សុខ សង្កត់ធ្ងន់​ថា រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន នឹង​មិន​អនុញ្ញាត​ឱ្យ​ភ្នាក់ងារ (FBI) ចូលរួម​ដោយ​ពេញលេញ​ក្នុង​ការ​ស៊ើបអង្កេត និង​យុទ្ធនាការ​បង្ក្រាប​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​នោះ​ទេ ព្រោះ​លោក​យល់ថា ការ​ធ្វើ​បែបនេះ​អាច​ប៉ះពាល់​ដល់​បុគ្គល​មានអំណាច និង​មនុស្ស​ជំនិត​មួយចំនួន​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នេះ។

លោក គឹម សុខ៖ «​សហរដ្ឋអាមេរិក​ប្ដេជ្ញា​បោសសំអាត​ឱ្យ​បាន ការ​ឆបោក​អន​ឡាញ​នៅ​កម្ពុជា និង​ពិភពលោក ក៏ប៉ុន្តែ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន វិញ កំពុងតែ​ធ្វើ​សកម្មភាព​ក្នុង​ការ​ប្ដេជ្ញាចិត្ត​ការពារ​មេ​បណ្ដាញ​ធំៗ ជាពិសេស​ជនជាតិ​ខ្មែរ​នៅក្នុង​រដ្ឋាភិបាល​គ្រួសារ ហ៊ុន​។ ដូច្នេះ បញ្ហា​នេះ​វា​មាន​ភាពស្មុគស្មាញ​ខ្លាំង​ណាស់ ក៏ប៉ុន្តែ​យ៉ាងណា វត្តមាន​របស់​មេ (FBI) អាមេរិក​នៅ​កម្ពុជា ជា​សញ្ញា​ប្រាប់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថា ត្រូវតែ​សហការ បើ​មិន​ដូច្នេះ​ទេ អាមេរិកាំង​នឹង​ប្រើ​ធម៌​ក្ដៅ​បន្ថែម​ទៀត បើ​មិន​ធ្វើតាម​ការ​ស្នើ​របស់​សហរដ្ឋ​អាមេរិក​ទេ អាមេរិកាំង​នឹង​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​រដ្ឋាភិបាល​គ្រួសារ ហ៊ុន»។

ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម ហៅ​កាត់​ថា (UNODC) បាន​ចេញ​របាយការណ៍​ចុងក្រោយ​មួយ​ដោយ​ព្រមាន​ថា ការ​ជួញដូរ​គ្រឿងញៀន អំពើ​ឆបោក​អន​ឡាញ អំពើ​ជួញដូរ​មនុស្ស ការ​លាង​លុយកខ្វក់ និង​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា កំពុង​ត្រូវ​បាន​បណ្ដាញ​ឧក្រិដ្ឋកម្ម​នៅ​អាស៊ីអាគ្នេយ៍​ចង់​ភ្ជាប់​រួមបញ្ចូល​គ្នា​ជា​ប្រព័ន្ធ​តែមួយ​។ ចំណែកឯ ការ​ជួញដូរ​មនុស្ស​នៅតែ​ជា​បញ្ហា​ធ្ងន់ធ្ងរ ដោយសារតែ​មនុស្ស​ជាច្រើន​ត្រូវ​បាន​ឧក្រិដ្ឋជន​បោក​បញ្ឆោត​ឱ្យទៅ​ធ្វើការ​នៅ​មជ្ឈមណ្ឌល​ឆបោក​អន​ឡាញ និង​ត្រូវ​បាន​បង្ខំ​ឱ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ក្រោម​លក្ខខណ្ឌ​បំពាន​សិទ្ធិមនុស្ស​ឃោរឃៅ​។ អង្គការ​អន្តរជាតិ​មួយ​នេះ​រកឃើញ​ថា ក្នុង​ឆ្នាំ​២០២៥ ប្រជាជន​នៅ​អាស៊ី​បូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី (Australia) និង​នូវែលហ្សេឡង់ (New Zealand) បាន​ខាតបង់​ប្រាក់​ប្រមាណ​ជិត ៩០​ពាន់​លាន​ដុល្លារ​ដល់​ជាង ១​រយ​ពាន់​លាន​ដុល្លារ ដោយសារ​ការ​ឆបោក​តាម​អន​ឡាញ​របស់​ក្រុម​ឧក្រិដ្ឋជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ