

កម្មករធ្វើការនៅរោងចក្រហាយថេក អឹភែរឺល Hi-Tech Apparel (Cambodia) មួយចំនួនបារម្ភពីបញ្ហាជីវភាពរស់នៅ ក្រោយក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អូនាង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រកាសបិទអាជីវកម្មរបស់ខ្លួន នៅថ្ងៃទី៣១ ខែសីហា ខាងមុខនេះ។
ក្រុមហ៊ុនហាយថេក អឹភែរឺល បានប្រកាសជូនដំណឹងដល់សហជីព បុគ្គលិក កម្មករ កម្មការិនីទាំងអស់ កាលពីថ្ងៃទី២១ កក្កដា អំពីការផ្អាកដំណើរការសកម្មភាពអាជីវកម្មទាំងស្រុង និងការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។
ក្រុមហ៊ុនបានយល់ព្រមទូទាត់សងប្រាក់ឈ្មួលចុងក្រោយ ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់បំណាច់ជួសការជូនដំណឹងមុនផ្អែកតាមអតីតភាពការងារ និងប្រាក់បំណាច់អតីតភាពការងារ រួមទាំងអត្ថប្រយោជន៍បន្ថែមសម្រាប់កម្មការិនីដែលកំពុងមានផ្ទៃពោះ និងកម្មការិនីមានកូនតូចផងដែរ។
កម្មការិនីកាត់ដេរនៅរោងចក្រហាយថេកម្នាក់ លោកស្រី សឿន សុខ រស់នៅសង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ថ្លែងប្រាប់ទូរទស្សន៍អាស៊ីសេរីថា លោកស្រីធ្វើការនៅក្នុងក្រុមហ៊ុននេះរយៈពេល៦ឆ្នាំមកហើយ ហើយក្រុមហ៊ុនធំមួយនេះ បានផ្តល់អត្ថប្រយោជន៍ និងប្រាក់ខែសមរម្យ ចន្លោះពី៣០០ដុល្លារទៅ៤០០ដុល្លារក្នុង១ខែ ដែលអាចឲ្យលោកស្រីមានលទ្ធភាពផ្គត់ផ្គង់គ្រួសារបាន។ ប៉ុន្តែក្រោយការប្រកាសបិទអាជីវកម្ម លោកស្រីអាចប្រឈមនឹងបញ្ហាបំណុលធនាគារ និងជីវភាពលំបាក ដោយសារលោកស្រីមានកូននៅក្នុងបន្ទុកចំនួន៤នាក់ ដែលពេញវ័យចូលសាលារៀន និងត្រូវចំណាយច្រើន។
លោកស្រីរៀបរាប់ថា លោកស្រីពិបាកនៅក្នុងការរកការងារធ្វើដោយសារតំបន់ដែលលោកស្រីរស់នៅ គឺក្បែរតំបន់ព្រំដែនដែលមានជម្លោះ ពុំមានរោងចក្រច្រើន ហើយក្រុមហ៊ុន ឬអាជីវកម្មតូចធំជាច្រើន ត្រូវបិទទ្វារ ដោយសារពុំមានការបញ្ជាទិញ និងភ្ញៀវទេសចរ ដូចមុនពេលមានជម្លោះព្រំដែន។ លោកស្រី សឿន សុខ ថា លោកស្រីមិនចង់ចំណាកស្រុក ទៅធ្វើការឆ្ងាយពីគ្រួសារ និងស្រុកកំណើតឡើយ ដោយបារម្ភពីសុវត្ថិភាពរបស់កូនៗ ហើយប្តីលោកស្រីដែលជាជាងកាត់សក់ម្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ ក៏ប្រឈមការលំបាកមិនអាចរកចំណូលបានដូចមុន ដោយសារស្ងាត់ភ្ញៀវ។
លោកស្រី សឿន សុខ៖ «ខ្ញុំចំណាយកូនទៅរៀនផង កូនទៅរៀន៤នាក់ណាមួយបង់សាលាកូនផង ហើយកូនចាក់សាំងជិះម៉ូតូទៅរៀនហើយចំណាយលើគាត់ហូបបាយហូបអីពេលព្រឹកអញ្ចឹងហ្អាស៎! យើងរកតែមួយ ប្តីរកតែមួយហើយយើងហូបដល់ទៅ៥នាក់ រស់ហើយបងទាំងៗវេទនាហ្អាស៎បង។ ហើយប្តីរក មិនមែនទៅធ្វើអីទេបង ប្តីខ្ញុំកាត់សក់ ថ្ងៃណាក៏មានទៅថ្ងៃណាក៏អត់ទៅ។ បើយើងចំណាកស្រុកយើងអាចទៅនេះបងទៅខាងកំពង់ចាម កំពង់ស្ពឺអីចឹង ប្រទេសយើងមែន ប៉ុន្តែយើងឃ្លាតឆ្ងាយពីគ្រួសារ។ អត់ចង់ថា ឃ្លាតស្រុក ឃ្លាតផ្ទះទៅ ចេញពីការងារ អត់ឃើញមុខកូន អត់ឃើញគ្រួសារ អត់ចង់ទៅអញ្ចឹង»។
អ្នកគ្រប់គ្រង និងជាតំណាងនិយោជក នៅរោងចក្រហាយថេក អឹភែរឺលលោក ធិតធីផុង វ៉ុងសាយ៉ាង (THITIPONG WONGSAYANG) បានលើកឡើងក្នុងកំណត់ហេតុកិច្ចប្រជុំស្ដីពីការផ្អាកសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនជាមួយលោក អាំង សេងលី ប្រធាននាយកដ្ឋានវិវាទការងារ និងជាតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ក្រុមហ៊ុន បានជួបវិបត្តិសេដ្ឋកិច្ច បញ្ហាមធ្យោបាយដឹកជញ្ជូនវត្ថុធាតុដើម និងផលិតផលសម្រេច ហើយពុំមានការបញ្ជាទិញបន្តទៀត ពីម្ចាស់ម៉ាកយីហោនីកគី (Nike) ដែលជាហេតុនាំឲ្យក្រុមហ៊ុនសម្រេចចិត្តផ្អាកដំណើរការផលិតកម្មទាំងស្រុង ត្រឹមថ្ងៃទី៣១ សីហា ឆ្នាំ២០២៦។
ទោះជាយ៉ាងណា ភាគីក្រុមហ៊ុនប្ដេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការចូលរួមដោះស្រាយ និងទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនកម្មករនិយោជិតទាំងអស់ឲ្យបានត្រឹមត្រូវស្របតាមច្បាប់ការងារ។
ប្រធានគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ លើកឡើងថា បញ្ហាបិទច្រកព្រំដែនកម្ពុជា និងថៃ បានជះឥទ្ធិពលដល់សង្វាក់ផលិតកម្មក្នុងស្រុក ជាពិសេសក្រុមហ៊ុនផ្គត់ផ្គង់សម្រាប់ស្លាកយីហោល្បីៗទៅក្រៅស្រុកដូចជាប្រទេសថៃនិងក្រុមហ៊ុនរបស់ជប៉ុនជាដើម ដែលស្ថិតនៅតាមតំបន់ជាយព្រំដែន មានការលំបាកក្នុងការនាំចេញ និងនាំចូល តម្លៃវត្ថុធាតុដើមឡើងថ្លៃជាដើម ដែលជាហេតុនាំឲ្យឈានដល់ការបិទក្រុមហ៊ុន។ លោកថា បញ្ហានេះ ក៏ជះឥទ្ធិពលដល់កម្មករជាច្រើន ដែលបានបាត់បង់ការងារ និងប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។
លោក ឃុន ថារ៉ូ៖ «អ៊ីចឹងបញ្ហានេះវាមិនមែនតែពាក់ព័ន្ធទៅដល់ក្រុមហ៊ុនវិស័យវាយនភ័ណ្ឌកាត់ដេរ ដេរស្បែកជើងទេ ក៏ប៉ុន្តែកន្លងទៅសូម្បីតែភាគីជប៉ុនហ្នឹងក៏បានលើកឡើងអំពីផលប៉ះពាល់អំពីខ្សែសង្វាក់ផ្គត់ផ្គង់នៅតាមច្រករបៀង ជាពិសេសគឺក្រុមហ៊ុនវិនិយោគរបស់ជប៉ុនដែលផ្គត់ផ្គង់ទៅដល់ខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនមេរបស់ថៃដែលមានមូលដ្ឋាននៅប្រទេសថៃ។ អញ្ចឹងបញ្ហានេះ គឺវាអាចនឹងជះឥទ្ធិពលទៅដល់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀតដែលកំពុងតែធ្វើការវិនិយោគនៅក្នុងជួរព្រំដែនជាពិសេសនៅតាមច្រកព្រំដែនដែលជាផ្នែកមួយនៃតំបន់សេដ្ឋកិច្ចដែលបង្កើតឡើងតាមរយៈ MOU រវាងប្រទេសកម្ពុជានិងថៃនៅក្នុងការពង្រីកនូវកំណើនសេដ្ឋកិច្ចក៏ដូចជាការវិនិយោគនៅក្នុងខ្សែសង្វាក់ផលិតកម្មនាពេលកន្លងមក»។
បើតាមលោក ឃុន ថារ៉ូ គិតចាប់តាំងពីដើមឆ្នាំ២០២៦ បន្ទាប់ពីមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ធំចំនួន២ ហើយ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលបានបិទទ្វារ ទី១ គឺរោងចក្រ ML ដែលផ្គត់ផ្គង់សម្រាប់ស្លាកយីហោល្បីនៅប្រទេសហូឡង់ ដែលមានកម្មករប្រមាណ៧០០នាក់ និងទី២ គឺក្រុមហ៊ុន ហាយថេក អឹភែរឺល ដែលមានកម្មករជាង ២ពាន់ ៥រយ នាក់ (២៥៣២) ក្នុងនោះមានស្រីជិត ១ពាន់ ប្រាំពីររយនាក់ (១៦៨៣) ត្រូវបាត់បង់ការងារធ្វើ៕









