

ទ័ពជើងគោកថៃបានធ្វើសមយុទ្ធយោធាអស់រយៈពេលជាច្រើនថ្ងៃ ដោយបានបញ្ចេញសព្វាវុធធុនធ្ងន់ជាច្រើនប្រភេទ យកមកធ្វើតេស្តបាញ់សាកល្បង និងការហ្វឹកហាត់ដូចទៅនឹងសមរភូមិពិត។ ការធ្វើសមយុទ្ធរបស់យោធាថៃនេះ បានធ្វើឡើងនៅចំពេលដែលស្ថានការណ៍ព្រំដែននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កំពុងតែឡើងកម្ដៅ។
ប្រឈមនឹងស្ថានការណ៍តាមបណ្ដោយព្រំដែនកំពុងតែមានភាពតានតឹង ដោយទាហានខ្មែរ និងទាហានថៃបានប៉ះទង្គិចពាក្យសម្ដីគ្នារាល់ថ្ងៃ យោធាថៃបានពង្រីកកម្លាំង និងបញ្ចេញអាវុធធ្វើសមយុទ្ធ ដោយប្រកាសត្រៀមធ្វើសង្គ្រាមទ្រង់ទ្រាយធំ។
តាមរយៈវីដេអូ និងព័ត៌មានដែលយោធាថៃបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ បានបង្ហាញអំពីសកម្មភាពចល័តកម្លាំងទ័ព និងធ្វើសមយុទ្ធយោធាជាច្រើនអង្គភាព ពិសេសកងពលធំថ្មើរជើងទី២ ដែលជាកងទ័ពបម្រុងរបស់រាជវង្សថៃ នៅតាមតំបន់ព្រំដែនជាប់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តស្រះកែវ។
នៅក្នុងសមយុទ្ធនេះ កងទ័ពថ្មើរជើងថៃបានហ្វឹកហាត់ពីយុទ្ធសាស្ត្រវាយប្រហារកម្ចាត់សត្រូវនៅក្នុងលេណដ្ឋាន ការវាយប្រហារដោយកាំភ្លើងឆ្មក់ ឬ Sniper ស៊េរីទំនើប និងការបញ្ជាដ្រូនស៊ើបការណ៍ជាដើម។ មេបញ្ជាការរបស់យោធាថៃបានបញ្ជាក់ថា ការធ្វើសមយុទ្ធនេះ គឺដើម្បីពង្រឹងសមត្ថភាពរបស់កងទ័ពថៃ ឱ្យស៊ីគ្នាទៅនឹងស្ថានភាពនៅក្នុងសមរភូមិពិត និងស្វែងយល់ពីបច្ចេកទេសប្រយុទ្ធតាមបែបសម័យទំនើប ដែលមានភាពឆ្លាតវៃ។
ជាមួយគ្នានេះ យោធាថៃបានបញ្ជូនកាំភ្លើងធំ យានចម្បាំង និងរថពាសដែក ដែលបំពាក់កាំភ្លើងយន្ត និងកាំភ្លើងធំមានទំហំក្បាលគ្រាប់ចាប់ពី ១០៥ រហូតដល់ ១៥៥មីលីម៉ែត្រ មានដូចជា Stingray, scorpion, និងរថក្រោះកម្រិតធ្ងន់ប្រភេទ Oplot-t 84 ជាដើម ទៅក្នុងការធ្វើសមយុទ្ធនេះ។ សព្វាវុធ និងយានចម្បាំងរបស់យោធាថៃទាំងនេះបានបំពាក់នូវ ប្រព័ន្ធគណនាចម្ងាយ និងតម្រង់គោលដៅ ឧបករណ៍ប្រឆាំងគ្រាប់កាំភ្លើងធំ និងសំណាញ់ការពារដ្រូនជាដើម។
យោធាថៃអះអាងថា ការបញ្ជូនសម្ភារៈយោធាទៅក្នុងការធ្វើសមយុទ្ធនេះ គឺដើម្បីធ្វើតេស្ត និងបង្កើនសមត្ថភាពរបស់កងទ័ពក្នុងការបញ្ជា និងគ្រប់គ្រងអាវុធទាំងនេះឱ្យមានជំនាញជាងមុន បន្ទាប់ពីអាវុធ និងសម្ភារៈយោធាទាំងនេះ ត្រូវបានជួសជុល និងធ្វើទំនើបកម្មបន្ថែម បន្ទាប់ពីបានប្រើប្រាស់ក្នុងសង្គ្រាមតាមព្រំដែនជាមួយកម្ពុជាចំនួនពីរលើក។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៣ ខែកក្កដា។
យ៉ាងណាក៏ដោយចុះ ការធ្វើសមយុទ្ធ និងបញ្ចេញអាវុធដោយប្រកាសពីការត្រៀមខ្លួនធ្វើសង្គ្រាមរបស់យោធាថៃនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានរបស់ថៃ ដែលអះអាងថា កម្ពុជាបានបញ្ជាទិញរថក្រោះ សព្វាវុធ និងចល័តកងទ័ពទៅកាន់តំបន់ព្រំដែន។ ក៏ប៉ុន្តែ ព័ត៌មានទាំងនេះនៅមិនទាន់មានការផ្ទៀងផ្ទាត់ ឬការចេញបកស្រាយឱ្យបានច្បាស់លាស់ពីសំណាក់ភាគីកម្ពុជានៅឡើយទេ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ការធ្វើសមយុទ្ធ និងពង្រីកឥទ្ធិពលយោធា គឺជាសិទ្ធិរបស់ប្រទេសនីមួយៗ ក៏ប៉ុន្តែសម្រាប់ប្រទេសដែលកំពុងមានទំនាស់នឹងគ្នាដូចជាកម្ពុជា និងថៃនេះ សកម្មភាពនេះនឹងក្លាយជាការគំរាមកំហែង និងដាក់សម្ពាធទៅលើភាគីម្ខាងទៀត ដែលមានកម្លាំងការពារជាតិទន់ខ្សោយជាង។ លោកបន្តថា កម្ពុជាគួរតែប្រញាប់ស្វែងរកកិច្ចអន្តរាគមន៍ពីច្បាប់អន្តរជាតិ និងប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ដើម្បីទប់ស្កាត់សកម្មភាពឈ្លានពាន និងការគំរាមកំហែងពីសំណាក់យោធាថៃ។
លោក ម៉ែន ណាត៖ «មើលរដ្ឋាភិបាលឈឺចាប់យ៉ាងម៉េច? បើលោក ហ៊ុន សែន ឡើង ហឺៗ និយាយឡកឡឺយ ឱ្យពួកបញ្ញវន្តខ្មែរគ្នាឯង ហើយក្រៅពីហ្នឹងគឺ ចាប់ខ្មែរគ្នាឯងដាក់គុកហ្នឹង។ រឿងដទៃទៀត ឃើញពិធីបុណ្យទាន ការកូនចៅអ្នកមន្ត្រីធំៗហ្នឹង សើចក្អាកក្អាយ បង្ហាញនូវអារម្មណ៍សប្បាយរីករាយ ដូចគ្មានជំពាក់រឿងអីបន្តិច។ ហើយលោក ហ៊ុន ម៉ាណែត ហ្នឹងគឺ និយាយហួងហែង អួតអាង ទ្រឹស្ដីពេញខ្លួន ប៉ុន្តែការទទួលខុសត្រូវចំពោះមុខជាតិ ឃើញទេ? សៀមឈ្លានពានជិត ១០០ ទីតាំងទៅហើយមកដល់ពេលបច្ចុប្បន្នហ្នឹង មិនទាន់ឃើញរដ្ឋាភិបាលកម្ពុជា ចាត់វិធានការទប់ស្កាត់សៀមបានមួយចំណុចនៅឡើយទេ»។
ក្រៅពីធ្វើសមយុទ្ធបង្ហាញកម្លាំងទ័ពហើយនោះ យោធាថៃក៏កំពុងបន្តសកម្មភាពឈ្លានពាន និងគំរាមកំហែងដោយផ្ទាល់មកលើកម្ពុជា នៅតំបន់ព្រំដែនផងដែរ។ ក្នុងនោះយោធាថៃ បានបន្តសាងសង់របងបេតុងព្រំដែនអចិន្ត្រៃយ៍ រាយបន្លាលួស កាយប្រឡាយ និងស្ថាបនាផ្លូវយុទ្ធសាស្ត្រតាមចន្លោះបង្គោលព្រំដែន ដោយរំលោភចូលក្នុងទឹកដីកម្ពុជា ជាច្រើនគីឡូម៉ែត្រ។
សកម្មភាពនេះបានបណ្ដាលឱ្យមានការឈ្លោះប្រកែក និងរុញច្រានគ្នាជាញឹកញាប់ ពីសំណាក់កងទ័ពនៃប្រទេសទាំងពីរ ដែលកំពុងឈរជើងនៅតាមព្រំដែន។ ក្នុងនោះភាគីទាហានថៃ ដែលមានប្រៀបលើវិស័យយោធា បានយកសង្គ្រាមមកគំរាមទាហានខ្មែរ និងបង្ខំឱ្យទាហានខ្មែរដកថយពីទីតាំងដើរល្បាតទៀតផង៕








