

ពលរដ្ឋកំពុងមានបញ្ហាដីធ្លី នៅស្រុកសន្ទុក ខេត្តកំពង់ធំ ស្នើឲ្យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយរកដំណោះស្រាយ ដោយកាត់ឆ្វៀលដីស្រែចម្ការទុកឲ្យប្រជាពលរដ្ឋបានអាស្រ័យផល ពីព្រោះមិនមានដីសម្រាប់អាស្រ័យផលឡើយ ហើយបច្ចុប្បន្នពលរដ្ឋមិនហ៊ានចេញវ៉ានោះទេ ដោយសារអាជ្ញាធរគំរាមចាប់ដាក់គុក។ សង្គមស៊ីវិលទទូចឲ្យអាជ្ញាធររកដំណោះស្រាយឲ្យពលរដ្ឋបានសមរម្យ។
ពលរដ្ឋរស់នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ អស់សង្ឃឹមនឹងអាជ្ញាធរថ្នាក់ខេត្ត ក្នុងការរកដំណោះស្រាយជុំវិញបញ្ហាដីស្រែចម្ការ ក្រោយអាជ្ញាធរអះអាងថា ដីស្រែចម្ការដែលពលរដ្ឋអាស្រ័យផលសព្វថ្ងៃ គឺជាដីមានប័ណ្ណកម្មសិទ្ធិរបស់រដ្ឋ ហើយពលរដ្ឋត្រូវតែប្រគល់ដីស្រែចម្ការទាំងនោះទៅអាជ្ញាធរវិញ បើមិនដូច្នោះទេ អាជ្ញាធរនឹងប្ដឹងពលរដ្ឋទៅតុលាការ ក្នុងករណីពលរដ្ឋចេញតវ៉ា និងមិនប្រគល់ដីឲ្យទៅអាជ្ញាធរគ្រប់គ្រង់។ ពលរដ្ឋអះអាងថា ពួកគាត់មិនមានទីពឹងទៀតនោះទេ ពីព្រោះអ្នកដែលឈូសឆាយព័រដីស្រែចម្ការទាំងនោះ គឺអាជ្ញាធរស្រុក និងអាជ្ញាធរឃុំ។
តំណាងប្រជាពលរដ្ឋម្នាក់ នៅឃុំក្រយា គឺលោកស្រី សាត នី អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៣ ខែកក្កដាថា ប្រជាពលរដ្ឋនៅឃុំក្រយា ស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ជួយចាត់មន្ត្រីជំនាញចុះជួយរកដំណោះស្រាយ ឲ្យពលរដ្ឋបានស្រ័យផលនៅលើដីស្រែចម្ការកំពុងមានវិវាទឡើងវិញ និងត្រូវកាត់ឆ្វៀលដីស្រែចម្ការទាំងនោះទុកឲ្យពលរដ្ឋសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតទៅថ្ងៃខាងមុខ។ លោកស្រីថា សព្វថ្ងៃនេះពលរដ្ឋមិនហ៊ានចេញតវ៉ានោះទេ ដោយសារអាជ្ញាធរនៅតំបន់នោះ គំរាមចាប់ពលរដ្ឋដាក់គុក។
លោកស្រី សាត នី៖ «វេទនាណាស់គេធ្វើបាបពីរបីឆ្នាំនេះជាប់ គេដេញផង គេកាប់ដើមចន្ទីផង គេប្រម៉ាថដាក់ខ្នោះ សព្វគ្រប់ ខ្ញុំថតគេ គេមិនឲ្យថតទេ អត់ឲ្យពួកខ្ញុំនិយាយអីទាំងអស់ អត់ឲ្យពួកខ្ញុំតវ៉ាអីទាំងអស់ គេថាខ្នងរឹងរបស់រដ្ឋ ពួកខ្ញុំមិនមានសិទ្ធិតវ៉ាទេ គេនិយាយអ៊ីចឹង បានខ្ញុំស្នើសុំទៅសម្តេច ទៅហ៊ុនម៉ាណែត ជួយពួកខ្ញុំផង ខ្ញុំវេទនាខ្លាំងណាស់»។
តំណាងពលរដ្ឋរូបនេះបន្ថែមទៀតថា ពលរដ្ឋមិនទាន់ដឹងថា អាជ្ញាធរស្រុកឈូសឆាយហ៊ុមព័ទ្ធយកដីរបស់ពលរដ្ឋអាស្រ័យផលទៅធ្វើអ្វីនោះទេ ហើយពលរដ្ឋដែលរកផលប៉ះពាល់ក៏មិនមែនប្រជាពលរដ្ឋរស់នៅឃុំក្រយាប៉ុណ្ណោះនោះទេ។ លោកស្រីថា រហូតមកដល់ពលរដ្ឋអាជ្ញាធរមូលដ្ឋានកំពុងចុះបញ្ជីដីស្រែចម្ការរបស់ពលរដ្ឋអាស្រ័យផលជាក់ស្ដែង ប៉ុន្តែដំណោះស្រាយយ៉ាងណានោះពលរដ្ឋមិនទាន់ដឹងឡើយ។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានអគ្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន។ ដើម្បីសុំការឆ្លើយតបបានទេ នៅថ្ងៃទី២៣ ខែកក្កដា។
ទោះជាយ៉ាងណា កាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅពលរដ្ឋបានផ្ទុះការតវ៉ា ក្រោយអាជ្ញាធរស្រុកបានចុះឈូសឆាយហ៊ុមព័ទ្ធ ដីស្រែចម្ការរបស់ពលរដ្ឋ បានបំផ្លាញផលដំណាំរបស់ពលរដ្ឋរាប់សិបហិកតារ ដូចជា ដំឡូង និងដើមស្វាយចន្ទីជាដើម។ ក្នុងនោះក៏បានគំរាមពលរដ្ឋមិនឲ្យថតវីដេអូ អំពីសមកម្មភាពឈូសឆាយជាដាច់ខាត ប្រសិនបើថត ពួកគេនឹងវាយខ្នោះពលរដ្ឋទាំងនោះ និងប្ដឹងឡើងតុលាការ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី យល់ឃើញថា អាជ្ញាធរគួរចុះសិក្សាដល់ទីតាំងដីជាក់ស្ដែង និងប្រជុំជាមួយប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយសមរម្យដែលអាចទទួលយកបានទាំងអស់គ្នា អាជ្ញាធរមិនគួរដើរបង្កើតការឈឺចាប់ដល់ជាពលរដ្ឋ និងអយុត្តិធម៌សង្គម ដោយមិនមានវិធីដោះស្រាយនោះឡើយ។
លោក យិន ម៉េងលី៖ «ទៅកាយទៅអី មានការប៉ះពៀរ ហើយមិនមានភាពច្បាស់លាស់ ម្ខាងទៅធ្វើ ម្ខាងទៅទប់ស្កាត់ អាចមានបញ្ហារឿងហិង្សាកើតទ្បើង ចេញពីបញ្ហាដី យើងធ្លាប់មានបទពិសោធន៍ច្រើន ហើយទីបំផុតប្តឹងផ្តល់ទៅតុលាការ ធ្វើឲ្យមានប្រជាពលរដ្ឋរត់ចោលផ្ទះសម្បែង ជាប់ពន្ធនាគារកាន់តែធ្ងន់ធ្ងរថែមទៀត អ៊ីចឹងសូមផ្តល់ព័ត៌មានពីបញ្ហាទាំងអស់នេះឲ្យអាជ្ញាធរ ហើយអាជ្ញាធរត្រូវផ្តល់ដល់ពលរដ្ឋ ឬធ្វើការប្រជុំថាដីនឹងយកទៅធ្វើអី ដើម្បីអីឲ្យច្បាស់លាស់ត្រឹមត្រូវ»។
នេះមិនមែនជាករណីទីមួយនោះទេ ដែលប្រជាពលរដ្ឋរងគ្រោះត្រូវបានអាជ្ញាធរគំរាមកំហែងចាប់ដាក់គុក និងត្រូវបានអាជ្ញាធរ ក្រុមហ៊ុនឯក និងអ្នកមានលុយមានអំណាចប្ដឹងទៅតុលាការ និងតាមធ្វើទុក្ខបុកម្នេញពលរដ្ឋរងគ្រោះឥតឈប់ឈរ ក្នុងនោះ មានដូចជា ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរីជាដើម។
នៅក្នុងឆ្នាំ២០២៥ សមាគមអាដហុករកឃើញថា មានករណីវិវាទដីធ្លីកើតឡើងថ្មីចំនួន ៤៥ករណី ពាក់ព័ន្ធនឹងបុគ្គលមានអំណាច និងអ្នកមានទ្រព្យ ឬក្រុមហ៊ុន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៥ពាន់គ្រួសារ ឬស្មើនឹងមនុស្សជាង ១ ម៉ឺន ៤ពាន់ នាក់ (១៤៧៩៨ ) ក្នុងនោះ ជនជាតិដើមភាគតិចជាង ៧ពាន់នាក់ (៧៣៥១) ដែលប៉ះពាល់ ដីជាង ១សែនហិកតារ (១១៥,៤១៣)៕








