យុវជន​វ័យក្មេង​មួយ​រូប​ទៀត ត្រូវ​ជាប់ពន្ធនាគារ​៤​ឆ្នាំ ដោយសារ​រិះគន់​រដ្ឋាភិបាល និង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ

0
54
យុវជន ឈឿង សុវណ្ណ វ័យ ១៩​ឆ្នាំ ជា​អ្នក​រត់​កង់​បី និង​ជា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​រូប​ត្រូវ​ជាប់ពន្ធនាគារ​៤​ឆ្នាំ។ រូប៖ លីកាដូ
យុវជន ឈឿង សុវណ្ណ វ័យ ១៩​ឆ្នាំ ជា​អ្នក​រត់​កង់​បី និង​ជា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​រូប​ត្រូវ​ជាប់ពន្ធនាគារ​៤​ឆ្នាំ។ រូប៖ លីកាដូ

យុវជន​វ័យ ១៩​ឆ្នាំ មួយ​រូប​ទៀត​ត្រូវ​តុលាការ​របប​ក្រុងភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៤​ឆ្នាំ ដោយសារ​ការប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​រិះគន់​លើ​ការដឹកនាំ​របស់​រដ្ឋាភិបាល និង​បញ្ហា​សង្គម​ជាច្រើន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ មន្ត្រី​សិទ្ធិមនុស្ស​បារម្ភ​ថា សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ​បន្ត​រឹតត្បិត ដោយសារ​ការអនុវត្ត​ច្បាប់​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។

យុវជន ឈឿង សុវណ្ណ វ័យ ១៩​ឆ្នាំ ជា​អ្នក​រត់​កង់​បី និង​ជា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​រូប​ត្រូវ​ជាប់ពន្ធនាគារ​៤​ឆ្នាំ ពី​បទ​«​ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​ ដោយសារ​ការ​ផ្តន្ទាទោស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៦​។ តុលាការ​បាន​ពិន័យ​យុវជន​រូប​នេះ ជា​ប្រាក់​ចំនួន ៤ លាន​រៀល។

កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២៥ អាជ្ញាធរ និង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចាប់ខ្លួន​យុវជន ឈឿង សុវណ្ណ ខណៈ​ពេល​ដែល​លោក កំពុង​រត់​កង់​បី​នៅ​ម្តុំ​វិមានឯករាជ្យ ខេត្ត​ព្រះសីហនុ យក​ទៅ​សាកសួរ រួច​បញ្ជូន​លោក​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​នៅ​ដើមឆ្នាំ​២០២៦ តុលាការ​បាន​បង្គាប់​ឱ្យ​ឃុំខ្លួន​លោក​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍ថា រដ្ឋាភិបាល​គួរ​បើក​លំហ​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់​ឲ្យ​មាន​សេរីភាព​ឡើងវិញ​តាម​ការ​ស្នើសុំ​របស់​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​កន្លងមក ដើម្បី​ធានា​ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន ចំពោះមុខ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews)។

លោក អំ សំអាត៖ «​តាមរយៈ​នៃ​ការ​ចាប់ខ្លួន ការ​ឃុំខ្លួន ការ​ផ្ដន្ទាទោស​ជា​បន្តបន្ទាប់​ដោយសារតែ​ការប្រើប្រាស់​សិទ្ធិ​នៅក្នុង​ការ​បញ្ចេញមតិ​តាម​បណ្ដាញ​សង្គម​ផ្សេងៗ​ហ្នឹង ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស អាហ្នឹង​វា​ជា​រឿង​មួយ​ដែល​អាច​ប៉ះពាល់​ទៅដល់​សេរីភាព​នៅក្នុង​ការ​​​បញ្ចេញ​មតិ»។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២៦ បាន​ប្រាប់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ថា កម្ពុជា​បើកចំហ​ឱ្យ​មាន​ការ​បញ្ចេញមតិ និង​ការរិះគន់​ក្នុង​ន័យ​ស្ថាបនា ប៉ុន្តែ​ការអនុវត្ត​សិទ្ធិ​ត្រូវ​ស្ថិត​ក្រោម​ច្បាប់។

ទោះជា​មានការ​លើកឡើង​នៅ​ចំពោះមុខ​មន្ត្រី​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បែបនេះ​ក្តី ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ជាច្រើន មើលឃើញ​ផ្ទុយ​ពី​ការ​អះអាង​របស់​លោក។

តាម​របាយការណ៍​ដែល​ចងក្រង​ដោយ​អង្គការ​លីកាដូ បង្ហាញថា មនុស្ស​ចំនួន ១២៥​នាក់​ហើយ​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ ដោយសារ​ការប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន ក្នុង​ការ​បញ្ចេញមតិ ការចូលរួម​សកម្មភាព​នយោបាយ និង​សង្គម​ជាដើម​។ ហើយ​លោក ឈឿង សុវណ្ណ ជា​យុវជន​ក្មេង​ជាងគេ ដែល​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស ១២៥​នាក់ នោះ ដែល​កំពុង​ជាប់ឃុំ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ