

ខណៈតំណាងពិសេសរបស់អង្គការសហប្រជាជាតិកំពុងមានវត្តមាននៅកម្ពុជា អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនព្រលែងដៃ ក្នុងការរឹតត្បិតសកម្មភាពនយោបាយរបស់គណបក្សក្រៅរដ្ឋាភិបាលឡើយ។ អ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា កាលណារដ្ឋាភិបាលធ្វើទុក្ខបុកម្នេញសេរីភាពគណបក្សក្រៅ រដ្ឋាភិបាលនោះ លទ្ធផលបោះឆ្នោតខាងមុខ មិនអាចទទួលយកបានទេ ហើយនឹងប៉ះពាល់ដល់ដំណើរការ ជាតិទាំងមូល។
ស្របពេលដែលប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន រាយការណ៍ប្រាប់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ដែលទើបចូលកាន់តួនាទីថ្មី អំពីការអនុវត្ត សិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ដូចជា សិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិនោះ ក្រុមគណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួន ដែលមាននិន្នាការប្រកួតប្រជែងនឹងគណបក្សប្រជាជនកម្ពុជារងការធ្វើទុក្ខបុកម្នេញ និងរឹតត្បិតសេរីភាពធ្វើសកម្មភាព នយោបាយរបស់ខ្លួន។
នៅថ្ងៃទី២៣ ខែកក្កដា អាជ្ញាធរក្រុងបាត់ដំបង ខេត្តបាត់ដំបង មិនព្រមអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិក្រុងបាត់ដំបង លើកស្លាកទេ។ ចំណែកឯ ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ត្រូវបានសាលាឧទ្ធរណ៍កោះហៅកាលពីថ្ងៃទី០៦ ខែកក្កដា ឱ្យចូលសវនាការនៅថ្ងៃទី ០៣ ខែសីហា ខាងមុខនេះ ពាក់ព័ន្ធសំណុំ រឿងបរិហារកេរ្តិ៍ជាសាធារណៈ។ ក្នុងពេលជាមួយគ្នា សកម្មជន និង ថ្នាក់ដឹកនាំ គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិយ៉ាងតិចចំនួន ២២នាក់ កំពុង ជាប់ពន្ធនាគារ ជាប់ក្ដីក្ដាំនយោបាយ និង ត្រូវហាមសិទ្ធិនយោបាយនៅឡើយ។
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សកម្លាំងជាតិ ក្រុងបាត់ដំបង លោក ខឹម សុភណ្ឌ សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៣ ខែកក្កដា ថា ការស្នើរសុំលើកស្លាកសញ្ញាគណបក្សកម្លាំងជាតិក្នុងក្រុងនេះ សាលាចៅសង្កាត់ មិនព្រមអនុញ្ញាតឡើយ។ លោកឱ្យដឹងថា គណបក្សកម្លាំងជាតិ បានធ្វើលិខិតស្នើសុំលើកស្លាក ចំនួនបីទីតាំង ក្នុងសង្កាត់ស្លាកែត និងសង្កាត់រតនៈ។
អនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង ប្រាប់ទួរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៣ ខែកក្កដាថា ករណីរារាំងការលើកស្លាក ការរឹតត្បិតលើការសម្ដែងមតិ និង ការរំខានដល់ការជួបប្រជុំជាដើម តែងតែកើតមានជាទូទៅ នៅទូទាំងប្រទេស លើគណបក្សកម្លាំងជាតិ។ លោកថា មន្ត្រីអាជ្ញាធរមូលដ្ឋាន មានចិត្តចង្អៀតចង្អល់ ផ្នែកនយោបាយ មិនបំពេញតួនាទីឱ្យបានត្រឹមត្រូវ ហើយច្រើនតែឆ្លើយដាក់ថ្នាក់ លើ ដើម្បីធ្វើជាហេតុផលរារាំងសកម្មភាពនយោបាយរបស់គណបក្សកម្លាំងជាតិ។
លោក ខឹម សុភណ្ឌ៖ «ភាគច្រើន វាពាក់ព័ន្ធជាមួយនឹងគាត់មិនយល់ ហើយភាគច្រើនគាត់ធ្វើកិច្ចការងារ គាត់ចូលចិត្តទម្លាក់ទៅលើមេ។ ឧទាហរណ៍ឥឡូវការអនុញ្ញាតហ្នឹង គឺកម្រិតត្រឹមឃុំទៅ គឺគាត់អាចធ្វើកិច្ចការងារបានហើយ ប៉ុន្តែគាត់តែងតែទទួលបញ្ជាពីភាគច្រើនគឺអភិបាលស្រុក។ អភិបាលស្រុក ដែលតែងតែបង្កើតបញ្ហាហ្នឹង»។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការបំភ្លឺជុំវិញរឿងនេះ ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានទេ នៅថ្ងៃទី២៣ ខែកក្កដា។
សេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០២២ ផ្ដល់ភារកិច្ចឱ្យអាជ្ញាធរមួលដ្ឋាន បង្កលក្ខណៈឱ្យគណបក្សនយោបាយ អាចលើកស្លាក និងធ្វើសកម្មភាព ចូលរួមប្រជុំ។ ក្រសួងមហាផ្ទៃ តម្រូវឱ្យអាជ្ញាធរមូលដ្ឋាន ដូចជា ថ្នាក់ឃុំ/សង្កាត់ និងស្រុក/ក្រុង សហការជាមួយគណបក្សនយោបាយ ដើម្បីបើកឱកាសគណបក្ស នយោបាយធ្វើសកម្មភាពជួបប្រជុំជាសាធារណៈ ដោយគ្មានការរារាំង និង ពុំមានការជំទាស់ចំពោះសេចក្ដីស្នើលើកស្លាករបស់គណបក្សនយោបាយនោះទេ ដោយគ្រាន់តែសម្រួលផ្លាស់ប្ដូរតាមភាពជាក់ស្ដែង។
ដោយឡែកគណបក្សភ្លើងទៀនវិញ ក៏កំពុងរងការធ្វើទុក្ខបុកម្នេញ យ៉ាងដំណំដែរ។ ប្រធានគណបក្សនេះ លោក ទាវ វណ្ណុល ត្រូវសាលាឧទ្ធរណ៍ តម្រូវឱ្យចូលទៅបំភ្លឺ នៅដើមខែសីហា ខាងមុខនេះ។ លោក ទាវ វណ្ណុល ត្រូវរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្តឹងពីការធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងមុខមាត់របស់រដ្ឋាភិបាលនៅពេលលោក ទាវ វណ្ណុល ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានជប៉ុន Nikkei Asia និង វិទ្យុបារាំងអន្តរជាតិ RFI អំឡុងពេលលោកបំពេញបេសកកម្ម នៅប្រទេសជប៉ុន កាលពីខែកុម្ភៈ ឆ្នាំ២០២៤។
ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក នី សុខា សម្ដែងការបារម្ភ ចំពោះការប៉ះពាល់ដំណើរនៃការបោះឆ្នោត នៅឆ្នាំ២០២៧ និង ឆ្នាំ២០២៨ ដោយលោកកត់សម្គាល់ថា លំហសេរីភាពនយោបាយ នៅតែរងការ រឹតត្បិតខ្លាំង នៅមុខការបោះឆ្នោត ដែលនឹងកៀកពេលទៅហើយ។
លោក នី សុខា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៣ ខែកក្កដា ថា ការបន្តកើតមានសកម្មភាពរឹតត្បិតសកម្មភាពនយោបាយ នៃគណបក្សក្រៅរដ្ឋាភិបាល នឹងធ្វើជះឥទ្ធិពលមិនល្អឡើយ លើដំណើរការនៃការបោះឆ្នោត ហើយរដ្ឋាភិបាល បន្តរង ការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ លោកថា កាលណារដ្ឋាភិបាល មិនអាចធានាបាន នូវការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវ រួមទាំង ការគោរពសិទ្ធិមនុស្ស ឱ្យបានពេញលេញ ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ នោះក៏នឹងធ្វើឱ្យរងផលមិនល្អដល់ដំណើរ ការរបស់ប្រទេសជាតិទាំងមូល។
លោក នី សុខា៖ «ក្រុមហ៊ុន ដែលគេល្អៗ ដែលគេយល់ថា បើសិនជាស្ថានភាពសេរីភាពសិទ្ធិមនុស្សហ្នឹង វានៅតែមានបញ្ហា សួរថា តើអ្នកណាយកលុយ ដើម្បីមករកស៊ីនៅក្នុងស្រុកយើង សន្ធឹកសន្ធាប់អាហ្នឹង ក៏វាពិបាកដែរ។ គេក៏មានការពិចារណារឿងហ្នឹងដែរ។ អ៊ីចឹង អានេះ ខ្ញុំគិតថា ជាមួយដែលជះឥទ្ធិពលមិនល្អហើយ នៅក្នុងហ្នឹងដែរ កាលណាបញ្ហាសិទ្ធិមនុស្សធ្លាក់ចុះ គឺទាក់ទងនឹងសេរីភាពរបស់ពលរដ្ឋ អំពើអយុត្តិធម៌សង្គមអី វាកើតមានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងភាពយុត្តិធម៌ក្នុងសង្គមហ្នឹង វាអត់សូវបានល្អ វាជាបញ្ហា ដែលជះឥទ្ធិពលដល់ដំណើរការរស់នៅរបស់ប្រជាពលរដ្ឋដែរ»។
អ្នកឃ្លាំមើលលើកឡើងថា កាលណារដ្ឋាភិបាលក្រុមគ្រួសារហ៊ុន នៅតែបន្តធ្វើទុក្ខបុកម្នេញនយោបាយ នោះការបោះឆ្នោតនាពេលខាងមុខ ឆ្នាំ២០២៧ និង ២០២៨ នឹងរងការរិះគន់ថា ជាឧបករណ៍ប្រថាប់ត្រា លួចឆន្ទៈប្រជាពលរដ្ឋ ដើម្បីបន្ដអំណាចគ្រួសារហ៊ុនប៉ុណ្ណោះ។ ពួកគាត់ថា រដ្ឋាភិបាលគ្រួសារហ៊ុន នឹង រអិលធ្លាក់ក្នុងកំណត់ត្រាបំផ្លាញប្រជាធិបតេយ្យជាប្រវត្តិសាស្ត្រ ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១៕







