គណបក្ស​ក្រៅ​រដ្ឋាភិបាល​បន្ត​រង​ការ​គាប​សង្កត់​សិទ្ធិ​សេរីភាព​នយោបាយ

0
45
(ពីឆ្វេង) ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) និងទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន។ រូប៖ បណ្ដាញសង្គម
(ពីឆ្វេង) ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) និងទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន។ រូប៖ បណ្ដាញសង្គម

ខណៈ​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​កំពុង​មាន​វត្ត​មាននៅ​កម្ពុជា អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត មិន​ព្រលែង​ដៃ ក្នុង​ការ​រឹតត្បិត​សកម្មភាព​នយោបាយ​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ឡើយ​។ អ្នកឃ្លាំមើល​ការបោះឆ្នោត​លើកឡើង​ថា កាលណា​រដ្ឋាភិបាល​ធ្វើទុក្ខបុកម្នេញ​សេរីភាព​គណបក្ស​ក្រៅ រដ្ឋាភិបាល​នោះ លទ្ធផល​បោះឆ្នោត​ខាងមុខ មិនអាច​ទទួល​យក​បាន​ទេ ហើយនឹង​ប៉ះពាល់​ដល់​ដំណើរការ ជាតិ​ទាំងមូល។

ស្រប​ពេល​ដែល​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន រាយការណ៍​ប្រាប់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ដែល​ទើប​ចូលកាន់​តួនាទី​ថ្មី អំពី​ការអនុវត្ត សិទ្ធិ​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដូចជា សិទ្ធិ​នយោបាយ និង​សេរីភាព​បញ្ចេញមតិ​នោះ ក្រុម​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន ដែល​មាន​និន្នាការ​ប្រកួតប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​រង​ការ​ធ្វើទុក្ខបុកម្នេញ និង​រឹតត្បិត​សេរីភាព​ធ្វើ​សកម្មភាព នយោបាយ​របស់​ខ្លួន។

នៅ​ថ្ងៃទី​២៣ ខែ​កក្កដា អាជ្ញាធរ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មិន​ព្រម​អនុញ្ញាត​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​ក្រុង​បាត់ដំបង លើក​ស្លាក​ទេ។ ចំណែកឯ ប្រធាន​គណបក្ស​ភ្លើងទៀន លោក ទាវ វណ្ណុល ត្រូវ​បាន​សាលាឧទ្ធរណ៍​កោះហៅ​កាលពី​ថ្ងៃទី​០៦ ខែកក្កដា ឱ្យ​ចូល​សវនាការ​នៅ​ថ្ងៃទី ០៣ ខែសីហា ខាងមុខនេះ ពាក់ព័ន្ធ​សំណុំ រឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ​។ ក្នុង​ពេល​ជាមួយគ្នា សកម្មជន និង ថ្នាក់ដឹកនាំ គណបក្ស​ភ្លើងទៀន និង​គណបក្ស​កម្លាំង​ជាតិ​យ៉ាងតិច​ចំនួន ២២​នាក់ កំពុង ជាប់​ពន្ធនាគារ ជាប់ក្ដី​ក្ដាំ​នយោបាយ និង ត្រូវ​ហាម​សិទ្ធិ​នយោបាយ​នៅឡើយ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​កម្លាំង​ជាតិ ក្រុង​បាត់ដំបង លោក ខឹម សុភណ្ឌ សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃទី​២៣ ខែកក្កដា ថា ការ​ស្នើរ​សុំ​លើក​ស្លាក​សញ្ញា​គណបក្ស​កម្លាំង​ជាតិ​ក្នុង​ក្រុង​នេះ សាលា​ចៅសង្កាត់ មិន​ព្រម​អនុញ្ញាត​ឡើយ​។ លោក​ឱ្យដឹង​ថា គណបក្ស​កម្លាំង​ជាតិ បាន​ធ្វើ​លិខិត​ស្នើសុំ​លើកស្លា​ក ចំនួន​បី​ទីតាំង ក្នុង​សង្កាត់​ស្លាកែត និង​សង្កាត់​រតនៈ។

អនុប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក សុខ គឹម​សេង ប្រាប់​ទួ​រទស្ស​ន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែកក្កដា​ថា ករណី​រារាំង​ការ​លើក​ស្លាក ការ​រឹតត្បិត​លើ​ការសម្ដែង​មតិ និង ការ​រំខាន​ដល់​ការ​ជួបប្រជុំ​ជាដើម តែងតែ​កើតមាន​ជាទូទៅ នៅ​ទូទាំង​ប្រទេស លើ​គណបក្ស​កម្លាំង​ជាតិ​។ លោក​ថា មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មានចិត្ត​ចង្អៀតចង្អល់ ផ្នែក​នយោបាយ មិន​បំពេញ​តួនាទី​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ច្រើនតែ​ឆ្លើយ​ដាក់​ថ្នាក់ លើ ដើម្បី​ធ្វើជា​ហេតុផល​រារាំង​សកម្មភាព​នយោបាយ​របស់​គណបក្ស​កម្លាំង​ជាតិ។

លោក ខឹម សុភណ្ឌ៖ «ភាគច្រើន វា​ពាក់ព័ន្ធ​ជាមួយនឹង​គាត់​មិន​យល់ ហើយ​ភាគច្រើន​គាត់​ធ្វើ​កិច្ច​ការងារ គាត់​ចូលចិត្ត​ទម្លាក់​ទៅលើ​មេ។ ឧទាហរណ៍​ឥឡូវ​ការអនុញ្ញាត​ហ្នឹង គឺ​កម្រិត​ត្រឹម​ឃុំ​ទៅ គឺ​គាត់​អាច​ធ្វើ​កិច្ច​ការងារ​បាន​ហើយ ប៉ុន្តែ​គាត់​តែងតែ​ទទួល​បញ្ជា​ពី​ភាគច្រើន​គឺ​អភិបាលស្រុក​។ អភិបាលស្រុក ដែល​តែងតែ​បង្កើត​បញ្ហា​ហ្នឹង»។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​លោក ទូច សុឃៈ បានទេ នៅ​ថ្ងៃទី​២៣ ខែ​កក្កដា។

សេចក្ដីប្រកាស​របស់​ក្រសួងមហាផ្ទៃ កាលពី​ឆ្នាំ​២០២២ ផ្ដល់​ភារកិច្ច​ឱ្យ​អាជ្ញាធរ​មួលដ្ឋាន បង្ក​លក្ខណៈ​ឱ្យ​គណបក្ស​នយោបាយ អាច​លើក​ស្លាក និង​ធ្វើ​សកម្មភាព ចូលរួម​ប្រជុំ។ ក្រសួងមហាផ្ទៃ តម្រូវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ដូចជា ថ្នាក់​ឃុំ​/​សង្កាត់ និង​ស្រុក​/​ក្រុង សហការ​ជាមួយ​គណបក្ស​នយោបាយ ដើម្បី​បើកឱកាស​គណបក្ស នយោបាយ​ធ្វើ​សកម្មភាព​ជួប​ប្រជុំ​ជា​សាធារណៈ ដោយ​គ្មាន​ការរារាំង និង ពុំ​មាន​ការជំទាស់​ចំពោះ​សេចក្ដីស្នើ​លើក​ស្លាក​របស់​គណបក្ស​នយោបាយ​នោះ​ទេ ដោយ​គ្រាន់តែ​សម្រួល​ផ្លាស់ប្ដូរ​តាម​ភាព​ជាក់ស្ដែង។

ដោយឡែក​គណបក្ស​ភ្លើងទៀន​វិញ ក៏​កំពុង​រង​ការ​ធ្វើទុក្ខបុកម្នេញ យ៉ាង​ដំណំ​ដែរ​។ ប្រធាន​គណបក្ស​នេះ លោក ទាវ វណ្ណុល ត្រូវ​សាលាឧទ្ធរណ៍ តម្រូវ​ឱ្យ​ចូល​ទៅ​បំភ្លឺ នៅ​ដើម​ខែ​សីហា ខាងមុខនេះ​។ លោក ទាវ វណ្ណុល ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែ​ត ប្តឹង​ពី​ការ​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​មុខមាត់​របស់​រដ្ឋាភិបាល​នៅពេល​លោក ទាវ វណ្ណុល ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ជប៉ុន Nikkei Asia និង វិទ្យុ​បារាំង​អន្តរជាតិ RFI អំឡុង​ពេល​លោក​បំពេញបេសកកម្ម នៅ​ប្រទេស​ជប៉ុន កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៤។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (ADHOC) លោក នី សុខា សម្ដែង​ការ​បារម្ភ ចំពោះ​ការ​ប៉ះពាល់​ដំណើរ​នៃ​ការបោះឆ្នោត នៅ​ឆ្នាំ​២០២៧ និង ឆ្នាំ​២០២៨ ដោយ​លោក​កត់សម្គាល់​ថា លំហ​សេរីភាព​នយោបាយ នៅតែ​រង​ការ រឹតត្បិត​ខ្លាំង នៅមុខ​ការបោះឆ្នោត ដែល​នឹង​កៀក​ពេល​ទៅ​ហើយ។

លោក នី សុខា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែកក្កដា ថា ការ​បន្ត​កើត​មាន​សកម្មភាព​រឹតត្បិត​សកម្មភាព​នយោបាយ នៃ​គណបក្ស​ក្រៅ​រដ្ឋាភិបាល នឹង​ធ្វើ​ជះឥទ្ធិពល​មិនល្អ​ឡើយ លើ​ដំណើរការ​នៃ​ការបោះឆ្នោត ហើយ​រដ្ឋាភិបាល បន្ត​រង ការរិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​។ លោក​ថា កាលណា​រដ្ឋាភិបាល មិនអាច​ធានា​បាន នូវ​ការបោះឆ្នោត ដោយ​សេរី និង​ត្រឹមត្រូវ រួម​ទាំង ការគោរព​សិទ្ធិមនុស្ស ឱ្យ​បាន​ពេញលេញ ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ នោះ​ក៏​នឹង​ធ្វើ​ឱ្យ​រង​ផល​មិនល្អ​ដល់​ដំណើរ ការ​របស់​ប្រទេសជាតិ​ទាំងមូល។

លោក នី សុខា៖ «ក្រុមហ៊ុន ដែល​គេ​ល្អៗ ដែល​គេ​យល់ថា បើសិនជា​ស្ថានភាព​សេរីភាព​សិទ្ធិមនុស្ស​ហ្នឹង វា​នៅតែ​មាន​បញ្ហា សួរ​ថា តើ​អ្នកណា​យក​លុយ ដើម្បី​មក​រក​ស៊ី​នៅក្នុង​ស្រុក​យើង សន្ធឹកសន្ធាប់​អាហ្នឹង ក៏​វា​ពិបាក​ដែរ​។ គេ​ក៏​មាន​ការពិចារណា​រឿង​ហ្នឹង​ដែរ​។ អ៊ីចឹង អានេះ ខ្ញុំ​គិតថា ជាមួយ​ដែល​ជះឥទ្ធិពល​មិនល្អ​ហើយ នៅក្នុង​ហ្នឹង​ដែរ កាលណា​បញ្ហា​សិទ្ធិមនុស្ស​ធ្លាក់ចុះ គឺ​ទាក់ទង​នឹង​សេរីភាព​របស់​ពលរដ្ឋ អំពើ​អយុត្តិធម៌​សង្គម​អី វា​កើតមាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ និង​ភាព​យុត្តិធម៌​ក្នុង​សង្គម​ហ្នឹង វា​អត់​សូវ​បាន​ល្អ វា​ជា​បញ្ហា ដែល​ជះឥទ្ធិពល​ដល់​ដំណើរការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដែរ»។

អ្នកឃ្លាំមើល​លើកឡើង​ថា កាលណា​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន នៅតែ​បន្ត​ធ្វើទុក្ខបុកម្នេញ​នយោបាយ នោះ​ការបោះឆ្នោត​នា​ពេល​ខាងមុខ ឆ្នាំ​២០២៧ និង ២០២៨ នឹង​រង​ការ​រិះគន់​ថា ជា​ឧបករណ៍​ប្រថាប់ត្រា លួច​ឆន្ទៈ​ប្រជាពលរដ្ឋ ដើម្បី​បន្ដ​អំណាច​គ្រួសារ​ហ៊ុន​ប៉ុណ្ណោះ។ ពួកគាត់​ថា រដ្ឋាភិបាល​គ្រួសារ​ហ៊ុន នឹង រអិល​ធ្លាក់​ក្នុង​កំណត់ត្រា​បំផ្លាញ​ប្រជាធិបតេយ្យ​ជា​ប្រវត្តិសាស្ត្រ ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ