បណ្តាញ​យុវជន​កម្ពុជា​សកល​ថ្កោលទោស​​ករណី​បន្ត​ចាប់ខ្លួន​អ្នក​បញ្ចេញមតិ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ

0
40
យុវជន ឈឿង សុវណ្ណ វ័យ ១៩​ឆ្នាំ ជា​អ្នក​រត់​កង់​បី និង​ជា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​រូប​ត្រូវ​ជាប់ពន្ធនាគារ​៤​ឆ្នាំ។ រូប៖ លីកាដូ
យុវជន ឈឿង សុវណ្ណ វ័យ ១៩​ឆ្នាំ ជា​អ្នក​រត់​កង់​បី និង​ជា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​រូប​ត្រូវ​ជាប់ពន្ធនាគារ​៤​ឆ្នាំ។ រូប៖ លីកាដូ

បណ្ដាញ​យុវជន​កម្ពុជា​សកល ថ្កោលទោស​រដ្ឋាភិបាល​ក្រុងភ្នំពេញ ករណី​ចាប់ខ្លួន​យុវជន ឈឿង សុវណ្ណ និង​ពលរដ្ឋ​ស្លូតត្រង់​ដទៃទៀត​ដែល​បាន​បញ្ចេញមតិ​រិះគន់​លើ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ។ អង្គការ​សង្គម​ស៊ីវិល​ក្រៅប្រទេស​មើល​ឃើញ​ថា ការ​ចាប់​ខ្លួន​កន្លងមក​នេះ គឺជា​ការរំលោភ​សិទ្ធិមនុស្ស។

បណ្ដាញ​យុវជន​កម្ពុជា​សកល ខកចិត្ត​ដែល​រដ្ឋាភិបាល​របប​ក្រុងភ្នំពេញ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​យុវជន ឈឿង សុវណ្ណ ជា​អ្នក​រត់​កង់​បី​នៅ​ក្រុងព្រះសីហនុ រួម​ទាំង​ប្រជាពលរដ្ឋ សកម្មជន និង​យុវជន​ជា​បន្តបន្ទាប់ ដែល​បាន​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ដោយ​សន្តិវិធី​អំពី​បញ្ហា​ព្រំដែន និង​អធិបតេយ្យភាព​ជាតិ។

សេចក្តី​ថ្លែងការណ៍​បណ្តា​ញ​យុវជន​សកល ឲ្យ​ដឹង​ថា ការ​ព្រួយបារម្ភ​អំពី​ទឹកដី និង​ព្រំដែន គឺជា​ទឹកចិត្ត​ស្រលាញ់​ជាតិ​ដ៏​ស្មោះស្ម័គ្រ​របស់​ពលរដ្ឋ​គ្រប់រូប ហើយ​រដ្ឋាភិបាល​ត្រូវ​ស្តាប់​និង​ពន្យល់​ដោយ​តម្លាភាព មិនមែន​ជា​ការ​ចាប់ចង​ពលរដ្ឋ​ឡើយ ហើយ​ទង្វើ​រដ្ឋាភិបាល​បែបនេះ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ទំនុកចិត្ត ព្រមទាំង​បង្កើត​បរិយាកាស​ភ័យខ្លាច​នៅក្នុង​សង្គម​កម្ពុជា។

ប្រធាន​បណ្ដាញ​យុវជន​សកល​ប្រចាំ​ប្រទេស​ជប៉ុន​អ្នកស្រី មូរី បូរ៉ា ឲ្យ​ទូរទស្សន៍​អាស៊ីសេរី​ដឹង​ថា ការ​បន្ត​ចាប់ខ្លួន​យុវជន​ដែល​ឈឺឆ្អាល​បញ្ហា​សង្គម​ដោយ​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ និង​ក្រុម​កម្លាំងប្រដាប់អាវុធ​គាបសង្កត់​ប្រជាពលរដ្ឋ​បែបនេះ គឺជា​ការ​រំលោភបំពាន​មួយ​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ដែល​មាន​ចែង​នៅក្នុង​ច្បាប់ និង​បង្ក​ភាព​ភ័យខ្លាច​ដល់​ប្រជាជន​។ អ្នកស្រី​បន្ត​ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត កំពុង​ធ្វើ​ឲ្យ​កម្ពុជា​រង​ភាព​អាម៉ាស់ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា​ឲ្យ​ខ្ទេចខ្ទី​គ្មាន​សល់​នៅ​លើ​ឆាក​អន្តរជាតិ ហើយ​បន្ត​ភូតភរ​ទៅលើ​មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​អំពី​ការ​បើក​លំហ​សិទ្ធិ​បញ្ចេញមតិ​ស្របពេល​ពល​រដ្ឋ​ជាច្រើន​កំពុង​រង​ការ​រំលោភបំពាន​ដោយ​ច្បាប់។

អ្នកស្រី ម៉ូរី បូរ៉ា ទទូច​ឲ្យ​រដ្ឋាភិបាល គួរ​កែ​លំអ​ប្រព័ន្ធ​ដឹកនាំ​របស់​ខ្លួន ផ្សះផ្សា​ជាតិ​ឡើងវិញ ដោយ​ការ​បើក​លំហ​សេរីភាព​ឲ្យ​ពលរដ្ឋ​បាន​ពេញលេញ​ក្នុង​ការ​ចូលរួម​សកម្មភាព​សង្គម និង​ដោះលែង​យុវជន ឈឿង សុវណ្ណ និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ឲ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ស្ដារ​មុខ​កម្ពុជា​លើ​ឆាក​អន្តរជាតិ និង​ឲ្យ​ពលរដ្ឋ​ជឿជាក់​លើ​ការដឹកនាំ​របស់​លោក។

អ្នកស្រី ម៉ូរី បូរ៉ា៖ «ដូច​អត់​ដែល​ឃើញ​ហ្មង វា​ចម្លែក​ខុស​អី​ស្រុក​ខ្មែរ​យើង​ហ្នឹង​ដែល​ប្រើ​ប្រព័ន្ធ​ច្បាប់​ចាប់​ពលរដ្ឋ ចាប់​យុវជន​។ គេ​លើក​សរសើរ​ឲ្យ​ពលរដ្ឋ​ឲ្យ​យុវជន​និយាយ​ខ្វល់ខ្វាយ​ពី​រឿង​ទឹកដី​ពី​រឿង​ប្រទេសជាតិ គេ​មាន​ឲ្យ​ប័ណ្ណ​សរសើរ​ថែម តែ​យើង​ហេតុ​អី​ទៅជា​អញ្ចឹង​?​វាៗ​អត់​អាច​ទទួល​យក​បាន​ហ្មង​អូន​។ វា​ជា​រឿង​កាន់តែ​ធ្វើ​ឲ្យ​យើង​ខាតបង់ វា​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ភ័យខ្លាច ហើយ​វា​ជា​រឿង​អវិជ្ជមាន​ដ៏​ធំ​មួយ​សម្រាប់​ជាតិ​របស់​យើង​ដូចជា​សេដ្ឋកិច្ច​ឬ​ទំនាក់ទំនង​ការងារ​ទូត​ជាដើម​។ ទោះបីជា​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត បាន​បង្ហាញ បាន​ទៅ​និយាយប្រាប់​គេ​ថា គាត់​ធ្វើ​រឿង​ល្អៗ បើក​សិទ្ធិ​សេរីភាព​ឲ្យ​ពលរដ្ឋ ប៉ុន្តែ​ជាក់ស្តែង គឺ​គេ​តែងតែ​តាមដាន​មើល​នៅក្នុង​ប្រទេស​ជានិច្ច​ថា គាត់​កំពុងតែ​ប្រព្រឹត្ត​អី អនុវត្ត​ជាក់ស្តែង​គាត់​កំពុង​ធ្វើ​អី​ទៅលើ​ប្រជាពលរដ្ឋ​ខ្លួនឯង ក៏ដូចជា​គោរព​នូវ​សិទ្ធិមនុស្ស​ឬ​អត់​នៅក្នុង​ការដឹកនាំ​របស់​គាត់»។

ចំណែក យុវជន​ចូលចិត្ត​ឈឺឆ្អាល​បញ្ហា​សង្គម និង​ជា​អតីត​ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​សកល​ប្រចាំ​ប្រទេស​អូស្ត្រាលី លោក ឯម ប៊ុនណារិទ្ធ ថ្លែង​ថា ការ​ចាប់ខ្លួន​យុវជន​វ័យក្មេង លោក ឈឿង សុវណ្ណ សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន​ជាដើម បង្ហាញ​ឲ្យ​ឃើញថា រដ្ឋាភិបាល​កំពុង​ទាល់ច្រក និង​ភ័យខ្លាច​ការ​ក្រោកឈរ​របស់​យុវជន​ប្រឆាំង​នឹង​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ដែល​អសមត្ថភាព​ក្នុង​ការ​ដឹកនាំ និង​បាន​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ជាច្រើន​តំបន់​ទៅ​ឲ្យ​ប្រទេសជិតខាង​។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​មាន​ភាពស្មោះត្រង់​ចំពោះ​ពលរដ្ឋ​ខ្លួន​អំពី​បញ្ហា​ព្រំដែន មិនមែន​លាក់បាំង ភូតភរ និង​បង្ក្រាប​លើ​អ្នក​ដែល​ហ៊ាន​បញ្ចេញមតិ​ពី​បញ្ហា​ព្រំដែន​នោះ​ទេ។

លោក​ទទូច​ស្នើសុំ​ឲ្យ​អង្គការ​ជាតិ និង​អន្តរជាតិ យកចិត្តទុកដាក់​លើ​ការ​រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ និង​ជួយ​ជំរុញ​ទៅ​អន្តរជាតិ ឲ្យ​ដាក់​សម្ពាធ​បន្ថែម​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​មានការ​គោរព​សិទ្ធិមនុស្ស​បាន​ត្រឹមត្រូវ​ពិតប្រាកដ។

លោក ឯម ប៊ុនណារិទ្ធ៖ «ចំពោះ​លោក ហ៊ុន សែន គឺ​តាំងពី​សម័យ​កាលដែល​គាត់​កំពុងតែ​គ្រប់គ្រង​ប្រទេស​រហូតដល់​ប្រគល់​មក​ឲ្យ​កូនប្រុស​របស់​គាត់​គឺ​គាត់​ប្រើ​រូបមន្ត​ដដែល យុទ្ធសាស្ត្រ​មួយ​គឺ​គំរាម បំភិតបំភ័យ ចាប់​ដាក់គុក​រហូតដល់​មានការ​បាញ់សម្លាប់​ក្រៅ​ប្រព័ន្ធ​អី​ផ្សេងៗ​ទៅ​។ អញ្ចឹង​ទោះបីជា​លោក ហ៊ុន សែន ខំ​យក​រូបភាព​ណា​មក​បិទបាំង ខំ​និយាយ​បែប​ណា​ក៏​ខ្ញុំ​ជឿ​ថា មិនអាច​លាក់បាំង​ពី​ក្រសែភ្នែក​អន្តរជាតិ​បាន​ដែរ»។

កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៦ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​យុវជន ឈឿង សុវណ្ណ វ័យ ១៩​ឆ្នាំ ជា​អ្នក​រត់​កង់​បី និង​ជា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​រូប​ឲ្យ​ជាប់ពន្ធនាគារ​៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤ លាន​រៀល​ពី​បទ​«​ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៥ អាជ្ញាធរ និង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចាប់ខ្លួន​យុវជន ឈឿង សុវណ្ណ ខណៈ​ពេល​ដែល​លោក កំពុង​រត់​កង់​បី​នៅ​ម្តុំ​វិមានឯករាជ្យ ខេត្ត​ព្រះសីហនុ យក​ទៅ​សាកសួរ ពាក់ព័ន្ធ​ការ​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម​រិះគន់​រដ្ឋាភិបាល និង​បញ្ហា​ព្រំដែន​កម្ពុជា ថៃ រួច​បញ្ជូន​លោក​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​លោក​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​តាម​ការ​បង្គាប់​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ដើមឆ្នាំ​២០២៦។

ប្រធាន​អង្គការ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍ថា ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចាប់ខ្លួន និង​ផ្ដន្ទាទោស យុវជន​រត់​កង់​បី និង​ជា​បង្គោល​របស់​គ្រួសារ​ទាំងមូល ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​គ្រួសារ​របស់​លោក និង​ជា​រឿង​អយុត្តិធម៌​សម្រាប់​យុវជន​រងគ្រោះ​រូប​នេះ។

អ្នកស្រី មូរ សុខហួរ៖ «ឈឿង សុវណ្ណ គឺជា​យុវជន​អាយុ​១៩​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប ឥឡូវ​ជាប់ពន្ធនាគារ​៤​ឆ្នាំ​ហើយ​ត្រូវ​បង់​ពិន័យ​១០០០​ដុល្លារ ឈឿង សុវណ្ណ ប្រហែលជា​១​ថ្ងៃ​រក​មិនបាន​១០​ដុល្លារ​ផង ហើយក៏​ជា​បង្គោល​នៃ​គ្រួសារ អ្នកណា​ត្រូវ​ចិញ្ចឹម​គ្រួសារ ឈឿង សុវណ្ណ បន្ត​ទៅ​ទៀត​? តុលាការ​បាន​ចោទប្រកាន់​ដដែលៗ​ហ្នឹង គាត់​ចោទប្រកាន់​រឿង​ដដែលៗ បញ្ចេញមតិ​អត់​បានទេ ទោះបីជា​បញ្ច​ញ​មតិ​រឿង​ព្រំដែន​ក៏ដោយ​។ នៅ​ពេល​នេះ លោក ថម អេនឌ្រូ ដែល​ជា​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​កម្ពុជា​បងប្អូន យើង​សួរ​មើល​ថា តើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​របា​យ​ការណ៍​វិជ្ជមាន​ដោយ​របៀប​ណា​?»។

កន្លងមក​អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ក៏បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​រួម​តូច​នៃ​លំហ​ប្រជាធិបតេយ្យ សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន និង​សេរីភាព​ជួបជុំ ដោយសារ​ការបន្ត​ចាប់ខ្លួន និង​ឃុំខ្លួន អ្នកនយោបាយ អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សហជីព អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន និង​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចោទប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​មួយចំនួន ដោយសារតែ​ការ​បញ្ចេញមតិ និង​ចូលរួម​ឈឺឆ្អាល​ពី​បញ្ហា​សង្គម និង​នយោបាយ។

ស្រប​ពេល​ដែល​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​៣១ ខែកក្កដា ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ផល​ប៉ះពាល់​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ បណ្ដាញ​យុវជន​កម្ពុជា​សកល បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ដោះលែង​យុវជន ឈឿង សុវណ្ណ ជាបន្ទាន់ ព្រមទាំង​សកម្មជន​នយោបាយ សកម្មជន​សង្គម​ទាំងអស់​ដែល​ត្រូវ​បាន​ចាប់ខ្លួន ឬ​ឃុំខ្លួន ពាក់ព័ន្ធ​ការ​បញ្ចេញមតិ​រឿង​ព្រំដែន និង​ត្រូវ​ទម្លាក់​បទ​ចោទ​ទាំងអស់ ដែល​មាន​លក្ខណៈ​នយោបាយ និង​ការ​ប្រកាន់​និន្នាការ​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ