

បណ្ដាញយុវជនកម្ពុជាសកល ថ្កោលទោសរដ្ឋាភិបាលក្រុងភ្នំពេញ ករណីចាប់ខ្លួនយុវជន ឈឿង សុវណ្ណ និងពលរដ្ឋស្លូតត្រង់ដទៃទៀតដែលបានបញ្ចេញមតិរិះគន់លើបញ្ហាព្រំដែនកម្ពុជា-ថៃ។ អង្គការសង្គមស៊ីវិលក្រៅប្រទេសមើលឃើញថា ការចាប់ខ្លួនកន្លងមកនេះ គឺជាការរំលោភសិទ្ធិមនុស្ស។
បណ្ដាញយុវជនកម្ពុជាសកល ខកចិត្តដែលរដ្ឋាភិបាលរបបក្រុងភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនយុវជន ឈឿង សុវណ្ណ ជាអ្នករត់កង់បីនៅក្រុងព្រះសីហនុ រួមទាំងប្រជាពលរដ្ឋ សកម្មជន និងយុវជនជាបន្តបន្ទាប់ ដែលបានប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដោយសន្តិវិធីអំពីបញ្ហាព្រំដែន និងអធិបតេយ្យភាពជាតិ។
សេចក្តីថ្លែងការណ៍បណ្តាញយុវជនសកល ឲ្យដឹងថា ការព្រួយបារម្ភអំពីទឹកដី និងព្រំដែន គឺជាទឹកចិត្តស្រលាញ់ជាតិដ៏ស្មោះស្ម័គ្ររបស់ពលរដ្ឋគ្រប់រូប ហើយរដ្ឋាភិបាលត្រូវស្តាប់និងពន្យល់ដោយតម្លាភាព មិនមែនជាការចាប់ចងពលរដ្ឋឡើយ ហើយទង្វើរដ្ឋាភិបាលបែបនេះ និងធ្វើឲ្យពលរដ្ឋបាត់បង់ទំនុកចិត្ត ព្រមទាំងបង្កើតបរិយាកាសភ័យខ្លាចនៅក្នុងសង្គមកម្ពុជា។
ប្រធានបណ្ដាញយុវជនសកលប្រចាំប្រទេសជប៉ុនអ្នកស្រី មូរី បូរ៉ា ឲ្យទូរទស្សន៍អាស៊ីសេរីដឹងថា ការបន្តចាប់ខ្លួនយុវជនដែលឈឺឆ្អាលបញ្ហាសង្គមដោយការប្រើប្រាស់ប្រព័ន្ធតុលាការ និងក្រុមកម្លាំងប្រដាប់អាវុធគាបសង្កត់ប្រជាពលរដ្ឋបែបនេះ គឺជាការរំលោភបំពានមួយយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពប្រជាពលរដ្ឋដែលមានចែងនៅក្នុងច្បាប់ និងបង្កភាពភ័យខ្លាចដល់ប្រជាជន។ អ្នកស្រីបន្តថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត កំពុងធ្វើឲ្យកម្ពុជារងភាពអាម៉ាស់ និងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាឲ្យខ្ទេចខ្ទីគ្មានសល់នៅលើឆាកអន្តរជាតិ ហើយបន្តភូតភរទៅលើមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិអំពីការបើកលំហសិទ្ធិបញ្ចេញមតិស្របពេលពលរដ្ឋជាច្រើនកំពុងរងការរំលោភបំពានដោយច្បាប់។
អ្នកស្រី ម៉ូរី បូរ៉ា ទទូចឲ្យរដ្ឋាភិបាល គួរកែលំអប្រព័ន្ធដឹកនាំរបស់ខ្លួន ផ្សះផ្សាជាតិឡើងវិញ ដោយការបើកលំហសេរីភាពឲ្យពលរដ្ឋបានពេញលេញក្នុងការចូលរួមសកម្មភាពសង្គម និងដោះលែងយុវជន ឈឿង សុវណ្ណ និងអ្នកទោសមនសិការដទៃទៀតឲ្យមានសេរីភាពឡើងវិញ ដើម្បីស្ដារមុខកម្ពុជាលើឆាកអន្តរជាតិ និងឲ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់លោក។
អ្នកស្រី ម៉ូរី បូរ៉ា៖ «ដូចអត់ដែលឃើញហ្មង វាចម្លែកខុសអីស្រុកខ្មែរយើងហ្នឹងដែលប្រើប្រព័ន្ធច្បាប់ចាប់ពលរដ្ឋ ចាប់យុវជន។ គេលើកសរសើរឲ្យពលរដ្ឋឲ្យយុវជននិយាយខ្វល់ខ្វាយពីរឿងទឹកដីពីរឿងប្រទេសជាតិ គេមានឲ្យប័ណ្ណសរសើរថែម តែយើងហេតុអីទៅជាអញ្ចឹង?វាៗអត់អាចទទួលយកបានហ្មងអូន។ វាជារឿងកាន់តែធ្វើឲ្យយើងខាតបង់ វាជារឿងដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែភ័យខ្លាច ហើយវាជារឿងអវិជ្ជមានដ៏ធំមួយសម្រាប់ជាតិរបស់យើងដូចជាសេដ្ឋកិច្ចឬទំនាក់ទំនងការងារទូតជាដើម។ ទោះបីជាលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត បានបង្ហាញ បានទៅនិយាយប្រាប់គេថា គាត់ធ្វើរឿងល្អៗ បើកសិទ្ធិសេរីភាពឲ្យពលរដ្ឋ ប៉ុន្តែជាក់ស្តែង គឺគេតែងតែតាមដានមើលនៅក្នុងប្រទេសជានិច្ចថា គាត់កំពុងតែប្រព្រឹត្តអី អនុវត្តជាក់ស្តែងគាត់កំពុងធ្វើអីទៅលើប្រជាពលរដ្ឋខ្លួនឯង ក៏ដូចជាគោរពនូវសិទ្ធិមនុស្សឬអត់នៅក្នុងការដឹកនាំរបស់គាត់»។
ចំណែក យុវជនចូលចិត្តឈឺឆ្អាលបញ្ហាសង្គម និងជាអតីតប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំប្រទេសអូស្ត្រាលី លោក ឯម ប៊ុនណារិទ្ធ ថ្លែងថា ការចាប់ខ្លួនយុវជនវ័យក្មេង លោក ឈឿង សុវណ្ណ សកម្មជននយោបាយ សកម្មជនបរិស្ថានជាដើម បង្ហាញឲ្យឃើញថា រដ្ឋាភិបាលកំពុងទាល់ច្រក និងភ័យខ្លាចការក្រោកឈររបស់យុវជនប្រឆាំងនឹងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ដែលអសមត្ថភាពក្នុងការដឹកនាំ និងបានធ្វើឲ្យបាត់បង់ទឹកដីជាច្រើនតំបន់ទៅឲ្យប្រទេសជិតខាង។ លោកបន្តថា រដ្ឋាភិបាលគួរមានភាពស្មោះត្រង់ចំពោះពលរដ្ឋខ្លួនអំពីបញ្ហាព្រំដែន មិនមែនលាក់បាំង ភូតភរ និងបង្ក្រាបលើអ្នកដែលហ៊ានបញ្ចេញមតិពីបញ្ហាព្រំដែននោះទេ។
លោកទទូចស្នើសុំឲ្យអង្គការជាតិ និងអន្តរជាតិ យកចិត្តទុកដាក់លើការរំលោភបំពានសិទ្ធិពលរដ្ឋ និងជួយជំរុញទៅអន្តរជាតិ ឲ្យដាក់សម្ពាធបន្ថែមលើរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមានការគោរពសិទ្ធិមនុស្សបានត្រឹមត្រូវពិតប្រាកដ។
លោក ឯម ប៊ុនណារិទ្ធ៖ «ចំពោះលោក ហ៊ុន សែន គឺតាំងពីសម័យកាលដែលគាត់កំពុងតែគ្រប់គ្រងប្រទេសរហូតដល់ប្រគល់មកឲ្យកូនប្រុសរបស់គាត់គឺគាត់ប្រើរូបមន្តដដែល យុទ្ធសាស្ត្រមួយគឺគំរាម បំភិតបំភ័យ ចាប់ដាក់គុករហូតដល់មានការបាញ់សម្លាប់ក្រៅប្រព័ន្ធអីផ្សេងៗទៅ។ អញ្ចឹងទោះបីជាលោក ហ៊ុន សែន ខំយករូបភាពណាមកបិទបាំង ខំនិយាយបែបណាក៏ខ្ញុំជឿថា មិនអាចលាក់បាំងពីក្រសែភ្នែកអន្តរជាតិបានដែរ»។
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសយុវជន ឈឿង សុវណ្ណ វ័យ ១៩ឆ្នាំ ជាអ្នករត់កង់បី និងជាអ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបឲ្យជាប់ពន្ធនាគារ៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤ លានរៀលពីបទ«ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
កាលពីចុងខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរ និងនគរបាលខេត្តព្រះសីហនុ បានចាប់ខ្លួនយុវជន ឈឿង សុវណ្ណ ខណៈពេលដែលលោក កំពុងរត់កង់បីនៅម្តុំវិមានឯករាជ្យ ខេត្តព្រះសីហនុ យកទៅសាកសួរ ពាក់ព័ន្ធការបង្ហោះសារលើបណ្ដាញសង្គមរិះគន់រដ្ឋាភិបាល និងបញ្ហាព្រំដែនកម្ពុជា ថៃ រួចបញ្ជូនលោកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បច្ចុប្បន្នលោកកំពុងជាប់ឃុំក្នុងពន្ធនាគារតាមការបង្គាប់របស់តុលាការសាលាដំបូងរាជធានីភ្នំពេញកាលពីដើមឆ្នាំ២០២៦។
ប្រធានអង្គការចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ថា ការប្រើប្រាស់ប្រព័ន្ធតុលាការចាប់ខ្លួន និងផ្ដន្ទាទោស យុវជនរត់កង់បី និងជាបង្គោលរបស់គ្រួសារទាំងមូល ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពគ្រួសាររបស់លោក និងជារឿងអយុត្តិធម៌សម្រាប់យុវជនរងគ្រោះរូបនេះ។
អ្នកស្រី មូរ សុខហួរ៖ «ឈឿង សុវណ្ណ គឺជាយុវជនអាយុ១៩ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ឥឡូវជាប់ពន្ធនាគារ៤ឆ្នាំហើយត្រូវបង់ពិន័យ១០០០ដុល្លារ ឈឿង សុវណ្ណ ប្រហែលជា១ថ្ងៃរកមិនបាន១០ដុល្លារផង ហើយក៏ជាបង្គោលនៃគ្រួសារ អ្នកណាត្រូវចិញ្ចឹមគ្រួសារ ឈឿង សុវណ្ណ បន្តទៅទៀត? តុលាការបានចោទប្រកាន់ដដែលៗហ្នឹង គាត់ចោទប្រកាន់រឿងដដែលៗ បញ្ចេញមតិអត់បានទេ ទោះបីជាបញ្ចញមតិរឿងព្រំដែនក៏ដោយ។ នៅពេលនេះ លោក ថម អេនឌ្រូ ដែលជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនៅប្រទេសកម្ពុជាបងប្អូន យើងសួរមើលថា តើឲ្យប្រទេសកម្ពុជាទទួលបានរបាយការណ៍វិជ្ជមានដោយរបៀបណា?»។
កន្លងមកអង្គការជាតិ និងអន្តរជាតិជាច្រើនក៏បានបង្ហាញក្តីបារម្ភអំពីការរួមតូចនៃលំហប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពជួបជុំ ដោយសារការបន្តចាប់ខ្លួន និងឃុំខ្លួន អ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន និងការប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌមួយចំនួន ដោយសារតែការបញ្ចេញមតិ និងចូលរួមឈឺឆ្អាលពីបញ្ហាសង្គម និងនយោបាយ។
ស្របពេលដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ដើម្បីប្រមូលព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ បណ្ដាញយុវជនកម្ពុជាសកល បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ដោះលែងយុវជន ឈឿង សុវណ្ណ ជាបន្ទាន់ ព្រមទាំងសកម្មជននយោបាយ សកម្មជនសង្គមទាំងអស់ដែលត្រូវបានចាប់ខ្លួន ឬឃុំខ្លួន ពាក់ព័ន្ធការបញ្ចេញមតិរឿងព្រំដែន និងត្រូវទម្លាក់បទចោទទាំងអស់ ដែលមានលក្ខណៈនយោបាយ និងការប្រកាន់និន្នាការជាដើម៕









