

ទាហានខ្មែរអះអាងថា ស្ថានការណ៍នៅតាមតំបន់ព្រំដែនមួយចំនួន កំពុងប្រឈមនឹងស្ថានភាពតានតឹងកាន់តែខ្លាំង បន្ទាប់ពីទាហានថៃបានផ្ទុះអាវុធ និងបង្កើនសកម្មភាពរាយបន្លាលួសចូលក្នុងទឹកដីកម្ពុជា ដោយមិនរើសទីតាំងនោះឡើយ។ ទាហានខ្មែរលើកឡើងដោយក្ដីបារម្ភថា ភាពចម្រូងចម្រាសនេះ អាចនឹងបង្កឱ្យផ្ទុះសង្គ្រាមបានគ្រប់ពេល ព្រោះយោធាថៃបានចល័តទ័ព និងត្រៀមប្រយុទ្ធរួចជាស្រេចទៅហើយ។
ដំណើរការដោះស្រាយជម្លោះព្រំដែនគោករវាងកម្ពុជា និងថៃ នៅតែបន្តជាប់គាំងទៅមុខមិនរួច ខណៈទាហានថៃនៅតែបន្តផ្ទុះអាវុធ និងចូលឈ្លានពានចូលក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ ដោយគំរាមកំហែងបណ្ដេញទាហានខ្មែរពីទីតាំងឈរជើង។
ទាហានខ្មែរម្នាក់កំពុងឈរជើងនៅតំបន់ព្រំដែនខេត្តព្រះវិហារ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា យោធាថៃបានបាញ់កាំភ្លើងជាច្រើនលើកនៅក្បែរទីតាំងឈរជើងរបស់ទាហានខ្មែរ ដែលបង្កឱ្យមានភាពជ្រួលច្របល់ នៅក្នុងតំបន់ដែលកំពុងមានភាពតានតឹងស្រាប់។ លោកបញ្ជាក់ថា ករណីផ្ទុះអាវុធពីចេញពីទីតាំងរបស់ទាហានថៃនេះ មិនបានបង្កឱ្យទាហានខ្មែររងរបួសនោះឡើយ ខណៈភាគីទាហានខ្មែរក៏មិនបានបាញ់តបតវិញនោះដែរ ដោយសារគ្មានបញ្ជាពីថ្នាក់លើ។
ទាហានខ្មែររូបនេះអះអាងទៀតថា ក្រៅពីផ្ទុះអាវុធ យោធាថៃបានបញ្ជូនដ្រូនហោះចូលក្នុងតំបន់ឈរជើងរបស់ទាហានខ្មែរ ដើម្បីស៊ើបការណ៍ និងកំណត់ទីតាំងលេណដ្ឋានរបស់ទាហានខ្មែរ ខណៈយន្តហោះចម្បាំងរបស់កងទ័ពអាកាសថៃ បានហោះឆ្លងកាត់តំបន់ព្រំដែនជាញឹកញាប់ទៀតផង។ លោកបន្តថា នៅតំបន់ប្រាសាទព្រះវិហារនេះ ទាហានខ្មែរ និងទាហាថៃបានសាងសង់លេណដ្ឋាននៅក្បែរគ្នា ដូចជាទីតាំងផ្ទះក្រហម ឬផ្ទះតាម៉ុក ដែលទាហានថៃបានចូលកាន់កាប់ និងយកធ្វើជាប៉ុស្តិ៍យាមនោះ តំបន់៥មករា និងចម្ការចេកជាដើម។
ចំណែកនៅតំបន់ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ក៏មានស្ថានភាពតានតឹងដូចគ្នាដែរ ដោយសារយោធាថៃបានពង្រីកកម្លាំង និងចល័តសព្វាវុធធុនធ្ងន់ ដូចជាយានចម្បាំង និងរថក្រោះ បន្ទាប់ពីយោធាថៃបានសាងសង់ផ្លូវយុទ្ធសាស្ត្រនៅក្នុងតំបន់ទាំងនេះរួច។ ក្នុងនោះ ទាហានថៃប្រដាប់ដោយអាវុធ បានដាក់កម្លាំងយាមល្បាតតឹងរ៉ឹងជាងមុន នៅក្បែរទីតាំងបន្លាលួស ដែលមានចម្ងាយប្រហែលជាង១០ម៉ែត្រ ពីទីតាំងលេណដ្ឋានរបស់ទាហានខ្មែរ។ នេះបើតាមវីដេអូ ដែលទាហានថៃចែករំលែកនៅក្នុងបណ្ដាញសង្គម។
រីឯនៅតំបន់ព្រំដែនមុំបី វិញ ស្ថានការណ៍កំពុងឡើងកម្ដៅកាន់តែខ្លាំង ដោយសារទាហានខ្មែរ និងទាហានថៃបានប៉ះទង្គិចពាក្យសម្ដីគ្នា បន្ទាប់ពីទាហានខ្មែរបានដើរល្បាត ហើយត្រូវភាគីទាហានថៃចេញមករុញច្រានទាំងកម្រោល និងចាប់អូសចេញពីផ្លូវល្បាត ដោយទាហានថៃអះអាងថា ជាទឹកដីរបស់ពួកគេ។ នេះបើតាមឃ្លីបវីដេអូរបស់ទាហានខ្មែរម្នាក់ ដែលបានផ្ញើមកកាន់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
ទាហានរូបនេះ អះអាងបន្ថែមថា បច្ចុប្បន្នទាហានថៃបានចូលកាន់កាប់ភ្នំ៧៤៥ ដែលជាទីតាំងខ្ពស់ និងមានមូលដ្ឋានរបស់កងទ័ពខ្មែរ នៅតំបន់មុំបី នេះស្ទើរទាំងស្រុងទៅហើយ បន្ទាប់ពីភាគីថៃបានសាងសង់ផ្លូវឡើងទៅកាន់កំពូលភ្នំនេះរួច។ ចំណែកភ្នំ៧៥៤ ដែលជាទីតាំងខ្ពស់ជាងគេ នៅតាមបណ្ដោយខ្នងភ្នំដងរែក ក្បែរតំបន់អានសេះនោះ ត្រូវយោធាថៃចូលកាន់កាប់ និងសាងសង់បង្គោលទង់ជាតិរួចរាល់ហើយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៧ ខែកក្កដា។ ចំណែកអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធក៏មិនបានចេញសេចក្ដីថ្លែងការណ៍អំពីរឿងនេះនោះដែរ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បារម្ភថា យោធាថៃមានចេតនាញុះញង់ និងបង្កជម្លោះ ដើម្បីផ្ទុះអាវុធចូលឈ្លានពានទឹកដីខ្មែរបន្ថែមទៀត។ លោកយល់ឃើញថា គោលជំហររបស់រដ្ឋាភិបាលកម្ពុជាដែលបន្តបញ្ជាឱ្យទាហាខ្មែររក្សាភាពអត់ធ្មត់ និងថ្នមសភាពការណ៍ ដែលផ្ទុយពីយោធាថៃដែលមានគោលជំហរដាច់អហង្ការក្នុងការឈ្លានពានក្នុងទឹកដីកម្ពុជានោះ បញ្ហានេះបានបង្កើតឱ្យមានអតុល្យភាពខាងអំណាចយោធា រវាងកម្ពុជា និងថៃដែលឈរជើងនៅតំបន់ព្រំដែន។
លោក ម៉ែន ណាត៖ «ទាហានខ្មែរគាត់មានទឹកចិត្ត យើងសរសើរគាត់ ក៏ប៉ុន្តែ ដឹងស្រាប់ ហើយ រឿង នេះ ថ្នាក់លើរបស់ទាហានខ្មែរហ្នឹងគឺមេបញ្ជាការ ហើយមេបញ្ជាការក៏ទទួលបញ្ជាពីក្រសួងការពារជាតិ ចំណែកឯក្រសួងការពារជាតិគ្មានវិធានការអីទាំងអស់។ ចំណែកនាយករដ្ឋមន្ត្រីអង្គុយអង្វរថៃឲ្យចូលតុចរចា ទ្វេភាគី ឥឡូវរឿងហ្នឹងយើងឃើញដឹងស្រាប់ហើយថា វាខ្សោយ រដ្ឋាភិបាលយើងហ្នឹង ហើយគ្មានវិធានការអីជាក់ស្ដែងដើម្បីការពារទប់ស្កាត់ថៃឈ្លានពានទេ»។
ពាក់ព័ន្ធនឹងជម្លោះព្រំដែននេះដែរ នៅថ្ងៃទី២៧ ខែកក្កដា នេះ តំណាងកងទ័ពខ្មែរ និងកងទ័ពថៃ បានបើកកិច្ចប្រជុំសម្របសម្រួលព្រំដែន នៅច្រកព្រំដែនអន្តរជាតិ បានខ្លងលឹក ខេត្តស្រះកែវ ជាប់នឹងតំបន់ព្រំដែនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរ បានឯកភាពលើគោលការណ៍មួយចំនួន ដូចជាត្រូវណែនាំដល់កងទ័ពជួរមុខរបស់ភាគីទាំងពីរ ឱ្យប្រកាន់ខ្ជាប់នូវវិន័យ និងអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់រួមគ្នា ក៏ដូចជាអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ ២០០០ ស្ដីពីការដោះស្រាយជម្លោះដែនគោករវាងកម្ពុជា និងថៃ។
ក្នុងនោះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នា ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលអាចប៉ះពាល់ដល់ស្ថានភាពព្រំដែន ដើម្បីគ្រប់គ្រងព្រំដែនប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយការយល់ច្រឡំ ដែលអាចបង្កឱ្យកើតមានជម្លោះសាជាថ្មី។ ទោះជាយ៉ាងណា គេសង្កេតឃើញថា ភាគីថៃតែងបង្កើតឱ្យមានព័ត៌មានក្លែងក្លាយ និងញុះញង់ឱ្យមានភាពតានតឹងជាមួយកម្ពុជាមុន ចាប់តាំងពីភាគីទាំងពីរមានបទឈប់បាញ់កាលពីចុងឆ្នាំ២០២៥មក៕









