

កម្ពុជា និងចិនប្រកាសជាថ្មីអំពីការពង្រឹងចំណងមិត្តភាពដែកថែប និងបន្តពង្រីកកិច្ចសហប្រតិបត្តិការផ្នែកយោធាឱ្យកាន់តែស៊ីជម្រៅ។ ការបញ្ជាក់ជំហររវាងប្រទេសទាំងពីរម្ដងហើយម្ដងទៀតនេះ ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកកំពុងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងកំពុងរៀបចំស្ដារការធ្វើសមយុទ្ធយោធា «ឆ្មាំអង្គរ» ឡើងវិញ។ មន្ត្រីគណបក្សប្រឆាំងយល់ថា ចិនហាក់គ្មាន ក្ដីបារម្ភនឹងបាត់បង់ឥទ្ធិពលលើកម្ពុជានោះទេ ព្រោះភាគីចិនដឹងថា រដ្ឋាភិបាលកម្ពុជានឹងបន្តដឹកនាំតាមបែបផ្ដាច់ការ ហើយមិនអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកឱ្យឈានដល់កម្រិតស៊ីជម្រៅបានឡើយ។
រដ្ឋាភិបាលដឹកនាំដោយក្រុមគ្រួសារត្រកូល ហ៊ុន និងថ្នាក់ដឹកនាំយោធាជាន់ខ្ពស់កម្ពុជាបន្តប្រកាសពីការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន ដោយអះអាងថា ភាគីទាំងពីរនឹងបន្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដើម្បីកសាងអ្វីដែលភាគីទាំងពីរហៅថា «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន»។
ការប្ដេជ្ញានេះត្រូវបានលើកឡើងក្នុងជំនួបទ្វេភាគីរវាងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ និងបច្ចុប្បន្នជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ទៀ បាញ់ និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin) ក្នុងឱកាសពិធីអបអរសាទរខួបលើកទី៩៩ នៃទិវាបង្កើតកងទ័ពរំដោះប្រជាជនចិន (PLA) កាលពីថ្ងៃទី២៧ ខែកក្កដា នៅសណ្ឋាគារ សាំងហ្គ្រី-ឡា (Shangri-La) ភ្នំពេញ។ ភាគីទាំងពីរបានសន្យាបន្តពង្រឹង ចំណងមិត្តភាពដែកថែប និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកយោធាឱ្យកាន់តែស៊ីជម្រៅ។
លោក ទៀ បាញ់ ក៏បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកដោយសង្ឃឹមថា កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន នឹងរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin) បញ្ជាក់ថា ចំណងមិត្តភាពដែកថែបចិន-កម្ពុជា គឺជាមិត្តភាពមិនអាចបំបែកបាន។
កម្ពុជា និងចិនបានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» កាលពីឆ្នាំ២០២៣ ដើម្បីបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។ កិច្ចព្រមព្រៀងនេះផ្ដោតលើវិស័យសំខាន់ៗរួមមាន កិច្ចសហប្រតិបត្តិការនយោបាយ ការអភិវឌ្ឍសមត្ថភាពផលិតកម្ម និងឧស្សាហកម្ម វិស័យកសិកម្ម វិស័យថាមពល វិស័យសន្តិសុខ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។
មន្ត្រីបក្សប្រឆាំង និងអ្នកវិភាគវាយតម្លៃថា តាមរយៈកិច្ចព្រមព្រៀងនេះ ចិនទទួលបានផលប្រយោជន៍ទាំងផ្នែកភូមិសាស្ត្រនយោបាយ និងការពង្រឹងឥទ្ធិពលយោធារបស់ខ្លួននៅក្នុងតំបន់។ ចំណែក កម្ពុជាព្យាយាមបន្តជំរុញកិច្ចសហប្រតិបត្តិការនេះ ដើម្បីរក្សាការគាំទ្រផ្នែកសេដ្ឋកិច្ច និងទទួលបានកម្ចីពីរដ្ឋាភិបាលចិន សម្រាប់ទ្រទ្រង់សេដ្ឋកិច្ច និងពង្រឹងស្ថិរភាពនៃការដឹកនាំរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ប្រមុខស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន លើកឡើងថា ទោះបីជាកម្ពុជា មានកិច្ចសហប្រតិបត្តិច្រើនជាមួយអាមេរិកចុងក្រោយនេះក៏រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន នៅតែចង់បង្ហាញប្រាប់រដ្ឋាភិបាលអាមេរិកថា កម្ពុជានៅតែមានកិច្ចសហប្រតិបត្តិការល្អជាមួយចិនកុម្មុយនិស្តដដែល។
លោក អ៊ុំ សំអាន បន្ថែមទៀតថា ចិនក៏ទំនងគ្មានក្ដីបារម្ភបាត់បង់ឥទ្ធិពលលើកម្ពុជាឡើយ ព្រោះភាគីចិនដឹងថា រដ្ឋាភិបាលត្រកូល ហ៊ុន នឹងបន្តដឹកនាំតាមបែបផ្ដាច់ការ ហើយមិនអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកឱ្យឈានដល់កម្រិតស៊ីជម្រៅបានឡើយ។
លោក អ៊ុំ សំអាន៖ «កម្ពុជាមិនបានអនុវត្តនយោបាយតុល្យភាពរវាងមហាអំណាចនោះទេ គឺនៅតែមានទំនាក់ទំនងយោធាជាមួយចិនជាអាទិភាពដដែលហ្នឹង ព្រោះចិនជួយត្រកូល ហ៊ុន ឱ្យកាន់អំណាចតពូជបាន។ ធម្មតាទេកាលណាកាន់អំណាចតពូជ ហើយកាន់អំណាចផ្ដាច់ការ គឺត្រូវតែយកចិនជាខ្នងបង្អែកហើយ សូម្បីតែ ប៉ុល ពត ក៏យកចិនជាខ្នងបង្អែកដែរ ដោយសារខ្លួនកាន់អំណាចផ្ដាច់ការ ហើយនិងសម្លាប់ពលរដ្ឋខ្មែរអ៊ីចឹង»។
ចំណែក អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី លើកឡើងថា ការប្ដេជ្ញាពង្រឹង «មិត្តភាពដែកថែប» និងវត្តមានរបស់ថ្នាក់ដឹកនាំយោធាជាន់ខ្ពស់កម្ពុជាក្នុងពិធីរំលឹកខួបបង្កើតកងទ័ពរំដោះប្រជាជនចិន (PLA) គឺជាសកម្មភាពភូមិសាស្ត្រនយោបាយដែលត្រូវបានគណនា និងធ្វើឡើងដោយប្រុងប្រយ័ត្នខ្ពស់។ លោកយល់ឃើញថា សម្រាប់ទីក្រុងប៉េកាំង វាជាការបញ្ជាក់ជាថ្មីអំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការរក្សាទំនុកចិត្តផ្នែកសន្តិសុខ ដែលចិនចាត់ទុកថា ជាយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងតំបន់។ រីឯ សម្រាប់ទីក្រុងវ៉ាស៊ីនតោនវិញ វាជាការគូសបញ្ជាក់អំពី «បន្ទាត់ក្រហម» ឬដែនកំណត់នៃការបត់បែនរបស់កម្ពុជា ពោលគឺ ទោះបីកម្ពុជាព្យាយាមស្ដារ និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ឬការទូតជាមួយសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងផ្នែកសន្តិសុខ និងយោធាជាមួយចិននៅតែជាគ្រឹះដែលមិនអាចដោះដូរបាន។
លោក សេង វណ្ណលី៖ «សកម្មភាពនេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រការពារហានិភ័យ (Hedging strategy) ដែលកម្ពុជាកំពុងតែអនុវត្ត។ កម្ពុជាមិនបានជ្រើសរើសផ្លូវបិទទ្វារដាក់មហាអំណាចណាមួយទាំងស្រុងនោះទេ ប៉ុន្តែ កំពុងព្យាយាមគ្រប់គ្រងជញ្ជីងឥទ្ធិពលតាមរបៀបផ្សេងៗគ្នា។ មួយគឺ ប្រើប្រាស់ចិនជាខ្នងបង្អែកផ្នែកសន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ ខណៈព្យាយាមរក្សាលំហការទូតជាមួយអាមេរិក និងលោកខាងលិច ដើម្បីទាញយកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកាត់បន្ថយសម្ពាធនយោបាយ។ យុទ្ធសាស្ត្រនេះតម្រូវឱ្យកម្ពុជាដើរលើភូមិសាស្ត្រនយោបាយយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិរវាងមហាអំណាច»។
លោក សេង វណ្ណលី បន្ថែមទៀតថា ក្នុងវិស័យការពារជាតិ និងសន្តិសុខកម្ពុជានៅតែផ្ដល់អាទិភាពខ្ពស់ក្នុងទំនាក់ទំនងជាមួយចិន ប៉ុន្តែក្នុងវិស័យការទូត និងសេដ្ឋកិច្ច កម្ពុជាកំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយមហាអំណាច និងដៃគូផ្សេងៗ រួមទាំងសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងបណ្ដាប្រទេសអាស៊ាន ដើម្បីរក្សាភាពបត់បែនក្នុងគោលនយោបាយការបរទេស។
ការបង្ហាញជំហរ និងភក្ដីភាពរបស់ថ្នាក់ដឹកនាំកម្ពុជាស្មោះស្ម័គ្រចំពោះប្រទេសចិននេះ ធ្វើឡើងស្របពេលដែលកម្ពុជាត្រូវបានគេមើលឃើញថា កំពុងរងសម្ពាធពីសហរដ្ឋអាមេរិក និងព្យាយាមសម្របខ្លួនផ្នែកការទូត តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងចាប់ខ្លួនមេខ្លោងកម្រិតខ្ពស់ដែលពាក់ព័ន្ធ។ លើសពីនេះ សហរដ្ឋអាមេរិកក៏កំពុងស្វែងរកឱកាសស្ដារការធ្វើសមយុទ្ធយោធា «ឆ្មាំអង្គរ» ជាមួយកម្ពុជាឡើងវិញបន្ទាប់ពីបានខកខានតាំងពីឆ្នាំ២០១៧ មក ដោយសារតែកម្ពុជាបានលុបចោលគម្រោងសមយុទ្ធយោធាដោយខ្លួនឯង៕









