

មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការព្រំដែនរបស់កម្ពុជា អះអាងថា តំបន់អានសេះ និងច្រកព្រំដែនអានសេះ ស្ថិតនៅក្នុងទឹកដីកម្ពុជា ដោយផ្អែកលើផែនទីផ្លូវការ និងឯកសារកំណត់ព្រំដែនជាប្រវត្តិសាស្ត្រជាច្រើន។ ការលើកឡើងនេះធ្វើឡើង ខណៈកម្ពុជាចោទថា កងកម្លាំងថៃបានបន្តធ្វើសកម្មភាពគ្រប់គ្រងនៅក្នុងតំបន់នោះ បន្ទាប់ពីមានបទឈប់បាញ់រវាងប្រទេសទាំងពីរតាំងពីចុងឆ្នាំ២០២៥មក។
អគ្គនាយកកិច្ចការបច្ចេកទេសព្រំដែន នៃលេខាធិការដ្ឋានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិព្រំដែនកម្ពុជា លោក ស្រ៊ឺ បូរ៉ា មានប្រសាសន៍ថា ផ្អែកលើផែនទីមាត្រដ្ឋាន ១/២០០,០០០ ដែលជាលទ្ធផលនៃការខណ្ឌសីមារវាងគណៈកម្មការឥណ្ឌូចិន–សៀម ព្រមទាំង កំណត់ហេតុផ្លូវការ សេ-វែបាល(Procès-Verbal) នៃការបោះបង្គោលព្រំដែនក្នុងឆ្នាំ១៩០៨ និង ១៩១៩ តំបន់អានសេះស្ថិតនៅក្នុងអធិបតេយ្យភាពរបស់កម្ពុជា។ ចំណែកផែនទីដែលថៃបានគូសឡើងដោយឯកតោភាគី ក៏បង្ហាញថា តំបន់អានសេះស្ថិតនៅក្នុងទឹកដីកម្ពុជាដែរ។
តំបន់អានសេះស្ថិតក្នុងភូមិសាស្ត្រឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោក ស្រ៊ឺ បូរ៉ា និយាយថា ច្រកអានសេះមិនមែនជាច្រកដែលទើបបង្កើតថ្មីនោះទេ ប៉ុន្តែជាច្រកព្រំដែនប្រវត្តិសាស្ត្រដែលមានអាយុកាលជាងមួយសតវត្សរ៍មកហើយ។ មុនពេលកើតមានជម្លោះ ភាគីកម្ពុជា និងថៃធ្លាប់ឯកភាពគ្នាលើគោលការណ៍ដំឡើងច្រកអានសេះឱ្យក្លាយជាច្រកព្រំដែនអន្តរជាតិ ប៉ុន្តែគម្រោងនោះមិនទាន់អនុវត្តបានដោយសារតែវិវាទបន្តកើតមាន។
លោក ស្រ៊ឺ បូរ៉ា៖ «មិនថាតែផែនទីឯកតោភាគីសេរ៊ី L7017 មាត្រដ្ឋាន ១/៥០, ០០០ ដែលថៃគូសឡើងដោយឯកតោភាគីរួមជាមួយនឹងផែនទីផ្លូវការ មាត្រដ្ឋាន ១/២០០, ០០០ ដែលជាផែនទីលទ្ធផលនៃការខណ្ឌសីមា របស់គណៈកម្មការឥណ្ឌូចិន-សៀម គឺបានបង្ហាញយ៉ាងច្បាស់ថា តំបន់អានសេះ ច្រកទ្វារអានសេះ ហើយនឹងសកម្មភាពដែលថៃបានធ្វើកន្លងមកនៅក្នុងតំបន់នេះ គឺធ្វើឡើងនៅក្នុងទឹកដីកម្ពុជា ១០០ភាគរយ»។
លោក ស្រ៊ឺ បូរ៉ា ក៏បានបង្ហាញរូបភាពផ្កាយរណប ដើម្បីប្រៀបធៀបខ្សែព្រំដែនដែលដកស្រង់ចេញពីផែនទី បារាំង-សៀម និងផែនទីដែលថៃបានគូរជាឯកតោភាគី។ លោកបានអះអាងថា ទីតាំងរូបសំណាកព្រះវិស្ណុ ដែលយោធាថៃបានបំផ្លាញកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅជម្រៅប្រហែល ៥០០ម៉ែត្រ ក្នុងទឹកដីកម្ពុជា សូម្បីតែគិតតាមខ្សែព្រំដែននៅលើផែនទី L7017 របស់ថៃក៏ដោយ។
លោកបានបន្តថា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងថៃ ព្រមទាំងមន្ត្រី ពលរដ្ឋ និងព្រះសង្ឃថៃ បានបន្តចូលទៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាជាទឹកដីរបស់ខ្លួន ដោយធ្វើសកម្មភាពដូចជា សាងសង់រូបព្រះពុទ្ធ និងដាក់កុងតឺន័រ។ លោកថា សកម្មភាពទាំងនោះ ជាការបង្កើត ហ្វេ អាកុងប្លី (fait accompli) ឬការបង្កើតស្ថានការណ៍ជាក់ស្តែង ដើម្បីព្យាយាមពង្រឹងការទាមទារលើតំបន់ដែលកម្ពុជាអះអាងថា ជាដែនអធិបតេយ្យរបស់ខ្លួន។
បន្ថែមពីនេះ លោក ស្រ៊ឺ បូរ៉ា បានអះអាងថា យោធាថៃកំពុងព្យាយាមគូសផែនទីថ្មី ដើម្បីបញ្ចូលតំបន់ដែលថៃអះអាងថា បានគ្រប់គ្រងក្រោយបទឈប់បាញ់ទៅក្នុងទឹកដីរបស់ខ្លួន។ កម្ពុជាមិនទទួលស្គាល់ការប៉ុនប៉ងបែបនេះឡើយ ហើយបានអះអាងថា ទាំងផែនទី L7017 ដែលថៃគូសដោយឯកតោភាគី និងផែនទីថ្មីណាមួយដែលមិនមានការឯកភាពពីភាគីទាំងពីរ មិនមានអានុភាពផ្លូវច្បាប់ក្នុងការកំណត់ព្រំដែនអន្តរជាតិនោះទេ។
ទាក់ទងទៅនឹងបញ្ហានេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថាបើតាមឯកសារប្រវត្តិសាស្ត្រ ទឹកដីនៅអានសេះនេះ គឺជារបស់កម្ពុជា។ បើផ្អែកទៅលើផែនទីខ្នាត ១/២០០,០០០ ដែលជាផែនទីឧបសម្ពន្ធភ្ជាប់សន្ធិសញ្ញារវាងបារាំង-សៀម ឆ្នាំ១៩០៤ ឆ្នាំ១៩០៧ ក៏បញ្ជាក់ថា ទឹកដីអានសេះហ្នឹង គឺជារបស់កម្ពុជាដែរ។
លោក អ៊ុំ សំអាន បន្ថែមថា បើតាមផែនទីខ្នាត ១/៥០,០០០ របស់ថៃ គឺទឹកដីអានសេះ ថៃគេទាមទារត្រឹមតែហួសរង្វង់តាអ៊ំបន្តិច។ ក៏ប៉ុន្តែ ថៃបែរជាឈ្លានពានកាន់កាប់រហូតមកដល់ហួសកាស៊ីណូអានសេះ ចូលដីខ្មែរជិត១គីឡូម៉ែត្រ ហើយ ថៃកំពុងគ្រប់គ្រងនៅតំបន់អានសេះ ជាច្រើនទីតាំង ដូចជា ច្រកអានសេះ កាស៊ីណូអានសេះ ភ្នំ៥០០ ភ្នំ៦៧៧ ភ្នំអូរផ្កាស្នេហ៍ បក្សីចាំក្រុង ព្រលានសាតុម តំបន់កអណ្តើក និងមានភ្នំជាច្រើនទៀត ដែលគិតផ្ទៃដីសរុបជិត ១០គីឡូម៉ែត្រការ៉េ។
លោក អ៊ុំ សំអាន៖ «និយាយខ្លី បើសិនជាគាត់នៅតែតវ៉ា ចេញលិខិតតវ៉ា ថ្កោលទោស ហើយ សុំថៃចរចា អង្វរថៃចរចា ហើយសង្ឃឹមទៅលើការចរចាទ្វេភាគីដូចសព្វថ្ងៃហ្នឹង គឺលោក ហ៊ុន ម៉ាណែត មិនអាចទាមទារទឹកដីបានមកវិញនោះទេ ទឹកដីខ្មែរយើងចំនួន ៧៦ ទីតាំងក្រោយសង្គ្រាមទាំងពីរលើកហ្នឹង ប្រាកដជាបាត់បង់ទៅថៃជារៀងរហូតហើយ»។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ បានថ្លែងថា ដើម្បីទាមទារទឹកដីខ្មែរនេះបានមកវិញ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវប្រញាប់ប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និងសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
ជុំវិញជម្លោះព្រំដែននេះ កាលពីថ្ងៃទី១៧ កក្កដា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ចិន ស៊ីនហួ (Xinhua) បានរាយការណ៍ថា ប្រធានាធិបតី ចិន លោក ស៊ី ជីនពីង បានជំរុញឱ្យប្រទេសថៃ និងកម្ពុជា ដោះស្រាយជម្លោះព្រំដែនដ៏រ៉ាំរ៉ៃនេះ ក្នុងអំឡុងពេលជួបជាមួយមេដឹកនាំកម្ពុជា និងថៃ នៅខាងក្រៅសន្និសីទ បញ្ញាសិប្បនិម្មិត (AI) ពិភពលោក នៅទីក្រុងសៀងហៃ។ ក្នុងនោះលោក ស៊ី ជីនពីង បានអំពាវនាវឱ្យមានការសន្ទនារវាងភាគីទាំងពីរ និងបានសន្យាថា ប្រទេសចិននឹងដើរតួនាទីជាអ្នកសម្របសម្រួល។
ក្រោយពីបទឈប់បាញ ទាហានថៃនៅតែបន្តចូលកាន់កាប់ គ្រប់គ្រង និងវាតទីចូលទឹកដីកម្ពុជារាល់ថ្ងៃ ជាក់ស្តែង ជម្លោះ រវាងទាហានខ្មែរ និងទាហានថៃ នៅតំបន់មុំបី ក្នុងខេត្តព្រះ វិហារ ជាប់នឹងខេត្ត ឧប៊ុនរ៉ាចាថានី របស់ប្រទេសថៃ កំពុងមានភាពតានតឹងកាន់តែខ្លាំង ដោយសារទាហានថៃបានធ្វើសកម្មភាពចូលឈ្លានពាន ដោយពង្រីកទីតាំងឈរជើង និងរាយបន្លាលួសចូលក្នុងទីតាំងរបស់ទាហានខ្មែរកាន់តែជ្រៅ៕









