

សាលាដំបូងខេត្តបន្ទាយមានជ័យផ្ដន្ទាទោសចាងហ្វាងកាសែតអនឡាញ លោក ហែម វណ្ណា ឲ្យជាប់ពន្ធនាគារ ៦ខែ ដោយព្យួរទោស និងមិនតម្រូវឱ្យបង់ប្រាក់ពិន័យអ្វីទាំងអស់ នៅរសៀលថ្ងៃទី ២៨ កក្កដានេះ។
ចាងហ្វាងកាសែតអនឡាញ លោក ហែម វណ្ណា បានអនុវត្តទោសរួចរាល់ចំនួន ២ខែ ៣ថ្ងៃ ហើយទោសដែលនៅសល់ទាំងអស់តុលាការសម្រេចឲ្យព្យួរ។ នេះបើតាមការអះអាងរបស់នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត។
ចៅក្រមស៊ើបសួរខេត្តបន្ទាយមានជ័យ បានឃុំខ្លួនលោក ហែម វណ្ណា កាលពីថ្ងៃទី៤ ខែកុម្ភៈ ហើយបានដោះលែងឲ្យលោកនៅក្រៅឃុំបណ្តោះអាសន្ន កាលថ្ងៃទី៧ មេសា បន្ទាប់ពីបានទទួលស្គាល់កំហុសវិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួន និងបានចេញលិខិតសុំទោស។
ចាងហ្វាងកាសែត HVNN TV Online លោក ហែម វណ្ណា ត្រូវបានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយបានរាយការណ៍ព័ត៌មានតាមអនឡាញពីទីតាំងអគារមួយកន្លែងនៅក្នុងក្រុងប៉ោយប៉ែត ដែលសង្ស័យថា ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងការប្រើប្រាស់ហិង្សាលើជនជាតិចិន។ ទីតាំងឆបោកអនឡាញនោះ ស្ថិតនៅខាងក្រោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ប្រមាណ ១០០ម៉ែត្រ ទៅ២០០ម៉ែត្រប៉ុណ្ណោះ។
សាលាដំបូងខេត្តបន្ទាយមានជ័យបានចោទប្រកាន់លោក ហែម វណ្ណា ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ«ស្តាប់ ឬថតពាក្យសំដីឯកជន»។
ទោះជាយ៉ាងណា នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លោកសោកស្តាយដែលរដ្ឋាភិបាលប្រើប្រាស់ច្បាប់ផ្ដន្ទាទោសលើអ្នកសារព័ត៌មាន ដែលបានបំពេញការងារតាមវិជ្ជាជីវៈ ហើយត្រូវបានយាយី គំរាមកំហែងការចាប់ដាក់ពន្ធនាគារ ដោយប្រព័ន្ធច្បាប់នៅកម្ពុជា។
លោក អំ សំអាត៖ «ករណីនេះហើយដែលអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន អង្គការ សមាគមសារព័ត៌មានជាតិ អន្តរជាតិសម្ដែងការព្រួយបារម្ភទាក់ទងការប្រើប្រាស់នូវក្រមព្រហ្មទណ្ឌ និងច្បាប់ផ្សេងៗដែលជាការដាក់ទោសទណ្ឌទៅលើអ្នកសារព័ត៌មានជាការរឹតត្បិតទៅលើលំហសេរីភាពសារព័ត៌មានដោយមិនបានអនុវត្តយកច្បាប់ស្ដីពីរបបសារព័ត៌មានមកអនុវត្តនោះ»។
កន្លងមក អង្គការសង្គមស៊ីវិលជាច្រើន ចាត់ទុកការចាប់ឃុំខ្លួនលោក ហែម វណ្ណា ជាការបំបិទសំឡេងរបស់អ្នកសារព័ត៌មាន ក្រោយពីអ្នកសារព័ត៌មានយ៉ាងហោចណាស់ចំនួន៥នាក់ហើយ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួន ដោយសារការផ្សព្វផ្សាយព័ត៌មានចាប់តាំងពីខែមករាមក។ ពួកគាត់បានស្នើឲ្យរដ្ឋាភិបាលគោរព និងផ្តល់សេរីភាពពេញលេញដល់អ្នកសារព័ត៌មានដើម្បីពួកគេអាចបំពេញមុខងារវិជ្ជាជីវៈដោយមិនមានការភ័យខ្លាច ការយាយី ការរឹតត្បិត និងការចាប់ដាក់ពន្ធនាគារជាដើម៕








