

ធនាគារ អេ.ភី.ឌី (APD Bank) របស់កូនប្រុសអតីតសមាជិកព្រឹទ្ធសភាបក្សកាន់អំណាច លោក ឡាវ ម៉េងឃីន បានប្រកាសបន្តបង្កកការដកលុយរបស់អតិថិជនជាថ្មី ដោយមិនកំណត់ពេលវេលាច្បាស់លាស់ឡើយ។ ធនាគារនេះ បញ្ជាក់ថា អតិថិជនអាចស្នើសុំដកប្រាក់បាន ប៉ុន្តែក្នុងចំនួនដែលត្រូវបានកំណត់ដោយធនាគារ និងត្រូវរង់ចាំការទាក់ទងពីភ្នាក់ងារធនាគារជាមុនសិន។
ក្រោយអាជ្ញាធរគ្មានចំណាត់ការផ្លូវច្បាប់លើសហប្រធានក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) លោក ហ៊ុន តូ ពាក់ព័ន្ធនឹងការបង្កកលុយអតិថិជនក្នុងគណនីធនាគារហួយវ័ន ពេលនេះធនាគាររបស់កូនអ្នកធំម្នាក់ទៀតហើយដែលប្រើស្ទីលបង្កកលុយអតិថិជនស្រដៀងនឹងក្រុមហ៊ុន ហួយវ័ន ដែរ។ នោះគឺ ធនាគារ អេ.ភី.ឌី (APD Bank) ដែលមានកូនប្រុសរបស់អតីតសមាជិកព្រឹទ្ធសភាបក្សកាន់អំណាច លោក ឡាវ ម៉េងឃីន គឺជាសហប្រធានមួយរូបដែរ។
ធនាគារ អេ.ភី.ឌី បានចេញសេចក្ដីជូនដំណឹងកាលពីយប់ថ្ងៃទី២៩ ខែកក្កដាថា ធនាគារនឹងបង្កកលុយអតិថិជន និងផ្អាកការទូទាត់ពាក់ព័ន្ធទាំងអស់ចាប់ពីថ្ងៃជូនដំណឹងតទៅ។ ទន្ទឹមនឹងនេះ ធនាគារក៏បានលុបចោលគោលការណ៍អនុញ្ញាតឱ្យដក ឬផ្ទេរលុយតាមប្រព័ន្ធបាគង (KHQR) ក្នុងទំហំ ៥០០ ដុល្លារក្នុងមួយថ្ងៃផងដែរ។
ធនាគារ អេ.ភី.ឌី បញ្ជាក់ថា ចាប់ពីថ្ងៃទី៣១ ខែកក្កដា អតិថិជនអាចដកប្រាក់បានរហូតដល់ ២ម៉ឺនដុល្លារ ប៉ុន្តែត្រូវរង់ចាំការទាក់ទងពីភ្នាក់ងារធនាគារជាមុនសិន ដើម្បីជៀសវាងភាពកកស្ទះ និងភាពច្របូកច្របល់នៅតាមសាខាធនាគារ។
ធនាគារពន្យល់ថា វិធានការនេះ ធ្វើឡើងក្នុងគោលបំណងជួសជុល និងថែទាំប្រព័ន្ធប្រតិបត្តិការ។ ការពន្យល់នេះ មានលក្ខណៈស្រដៀងនឹងការបកស្រាយរបស់ក្រុមហ៊ុន ហួយវ័ន របស់លោក ហ៊ុន តូ កាលពីពេលកន្លងទៅដែរ។ ប៉ុន្តែក្រោយមក ក្រុមហ៊ុន ហួយវ័ន ផេ បានបិទចំនួនទឹកលុយក្នុងគណនីមិនឱ្យអតិថិជនសូម្បីតែមើលឃើញក្នុងកម្មវិធីហួយវ័ន។
កាលពីខែមីនា ឆ្នាំ២០២៦ អតិថិជនជនជាតិខ្មែរ និងជនបរទេសជាច្រើននាក់ ធ្លាប់នាំគ្នាតម្រង់ជួរនៅសាខាធនាគារ អេ.ភី.ឌី ដើម្បីដកប្រាក់ម្ដងរួចមកហើយ បន្ទាប់ពីធនាគារប្រកាសបង្កកលុយ និងរឹតបន្តឹងការដកលុយអតិថិជន។ រហូតមកដល់ពេលនេះ អតិថិជនអះអាងថា លុយកម្លាំងញើសឈាមរបស់ពួកគាត់នៅតែបន្តជាប់គាំង និងមិនអាចដកបានពីធនាគារ អេភីឌី ដែលធ្វើឱ្យប៉ះពាល់ជីវភាពប្រចាំថ្ងៃ និងគ្មានលុយសម្រាប់បង្វិលដើមទុនលើរបរអាជីវកម្ម។
ក្រោយវិធានការថ្មីនេះក្រុមអតិថិជនធនាគារ អេ.ភី.ឌី ក៏បានបញ្ចេញប្រតិកម្មតាមបណ្ដាញសង្គមដោយទាមទារឱ្យធនាគារនេះសងលុយកម្លាំងញើសឈាមពួកគាត់ និងទាមទារឱ្យធនាគារជាតិកម្ពុជា រួមទាំងស្ថាប័នពាក់ព័ន្ធចេញមុខជួយអន្តរាគមន៍។ អតិថិជនមួយចំនួនទៀតក៏ស្នើឱ្យធនាគារ អេភីឌី ប្រកាសក្ស័យធនហើយធនាគារជាតិកម្ពុជាត្រូវចាត់ចែងឱ្យក្រុមហ៊ុនឯកជនជម្រះបញ្ជី ដើម្បីទូទាត់សងលុយពួកគាត់វិញ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យធនាគារ អេភីឌី និងទេសាភិបាលធនាគារជាតិកម្ពុជាអ្នកស្រី ជា សិរី ដើម្បីសាកសួរជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៣០ ខែកក្កដា។
ធនាគារ អេភីឌី (APD Bank) មានឈ្មោះជាផ្លូវការថា ធនាគារអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Development Bank) មានទីស្នាក់ការកណ្ដាលនៅរាជធានីភ្នំពេញ។ កូនប្រុសអតីតសមាជិកព្រឹទ្ធសភាលោក ឡាវ ម៉េងឃីន គឺលោក ឡាវ អៀវចុង (Lau Yao Zhong) គឺជាសហប្រធានមួយរូប និងមានភាគហ៊ុន ក្នុងធនាគារនេះ។
កូនប្រុសលោក ឡាវ ម៉េងឃីន ក៏មានកេរ្តិ៍ឈ្មោះអាស្រូវរកស៊ីបែបពុករលួយ និងកាប់ឈើលក់ខុសច្បាប់។ ក្រុមគ្រួសារ លោក ឡាវ ម៉េងឃីន និងប្រពន្ធរបស់លោកគឺអ្នកស្រី ជឹង សុភាព ហៅយាយភូ គឺជាអ្នកជំនួញដែលស្និទ្ធនឹងរដ្ឋាភិបាលត្រកូល ហ៊ុន និងមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងរកស៊ីបែបកេងប្រវ័ញ្ចប្លន់ដីធ្លីពលរដ្ឋ រំលោភសិទ្ធិមនុស្សជាប្រព័ន្ធ តាមរយៈការច្បាមយកដីធ្លី និងបណ្ដេញប្រជាពលរដ្ឋបឹងកក់រាប់ពាន់គ្រួសារដោយបង្ខំកាលពីអំឡុងឆ្នាំ២០០៨។
ក្រៅពីកូនប្រុសរបស់លោក ឡាវ ម៉េងឃីន ក៏មានអ្នកជំនួញខ្មែរដើមកំណើតចិនម្នាក់ទៀតគឺលោក វ៉ាង ដុង (Wang Dong) ជាស្ថាបនិក និងមានភាគហ៊ុនធំក្នុងធនាគារ អេភីឌី។ អ្នកជំនួញចិនរូបនេះមានជំនួញអាជីវកម្មទាំងនៅកម្ពុជា និងនៅក្រៅប្រទេសហើយទទួលបានសញ្ជាតិខ្មែរក្នុងអំឡុងឆ្នាំ ២០១០ និងមានឈ្មោះខ្មែរថា វង្ស ពេជ្រ។ ស្ថាបនិកធនាគារ អេភីឌី រូបនេះ ក៏មានទំនាក់ទំនងអាជីវកម្មជាមួយអ្នកជំនួញជនជាតិចិនដែលមានឥទ្ធិពលផ្សេងទៀតដូចជាលោក វ៉ាង យ៉ាវហួ (Wang Yaohui) ដែលធ្លាប់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយ និងលាងលុយកខ្វក់នៅក្នុងប្រទេសចិន។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មើលឃើញថា ការបកស្រាយរបស់ធនាគារអេភីឌី ខ្វះការពន្យល់ច្បាស់លាស់ដែលធ្វើឱ្យអតិថិជនបាត់បង់ទំនុកចិត្ត និងជ្រួលច្របល់នាំគ្នាសម្រុកដកលុយចេញពីធនាគារ។
លោក អំ សំអាត ជំរុញឱ្យធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិនិត្យមើលបញ្ហានេះ និងចាត់វិធានការផ្ដល់ដំណោះស្រាយឱ្យបានឆាប់រហ័ស ដើម្បីការពារផលប្រយោជន៍អតិថិជន និងទប់ស្កាត់បញ្ហាដែលអាចបង្កឱ្យមានការប្រមូលផ្តុំតវ៉ា ឬភាពតានតឹងណាមួយនៅពេលក្រោយ។
លោក អំ សំអាត៖ «ទាំងអស់នេះ គឺជាបទពិសោធន៍ គឺជាមេរៀនមួយសម្រាប់ទៅថ្ងៃក្រោយ មុននឹងការផ្ដល់អាជ្ញាប័ណ្ណក្រុមហ៊ុន ឬក៏វិនិយោគិនណាមួយ នៅក្នុងការបង្កើតនូវធនាគារណាមួយត្រូវតែមានលក្ខខណ្ឌ ការត្រួតពិនិត្យឱ្យបានច្បាស់លាស់ជាងមុន ដើម្បីជៀសវាងបង្កើតទៅហើយ ថ្ងៃក្រោយគឺជួបនឹងបញ្ហា ជាពិសេសនៅពេលដែលជួបបញ្ហាដូច ហួយវ័ន ផេ អី នៅពេលដែលដកអាជ្ញាប័ណ្ណវិញ ហើយប្រជាពលរដ្ឋខ្លះ គាត់អត់បានទទួលព័ត៌មានគ្រប់គ្រាន់។ អ៊ីចឹងការផ្ដល់ព័ត៌មានគ្រប់គ្រាន់ តម្លាភាព ជារឿងមួយសម្រាប់ទំនុកចិត្តផងដែរ»។
សេចក្ដីថ្លែងការណ៍របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលបានប្រកាសដាក់ទណ្ឌកម្មលើបណ្ដាញឆបោកតាមអនឡាញនៅអាស៊ីអាគ្នេយ៍ និងអ្នកជំនួញខ្មែរដើមកំណើតចិនគឺឧក្រិដ្ឋជន តុង លីឆឹង (Tong Lecheng) ព្រមទាំងក្រុមហ៊ុនពាក់ព័ន្ធចំនួន ៦ កាលពីខែកញ្ញា ឆ្នាំ២០២៥ បញ្ជាក់ថា នៅពេលបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញពង្រីកមជ្ឈមណ្ឌល ឬប្រតិបត្តិការឆបោករបស់ខ្លួនកាន់តែច្រើន ការបង្កើតធនាគារ ឬគ្រប់គ្រងស្ថាប័នហិរញ្ញវត្ថុ គឺជាមធ្យោបាយដ៏សំខាន់មួយសម្រាប់សម្រួលដល់ការលាងលុយកខ្វក់។
ក្រោយសហរដ្ឋអាមេរិកចាត់វិធានការដាក់ទណ្ឌកម្មទីប្រឹក្សារបស់លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គឺលោក ចេន ហ្ស៊ី (Chen Zhi) និងក្រុមហ៊ុន ព្រីនស៍គ្រុប (Prince Group) កាលពីខែតុលា ឆ្នាំ២០២៥ យ៉ាងហោចណាស់មានធនាគារ និងក្រុមហ៊ុនគ្រឹះស្ថានហិរញ្ញវត្ថុធំៗចំនួន ៤ នៅកម្ពុជាដែលកំពុងបង្កកលុយអតិថិជន។ ក្នុងនោះរួមមានការ ធនាគារព្រីនស៍ (Prince Bank) ធនាគារផេនដា (Panda Bank) ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) និងធនាគារ អេភីឌី (APD Bank)៕









