

យោធាថៃបានបន្តសាងសង់លេណដ្ឋាន និងផ្លូវយុទ្ធសាស្ត្រនៅតាមព្រំដែនកម្ពុជា និងក្នុងតំបន់ដែលថៃដណ្ដើមបានពីកម្ពុជា ដើម្បីបង្កើនសមត្ថភាពគ្រប់គ្រងក្នុងតំបន់ទាំងនេះ។ ក្រៅពីកសាងសំណង់ដើម្បីពង្រឹងកម្លាំងការពារតាមព្រំដែនហើយនោះ យោធាថៃបានសាងសង់សំណង់ជាច្រើនទៀត ដើម្បីអភិវឌ្ឍតំបន់អតីតសមរភូមិឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ពេញលេញ។
ទោះបីជាក្នុងរដូវវស្សាដែលពោរពេញដោយជំនន់ទឹកភ្លៀងក៏ដោយ យោធាថៃនៅតែបន្តសាងសង់ផ្លូវ និងសំណង់ផ្សេងៗនៅតាមបណ្ដោយព្រំដែន ជាពិសេសនៅក្នុងតំបន់ដែលយោធាថៃបានឈ្លានពានយកពីកម្ពុជា។
ផ្អែកតាមវីដេអូដែលក្រុមទាហានថៃបានចែករំលែកនៅលើបណ្ដាញសង្គមនាពេលថ្មីៗនេះ បានបង្ហាញពីសកម្មភាពក្រុមសាងសង់របស់ថៃ កំពុងស្ថាបនាផ្លូវយុទ្ធសាស្ត្រនៅតំបន់ភ្នំគោកធំ ក្នុងស្រុកណាំយឺន (Nam Yuen) ខេត្តឧប៊ុនរ៉ាចាថានី (Ubon Ratchathani) របស់ថៃ ដែលភ្ជាប់ពីតំបន់ភ្នំ៧៤៥ ស្ថិតក្នុងតំបន់មុំបី ទៅកាន់ភ្នំ៧៥៤ នៅតំបន់អានសេះ ដែលជាទីតាំងខ្ពស់ជាងគេនៅលើជួរភ្នំដងរែក និងជាទីតាំងដែលថៃកំពុងព្យាយាមរាយបន្លាលួសឈ្លានពានយកពីកម្ពុជា។
តាមការអះអាងរបស់យោធាថៃ ការសាងសង់ផ្លូវយុទ្ធសាស្ត្រនេះ គឺដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការយោធា ដូចជាដឹកជញ្ជូនសម្ភារៈយោធា និងចល័តកម្លាំងទ័ព ព្រោះនៅចន្លោះតំបន់ភ្នំ៧៤៥ និង៧៥៤ នេះ សម្បូរទៅដោយជ្រលងភ្នំ ដែលជាឧបសគ្គក្នុងការធ្វើដំណើរ និងមធ្យោបាយដឹកជញ្ជូន។
ទោះជាយ៉ាងណា ទាហានខ្មែរម្នាក់ដែលឈរជើងនៅតំបន់មុំបី បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា យោធាថៃបានសាងសង់ផ្លូវយុទ្ធសាស្ត្រនេះ គឺដើម្បីចូលកាន់កាប់តំបន់យុទ្ធសាស្ត្រខ្ពស់នៅក្នុងភូមិសាស្ត្រមុំបី រហូតដល់តំបន់មរកត ទឹកក្រហម និងអានសេះ។ ទាហានខ្មែរបញ្ជាក់ថា កន្លងទៅទាហានថៃបានចូលរាយបន្លាលួសចូលក្នុងទឹកដីកម្ពុជាជាច្រើនលើក ដើម្បីដណ្ដើមយកទីតាំងឈរជើងរបស់ទាហានខ្មែរ និងកាន់កាប់ទីតាំងខ្ពស់នៅលើជួរភ្នំដងរែកទាំងស្រុង ដោយសារនៅតំបន់ចន្លោះភ្នំ៧៤៥ និង៧៥៤ គឺមានទម្រង់កោងដូចក្រចកសេះ ដែលលយចូលមកខាងកម្ពុជា។
តាមការអះអាងរបស់ទាហានជំនាន់ចាស់រូបនេះ បានបញ្ជាក់បន្ថែមថា សព្វថ្ងៃនេះកងទ័ពខ្មែរនៅសល់កន្លែងឈរជើងតិចតួចប៉ុណ្ណោះនៅលើជួរភ្នំដងរែក ក្នុងតំបន់មុំបី ដោយសារភ្នំនេះមានសណ្ឋានជាច្រាំងចោត និងជ្រោះជ្រៅនៅប៉ែកខាងកម្ពុជា ខណៈនៅខាងទឹកដីថៃ ភ្នំនេះមានសណ្ឋានជាជម្រាល ហើយយោធាថៃកំពុងប្រើប្រាស់យុទ្ធសាស្ត្ររុញច្រានកងទ័ពខ្មែរឱ្យដល់ច្រាំងចោត ដើម្បីកាន់កាប់តំបន់ខ្ពស់នៅមុំបីនេះទាំងស្រុង។
ទាហានខ្មែរដដែលបន្តថា ប្រសិនបើយោធាថៃដណ្ដើមបានតំបន់ភ្នំ៧៤៥ និង៧៥៤ ទាំងស្រុងនោះ តំបន់មុំបី មរកត ក៏នឹងអាចបាត់បង់ទៅជាមួយដែរ ដោយសារទីតាំងចន្លោះភ្នំទាំងពីរ ដែលមានរាងដូចក្រចកសេះនេះ ប្រៀបដូចជាលេណដ្ឋានយក្ស ដែលអាចតាំងមូលដ្ឋានយោធា កាំភ្លើងធំ និងវាយប្រហារបានគ្រប់ទិសទី ចាប់ពីតំបន់មុំបី រហូតដល់តំបន់អានសេះទាំងមូល។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣០ ខែកក្កដា។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា សកម្មភាពរបស់យោធាថៃនឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ការដោះស្រាយវិវាទរឿងព្រំដែន ខណៈយោធាថៃបានឆ្លៀតឱកាសក្នុងពេលដែលការចរចាកំពុងតែជាប់គាំង ដើម្បីបន្តឈ្លានពានក្នុងទឹកដីកម្ពុជា និងយកប្រៀបលើកម្លាំងយោធា។ លោកបន្តថា ការបណ្ដោយឱ្យថៃសាងសង់សំណង់នៅតាមព្រំដែនបែបនេះ ក៏ជាការឆ្លុះបញ្ចាំងពីភាពទន់ខ្សោយរបស់អ្នកដឹកនាំកម្ពុជា ក្នុងការការពារបូរណភាពទឹកដីផងដែរ។
លោក ម៉ែន ណាត៖ «គឺជាអសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលមិនទទួលខុសត្រូវពេញលេញក្នុងការការពារជាតិទឹកដី និងដែលបង្ហាញឲ្យឃើញពីកម្សោយភាព ខ្វះការទទួលខុសត្រូវ ក្នុងការការពារជាតិទឹកដី ប្រែទៅជាពង្រឹងអំណាច បង្ហាញសាច់ដុំ បង្ក្រាបខ្មែរគ្នាឯង។ ស្រឡាញ់តែអំណាច ជាងស្រឡាញ់ជាតិទឹកដី។ តែសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល ប្រទេសកម្ពុជាទាំងមូល គឺទទួលការប្រមាថពីថៃមិនឈប់ឈរ»។
ក្រៅពីតំបន់មុំបី និងអានសេះ យោធាថៃបានសាងសង់ផ្លូវយុទ្ធសាស្ត្រជាច្រើនខ្សែទៀត នៅតំបន់លើភ្នំដងរែក និងតាមព្រំដែន រួមទាំងទីតាំងដែលយោធាថៃឈ្លានពានបានពីកម្ពុជា ដោយយោធាថៃបានប្រើប្រាស់រូបភាពសាងសង់ក្នុងទម្រង់មូលនិធិ ដើម្បីអភិវឌ្ឍនៅតាមព្រំដែន និងមានការចូលរួមពីព្រះសង្ឃ និងពលរដ្ឋថៃ។
ចំណែកនៅតំបន់អតីតសមរភូមិមួយចំនួន ដូចជា ប្រាសាទតាក្របី ភ្នំ៣៥០ ភ្នំទ្រព្យ ភ្នំ៥០០ និងប្រាសាទខ្នារ ជាដើម យោធាថៃបានអភិវឌ្ឍតំបន់ទាំងនេះ ក្លាយជារមណីយដ្ឋានទេសចរណ៍ពេញលេញមួយទៅហើយ ដោយមានពលរដ្ឋថៃមកទស្សនាជាបន្តបន្ទាប់ឥតដាច់។
ស្របពេលដែលយោធាថៃបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នៅតាមព្រំដែនកម្ពុជានោះ ភាគីថៃបានប្រកាសបិទផ្លូវចរចាដែនគោកជាមួយកម្ពុជា ដោយមិនកំណត់រយៈពេលនោះឡើយ បន្ទាប់ពីភាគីថៃ បានបង្ហាញការមិនពេញចិត្តក្រោយពេលរដ្ឋាភិបាលកម្ពុជា ប្រកាសប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ដើម្បីចរចាដែនសមុទ្រជាមួយថៃ៕








