អ្នកឃ្លាំមើល​ថា ការអនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ​លើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​លែង​មាន​ជំនឿ​ចិត្ត​

0
101
កូនស្រីឧកញ៉ា ឈ្មោះ សាម ម៉ីជូ ដែលជាជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បើកឡាន​បុកមនុស្សស្លាប់ ពេលបង្ហាញខ្លួននៅស្នងការនគរបាល​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ កក្កដា ២០២៦។ រូប៖ បណ្ដាញសង្គម
កូនស្រីឧកញ៉ា ឈ្មោះ សាម ម៉ីជូ ដែលជាជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បើកឡាន​បុកមនុស្សស្លាប់ ពេលបង្ហាញខ្លួននៅស្នងការនគរបាល​រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ កក្កដា ២០២៦។ រូប៖ បណ្ដាញសង្គម

អ្នកឃ្លាំមើល​លើកឡើង​ថា ការអនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ​លើករ​ណី​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ ពី​សំណាក់​អាជ្ញាធរ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ លែង​សូវ​មាន​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ។ ពួកគាត់​ថា ជាច្រើន​ករណី​ហើយ ដែល​គ្រួសារ​ឧកញ៉ា និង​អ្នក​មាន​អំណាច​មួយចំនួន​បើកបរ​រថយន្ត​មិន​គោរព​ច្បាប់​ចរាចរណ៍​បាន​បុក​មនុស្ស​បណ្តាល​ឱ្យ​ស្លាប់ រួច​រត់​គេច​ខ្លួន ហើយ​អាជ្ញាធរ ក៏​ហាក់​ពុំបាន​បើក​ការស៊ើបអង្កេត និង​ចាប់​ជន​បង្ក​ទាំងនោះ មក​ផ្ដន្ទាទោស ឱ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​និង​ទាន់​ពេល​វេលា​នោះ​ទេ។

ថ្មីៗ​នេះ មានការ​ជជែក​វែកញែក​គ្នា ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម ករណី​កូនស្រី​ឧកញ៉ា​ម្នា​ក់បាន​បើករថយន្ត​ទំនើប ទៅបុក​ម៉ូតូ​មួយ​គ្រឿង បណ្ដាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​ទៅ​នឹង​កន្លែង រួច​ហើយក៏​រត់​គេចខ្លួន​បាត់ ដោយ​ក្រោយ​ហេតុការណ៍​នោះ មាន មតិ​ជាច្រើន​រិះគន់​ប្រព័ន្ធ​តុលាការ និង​ជន​បង្ក ព្រោះតែ​មហាជន ហាក់​គ្មាន​សង្ឃឹមថា ជន​បង្ក​នឹង​ទទួលទោស​ទណ្ឌ តាមផ្លូវ​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​នោះ​ទេ ដោយ​សំអាង​ហេតុផល​ថា ជន​បង្ក​នោះ​គឺជា​កូន​ឧកញ៉ា។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៣១ ខែកក្កដា​ថា ការ​ខ្វះ​ជំនឿ​ចិត្ត​របស់​ពលរដ្ឋ​លើ​ការអនុវត្ត​ច្បាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​កូន​អ្នក​មាន​អំណាច ឬ​អ្នកមាន​ទ្រព្យធន គឺ​បណ្ដាលមកពី​បទ​ពិសោធន៍​ផ្ទួនៗ​គ្នា​នា​ពេល​កន្លងមក​។ លោក​សង្កេត​ឃើញ​ថា កត្តា​ចម្បង​ដែល​ធ្វើ​ឱ្យ​មាន​មតិ​រិះគន់​លើ​ចាត់ការ​របស់​អាជ្ញាធរ ដោយសារតែ​គេ​មើលឃើញ​ពី​ស្តង់ដារ​ពីរ​ក្នុង​ការ​អនុវត្ត​ច្បាប់ តាមផ្លូវ​តុលាការ និង​ការ​ដោះលែង​ជន​បង្ក​ឱ្យ​មាន​សេរីភាព​វិញ​ដោយ​ស្ងាត់ៗ​បន្ទាប់ពី​ព្រឹត្តិការណ៍​បាន​ស្ងប់ស្ងាត់។

លើស​ពី​នេះ​លោក​យល់ឃើញ​ថា ប្រព័ន្ធយុត្តិធម៌​អាច​ត្រូវ​បាន​កែប្រែ​ដោយសារ​អំណាច​ទឹកប្រាក់ ការ​អន្តរាគមន៍​ផ្នែក​នយោបាយ និង​អំពើពុករលួយ​របស់​អ្នក​ទទួល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទុក​សំណុំរឿង ដែល​ករណីនេះ រឹតតែ​ធ្វើ ឱ្យ​មហាជន​បាត់បង់​ទំនុក​ចិត្តជា​លំដាប់​។ លោក​អះអាង ថា​ដើម្បី​ស្ដារ និង​កសាង​ជំនឿ​ចិត្ត​របស់​ពលរដ្ឋ​ឡើងវិញ រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវតែ​បង្ហាញ​ឆន្ទៈ​នយោបាយ​ដ៏​រឹងមាំ​តាមរយៈ​ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា ចំពោះ​គ្រប់​បុគ្គល​ទាំងអស់​ដោយ​គ្មាន​ការលើកលែង ឬ​យោគយល់​ចំពោះ​ឋានៈ និង​ខ្នងបង្អែក​នោះ​ទេ។

លោក សេង វណ្ណលី៖ «សមត្ថកិច្ច និង​ប្រព័ន្ធ​តុលាការ​ត្រូវតែ​ជំរុញ​ឱ្យ​មាន​តម្លា​ភាពជា​សាធារណៈ ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​លម្អិត និង​ទាន់​ហេតុការណ៍​អំពី​ចំណាត់ការ​ផ្លូវច្បាប់ ចាប់តាំងពី​វគ្គ​ស៊ើបអង្កេត ការ​ឃុំខ្លួន ការ​កាត់ទោស រហូតដល់​ការអនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ​។ ការ​ពង្រឹង​យន្តការ​ទប់ស្កាត់​អំពើពុករលួយ និង​ការ​ដាក់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​លើ​មន្ត្រី​អាជ្ញាធរ ឬ​ក្រុម​អ្នក​ច្បាប់​ណា​ដែល​ទទួល​សំណូក ឬ​ធ្វើ​អន្តរាគមន៍​ជួយ​សម្រួល​ដល់​ជន​បង្ក ក៏​ជា​កត្តាចាំបាច់​បំផុត​ក្នុង​ការ​ធានា​ថា យុត្តិធម៌​ពិតប្រាកដ​ត្រូវ​បាន​ផ្ដល់​ជូន​ជនរងគ្រោះ និង​គ្រួសារ ដោយ​មិនមែន​ត្រឹមតែ​ជា​ការ​សម្ដែង​ទិដ្ឋភាព​ខាងក្រៅ​ដើម្បី​បន្ធូរបន្ថយ​កំហឹង​មហាជន​មួយ​គ្រា​នោះ​ទេ»។

ការ​លើកឡើង​នេះ ក្រោយពី​មាន មហាជន​ជាច្រើន បាន​នាំគ្នា​បញ្ចេញមតិ​រិះគន់​យ៉ាង​ខ្លាំង​ជុំវិញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ កើតឡើង​នៅមុខ​ផ្សារ​ទំនើប​អ៊ី​អន​២ ផ្លូវ​១០០៣ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​២៨ ខែកក្កដា​។ នៅក្នុង​ហេតុការណ៍​នោះ គេ​ឃើញ​មាន ស្ត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់ ឈ្មោះ សាម មីជូ អាយុ​២៧​ឆ្នាំ ដែល​ជា​កូនស្រី របស់​ឧកញ៉ា តុង ហុកសេង ត្រូវ​បាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​ថា គ្មាន​សីលធម៌ មាន​ចរិត​សាហាវ និង អាង​អំណាច​របស់​គ្រួសារ ព្រោះ​នៅពេល​បើកឡាន​បុក​បុរស​ម្នាក់​ឈ្មោះ លោក គួច លឹម​ហាន អាយុ ៣៥​ឆ្នាំ ឱ្យ​ដេក​ស្លាប់ បែរ​គ្មាន​ការ​អាណិតអាសូរ រួច​រត់គេច​ខ្លួន​ធ្វើ​ព្រងើយ។

ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បាន​ប្រដូច​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ទៅ នឹង​ករណី​ជាច្រើន​ទៀត ដែល​បង្កឡើង​ដោយ កូន​អ្នកធំ និង​អ្នក​មាន​អំណាច​មួយ​ចំនួន នៅពេល​បើករថយន្ត បុក​មនុស្ស​ស្លាប់​ហើយ គឺ​តែងតែ​ឃើញ រត់គេច​ខ្លួន ហើយ​អ្នក​ទាំងនោះ មិន​ត្រូវ​បាន​ចាប់​មក​ផ្ដន្ទាទោស ឱ្យ​បាន​តឹងរ៉ឹង និង​ប្រកបដោយ​តម្លាភាព​នោះ​ទេ ខណៈ​ជន​បង្ក​ខ្លះ បាន​ចំណាយ​ទឹក​លុយ ៣ ទៅ​៤​ពាន់ ដុល្លារ ឲ្យ​គ្រួសារ​ជនរងគ្រោះ ជា​ផ្នូរ នឹង​ការ​បញ្ចប់​បញ្ហា។

ទោះជា​យ៉ាងណា ក្រោយពី​មានការ​រិះគន់​ខ្លាំង​ពី​សំណាក់​មហាជន មក​លើ​ចំណាត់ការ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ថា ហាក់​មាន​ភាព​យឺតយ៉ាវ និង​គ្មាន​ឆន្ទៈ​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​ជនរងគ្រោះ​នោះ នៅ​ថ្ងៃទី ២៩ ខែកក្កដា ស្នងការ​នគរបាល​រាជធានី ភ្នំពេញ លោក ជួន ណារិន្ទ បាន​បង្ហោះ​សារ​លើ​នៅ​លើ​ហ្វេសប៊ុក​ដោយ​ស្នើ​ឱ្យ​ជន​បង្ក​ចូលខ្លួន​សារភាព​កំហុស។

ក្រោយ​មក​ទៀត នៅ​ថ្ងៃទី​៣០ ខែ​កក្កដា គ្រួសារ​ជន​បង្ក ក៏បាន​នាំ​កូនស្រី ឈ្មោះ សាម មីជូ មកកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​នគរបាល​សាកសួរ​និង​កសាង​សំណុំរឿង​។ បើ​តាម​សារព័ត៌មាន​ក្នុងស្រុក គិត​ត្រឹម​រសៀល​ថ្ងៃទី​៣១​ខែកក្កដា សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បញ្ជូន ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ។ ទោះជា​យ៉ាងណា គេ​នៅ​ពុំ​ទាន់​ដឹង​ថា​តើ តុលាការ​នឹង​សម្រេច ចោទប្រកាន់ ជន​បង្ក​បែប​ណា​ខ្លះ​នៅ​ឡើយ​ទេ។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង អ្នកនាំពាក្យ សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​ឆ្លើយតប​ជុំវិញ​រឿងនេះ​បានទេ នៅ​ថ្ងៃទី​៣១ ខែកក្កដា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​លោកនាយក​រដ្ឋមន្ត្រី កាលពី​ចុងឆ្នាំ​២០២៥​ធ្លាប់​បាន​ទទួលស្គាល់​ថា មាន​ពលរដ្ឋ​ជាច្រើន ពុំ​សូវ​មាន​ជំនឿ​ចិត្ត​លើ​មន្ត្រី​អនុវត្ត​ច្បាប់​នោះ​ទេ ដោយសារតែ​ការអនុវត្ត​ច្បាប់​កន្លងមក គ្មាន​ភាពស្មើគ្នា​រវាង​អ្នកមាន​លុយ​មានអំណាច និង​ពលរដ្ឋ​ក្រីក្រ​។ ទន្ទឹមគ្នា​នោះ លោក​ស្នើ​ឱ្យ​ពលរដ្ឋ​ជឿជាក់​មក​លើ​មន្ត្រី​អនុវត្ត​ច្បាប់​ឡើងវិញ ហើយ​លោក​ប្ដេជ្ញា​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ត្រូវតែ​អនុវត្ត​ដោយ​ស្នើៗ​គ្នា មិន​ថា​អ្នកណា​ក៏ដោយ​ឱ្យ​តែ​ប្រព្រឹត្ត​ខុសច្បាប់។

លោក ហ៊ុន ម៉ាណែត៖ «​រឿង​សង ដោះស្រាយ​ផល​ប៉ះពាល់​គោលនយោបាយ ទៅ​ជនរងគ្រោះ​ត្រូវតែ​ធ្វើ ប៉ុន្តែ​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ក៏​ត្រូវតែ​ត្រូវធ្វើ អត់​មាន​យោគយល់​នោះ​ទេ សូម​បញ្ជាក់​ប៉ុណ្ណេះ​។ ហើយ​សូម​ឲ្យ​បងប្អូន​ឈប់​បារម្ភ ហើយ​ឈប់​បង្ហាញ​នូវ​ការ​មិន​ទុកចិត្ត​ទៅលើ​អាជ្ញាធរ​របស់​យើង ទៅលើ​ប្រព័ន្ធ​ច្បាប់​របស់​យើង​។ យើង​បាន​ដាក់​បទបញ្ជា​ច្បាស់លាស់​ហើយ ហើយ​រឿង​កិច្ចការ​ទាំងអស់​នេះ ជាពិសេស​ទាក់ទង​រឿង​បុក​ស្លាប់ គឺ​នាយករដ្ឋមន្ត្រី​តាមដាន​ផ្ទាល់​តែម្តង​។ តុលាការ និង​សមត្ថកិច្ច ក្រសួងមហាផ្ទៃ បានដឹង​ច្បាស់​ហើយ»។

បើទោះពីជា លោក ហ៊ុន ម៉ាណែត ធ្លាប់​អះអាង​បែបនេះ​ក្ដី សកម្មភាព​អនុវត្ត​ច្បាប់​ជាក់ស្ដែង នៅតែ​ត្រូវ​បាន​ពលរដ្ឋ​មើល​ឃើញ​ថា គ្មាន​យុត្តិធម៌ និង​តម្លាភាព​ឡើយ ខណៈ​ដែល​សំណុំរឿង​ចាស់ៗ ត្រូវ​បាន​មន្ត្រី​ពាក់ព័ន្ធ​បំភ្លេច​ចោល ដោយ​គ្មាន​បើក​ការ​ស៊ើប​ឡើងវិញ ដើម្បី​ស្វែងរក​យុត្តិធម៌ ជូន​គ្រួសារ​ជនរងគ្រោះ​នោះ​ឡើយ ដូចជា​ករណី ក​គ្រោះថ្នាក់​ចរាចរណ៍ នៅ​លើ​ស្ពាន​ជ្រោយចង្វា បណ្ដាល​ឱ្យ​មនុស្ស ៣​នាក់ រង​របួស​ធ្ងន់ និង​ទារក​អាយុ ២​ខែ​ម្នាក់​ស្លាប់ និង ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​កីឡាករ​វាយ​សី​ដ៏​ឆ្នើម របស់​កម្ពុជា បណ្ដាល​ឱ្យ​ស្លាប់​កាលពី​ឆ្នាំ​២០២៣​។ ទន្ទឹមគ្នា​នោះ ក្រោយពី​ហេតុ​បាន​កើត​ឡើង ជន​បង្ក​តែងតែ រត់​គេចខ្លួន​បាត់​ដំណឹង​សូន្យ ហើយ​អាជ្ញាធរ បាន​ត្រឹមតែ​អំពាវនាវ​ឱ្យ​ជន​បង្ក​ចូលខ្លួន​សារភាព​កំហុស​ដោយ​គ្មាន​ចំណាត់ការ​ប្រកបដោយ​តម្លាភាព និង​ការទទួលខុសត្រូវ​ខ្ពស់​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ