

អ្នកឃ្លាំមើលលើកឡើងថា ការអនុវត្តច្បាប់មានស្តង់ដារពីរលើករណីគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ពីសំណាក់អាជ្ញាធរ បានធ្វើឱ្យពលរដ្ឋ លែងសូវមានជំនឿចិត្តលើប្រព័ន្ធតុលាការ។ ពួកគាត់ថា ជាច្រើនករណីហើយ ដែលគ្រួសារឧកញ៉ា និងអ្នកមានអំណាចមួយចំនួនបើកបររថយន្តមិនគោរពច្បាប់ចរាចរណ៍បានបុកមនុស្សបណ្តាលឱ្យស្លាប់ រួចរត់គេចខ្លួន ហើយអាជ្ញាធរ ក៏ហាក់ពុំបានបើកការស៊ើបអង្កេត និងចាប់ជនបង្កទាំងនោះ មកផ្ដន្ទាទោស ឱ្យបានត្រឹមត្រូវតាមច្បាប់និងទាន់ពេលវេលានោះទេ។
ថ្មីៗនេះ មានការជជែកវែកញែកគ្នា ជាច្រើននៅលើបណ្ដាញសង្គម ករណីកូនស្រីឧកញ៉ាម្នាក់បានបើករថយន្តទំនើប ទៅបុកម៉ូតូមួយគ្រឿង បណ្ដាលឱ្យបុរសម្នាក់ស្លាប់ទៅនឹងកន្លែង រួចហើយក៏រត់គេចខ្លួនបាត់ ដោយក្រោយហេតុការណ៍នោះ មាន មតិជាច្រើនរិះគន់ប្រព័ន្ធតុលាការ និងជនបង្ក ព្រោះតែមហាជន ហាក់គ្មានសង្ឃឹមថា ជនបង្កនឹងទទួលទោសទណ្ឌ តាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងនោះទេ ដោយសំអាងហេតុផលថា ជនបង្កនោះគឺជាកូនឧកញ៉ា។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៣១ ខែកក្កដាថា ការខ្វះជំនឿចិត្តរបស់ពលរដ្ឋលើការអនុវត្តច្បាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយកូនអ្នកមានអំណាច ឬអ្នកមានទ្រព្យធន គឺបណ្ដាលមកពីបទពិសោធន៍ផ្ទួនៗគ្នានាពេលកន្លងមក។ លោកសង្កេតឃើញថា កត្តាចម្បងដែលធ្វើឱ្យមានមតិរិះគន់លើចាត់ការរបស់អាជ្ញាធរ ដោយសារតែគេមើលឃើញពីស្តង់ដារពីរក្នុងការអនុវត្តច្បាប់ តាមផ្លូវតុលាការ និងការដោះលែងជនបង្កឱ្យមានសេរីភាពវិញដោយស្ងាត់ៗបន្ទាប់ពីព្រឹត្តិការណ៍បានស្ងប់ស្ងាត់។
លើសពីនេះលោកយល់ឃើញថា ប្រព័ន្ធយុត្តិធម៌អាចត្រូវបានកែប្រែដោយសារអំណាចទឹកប្រាក់ ការអន្តរាគមន៍ផ្នែកនយោបាយ និងអំពើពុករលួយរបស់អ្នកទទួលបន្ទុកសំណុំរឿង ដែលករណីនេះ រឹតតែធ្វើ ឱ្យមហាជនបាត់បង់ទំនុកចិត្តជាលំដាប់។ លោកអះអាង ថាដើម្បីស្ដារ និងកសាងជំនឿចិត្តរបស់ពលរដ្ឋឡើងវិញ រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធត្រូវតែបង្ហាញឆន្ទៈនយោបាយដ៏រឹងមាំតាមរយៈការអនុវត្តច្បាប់ដោយស្មើភាពគ្នា ចំពោះគ្រប់បុគ្គលទាំងអស់ដោយគ្មានការលើកលែង ឬយោគយល់ចំពោះឋានៈ និងខ្នងបង្អែកនោះទេ។
លោក សេង វណ្ណលី៖ «សមត្ថកិច្ច និងប្រព័ន្ធតុលាការត្រូវតែជំរុញឱ្យមានតម្លាភាពជាសាធារណៈ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានលម្អិត និងទាន់ហេតុការណ៍អំពីចំណាត់ការផ្លូវច្បាប់ ចាប់តាំងពីវគ្គស៊ើបអង្កេត ការឃុំខ្លួន ការកាត់ទោស រហូតដល់ការអនុវត្តទោសនៅក្នុងពន្ធនាគារ។ ការពង្រឹងយន្តការទប់ស្កាត់អំពើពុករលួយ និងការដាក់ទោសទណ្ឌធ្ងន់ធ្ងរលើមន្ត្រីអាជ្ញាធរ ឬក្រុមអ្នកច្បាប់ណាដែលទទួលសំណូក ឬធ្វើអន្តរាគមន៍ជួយសម្រួលដល់ជនបង្ក ក៏ជាកត្តាចាំបាច់បំផុតក្នុងការធានាថា យុត្តិធម៌ពិតប្រាកដត្រូវបានផ្ដល់ជូនជនរងគ្រោះ និងគ្រួសារ ដោយមិនមែនត្រឹមតែជាការសម្ដែងទិដ្ឋភាពខាងក្រៅដើម្បីបន្ធូរបន្ថយកំហឹងមហាជនមួយគ្រានោះទេ»។
ការលើកឡើងនេះ ក្រោយពីមាន មហាជនជាច្រើន បាននាំគ្នាបញ្ចេញមតិរិះគន់យ៉ាងខ្លាំងជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ កើតឡើងនៅមុខផ្សារទំនើបអ៊ីអន២ ផ្លូវ១០០៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា។ នៅក្នុងហេតុការណ៍នោះ គេឃើញមាន ស្ត្រីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ សាម មីជូ អាយុ២៧ឆ្នាំ ដែលជាកូនស្រី របស់ឧកញ៉ា តុង ហុកសេង ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមរិះគន់ថា គ្មានសីលធម៌ មានចរិតសាហាវ និង អាងអំណាចរបស់គ្រួសារ ព្រោះនៅពេលបើកឡានបុកបុរសម្នាក់ឈ្មោះ លោក គួច លឹមហាន អាយុ ៣៥ឆ្នាំ ឱ្យដេកស្លាប់ បែរគ្មានការអាណិតអាសូរ រួចរត់គេចខ្លួនធ្វើព្រងើយ។
ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានប្រដូចករណីគ្រោះថ្នាក់ចរាចរណ៍នេះ ទៅ នឹងករណីជាច្រើនទៀត ដែលបង្កឡើងដោយ កូនអ្នកធំ និងអ្នកមានអំណាចមួយចំនួន នៅពេលបើករថយន្ត បុកមនុស្សស្លាប់ហើយ គឺតែងតែឃើញ រត់គេចខ្លួន ហើយអ្នកទាំងនោះ មិនត្រូវបានចាប់មកផ្ដន្ទាទោស ឱ្យបានតឹងរ៉ឹង និងប្រកបដោយតម្លាភាពនោះទេ ខណៈជនបង្កខ្លះ បានចំណាយទឹកលុយ ៣ ទៅ៤ពាន់ ដុល្លារ ឲ្យគ្រួសារជនរងគ្រោះ ជាផ្នូរ នឹងការបញ្ចប់បញ្ហា។
ទោះជាយ៉ាងណា ក្រោយពីមានការរិះគន់ខ្លាំងពីសំណាក់មហាជន មកលើចំណាត់ការរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ថា ហាក់មានភាពយឺតយ៉ាវ និងគ្មានឆន្ទៈដើម្បីស្វែងរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះនោះ នៅថ្ងៃទី ២៩ ខែកក្កដា ស្នងការនគរបាលរាជធានី ភ្នំពេញ លោក ជួន ណារិន្ទ បានបង្ហោះសារលើនៅលើហ្វេសប៊ុកដោយស្នើឱ្យជនបង្កចូលខ្លួនសារភាពកំហុស។
ក្រោយមកទៀត នៅថ្ងៃទី៣០ ខែកក្កដា គ្រួសារជនបង្ក ក៏បាននាំកូនស្រី ឈ្មោះ សាម មីជូ មកកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យនគរបាលសាកសួរនិងកសាងសំណុំរឿង។ បើតាមសារព័ត៌មានក្នុងស្រុក គិតត្រឹមរសៀលថ្ងៃទី៣១ខែកក្កដា សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះ បានបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ។ ទោះជាយ៉ាងណា គេនៅពុំទាន់ដឹងថាតើ តុលាការនឹងសម្រេច ចោទប្រកាន់ ជនបង្កបែបណាខ្លះនៅឡើយទេ។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទង អ្នកនាំពាក្យ សាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣១ ខែកក្កដា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះលោកនាយករដ្ឋមន្ត្រី កាលពីចុងឆ្នាំ២០២៥ធ្លាប់បានទទួលស្គាល់ថា មានពលរដ្ឋជាច្រើន ពុំសូវមានជំនឿចិត្តលើមន្ត្រីអនុវត្តច្បាប់នោះទេ ដោយសារតែការអនុវត្តច្បាប់កន្លងមក គ្មានភាពស្មើគ្នារវាងអ្នកមានលុយមានអំណាច និងពលរដ្ឋក្រីក្រ។ ទន្ទឹមគ្នានោះ លោកស្នើឱ្យពលរដ្ឋជឿជាក់មកលើមន្ត្រីអនុវត្តច្បាប់ឡើងវិញ ហើយលោកប្ដេជ្ញាឱ្យមន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវតែអនុវត្តដោយស្នើៗគ្នា មិនថាអ្នកណាក៏ដោយឱ្យតែប្រព្រឹត្តខុសច្បាប់។
លោក ហ៊ុន ម៉ាណែត៖ «រឿងសង ដោះស្រាយផលប៉ះពាល់គោលនយោបាយ ទៅជនរងគ្រោះត្រូវតែធ្វើ ប៉ុន្តែការទទួលខុសត្រូវចំពោះមុខច្បាប់ ក៏ត្រូវតែត្រូវធ្វើ អត់មានយោគយល់នោះទេ សូមបញ្ជាក់ប៉ុណ្ណេះ។ ហើយសូមឲ្យបងប្អូនឈប់បារម្ភ ហើយឈប់បង្ហាញនូវការមិនទុកចិត្តទៅលើអាជ្ញាធររបស់យើង ទៅលើប្រព័ន្ធច្បាប់របស់យើង។ យើងបានដាក់បទបញ្ជាច្បាស់លាស់ហើយ ហើយរឿងកិច្ចការទាំងអស់នេះ ជាពិសេសទាក់ទងរឿងបុកស្លាប់ គឺនាយករដ្ឋមន្ត្រីតាមដានផ្ទាល់តែម្តង។ តុលាការ និងសមត្ថកិច្ច ក្រសួងមហាផ្ទៃ បានដឹងច្បាស់ហើយ»។
បើទោះពីជា លោក ហ៊ុន ម៉ាណែត ធ្លាប់អះអាងបែបនេះក្ដី សកម្មភាពអនុវត្តច្បាប់ជាក់ស្ដែង នៅតែត្រូវបានពលរដ្ឋមើលឃើញថា គ្មានយុត្តិធម៌ និងតម្លាភាពឡើយ ខណៈដែលសំណុំរឿងចាស់ៗ ត្រូវបានមន្ត្រីពាក់ព័ន្ធបំភ្លេចចោល ដោយគ្មានបើកការស៊ើបឡើងវិញ ដើម្បីស្វែងរកយុត្តិធម៌ ជូនគ្រួសារជនរងគ្រោះនោះឡើយ ដូចជាករណី កគ្រោះថ្នាក់ចរាចរណ៍ នៅលើស្ពានជ្រោយចង្វា បណ្ដាលឱ្យមនុស្ស ៣នាក់ រងរបួសធ្ងន់ និងទារកអាយុ ២ខែម្នាក់ស្លាប់ និង ករណីគ្រោះថ្នាក់ចរាចរណ៍បុកកីឡាករវាយសីដ៏ឆ្នើម របស់កម្ពុជា បណ្ដាលឱ្យស្លាប់កាលពីឆ្នាំ២០២៣។ ទន្ទឹមគ្នានោះ ក្រោយពីហេតុបានកើតឡើង ជនបង្កតែងតែ រត់គេចខ្លួនបាត់ដំណឹងសូន្យ ហើយអាជ្ញាធរ បានត្រឹមតែអំពាវនាវឱ្យជនបង្កចូលខ្លួនសារភាពកំហុសដោយគ្មានចំណាត់ការប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់នោះឡើយ៕









