

ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ស្នើសុំឲ្យឯកអគ្គរាជទូតអូស្ត្រាលី ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឲ្យស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។ ការស្នើសុំបែបនេះ គឺធ្វើឡើងក្នុងពេលលោក រ៉ុង ឈុន ដឹកនាំសហការីរបស់លោកចូលជួបប្រជុំជាមួយឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៥ វិច្ឆិកា។
បញ្ហានៃការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា គឺជាប្រធានបទសំខាន់នៅក្នុងជំនួបរវាងទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន និងឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាលោក ឌីរ៉េក យីប (Derek Yip)។
លោក រ៉ុង ឈុន ប្រាប់ទូរទស្សន៍អាស៊ីសេរីថា លោកបានស្នើសុំទៅឯកអគ្គរាជទូតអូស្ត្រាលីឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឲ្យបើកលំហសេរីភាពនយោបាយ សេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងលុបចោលសាលក្រមផ្ដន្ទាទោសលើរូបលោក ព្រមទាំងដោះលែងអ្នកជាប់ឃុំដោយសារការប្រើប្រាស់សិទ្ធិស្របច្បាប់របស់ខ្លួន។ ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះ បញ្ជាក់ថា ការស្នើសុំរបស់លោកបែបនេះ ដើម្បីធ្វើឲ្យបរិយាកាសនៃការបោះឆ្នោតអាណត្តិខាងមុខប្រកបដោយសេរី និងយុត្តិធម៌ ត្រឹមត្រូវ។
លោក រ៉ុង ឈុន៖ «ខាងស្ថានទូត គាត់បញ្ជាក់ជំហរថា គាត់នៅតែយកចិត្តទុកដាក់ចំពោះស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា។ គាត់ចង់ឃើញកម្ពុជា ស្ដារប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស»។
ថ្មីៗនេះ លោក រ៉ុង ឈុន ក៏បានជួបតំណាងស្ថានទូតជប៉ុន (Japan) តំណាងស្ថានទូតសហភាពអឺរ៉ុប (EU) និងតំណាងសហរដ្ឋអាមេរិក(USA) ដោយបានលើកឡើងអំពីក្តីបារម្ភដូចគ្នានេះ។ ការស្វះស្វែងរកកិច្ចអន្តរាគមន៍ពីស្ថានទូតប្រទេសប្រជាធិបតេយ្យនេះ ធ្វើឡើងក្នុងពេលដែលលោក រ៉ុង ឈុន កំពុងរងសម្ពាធពីតុលាការនៃរបបក្រុងភ្នំពេញ។ លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភាចេញសាលក្រមផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំ ពិន័យជាប្រាក់៤លានរៀល និងដកហូតសិទ្ធិធ្វើនយោបាយមួយជីវិត ក្រោមបទចោទប្រកាន់ «ញុះញង់បង្កភាពវឹកវរក្នុងសង្គម និងពីបទមិនរាងចាល»។ ទោសទណ្ឌនេះ ដោយសារលោកបញ្ចេញមតិរឿងព្រំដែនកម្ពុជា និងវៀតណាម។
ទាក់ទិនរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក ជា ធីរិទ្ធ ឆ្លើយតបថា អ្នកដែលរិះគន់រឿងសេរីភាពបញ្ចេញមតិ និងបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺពួកគេកំពុងតែប្រើសេរីភាពរិះគន់ពីស្ថានភាពនៅកម្ពុជាបានជាធម្មតា។ ប៉ុន្តែលោកអះអាងថា សេរីភាពបញ្ចេញមតិ នៅក្នុងប្រទេសណាក៏ដោយ ត្រូវស្ថិតនៅក្រោមច្បាប់។
លោក ជា ធីរិទ្ធ៖ «មិនមែនគ្រាន់តែមានសេរីភាព ហើយយើងអាងថា សេរីភាពបញ្ចេញមតិ ប៉ុន្តែយើងដើរជេរគេ យើងដើរលាបពណ៌គេ ប្រមាថគេ បរិហារកេរ្តិ៍គេ អានោះ គឺជាទង្វើខុសនឹងច្បាប់»។
ទោះជាយ៉ាងណា សហគមន៍ជាតិ និងអន្តរជាតិ តែងរិះគន់ថា រដ្ឋាភិបាលកម្ពុជាបានប្រើច្បាប់ជាឧបករណ៍ ដើម្បីបំបិទមាត់អ្នករិះគន់ និងអ្នកប្រឆាំង។
ប្រធានអង្គការសម្ពន្ធខ្មែរ ដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក អ៊ិន ណាត សង្កេតឃើញថា រដ្ឋាភិបាលកម្ពុជា តែងតែច្រានចោលចំពោះការទាមទារឲ្យមានការស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ដោយសារពុំទាន់ទទួលរងសម្ពាធធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ។ប៉ុន្តែលោក ជឿថា សហគមន៍អន្តរជាតិដែលខ្វាយខ្វល់អំពីបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស នឹងជួយឲ្យពលរដ្ឋខ្មែរសម្រេចបំណងប្រាថ្នានូវការទទួលបានសេរីភាព និងប្រជាធិបតេយ្យពេញលេញ ប្រសិនបើពលរដ្ឋខ្មែរចេះជួយខ្លួនឯងតាមរយៈការរួមកម្លាំងគ្នាធ្វើសកម្មភាពតស៊ូមតិឲ្យបានសកម្ម និងអហិង្សានោះ។
លោក អ៊ិន ណាត៖ «ការមិនអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ និងការមិនគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ ខ្ញុំជឿថា វានាំមកនូវការដាក់ទណ្ឌកម្មនានាជាបន្តបន្ទាប់ ហើយយើងនឹងបាត់បង់មិត្តភាពរវាងប្រទេសល្អៗ យើងនឹងបាត់បង់ការធ្វើវិនិយោគ ប្រទេសយើងក្លាយជាប្រទេសមានកេរ្តិ៍ឈ្មោះអាក្រក់ដែលធ្វើឲ្យអន្តរជាតិ គេអត់ចង់ទៅលេង ប្រទេសរបស់យើង ឬក៏រកស៊ីជាមួយយើង។ទីបំផុតទៅ ប្រជាជននឹងខ្វះការងារ ហើយបើកាលណាខ្វះការងារ គឺថា បញ្ហាសង្គម នឹងរីកដុះដាល»។
ដោយឡែក លោក រ៉ុង ឈុន ឲ្យដឹងថា ក្រោយពីជួបឯកអគ្គរាជទូតអូស្ត្រាលីរួចហើយនេះលោក និងសហការី ក៏នឹងបន្តជួបជាមួយតំណាងស្ថានទូតប្រទេសប្រជាធិបតេយ្យមួយចំនួនទៀតជាបន្តបន្ទាប់ ដូចជាតំណាងស្ថានទូតចក្រភពអង់គ្លេស (British) និងតំណាងស្ថានទូតបារាំង (France) ជាដើម៕









