

ថ្ងៃទី០២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ បេក្ខជនមួយចំនួនបន្តជួបបញ្ហាសុខភាពរហូតឈានដល់ការបោះបង់ការប្រឡង និងបេក្ខជនខ្លះទៀត បន្តប្រឡងទាំងដៃព្យួរសេរ៉ូមជាដើម។ ចំណែក អាណាព្យាបាលសិស្សនៅតែបន្តរង់ចាំលើកទឹកចិត្តនៅខាងក្រៅ ដោយស្នាមញញឹមរីករាយ លាយឡំនឹងក្តីព្រួយបារម្ភអន្ទះសា។
សម័យកាលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៥-២០២៦ នៅព្រឹកថ្ងៃទី១១ ខែសីហា នេះ បេក្ខជនអវត្តមានចំនួនជាង១ពាន់ ៣រយនាក់ (១ ៣៤០) ក្នុងនោះស្រីមាន ៥០២នាក់។
បេក្ខជនដែលមានបញ្ហាសុខភាពទាំងនោះភាគច្រើនមានអាការៈដូចៗគ្នា គឺខ្សោយ វិលមុខ ថប់ដង្ហើម ចុកពោះ គ្រុនពោះវៀន ខ្វះគ្រាប់ឈាម និងគ្រុនឈាមជាដើម រហូតបេក្ខជនមួយចំនួនសម្រេចបោះបង់ការប្រលងដោយសារអាការៈធ្វើទុក្ខខ្លាំង និងខ្លះទៀតត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពផងដែរ។
ថ្ងៃទី០២នេះ បេក្ខជនចំនួន ១៨៨នាក់មានបញ្ហាសុខភាព ក្នុងនោះបោះបង់ការប្រឡងមានចំនួន៥នាក់ បេក្ខជនប្រឡងដាច់ដោយឡែក៥៤នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន១២នាក់ និងគ្រោះថ្នាក់ចរាចរណ៍៣នាក់ ខណៈមណ្ឌលប្រឡងខេត្តចំនួន៣ ប្រឈមបញ្ហាភ្លៀងធ្លាក់។ នេះបើតាមរបាយការណ៍សរុបរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅជុំទី០១ ថ្ងៃទី០២ នៃការប្រឡង។
វិញ្ញាសាដែលបេក្ខជនត្រូវប្រឡងមាន២មុខវិជ្ជាគឺ អក្សរសាស្ត្រ និងរូបវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។
នៅក្នុងដំណើរការសំណេរថ្ងៃទី២នេះក្រសួងអប់រំបានរឹបអូសទូរស័ព្ទមួយគ្រឿងពីបេក្ខជនមួយរូប ដែលបាននាំចូលទៅក្នុងបន្ទប់ប្រឡងនៅមណ្ឌលប្រឡងវិទ្យាល័យ មិត្តភាពកម្ពុជាជប៉ុន ក្នុងខេត្តកំពត។ ក្រសួងអប់រំ យុវជន និងកីឡា បានកត់ត្រាបេក្ខជននោះ ក្នុងកំណត់ហេតុពិសេស និងចាត់វិធានការណ៍តាមគោលការណ៍ជាធរមានផងដែរ។
ចំណែកទិដ្ឋភាពនៅក្រៅរបងសាលា គឺជាស្នាមញញឹមរបស់សាច់ញាតិ អាណាព្យាបាល ដែលមកលើកទឹកចិត្តបេក្ខជនយ៉ាងច្រើនកុះករ នៅគ្រប់មណ្ឌលទូទាំងប្រទេស ដើម្បីឲ្យបេក្ខជនមានទំនុកចិត្ត កម្លាំងចិត្ត និងបំបាត់ភាពភ័យខ្លាចផងដែរ។
ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែតជាប់ឆ្នោតគណបក្សភ្លើងទៀនអ្នកស្រី ចៅ រតនៈ ដែលទៅលើកទឹកចិត្តកូនប្រុសនៅមុខមណ្ឌលនៃសកលវិទ្យាល័យUME ខេត្តបន្ទាយមានជ័យ ថ្លែងថា អ្នកស្រីរំភើបរីករាយ និងភិតភ័យពេលឃើញវត្តមានកូនប្រុសចេញពីមណ្ឌលប្រលង។ អ្នកស្រីជឿជាក់ថា កូនប្រុសអ្នកស្រីនឹងអាចធ្វើបានចំពោះការប្រឡងបាក់ឌុបនេះ។
អ្នកស្រី ចៅ រតនៈ៖ «ឆ្នាំនេះគឺមានការចូលរួមប្រឡងពីសិស្សថ្នាក់ទី១២គឺច្រើន។ ទាំងអាណាព្យាបាលដែលគាត់ក្នុងនាមជាឪពុកម្តាយដូចខ្ញុំដែរ គឺមកទទួលកូនចេញពីអឺ ពេលដល់ម៉ោងបញ្ចប់ការប្រឡងចឹងហ្អាស៎ ពេលឃើញកូនដើរចេញមកពីកន្លែងប្រឡងគឺក្នុងនាមជាអាណាព្យាបាលទាំងអស់គឺមានអារម្មណ៍រំភើបរីករាយពេលឃើញវត្តមានកូន»។
ចំណែក អាណាព្យាបាលមួយរូបទៀត គឺលោកស្រី យ៉ែម វណ្ណនី រៀបរាប់ថា លោកស្រីបានវេចបាយម្ហូប ត្រៀមសម្រាប់កូនស្រីដែលកំពុងប្រឡង និងក្រាលកន្ទេលលើកទឹកចិត្តកូនស្រីរួមជាមួយអាណាព្យាបាលដទៃទៀតនៅមុខមណ្ឌលបឋមសិក្សា ស ខេង ខ្នារក្នុងខេត្តត្បូងឃ្មុំ។ លោកស្រីថា លោកស្រីជឿជាក់៨០ភាគរយថា កូនលោកស្រីនឹងប្រឡងជាប់បាក់ឌុបក្នុងឆ្នាំនេះ ហើយលោកស្រីរីករាយជាខ្លាំងដែលបានឃើញកូនស្រីបានតស៊ូសិក្សារហូតបានប្រឡងបញ្ចប់ឆ្នាំសិក្សាមធ្យមសិក្សាទុតិយភូមិនេះ។ លោកស្រី យ៉ែម វណ្ណនី ថ្លែងថា លោកស្រីសុំត្រឹមឲ្យកូនប្រឡងជាប់ប៉ុណ្ណោះ ហើយការសិក្សាបន្ត គឺឲ្យគាត់សម្រេចដោយខ្លួនឯង។
លោកស្រី យ៉ែម វណ្ណនី៖ «រំភើបក៏ខ្លាំង ក្តុកក្តួលក៏ខ្លាំងដែរអួនអើយរកពណ៌នាអត់ចេះហ្អាស៎! ចា៎អូនតឹងគេឆែកតឹងហ្អាស៎! ឪពុកម្តាយនៅចាំសឹងគ្រប់សិស្សហើយហ្នឹង។ ចា៎! អត់មានបង្ខំអត់មានទាមទារកូនទេ ប៉ុនណាក៏យកបានដែរអូន»។
អាណាព្យាបាលទាំងនោះបានលើកឡើងដូចៗគ្នាគឺគាត់ចង់ឲ្យកូនៗរបស់គាត់ដឹងថា ម្តាយៗពួកគេនៅតែអារម្មណ៍ លើកទឹកចិត្ត និងទទួលយកបានជានិច្ចទោះលទ្ធផលចេញមកបែបណាក្តី ព្រោះពួកគាត់ជឿជាក់ថា កូនៗរបស់ពួកគាត់បានខំប្រឹងអស់ពីលទ្ធភាពហើយ។
អប្បមាទ និងអនុរក្សបានរឹតបន្តឹងទាំងនៅក្លោងទ្វារ និងនៅមុខបន្ទប់ប្រលង និងបានយាមកាមយ៉ាងតឹងរ៉ឹងមិនឲ្យមានការយកឯកសារ គ្រឿងអេឡិចត្រូនិកណាមួយ ដើម្បីជាជំនួយក្នុងការលួចចម្លងបានឡើយ។
បេក្ខជន សឿង តុងថៃ ប្រឡងនៅមណ្ឌលនៃសកលវិទ្យាល័យUME ខេត្តបន្ទាយមានជ័យ ចេញមកពីមណ្ឌលទាំងទឹកមុខញញឹម មកជួបម្តាយ ហើយលោក ឲ្យដឹងថា លោកពុំមានភាពភ័យព្រួយ ឬតក់ស្លុតអ្វីឡើយ ដោយសារលោក បានត្រៀមខ្លួនមុនរូចជាស្រេចក្នុងការប្រឡងរយៈពេល២ថ្ងៃនេះ។ បេក្ខជនរូបនោះបន្តថា លោកបានបំពេញរួចគ្រប់វិញ្ញាសាទាំងអស់ ហើយលោកជឿជាក់ថា លោកនឹងប្រលងជាប់នៅឆ្នាំនេះ។
បេក្ខជន សឿង តុងថៃ៖ «ខ្ញុំអឺស្រលាញ់ជាងគេ គឺខាងរៀនច្បាប់ ខាងមេធាវី ហើយគណិតវិទ្យាជាមុខវិជ្ជាដែលខ្ញុំស្រលាញ់ ខ្ញុំបានធ្វើគ្រប់ទាំងអស់ជ្រុងជ្រោយ។ ចំណែកឯ ម៉ោងបន្ទាប់គឺសីលធម៌ពលរដ្ឋដែលចេញពី គេសួរថា ការប្រឆាំងអំពើពុករលួយចេញ ពីយើងម្នាក់ៗ ចូរពន្យល់ ការប្រឆាំងអំពើពុករលួយចេញពីយើងម្នាក់ៗនេះគឺដោយសារតែយើងអឺយើងមិនចង់ពុករលួយ មិនអាចពុករលួយ និងមិនហ៊ានពុករលួយ»។
បេក្ខនារី មួយរូបទៀត ឈ្មោះ វេន ម៉ានីន លើកឡើងថា កញ្ញារំភើបចិត្តជាខ្លាំងពេលដែលចេញពីប្រឡងមក ឃើញមុខម្ដាយមកអង្គុយចាំលើកទឹកចិត្ត។ កញ្ញាបន្តថា កញ្ញាសង្ឃឹម៨០ភាគរយ ដោយសារកញ្ញាខកខានមិនបានបំពេញវិញ្ញាសារូបវិទ្យាចុងក្រោយ១សំនួរ។ កញ្ញាថា កញ្ញាចង់ក្លាយជាគ្រូពេទ្យមួយរូបនាពេលអនាគត។
បេក្ខនារី វេន ម៉ានីន៖ «សម្រាប់ខ្ញុំខ្មែរអាចធ្វើបានស្រួលធម្មតា ប៉ុន្តែរូបវិទ្យាខ្ញុំរាងអាក់បន្តិច។ ខ្ញុំអាក់១លំហាត់។ ខ្ញុំរៀនខាងសុខាភិបាលចំពោះអនុរក្សតឹងៗសឹងគ្រប់ម៉ោងគេយាមបានដិតដល់»។
ទោះបីជាថ្ងៃទី២នេះ ការប្រឡងប្រព្រឹត្តទៅដោយរលូនក្តី ប៉ុន្តែមានការរិះគន់មួយចំនួនលើបណ្តាញសង្គមលើមុខវិជ្ជាប្រវត្តិវិទ្យាថ្នាក់សង្គម កាលពីថ្ងៃទី១០ ខែសីហា ពោល គឺថ្ងៃទី០១ នៃការប្រឡងដែលអនុរក្សសរសេរសំណួរលើក្ដារខៀនឲ្យបេក្ខជននៅតាមមណ្ឌលប្រឡង ថា ពិតជាមិនសាកសម និងខាតពេលវេលា ហើយសិស្សភាគច្រើនមិនអាចសរសេរបានទាន់ពេល និងរិះគន់ចំពោះសំនួរមួយចំនួន ដែលដាក់ចេញមកប្រឡងផងដែរ។ នេះបើតាមគណនីឈ្មោះ Thoeun VuThy បានបង្ហោះ។
កាលពីថ្ងៃ១០ ខែសីហា ក្រសួងអប់រំបានដកហូតនាឡិកាឆ្លាតវៃពីសមាជិកគណៈកម្មការប្រឡងចំនួន៤រូប និងបេក្ខជនមួយចំនួនទៀត ដែលបាននាំចូលនូវ នាឡិកាឆ្លាតវៃ វ៉ែនតា និងទូរស័ព្ទចូលក្នុងបន្ទប់ប្រឡងផងដែរ។ ក្រសួងបានកត់ត្រាគណៈកម្មការ និងបេក្ខជនទាំងនោះក្នុងកំណត់ហេតុពិសេស និងចាត់វិធានការតាមគោលការណ៍ជាធរមានផងដែរ។
ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ បេក្ខជនចុះឈ្មោះប្រឡងសរុបជាង ១៥ម៉ឺននាក់ (១៥១ ២៣៨នាក់) ក្នុងនោះមានស្រីជិត ៨ម៉ឺន ៥ពាន់នាក់ (៨៤ ៧៣៥នាក់)។ ថ្នាក់វិទ្យាសាស្ត្រាមានជាង ៣ម៉ឺន៧ពាន់នាក់ (៣៧ ៤៤៥ នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គមជិត ១១ម៉ឺន៤ពាន់នាក់(១១៣ ៧៩៣នាក់)។
ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស៕









