បេក្ខជន​មួយចំនួន​បន្ត​ជួប​ឧបសគ្គ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ

0
59
ទិដ្ឋភាពសិស្សប្រឡងបាក់ឌុប មានបញ្ហាសុខភាពពេលកំពុងប្រឡង កាលពីថ្ងៃទី១១ សីហា ២០២៦។ រូប៖ ក្រសួងអប់រំ
ទិដ្ឋភាពសិស្សប្រឡងបាក់ឌុប មានបញ្ហាសុខភាពពេលកំពុងប្រឡង កាលពីថ្ងៃទី១១ សីហា ២០២៦។ រូប៖ ក្រសួងអប់រំ

ថ្ងៃទី​០២ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០២៥-២០២៦ បេក្ខជន​មួយចំនួន​បន្ត​ជួប​បញ្ហា​សុខភាព​រហូត​ឈាន​ដល់​ការបោះបង់​ការ​ប្រឡង និង​បេក្ខជន​ខ្លះទៀត បន្ត​ប្រឡង​ទាំង​ដៃ​ព្យួរសេរ៉ូម​ជាដើម​។ ចំណែក អាណាព្យាបាល​សិស្ស​នៅតែ​បន្ត​រង់ចាំ​លើកទឹកចិត្ត​នៅ​ខាងក្រៅ ដោយ​ស្នាមញញឹម​រីករាយ លាយឡំ​នឹង​ក្តី​ព្រួយបារម្ភ​អន្ទះសា។

សម័យកាល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០២៥-២០២៦ នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា នេះ បេក្ខជន​អវត្តមាន​ចំនួន​ជាង​១​ពាន់ ៣​រយ​នាក់ (១ ៣៤០) ក្នុង​នោះ​ស្រី​មាន ៥០២​នាក់។

បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​ទាំងនោះ​ភាគច្រើន​មាន​អាការៈ​ដូចៗ​គ្នា គឺ​ខ្សោយ វិលមុខ ថប់ដង្ហើម ចុកពោះ គ្រុនពោះវៀន ខ្វះ​គ្រាប់​ឈាម និង​គ្រុនឈាម​ជាដើម រហូត​បេក្ខជន​មួយចំនួន​សម្រេច​បោះបង់​ការ​ប្រលង​ដោយសារ​អាការៈធ្វើ​ទុក្ខ​ខ្លាំង និង​ខ្លះទៀត​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ផង​ដែរ។

ថ្ងៃទី​០២​នេះ បេក្ខជន​ចំនួន ១៨៨​នាក់​មាន​បញ្ហា​សុខភាព ក្នុង​នោះ​បោះបង់​ការ​ប្រឡង​មាន​ចំនួន​៥​នាក់ បេក្ខជន​ប្រឡង​ដាច់ដោយឡែក​៥៤​នាក់ បេក្ខជន​មាន​ជំងឺគ្រុនឈាម​មាន​ចំនួន​១២​នាក់ និង​គ្រោះថ្នាក់​ចរាចរណ៍​៣​នាក់ ខណៈ​មណ្ឌល​ប្រឡង​ខេត្ត​ចំនួន​៣ ប្រឈម​បញ្ហា​ភ្លៀង​ធ្លាក់​។ នេះ​បើ​តាម​របាយការណ៍​សរុប​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ជុំ​ទី​០១ ថ្ងៃទី​០២ នៃ​ការ​ប្រឡង។

វិញ្ញាសា​ដែល​បេក្ខជន​ត្រូវ​ប្រឡង​មាន​២​មុខវិជ្ជា​គឺ អក្សរសាស្ត្រ និង​រូបវិទ្យា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ គណិតវិទ្យា និង​សីលធម៌ ពលរដ្ឋ​វិជ្ជា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម។

នៅក្នុង​ដំណើរការ​សំណេរ​ថ្ងៃទី​២​នេះ​ក្រសួង​អប់រំ​បាន​រឹបអូស​ទូរស័ព្ទ​មួយ​គ្រឿង​ពី​បេក្ខជន​មួយ​រូប ដែល​បាន​នាំចូល​ទៅ​ក្នុង​បន្ទប់​ប្រឡង​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ មិត្តភាព​កម្ពុជា​ជប៉ុន ក្នុង​ខេត្តកំពត​។ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កត់ត្រា​បេក្ខជន​នោះ ក្នុង​កំណត់ហេតុ​ពិសេស និង​ចាត់​វិធានការណ៍​តាម​គោលការណ៍​ជា​ធរមាន​ផង​ដែរ។

ចំណែក​ទិដ្ឋភាព​នៅ​ក្រៅ​របង​សាលា គឺជា​ស្នាមញញឹម​របស់​សាច់ញាតិ អាណាព្យាបាល ដែល​មក​លើកទឹកចិត្ត​បេក្ខជន​យ៉ាងច្រើន​កុះករ នៅ​គ្រប់​មណ្ឌល​ទូទាំង​ប្រទេស ដើម្បី​ឲ្យ​បេក្ខជន​មាន​ទំនុកចិត្ត កម្លាំងចិត្ត និង​បំបាត់​ភាព​ភ័យខ្លាច​ផង​ដែរ។

ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ប៉ោយប៉ែត​ជាប់ឆ្នោត​គណបក្ស​ភ្លើងទៀន​អ្នកស្រី ចៅ រតនៈ ដែល​ទៅ​លើកទឹកចិត្ត​កូនប្រុស​នៅមុខ​មណ្ឌល​នៃ​សកល​វិទ្យាល័យ​UME ខេត្តបន្ទាយមានជ័យ ថ្លែង​ថា អ្នកស្រី​រំភើប​រីករាយ និង​ភិតភ័យ​ពេល​ឃើញ​វត្តមាន​កូនប្រុស​ចេញពី​មណ្ឌល​ប្រលង​។ អ្នកស្រី​ជឿជាក់​ថា កូនប្រុស​អ្នកស្រី​នឹង​អាច​ធ្វើ​បាន​ចំពោះ​ការ​ប្រឡង​បាក់​ឌុប​នេះ។

អ្នកស្រី ចៅ រតនៈ៖ «​ឆ្នាំនេះ​គឺ​មាន​ការចូលរួម​ប្រឡង​ពី​សិស្ស​ថ្នាក់​ទី​១២​គឺ​ច្រើន​។ ទាំង​អាណាព្យាបាល​ដែល​គាត់​ក្នុងនាម​ជា​ឪពុកម្តាយ​ដូច​ខ្ញុំ​ដែរ គឺ​មក​ទទួល​កូន​ចេញពី​អឺ ពេល​ដល់​ម៉ោង​បញ្ចប់​ការ​ប្រឡង​ចឹង​ហ្អាស៎ ពេល​ឃើញ​កូន​ដើរចេញ​មកពី​កន្លែង​ប្រឡង​គឺ​ក្នុងនាម​ជា​អាណាព្យាបាល​ទាំងអស់​គឺ​មាន​អារម្មណ៍​រំភើប​រីករាយ​ពេល​ឃើញ​វត្ត​មានកូន»។

ចំណែក អាណាព្យាបាល​មួយ​រូប​ទៀត គឺ​លោកស្រី យ៉ែម វណ្ណនី រៀបរាប់​ថា លោកស្រី​បាន​វេចបាយ​ម្ហូប ត្រៀម​សម្រាប់​កូនស្រី​ដែល​កំពុង​ប្រឡង និង​ក្រាលកន្ទេល​លើកទឹកចិត្ត​កូនស្រី​រួម​ជាមួយ​អាណាព្យាបាល​ដទៃទៀត​នៅមុខ​មណ្ឌល​បឋមសិក្សា ស ខេង ខ្នារ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ លោកស្រី​ថា លោកស្រី​ជឿជាក់​៨០​ភាគរយ​ថា កូនលោក​ស្រី​នឹង​ប្រឡង​ជាប់​បាក់​ឌុប​ក្នុងឆ្នាំនេះ ហើយ​លោកស្រី​រីករាយ​ជា​ខ្លាំង​ដែល​បានឃើញ​កូនស្រី​បាន​តស៊ូ​សិក្សា​រហូត​បាន​ប្រឡង​បញ្ចប់​ឆ្នាំ​សិក្សា​មធ្យមសិក្សា​ទុតិយភូមិ​នេះ​។ លោកស្រី យ៉ែម វណ្ណនី ថ្លែង​ថា លោកស្រី​សុំ​ត្រឹម​ឲ្យ​កូន​ប្រឡង​ជាប់​ប៉ុណ្ណោះ ហើយ​ការសិក្សា​បន្ត គឺ​ឲ្យ​គាត់​សម្រេច​ដោយ​ខ្លួនឯង។

លោកស្រី យ៉ែម វណ្ណនី៖ «រំភើប​ក៏​ខ្លាំង ក្តុកក្តួល​ក៏​ខ្លាំង​ដែរ​អួន​អើយ​រក​ពណ៌នា​អត់​ចេះ​ហ្អាស៎​! ចា៎​អូន​តឹង​គេ​ឆែក​តឹង​ហ្អាស៎​! ឪពុក​ម្តាយ​នៅចាំ​សឹង​គ្រប់​សិស្ស​ហើយ​ហ្នឹង​។ ចា៎​! អត់​មាន​បង្ខំ​អត់​មាន​ទាមទារ​កូន​ទេ ប៉ុនណា​ក៏​យក​បាន​ដែរ​អូន»។

អាណាព្យាបាល​ទាំងនោះ​បាន​លើកឡើង​ដូចៗ​គ្នា​គឺ​គាត់​ចង់​ឲ្យ​កូនៗ​របស់​គាត់​ដឹង​ថា ម្តាយៗ​ពួកគេ​នៅតែ​អារម្មណ៍ លើកទឹកចិត្ត និង​ទទួល​យក​បាន​ជានិច្ច​ទោះ​លទ្ធផល​ចេញ​មក​បែប​ណា​ក្តី ព្រោះ​ពួកគាត់​ជឿជាក់​ថា កូនៗ​របស់​ពួកគាត់​បាន​ខំប្រឹង​អស់ពី​លទ្ធភាព​ហើយ។

អប្បមាទ និង​អនុរក្ស​បាន​រឹត​បន្តឹង​ទាំង​នៅ​ក្លោងទ្វារ និង​នៅមុខ​បន្ទប់​ប្រលង និង​បាន​យាមកាម​យ៉ាង​តឹងរ៉ឹង​មិន​ឲ្យ​មាន​ការ​យក​ឯកសារ គ្រឿង​អេឡិចត្រូនិក​ណាមួយ ដើម្បី​ជា​ជំនួយ​ក្នុង​ការ​លួច​ចម្លង​បាន​ឡើយ។

បេក្ខជន សឿង តុងថៃ ប្រឡង​នៅ​មណ្ឌល​នៃ​សកលវិទ្យាល័យ​UME ខេត្តបន្ទាយមានជ័យ ចេញ​មកពី​មណ្ឌល​ទាំង​ទឹកមុខ​ញញឹម មក​ជួប​ម្តាយ ហើយ​លោក ឲ្យ​ដឹង​ថា លោក​ពុំ​មាន​ភាព​ភ័យ​ព្រួយ ឬ​តក់ស្លុត​អ្វី​ឡើយ ដោយសារ​លោក បាន​ត្រៀមខ្លួន​មុន​រូ​ច​ជាស្រេច​ក្នុង​ការ​ប្រឡង​រយៈពេល​២​ថ្ងៃនេះ​។ បេក្ខជន​រូប​នោះ​បន្ត​ថា លោក​បាន​បំពេញ​រួច​គ្រប់​វិញ្ញាសា​ទាំងអស់ ហើយ​លោក​ជឿជាក់​ថា លោក​នឹង​ប្រលង​ជាប់​នៅ​ឆ្នាំនេះ។

បេក្ខជន សឿង តុងថៃ៖ «ខ្ញុំ​អឺ​ស្រលាញ់​ជាងគេ គឺ​ខាង​រៀន​ច្បាប់ ខាង​មេធាវី ហើយ​គណិតវិទ្យា​ជា​មុខវិជ្ជា​ដែល​ខ្ញុំ​ស្រលាញ់ ខ្ញុំ​បាន​ធ្វើ​គ្រប់​ទាំងអស់​ជ្រុងជ្រោយ​។ ចំណែកឯ ម៉ោង​បន្ទាប់​គឺ​សីលធម៌​ពលរដ្ឋ​ដែល​ចេញពី គេ​សួរ​ថា ការ​ប្រឆាំង​អំពើពុករលួយ​ចេញ ពី​យើង​ម្នាក់ៗ ចូរ​ពន្យល់ ការ​ប្រឆាំង​អំពើពុករលួយ​ចេញពី​យើង​ម្នាក់ៗ​នេះ​គឺ​ដោយសារតែ​យើង​អឺ​យើង​មិន​ចង់​ពុករលួយ មិនអាច​ពុករលួយ និង​មិន​ហ៊ាន​ពុករលួយ»។

បេក្ខនារី មួយ​រូប​ទៀត ឈ្មោះ វេន ម៉ានីន លើកឡើង​ថា កញ្ញា​រំភើបចិត្ត​ជា​ខ្លាំង​ពេល​ដែល​ចេញពី​ប្រឡង​មក ឃើញ​មុខ​ម្ដាយ​មក​អង្គុយ​ចាំ​លើកទឹកចិត្ត​។ កញ្ញា​បន្ត​ថា កញ្ញា​សង្ឃឹម​៨០​ភាគរយ ដោយសារ​កញ្ញា​ខកខាន​មិនបាន​បំពេញ​វិញ្ញាសា​រូបវិទ្យា​ចុងក្រោយ​១​សំនួរ។ កញ្ញា​ថា កញ្ញា​ចង់​ក្លាយជា​គ្រូពេទ្យ​មួយ​រូប​នា​ពេល​អនាគត។

បេក្ខនារី វេន ម៉ានីន៖ «សម្រាប់​ខ្ញុំ​ខ្មែរ​អាច​ធ្វើ​បាន​ស្រួល​ធម្មតា ប៉ុន្តែ​រូបវិទ្យា​ខ្ញុំ​រាង​អាក់​បន្តិច​។ ខ្ញុំ​អាក់​១​លំ​ហាត់​។ ខ្ញុំ​រៀន​ខាង​សុខាភិបាល​ចំពោះ​អនុរក្ស​តឹងៗ​សឹង​គ្រប់​ម៉ោង​គេ​យាម​បាន​ដិតដល់»។

ទោះបីជា​ថ្ងៃទី​២​នេះ ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ក្តី ប៉ុន្តែ​មានការ​រិះគន់​មួយចំនួន​លើ​បណ្តាញ​សង្គម​លើ​មុខវិជ្ជា​ប្រវត្តិវិទ្យា​ថ្នាក់​សង្គម កាលពី​ថ្ងៃទី​១០ ខែសីហា ពោល គឺ​ថ្ងៃទី​០១ នៃ​ការ​ប្រឡង​ដែល​អនុរក្ស​សរសេរ​សំណួរលើ​ក្ដារខៀន​ឲ្យ​បេក្ខជន​នៅ​តាម​មណ្ឌល​ប្រឡង ថា ពិតជា​មិន​សាក​សម និង​ខាត​ពេលវេលា ហើយ​សិស្ស​ភាគច្រើន​មិនអាច​សរសេរ​បាន​ទាន់ពេល និង​រិះគន់​ចំពោះ​សំនួរ​មួយចំនួន ដែល​ដាក់​ចេញ​មក​ប្រឡង​ផង​ដែរ​។ នេះ​បើ​តាម​គណនី​ឈ្មោះ Thoeun VuThy បាន​បង្ហោះ។

កាលពី​ថ្ងៃ​១០ ខែ​សីហា ក្រសួង​អប់រំ​បាន​ដកហូត​នាឡិកា​ឆ្លាត​វៃ​ពី​សមាជិក​គណៈកម្មការ​ប្រឡង​ចំនួន​៤​រូប និង​បេក្ខជន​មួយ​ចំនួន​ទៀត ដែល​បាន​នាំចូល​នូវ នាឡិកា​ឆ្លាតវៃ វ៉ែនតា និង​ទូរស័ព្ទ​ចូលក្នុង​បន្ទប់​ប្រឡង​ផង​ដែរ។ ក្រសួង​បាន​កត់ត្រា​គណៈកម្មការ និង​បេក្ខជន​ទាំងនោះ​ក្នុង​កំណត់ហេតុ​ពិសេស និង​ចាត់វិធានការ​តាម​គោលការណ៍​ជា​ធរមាន​ផង​ដែរ។

ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់​ថា ក្នុង​ឆ្នាំ​សិក្សា ២០២៥-២០២៦ នេះ បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ជាង ១៥​ម៉ឺន​នាក់ (១៥១ ២៣៨​នាក់​) ក្នុង​នោះ​មាន​ស្រី​ជិត ៨​ម៉ឺន ៥​ពាន់​នាក់ (៨៤ ៧៣៥​នាក់​)​។ ថ្នាក់​វិទ្យា​សាស្ត្រា​មាន​ជាង ៣​ម៉ឺន​៧​ពាន់​នាក់ (៣៧ ៤៤៥ នាក់​) និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ជិត ១១​ម៉ឺន​៤​ពាន់​នាក់​(១១៣ ៧៩៣​នាក់​)។

ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹង​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៦ នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២៦ តាម​មណ្ឌល​សំណេរ​នៃ​រាជធានី​-​ខេត្ត​ទាំង​២៥ នៅ​ទូទាំង​ប្រទេស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ