ស្ថានទូត​អាមេរិក​រម្លឹក​ឱ្យ​កម្ពុជា​ស៊ើបអង្កេត និង​កាត់ទោស​មេខ្លោង​ឆបោក​តាម​អនឡាញ

0
72
​ជំនួប​រវាង​ភារធារី​ស្ថានទូត​អាមេរិក​អ្នកស្រី អាឡិចស៍ ហ្ស៊ីតថល (Aleks Zittle) (ឆ្វេង) និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក កើត រិទ្ធ នៅ​ក្រសួងយុត្តិធម៌​នៅ​ថ្ងៃទី​១៣ ខែសីហា ២០២៦។ រូប៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា
​ជំនួប​រវាង​ភារធារី​ស្ថានទូត​អាមេរិក​អ្នកស្រី អាឡិចស៍ ហ្ស៊ីតថល (Aleks Zittle) (ឆ្វេង) និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក កើត រិទ្ធ នៅ​ក្រសួងយុត្តិធម៌​នៅ​ថ្ងៃទី​១៣ ខែសីហា ២០២៦។ រូប៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បន្ត​ដាស់តឿន និង​ក្រើន​រម្លឹក​ដល់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ឱ្យ​ចាត់វិធានការ​ស៊ើបអង្កេត​លើ​អ្នក​ពាក់ព័ន្ធ និង​មេខ្លោង​សំខាន់ៗ​ដែល​កាង​ការពារ និង​អនុញ្ញាត​ឱ្យ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​រីកចម្រើន ដើម្បី​នាំ​ខ្លួន​មក​អនុវត្ត​ច្បាប់​។ អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ដាស់តឿន​របស់​សហរដ្ឋ​អាមេរិក​ជា​បន្តបន្ទាប់​នេះ បង្ហាញថា អាមេរិក​នៅតែ​ព្រួយបារម្ភ​ចំពោះ​ប្រសិទ្ធភាព​នៃ​ចំណាត់ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត តែ​ទៅលើ​ជនល្មើស​តូចតាច ប៉ុន្តែ​មិន​អើពើ​ចាត់វិធានការ​ឱ្យ​ចំ​មេខ្លោង​ធំៗ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ។

សហរដ្ឋអាមេរិក​បញ្ជាក់​ពី​ការ​ប្ដេជ្ញាចិត្ត​បន្ត​សហការ​ជាមួយ​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ជាពិសេស​បណ្ដាញ​ឆបោក​តាម​អនឡាញ ដែល​កំពុង​បង្ក​ការ​គំរាមកំហែង​ដល់​ពលរដ្ឋ​អាមេរិក និង​ជនរងគ្រោះ​នៃ​ប្រទេស​ផ្សេងទៀត។

ការ​បញ្ជាក់​ជាថ្មី​នេះ​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​ភារធារី​ស្ថានទូត​អាមេរិក​អ្នកស្រី អាឡិចស៍ ហ្ស៊ីតថល (Aleks Zittle) និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក កើត រិទ្ធ នៅ​ក្រសួងយុត្តិធម៌​នៅ​ថ្ងៃទី​១៣ ខែសីហា ដើម្បី​ពិភាក្សា​អំពី​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​ពិភាក្សា​នេះ អ្នកស្រី អ​ឡិចស៍ ហ្ស៊ីតថល បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការស៊ើបអង្កេត និង​នាំ​យក​មេខ្លោង ឬ​អ្នក​រៀបចំ និង​បញ្ជា​ប្រតិបត្តិការ​ឆបោក ព្រមទាំង​អ្នក​ដែល​ជួយ​សម្របសម្រួល​ធ្វើ​ឱ្យ​ប្រតិបត្តិការ​របស់​បណ្ដាញ​ឧក្រិដ្ឋជន​ទាំងនេះ​អាច​បន្ត​ដំណើរការ ដើម្បី​នាំ​ខ្លួន​ពួកគេ​យក​ទៅ​កាត់ទោស​តាមច្បាប់​។ ស្ថានទូត​អាមេរិក​ក៏បាន​បញ្ជាក់​ថា ខ្លួន​កំពុង​ផ្ដល់​ជំនួយ​បច្ចេកទេស​យ៉ាង​ទូលំទូលាយ​ដល់​កម្ពុជា ដើម្បី​ពង្រឹងសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​ក្រុម​ឧក្រិដ្ឋជន​ឆ្លងដែន ដែល​ប្រតិបត្តិការ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​។ សហរដ្ឋអាមេរិក​បញ្ជា​ក់ថា ខ្លួន​នឹង​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់ និង​ការពារ​ពលរដ្ឋ​អាមេរិក ព្រមទាំង​ជនរងគ្រោះ​ផ្សេងទៀត​ពី​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទាំងនេះ។

ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ឱ្យដឹង​ថា ជា​ការ​ឆ្លើយតប រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក កើត រិទ្ធ បញ្ជាក់ថា​ កម្ពុជា​បន្ត​ប្ដេជ្ញាចិត្ត​ក្នុង​ការ​បង្ក្រាប​អំពើ​ឆបោក​តាម​អនឡាញ​ដោយ​ឥត​ដកថយ​ឡើយ​។

ទន្ទឹម​នឹង​ការ​ក្រើន​រម្លឹក​របស់​ស្ថានទូត​អាមេរិក​នេះ ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) របស់​សហរដ្ឋអាមេរិក​ក៏បាន​ប្ដេជ្ញា​តាម​កម្ទេច​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​លើ​ពិភពលោក និង​តាម​ប្រមាញ់​ចាប់ខ្លួន​មេខ្លោង​ដែល​ពាក់ព័ន្ធ​នៅ​គ្រប់​ទីកន្លែង​។ នាយក (FBI) លោក កាស ប៉ាទែល (Kash Patel) ថ្មីៗ​នេះ​ក៏បាន​លាតត្រដាង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ព្រំដែន​កម្ពុជា មីយ៉ាន់ម៉ា និង​ថៃ ថា មាន​លក្ខណៈ​ជា​បណ្ដុំ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ប្រើប្រាស់​ពលកម្ម​ដោយ​បង្ខំ​។ លើស​ពី​នេះ FBI របស់​សហរដ្ឋអាមេរិក​រកឃើញ​ថា មនុស្ស​ជាច្រើន​ត្រូវ​បាន​បណ្ដាញ​ឧក្រិដ្ឋជន​ជួញដូរ បង្ខាំង និង​ដកហូត​សេរីភាព ដោយ​គេ​មិន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​ទីនោះ​ឡើង និង​ត្រូវ​ស្នាក់​នៅក្នុង​ទីតាំង​ទាំងនោះ ២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង ៧ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត មើលឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅតែ​ព្យាយាម​រក​លេស ដើម្បី​កាង​ការពារ​មេខ្លោង​ដែល​ជា​ឧកញ៉ា​គ្រាក់ៗ និង​មន្ត្រី​កំពូលៗ​មួយ​ចំនួន​ទៀត ដែល​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម និង​ដាក់ឈ្មោះ​ពួកគេ​ក្នុង​បញ្ជីខ្មៅ​។ ទោះជា​យ៉ាងណា លោក​ថា រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ទំនង​មិន​អាច​ជួយ​កាង​ការពារ​ក្រុម​មន្ត្រី​ឧកញ៉ា​គ្រាក់ៗ​ដែល​ពាក់ព័ន្ធ​បាន​យូរ​ទៀត​នោះ​ឡើយ ដោយសារតែ​ចំណាត់​អាមេរិក​នា​ពេល​នេះ មាន​ជំហរ​ម៉ឺងម៉ាត់ និង​ធ្វើ​ប្រតិបត្តិការ​ជាក់ស្ដែង​តាម​ប្រមាញ់​មេខ្លោង​បណ្ដាញ​ឆបោក​តាម​អន​ឡាញ។

លោក ម៉ែន ណាត៖ «ក្រុមគ្រួសារ​លោក ហ៊ុន សែន ព្យាយាម​ការពារ​ព្រោះ​កាលណា​ចាប់ខ្លួន​លោក លី យ៉ុងផាត់ ចាប់ខ្លួន​លោក កុក អាន លោក ហ៊ុន តូ លោក ទ្រី ភាព ហ្នឹង ក៏​ដូច​ចាប់ខ្លួន​លោក ហ៊ុន សែន អ៊ីចឹង ព្រោះ​អ្នក​ទាំង​អស់ហ្នឹង​ធ្វើការ​ឱ្យ​លោក ហ៊ុន សែន​។ អ៊ីចឹង​បាន​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ព្យាយាម​ការពារ​អ្នក​ទាំង​អស់ហ្នឹង មិន​រម្លឹក​ឈ្មោះ​អ្នក​ទាំងអស់​ហ្នឹង​ជា​សាធារណៈ​ទេ​។ បើសិនជា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ចាត់វិធានការ​អ្នក​ទាំង​អស់ហ្នឹង ដូច​ចាត់វិធានការ​លោក ហ៊ុន សែន អ៊ីចឹង ព្រោះ​លោក ហ៊ុន សែន ជា​អ្នក​មេគំនិត​នៅ​ខាង​ក្រោយខ្នង​ឱ្យ​ពួក​ហ្នឹង​រកលុយ ដើម្បី​មក​ចិញ្ចឹម​អំណាច​គណបក្សកាន់អំណាច​សព្វថ្ងៃ​ហ្នឹង ហើយ​ចិញ្ចឹម​ក្រុម​គ្រួសារ​គាត់​ដែរ»។

ក្នុង​ពេល​រដ្ឋាភិបាល​ក្រុងភ្នំពេញ​រង​ការរិះគន់ និង​សម្ពាធ​ផ្ទួនៗ​ពី​សហគមន៍​អន្តរជាតិ ជុំវិញ​ការ​រីក​រាលដាល​នៃ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន បាន​បង្កើត​ច្បាប់​មួយ ដើម្បី​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នេះ​។ ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ត្រូវ​បាន​អនុម័ត​កាលពី​ខែមេសា​។ ច្បាប់​នេះ​មាន​វិសាលភាព​ក្នុង​ការ​កំណត់ និង​ដាក់​ទោសទណ្ឌ​លើ​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​នឹង​អំពើ​ទារុណកម្ម ដែល​អាច​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រហូតដល់​អស់​មួយ​ជីវិត។

យ៉ាងណាក៏ដោយ មកដល់ពេលនេះ គេ​មិនទាន់​ឃើញ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ក្លាហាន​អនុវត្ត​ច្បាប់​នេះ ដើម្បី​ប្រឆាំង​នឹង​មេខ្លោង​សំខាន់ៗ​នៅឡើយ ជាពិសេស​លើ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ២​រូប គឺ​លោក លី យ៉ុងផាត់ និង​លោក កុក អាន ដែល​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​រួច​មក​ហើយ ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ និង​ការ​ធ្វើ​ទារុណកម្ម​លើ​ជនរងគ្រោះ​ក្នុង​មជ្ឈមណ្ឌល​ឆបោក​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ