

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបន្តដាស់តឿន និងក្រើនរម្លឹកដល់រដ្ឋាភិបាលក្រុងភ្នំពេញឱ្យចាត់វិធានការស៊ើបអង្កេតលើអ្នកពាក់ព័ន្ធ និងមេខ្លោងសំខាន់ៗដែលកាងការពារ និងអនុញ្ញាតឱ្យឧស្សាហកម្មឆបោកតាមអនឡាញរីកចម្រើន ដើម្បីនាំខ្លួនមកអនុវត្តច្បាប់។ អ្នកឃ្លាំមើលលើកឡើងថា ការដាស់តឿនរបស់សហរដ្ឋអាមេរិកជាបន្តបន្ទាប់នេះ បង្ហាញថា អាមេរិកនៅតែព្រួយបារម្ភចំពោះប្រសិទ្ធភាពនៃចំណាត់ការបង្ក្រាបរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត តែទៅលើជនល្មើសតូចតាច ប៉ុន្តែមិនអើពើចាត់វិធានការឱ្យចំមេខ្លោងធំៗ ដែលពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។
សហរដ្ឋអាមេរិកបញ្ជាក់ពីការប្ដេជ្ញាចិត្តបន្តសហការជាមួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបណ្ដាញឆបោកតាមអនឡាញ ដែលកំពុងបង្កការគំរាមកំហែងដល់ពលរដ្ឋអាមេរិក និងជនរងគ្រោះនៃប្រទេសផ្សេងទៀត។
ការបញ្ជាក់ជាថ្មីនេះធ្វើឡើងនៅក្នុងជំនួបរវាងភារធារីស្ថានទូតអាមេរិកអ្នកស្រី អាឡិចស៍ ហ្ស៊ីតថល (Aleks Zittle) និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ នៅក្រសួងយុត្តិធម៌នៅថ្ងៃទី១៣ ខែសីហា ដើម្បីពិភាក្សាអំពីការអនុវត្តច្បាប់របស់កម្ពុជាស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាឱ្យដឹងថា ក្នុងជំនួបពិភាក្សានេះ អ្នកស្រី អឡិចស៍ ហ្ស៊ីតថល បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស៊ើបអង្កេត និងនាំយកមេខ្លោង ឬអ្នករៀបចំ និងបញ្ជាប្រតិបត្តិការឆបោក ព្រមទាំងអ្នកដែលជួយសម្របសម្រួលធ្វើឱ្យប្រតិបត្តិការរបស់បណ្ដាញឧក្រិដ្ឋជនទាំងនេះអាចបន្តដំណើរការ ដើម្បីនាំខ្លួនពួកគេយកទៅកាត់ទោសតាមច្បាប់។ ស្ថានទូតអាមេរិកក៏បានបញ្ជាក់ថា ខ្លួនកំពុងផ្ដល់ជំនួយបច្ចេកទេសយ៉ាងទូលំទូលាយដល់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពក្នុងការទប់ស្កាត់ក្រុមឧក្រិដ្ឋជនឆ្លងដែន ដែលប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា។ សហរដ្ឋអាមេរិកបញ្ជាក់ថា ខ្លួននឹងបន្តធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការពារពលរដ្ឋអាមេរិក ព្រមទាំងជនរងគ្រោះផ្សេងទៀតពីបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះ។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឱ្យដឹងថា ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ បញ្ជាក់ថា កម្ពុជាបន្តប្ដេជ្ញាចិត្តក្នុងការបង្ក្រាបអំពើឆបោកតាមអនឡាញដោយឥតដកថយឡើយ។
ទន្ទឹមនឹងការក្រើនរម្លឹករបស់ស្ថានទូតអាមេរិកនេះ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិកក៏បានប្ដេជ្ញាតាមកម្ទេចបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅលើពិភពលោក និងតាមប្រមាញ់ចាប់ខ្លួនមេខ្លោងដែលពាក់ព័ន្ធនៅគ្រប់ទីកន្លែង។ នាយក (FBI) លោក កាស ប៉ាទែល (Kash Patel) ថ្មីៗនេះក៏បានលាតត្រដាងមជ្ឈមណ្ឌលឆបោកតាមអនឡាញទ្រង់ទ្រាយធំនៅតំបន់ព្រំដែនកម្ពុជា មីយ៉ាន់ម៉ា និងថៃ ថា មានលក្ខណៈជាបណ្ដុំដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ពលកម្មដោយបង្ខំ។ លើសពីនេះ FBI របស់សហរដ្ឋអាមេរិករកឃើញថា មនុស្សជាច្រើនត្រូវបានបណ្ដាញឧក្រិដ្ឋជនជួញដូរ បង្ខាំង និងដកហូតសេរីភាព ដោយគេមិនអនុញ្ញាតឱ្យចាកចេញពីទីនោះឡើង និងត្រូវស្នាក់នៅក្នុងទីតាំងទាំងនោះ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្ដាហ៍។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត មើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែព្យាយាមរកលេស ដើម្បីកាងការពារមេខ្លោងដែលជាឧកញ៉ាគ្រាក់ៗ និងមន្ត្រីកំពូលៗមួយចំនួនទៀត ដែលអាមេរិកបានដាក់ទណ្ឌកម្ម និងដាក់ឈ្មោះពួកគេក្នុងបញ្ជីខ្មៅ។ ទោះជាយ៉ាងណា លោកថា រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន ទំនងមិនអាចជួយកាងការពារក្រុមមន្ត្រីឧកញ៉ាគ្រាក់ៗដែលពាក់ព័ន្ធបានយូរទៀតនោះឡើយ ដោយសារតែចំណាត់អាមេរិកនាពេលនេះ មានជំហរម៉ឺងម៉ាត់ និងធ្វើប្រតិបត្តិការជាក់ស្ដែងតាមប្រមាញ់មេខ្លោងបណ្ដាញឆបោកតាមអនឡាញ។
លោក ម៉ែន ណាត៖ «ក្រុមគ្រួសារលោក ហ៊ុន សែន ព្យាយាមការពារព្រោះកាលណាចាប់ខ្លួនលោក លី យ៉ុងផាត់ ចាប់ខ្លួនលោក កុក អាន លោក ហ៊ុន តូ លោក ទ្រី ភាព ហ្នឹង ក៏ដូចចាប់ខ្លួនលោក ហ៊ុន សែន អ៊ីចឹង ព្រោះអ្នកទាំងអស់ហ្នឹងធ្វើការឱ្យលោក ហ៊ុន សែន។ អ៊ីចឹងបានរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ព្យាយាមការពារអ្នកទាំងអស់ហ្នឹង មិនរម្លឹកឈ្មោះអ្នកទាំងអស់ហ្នឹងជាសាធារណៈទេ។ បើសិនជារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាត់វិធានការអ្នកទាំងអស់ហ្នឹង ដូចចាត់វិធានការលោក ហ៊ុន សែន អ៊ីចឹង ព្រោះលោក ហ៊ុន សែន ជាអ្នកមេគំនិតនៅខាងក្រោយខ្នងឱ្យពួកហ្នឹងរកលុយ ដើម្បីមកចិញ្ចឹមអំណាចគណបក្សកាន់អំណាចសព្វថ្ងៃហ្នឹង ហើយចិញ្ចឹមក្រុមគ្រួសារគាត់ដែរ»។
ក្នុងពេលរដ្ឋាភិបាលក្រុងភ្នំពេញរងការរិះគន់ និងសម្ពាធផ្ទួនៗពីសហគមន៍អន្តរជាតិ ជុំវិញការរីករាលដាលនៃមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន បានបង្កើតច្បាប់មួយ ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ ច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីខែមេសា។ ច្បាប់នេះមានវិសាលភាពក្នុងការកំណត់ និងដាក់ទោសទណ្ឌលើមេខ្លោង និងអ្នកពាក់ព័ន្ធនឹងអំពើទារុណកម្ម ដែលអាចប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់អស់មួយជីវិត។
យ៉ាងណាក៏ដោយ មកដល់ពេលនេះ គេមិនទាន់ឃើញរដ្ឋាភិបាល ឬអាជ្ញាធរក្លាហានអនុវត្តច្បាប់នេះ ដើម្បីប្រឆាំងនឹងមេខ្លោងសំខាន់ៗនៅឡើយ ជាពិសេសលើសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ២រូប គឺលោក លី យ៉ុងផាត់ និងលោក កុក អាន ដែលអាមេរិកបានដាក់ទណ្ឌកម្មរួចមកហើយ ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ និងការធ្វើទារុណកម្មលើជនរងគ្រោះក្នុងមជ្ឈមណ្ឌលឆបោកជាដើម៕









