លោក ហ៊ុន ម៉ាណែ​ត បញ្ជា​ឲ្យ​ផ្អាក​ការ​រុះរើ​ផ្ទះ​​គ្រូបង្រៀន​នៅ​សាលា​ដូង​លើ​ភ្នំ​គិរីរម្យ​ក្រោយ​ពលរដ្ឋ​រិះគន់

0
63
ទិដ្ឋភាពកុមារនិងសាលាដូងរបស់លោក អ៊ុក វណ្ណដេ នៅលើភ្នំគិរីរម្យ ខេត្ត​កំពង់ស្ពឺ។ រូប៖ ហ្វេសប៊ុកលោក អ៊ុក វណ្ណដេ
ទិដ្ឋភាពកុមារនិងសាលាដូងរបស់លោក អ៊ុក វណ្ណដេ នៅលើភ្នំគិរីរម្យ ខេត្ត​កំពង់ស្ពឺ។ រូប៖ ហ្វេសប៊ុកលោក អ៊ុក វណ្ណដេ

លោក ហ៊ុន ម៉ាណែត បញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​យោធភូមិភាគ​ទី​៣ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ស្ពឹ ផ្អាក​ការ​រុះរើ​ទីតាំង​ផ្ទះ​គ្រូ​នៅ​សាលា​ដូង​លើ​ភ្នំ​គិរីរម្យ ក្រោយ​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​តាម​បណ្ដាញ​សង្គម​។ អ្នកឃ្លាំមើល​យល់ថា រដ្ឋាភិបាល​គួរ​កាត់​ឆ្វា​ល​ដី​តំបន់​នោះ ជា​របស់​សាលា​ដូង​ដោយ​បញ្ចូល​នៅក្នុង​ស្ថាប័ន​អប់រំ​មួយ ដើម្បី​មិន​ឲ្យ​មាន​បញ្ហា​ណាមួយ​នា​ពេល​ខាងមុខ។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជា​មិន​ឱ្យ​យោធភូមិភាគ​ទី​៣​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ រុះរើ​ផ្ទះ​គ្រូៗ​ស្ម័គ្រចិត្ត​នៅ​សាលា​ដូង​លើ​ភ្នំ​គិរីរម្យ ដែល​មាន​លោក អ៊ុក វណ្ណដេ ជា​ស្ថាបនិក​ឡើយ​។ លោក​ថ្លែង​បែបនេះ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អាចារ្យ អាចារ្យរិនីទូទាំង ប្រទេស​លើក​ទី​១១ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា។

លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​រដ្ឋមន្ត្រី​ក្រ​សូង​បរិស្ថាន លោក អ៊ាង សុផល្លែត និង​អភិបាលខេត្ត​កំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ្ឌ ចុះ​ពិនិត្យ និង​ដោះស្រាយ​ជាបន្ទាន់ ដើម្បី​ធានា​ថា សាលា​ដូង​អាច​បន្ត​ដំណើរការ​បណ្ដុះបណ្ដាល​ទៅមុខ​ធម្មតា ដើម្បី​ឲ្យ​ក្មេង​នៅ​តំបន់​នោះ​បាន​រៀនសូត្រ។

លោក ហ៊ុន ម៉ាណែត បាន​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក អ៊ុក វណ្ណដេ ដែល​បាន​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ គុណធម៌ ភាពស្មោះត្រង់ មាន​ឆន្ទៈ​ជួយ​មនុស្ស ហើយ​បាន​ពុះពារ ដើម្បី​ជួយ​ក្មេងៗ​។ លោក​ក៏បាន​ឧបត្ថម្ភ​ប្រាក់ ៥​លាន​រៀល និង​អង្ករ​១​តោន ក្នុង​១​ខែ ដើម្បី​ជួយ​ទ្រទ្រង់​សាលា​ដូង​ផង​ដែរ​។​

លោក​បញ្ជាក់​ថា ដី​នៅ​លើ​ភ្នំ​គិរីរម្យ​នោះ ជា​ដី​របស់​រដ្ឋ ដែល​លោក អ៊ុក វណ្ណដេ បាន​ខ្ចី​ពី​ក្រសួង​បរិស្ថាន កាលពី​ឆ្នាំ​២០១៧ និង​បាន​សាងសង់​ជាន់​លើ​ដី​តំបន់​ប្រវត្តិសាស្ត្រ​យោធា។

លោក ហ៊ុន ម៉ាណែត៖ «អញ្ចឹង​ជា​ដំណោះស្រាយ អា​កន្លែងផ្ទះ​គ្រូ​ស្អី​គេ ទុក​ឱ្យ​គេ​ដំណើរការ​រៀនសូត្រ។ តែ​គ្រូ​អត់​ផ្ទះ​នៅ ពី​ណា​បង្រៀន​? ទៅ​សិន​ទៅ ព្រោះ​អត់​ទាន់​ប្រញាប់​ទៅណា​ទេ គោលដៅ​គឺថា រក​ដំណោះស្រាយ​យ៉ាងណា​ដើម្បី​ឱ្យ​មាន​ចីរភាព ភាព​នឹង​នរ​យូរអង្វែង​ឱ្យ​សាលា​នេះ​បន្ត​បង្រៀន ដើម្បី​ឱ្យ​សិស្ស ជាង ១៥០ នាក់ អាច​កើត​ទៀត ឆ្នាំក្រោយៗ​ឡើង ២-៣០០ នាក់​ហើយ ដើម្បី​បាន​ផល​ពី​ការចូលរួម​របស់​សាលា​ដូន​តទៅទៀត អត់​មាន​ឱ្យ​បិទ​ទៅណា​ទេ ហើយ​គ្រូ​ក៏​ដូចគ្នា​ដែរ យើង​នឹង​រៀបចំ​ឱ្យ​បាន​ស្រួលបួល ដើម្បី​កុំឱ្យ​មាន​បញ្ហា»។

ទោះជា​យ៉ាងណា លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​អះអាង​ថា ដី​នៅ​សាលា​ដូង​លើ​ភ្នំ​គិរី​រម្យ មិន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកស្រី ជឹ​ង សុភាព ហៅ​យាយ​ភូ ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ថា ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​ដីធ្លី​ពលរដ្ឋ និង​បំផ្លាញ​ធនធានធម្មជាតិ​ទេ​។ យាយ​ភូ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​បុគ្គល​ស្និទ្ធ​នឹង​គ្រួសារ​លោក ហ៊ុន សែន តែងតែ​ទទួល​បាន​ដី​សម្បទាន​ឥត ឈប់ឈរ​ពី​រដ្ឋាភិបាល​។ ចំណែក កូនស្រី​យាយ​ភូ វិញ លោកស្រី ជឹង សុគន្ធារី ក៏​ទទួល​បាន​ដី​សម្បទាន​នៅ​ឧទ្យាន​ជាតិ​គិរី​រម្យ​ជាង ២​រយ​ហិកតារ កាលពី​ឆ្នាំ​២០២២​កន្លងទៅ។

ក្រោយ​ការ​ថ្លែង​របស់​លោក ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃ​ដដែល រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក អ៊ាង សុផល្លែត និង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​លោក ជាម ច័ន្ទសោភ័ណ្ឌ ថ្នាក់ដឹកនាំ មន្ត្រីរាជការ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន ក៏បាន​ចុះ​ទៅ​ពិនិត្យ និង​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ស្ម័គ្រចិត្ត និង​សិស្សានុសិស្ស​នៃ​សាលា​ដូង នៅ​លើ​ភ្នំ​គិរី​រម្យ ខេត្តកំពង់ស្ពឺ ដើម្បី​ពិនិត្យ​ស្ថានភាព​នៃ​ដំណើរ​ការ​រៀន​និង​បង្រៀន​របស់​សាលារៀន​នៅក្នុង​តំបន់​នោះ។

ស្ថាបនិក​សាលា​ដូង លោក អ៊ុក វណ្ណដេ បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម​របស់​លោក​ដោយ​ទទួល​ស្គាល់​ថា លោក​ពិតជា​បាន​សាងសង់​ផ្ទះ​ជូន​គ្រូ​ស្ម័គ្រចិត្ត លើ​ដី​គិរី​រម្យ​ដែល​ជា​ដី​របស់​យោធា​ពិតមែន​។ លោក​បន្ត​ថា លោក​បាន​ជួប​សំណេះសំណាល​ជាមួយ​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​ចំនួន​ទៀត ដោយ​បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​សិស្សានុសិស្ស ដែល​រស់​នៅ​លើ​ភ្នំ​គិរី​រម្យ និង​បាន​ស្នើសុំ​ឲ្យ​លោក​ជួយ​ដោះស្រាយ​ផង​ដែរ​។ លោក​ថា លោក ហ៊ុន ម៉ា​ណែ​ត បាន​ចាត់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ស្រង់​ស្ថិតិ​ពី​ចំនួន​ពលរដ្ឋ ដើម្បី​រៀបចំ​ធ្វើ​មណ្ឌល​សុខភាព និង​កន្លែង​លក់ដូរ​ជូន​ពលរដ្ឋ​នៅ​តំបន់​នោះ និង​ចេញ​លិខិត​ការពារ​បញ្ឈប់​ការទន្ទ្រាន​ព្រៃ​ទាំងស្រុង ដោយ​ទន្ទ្រាន​ជា​បុគ្គល ឬ​ចាប់​ជា​សម្បត្តិ​បុគ្គល​ជាដើម។ លោក អ៊ុក វណ្ណដេ ថា លោក​ជា​អ្នកឃ្លាំមើល​ចំណាត់ការ​នេះ និង​ជា​អ្នកធ្វើ​របាយការណ៍​ដាក់​ជូន​ទៅ​លោក ហ៊ុន ម៉ាណែត ដោយ​ផ្ទាល់ ប្រសិន​មាន​ករណី​ទន្ទ្រាន​ណាមួយ​កើតឡើង។

លោក អ៊ុក វណ្ណដេ៖ «​ខ្ញុំ​នៅតែ​បន្ត​តស៊ូ​ធ្វើ​កិច្ច​ការ​បង្រៀន ធ្វើ​កិច្ច​ការអប់រំ​របស់ខ្ញុំ​អញ្ចឹង​។ ១០​ឆ្នាំ​ខ្ញុំ​នៅ​ភ្នំ​គីរីរម្យ អស់លោក បងប្អូន អ្នកសារព័ត៌មាន​ទាំងអស់ សូមជម្រាប​ថា ខ្ញុំ​មិន​មាន​ជា​ទ្រព្យសម្បត្តិ​អី ឬក៏​ពាក់ព័ន្ធ​អំពើ​យង់ឃ្នង ពុករលួយ បញ្ហា​កុមារ​ទាំងអស់ ខ្ញុំ​ជា​មនុស្ស​ស្រឡះ​ណាស់​។ ទ្រព្យសម្បត្តិ​ខ្ញុំ​ពិត​ជា​មាន​ដើម្បី​ម៉ា​រស់ តែ​ខ្ញុំ​មិន​ឱ្យ​មាន​ហួស​ច្រើនពេក​ដល់​ថ្នាក់​វង្វេង​ទេ​។ ខ្ញុំ​មាន​ដើម្បី​ម៉ា​រស់ របស់​ខ្ញុំ គ្រួសារ​ខ្ញុំ ខ្ញុំ​មានកូន មាន​ប្រពន្ធ ប៉ុន្តែ​ទ្រព្យសម្បត្តិ​ទាំងអស់​ហ្នឹង​ជា​រឿង​សៅហ្មង​ដែល​អាច​នឹង​បាត់បង់»។

កាលពី​ថ្ងៃទី​១៣ សីហា មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ការិយាល័យ​ឧទ្យាន​ជាតិ​គិរីរម្យ បាន​ចេញ​សេចក្តី​ជូនដំណឹង ជូន​ចំពោះ​ម្ចាស់​ទីតាំង​ដែល​បាន​បោះ​បង្គោលរបង​ហ៊ុមព័ទ្ធ​ដី​ព្រៃ​ដែល​ជា​សម្បត្តិ​រដ្ឋ និង​សំណង់​អណាធិបតេយ្យ​បំណង​យក​ធ្វើ​កម្មសិទ្ធិ នៅ​ភូមិសាស្ត្រ​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ឲ្យ​រុះរើ​ក្នុង​រយៈពេល​១៤​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ជូនដំណឹង ក្នុង​នោះ​ក៏​មាន​ផ្ទះ​លោក អ៊ុក វណ្ណដេ ដែល​ជា​គ្រូបង្រៀន​នៅ​សាលា​ដូង​ផង​ដែរ ដែល​បាន​សាងសង់​លើ​ដី​ប្រវត្តិសាស្ត្រ​យោធា​តេជោ។ ក្នុង​លិខិត​ក៏បាន​បញ្ជាក់​ថា ទីតាំង​នោះ​មិន​ប៉ះពាល់​ដល់​សាលា​ដូង​នោះ​ទេ។

ក្រោយ​ការប្រកាស​ឲ្យ​រុះរើ លោក អ៊ុក វណ្ណដេ បាន​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​នានា​ដែល​ពាក់ព័ន្ធ ប៉ុន្តែ​ពុំ​មាន​ចំណាត់ការ​ណាមួយ​ជូន​លោក​ឡើយ ទើប​លោក​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន ម៉ាណែត។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ថ្លែង​ថា ចំណាត់ការ​របស់​រដ្ឋាភិបាល​ហាក់​នៅ​មាន​ភាព​មិនច្បាស់លាស់​ចំពោះ​ទីតាំង​សាលា​ដូង ដែល​បញ្ហា​នេះ នឹង​អាច​កើត​មាននៅ​ថ្ងៃក្រោយ​ទៀត​។ លោក​ថា រដ្ឋាភិបាល​គួរ​កំណត់​ឲ្យ​បាន​ច្បាស់ និង​បញ្ចូល​សាលា​ដូង​ជាទី​តាំង​របស់​រដ្ឋ មិនមែន​ជា​ការ​ជួល​ឯកជន ដើម្បី​ធានា​ថា នឹង​មិន​មានការ​ទន្ទ្រាន​ណាមួយ ឬ​ធ្វើ​សម្បទាន​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន ដទៃ​អភិវឌ្ឍន៍​នៅ​តំបន់​នោះ​នា​ពេល​ខាងមុខ។

លោក សេក សុជាតិ៖ «​អឺ​នៅក្នុង​កុងត្រា​ទោះបីជា​យ៉ាងណាក៏ដោយ តែ​ពាក្យ​ថា “​ជួល​” គឺ​គេ​អាច​យក​មក​វិញ​បាន​។ ហើយ​ជាទូទៅ វា​គួរតែ​មាន​ច្បាប់​ទម្លាប់​មួយ​ច្បាស់លាស់​ចំពោះ​បញ្ហា​ទាំងអស់​ហ្នឹង​។ យើង​កុំឱ្យ​ទាល់​តែ​មាន​បញ្ហា​ធ្ងន់ធ្ងរ ហើយ​លេចឮ​តាមរយៈ​បណ្ដាញ​សង្គម ឬក៏​បណ្តាញ​សារព័ត៌មាន​អី បាន​ទៅដល់​ថ្នាក់លើ ហើយ​បាន​អាច​ដោះស្រាយ​បាន​។ វា​គឺជា​វប្បធម៌​មួយ​ដែល​ខ្ញុំ​យល់ថា​វា​មិនទាន់​បង្ហាញ​ពី​ភាព​ច្បាស់លាស់​នៅក្នុង​សង្គម​ខ្មែរ​នៅឡើយ ហើយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ហ្នឹង ក៏​គួរតែ​ពិចារណា​ដែរ»។

សាលា​ដូង​លើ​ភ្នំ​គិរីរម្យ​មាន​សិស្ស​សិក្សា ចំនួន​ជាង ១៥០​នាក់​ជា​កូនចៅ​របស់​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ និង​មាន​បុគ្គលិក​៧​នាក់ ដែល​បើក​បង្រៀន​២​ពេល គឺ​វេន​ព្រឹក​និង​ល្ងាច។ ស្ថាបនិក លោក អ៊ុក វណ្ណដេ បាន​កៀរគរ​សុំ​ជំនួយ​ពី​គ្រប់ទិសទី ដើម្បី​បង្កើត​សាលារៀន​ឯកជន​នេះ ក្នុង​គោលបំណង ដើម្បី​ឲ្យ​ក្មេង នៅក្នុង​ឧទ្យាន​ជាតិ​គិរីរម្យ​មាន​ឱកាស​ទទួល​បាន​ការសិក្សា​ដូច​ក្មេង​ដទៃ ក្រៅពី​ការ​លក់​ផ្កា។ លោក ក៏​ប្តេជ្ញា​បន្តសកម្មភាព​ជួយ​សង្គម និង​ក្មេងៗ​ដែល​ខ្វះ​លទ្ធភាព ក្រីក្រ​ឲ្យ​ទទួល​បាន​ការអប់រំ​បន្ត​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ