

សហរដ្ឋអាមេរិក (US) គ្រោងផ្ដល់ជំនួយបច្ចេកទេសដល់កម្ពុជា ដើម្បីគាំទ្រច្បាប់ប្រឆាំងការលាងលុយកខ្វក់ និងបណ្ដាញមជ្ឈមណ្ឌលឆបោកតាមអនឡញ។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិកបញ្ជាក់ថា កាលពីឆ្នាំ២០២៥ កន្លងទៅពលរដ្ឋអាមេរិកបានខាតបង់លុយជិត ២១ពាន់លានដុល្លារដោយសារតែបណ្ដាញឆបោកតាមអនឡាញដែលប្រតិបត្តិការឆបោកពីខាងក្រៅទឹកដីអាមេរិក។ អ្នកឃ្លាំមើលបន្តជំរុញឱ្យមេដឹកនាំកម្ពុជា ពន្លឿននីតិវិធីចាប់ខ្លួនមន្ត្រីឧកញ៉ាគ្រាក់ៗដែលជាមេខ្លោងកាងឧស្សាហកម្មឆបោកទាំងនេះ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្ម និងសម្ពាធរបស់អាមេរិកបន្ថែមទៀតលើកម្ពុជា។
សហរដ្ឋអាមេរិកបញ្ជាក់ថា ខ្លួននឹងសហការជាមួយកម្ពុជាក្នុងការជួយពង្រឹងស្ថិរភាព និងសុចរិតភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងមជ្ឈមណ្ឌលឆបោកតាមអនឡាញ និងអំពើលាងលុយកខ្វក់។
ការបញ្ជាប់ជំហររបស់អាមេរិកនេះធ្វើឡើងនៅជំនួបទ្វេភាគីរវាងភារធារីស្ថានទូតអាមេរិកអ្នកស្រី អាឡិចស៍ ហ្ស៊ីតថល (Aleks Zittle) និងទេសាភិបាលធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី កាលពីថ្ងៃទី១៧ ខែសីហា។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាឱ្យដឹងថា ក្នុងជំនួបនេះអ្នកស្រី អាឡិចស៍ ហ្ស៊ីតថល បានសន្យាថា សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយបច្ចេកទេស ដើម្បីគាំទ្រដល់ច្បាប់ប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា។ ស្ថានទូតបញ្ជាក់ថា គម្រោងការផ្ដល់ជំនួយបច្ចេកទេសនេះគឺដើម្បីជួយឱ្យប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាឱ្យមានតម្លាភាព និងមានភាពធន់ ដែលអាចជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងសហរដ្ឋអាមេរិក និងកម្ពុជាកាន់តែរឹងមាំ។
ក្នុងជំនួបនេះ អ្នកស្រី អាឡិចស៍ ហ្ស៊ីតថល ក៏បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ធនាគារជាតិកម្ពុជាក្នុងការដកអាជ្ញាប័ណ្ណធនាគារចំនួន ៣ ដែលមានទំនាក់ទំនងជាមួយមជ្ឈមណ្ឌលឆបោក និងអំពើលាងលុយកខ្វក់នៅកម្ពុជា។ ស្ថានទូតអាមេរិកចាត់ទុកចំណាត់ការនេះជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មនេះនៅកម្ពុជា។
ធនាគារចំនួន ៣ដែលធនាគារជាតិកម្ពុជាដកអាជ្ញាប័ណ្ណកាលពីពេលថ្មីៗនេះ រួមមាន ធនាគារ ស៊ីស៊ីយូ (CCU Bank) ធនាគារ ហេង ហ្វឹង (Heng Feng Bank) និងធនាគារ អេចអេច ឬ ហេង ហ៊ី (HH Bank)។
ក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើធនាគារទាំងនេះកាលពីខែមេសា ដោយសារម្ចាស់ភាគហ៊ុនភាគច្រើនគឺជាជនជាតិចិនមានទំនាក់ទំនងជាមួយអង្គភាពចិនដែលស្ថិតក្រោមទណ្ឌកម្មអាមេរិក និងបានចូលរួមគាំទ្រប្រតិបត្តិការក្នុងមជ្ឈមណ្ឌលឆបោកដែលបានលួចលុយរាប់ពាន់លានដុល្លារពីប្រជាជនអាមេរិក កម្ពុជា និងជនជាតិផ្សេងៗទៀត។
ទន្ទឹមនឹងមានពលរដ្ឋអាមេរិក និងជនរងគ្រោះជាច្រើនក្នុងពិភពលោកខាតបង់លុយក្នុងទំហំធំធេងពីអំពើឆបោកតាមអនឡាញរដ្ឋាភិបាលអាមេរិកប្រកាសក្នុងការពង្រីក និងចាត់វិធានការក្ដៅ ដើម្បីតាមប្រមាញ់ក្រុមឧក្រិដ្ឋជន។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សេតវិមាន (The White House) កាលពីថ្ងៃទី១២ ខែសីហា ឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥ កន្លងទៅពលរដ្ឋអាមេរិកបានខាតបង់លុយប្រមាណជិត ២១ពាន់លានដុល្លារពីក្រុមបណ្ដាញឆបោកតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសពីការប្ដេជ្ញាចិត្តប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ និងបានចុះកិច្ចព្រមព្រៀងជាមួយភ្នាក់ងារអនុវត្តច្បាប់សំខាន់ៗ និងក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់សហរដ្ឋអាមេរិក ដើម្បីប្រមូលផ្តុំគ្នាបង្ក្រាបបណ្ដាញឧក្រិដ្ឋជននៅបរទេស និងកម្ទេចចោលនូវមជ្ឈមណ្ឌលបោកប្រាស់តាមអនឡាញ មុនពេលដែលបណ្ដាញទាំងនោះរីករាលដាលដល់ទឹកដីសហរដ្ឋអាមេរិក។ ភ្នាក់ងារអនុវត្តច្បាប់សំខាន់ៗរួមមាន ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI និងទីភ្នាក់ងារសេវាសម្ងាត់អាមេរិក (Secret Service) ជាដើម។
ក្រៅពីពលរដ្ឋអាមេរិក ពលរដ្ឋនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក៏ត្រូវបានក្រុមឆបោកតាមអនឡាញប្លន់លុយពួកគេដែរ។ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ថា (UNODC) រកឃើញថា កាលពីឆ្នាំ២០២៥ ប្រជាជននៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី (Australia) និងនូវែលហ្សេឡង់ (New Zealand) បានខាតបង់ប្រាក់ជាង ១១៤ពាន់លានដុល្លារ ដោយសារការឆបោកតាមអនឡាញរបស់ក្រុមឧក្រិដ្ឋជននៅតំបន់អាស៊ីអាគ្នេយ៍។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា ចំណាត់ការរបស់សហរដ្ឋអាមេរិកពេលនេះមិនមែនជាភាសាការទូតដូចពេលកន្លងទៅឡើយ ប៉ុន្តែគឺជាប្រតិបត្តិការជាក់ស្ដែង និងការដាក់សម្ពាធចំៗដល់រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន ដើម្បីឱ្យចាប់ខ្លួនឧកញ៉ា និងមន្ត្រីគ្រាក់ៗដែលកាងមជ្ឈមណ្ឌលឆបោកនៅកម្ពុជា។
លោក គឹម សុខ៖ «លោក ហ៊ុន ម៉ាណែត បង្ហាញភាពច្បាស់លាស់ពីរ។ ច្បាស់លាស់ទីមួយ ត្រឹមតែបោសសម្អាតជនរងគ្រោះ ដែលចាញ់បោក ត្រូវគេប្រើប្រាស់ជាកម្លាំងទៅឆបោកអនឡាញនៅប្រទេសកម្ពុជារាប់ម៉ឺននាក់ហ្នឹង។ ជំហរច្បាស់ទីពីរ គឺការពារមេបណ្ដាញឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជាទៅវិញ។ មេបណ្ដាញ ដែលអាមេរិកកាំងបានបង្ហាញនៅក្នុងរបាយការណ៍ដាក់ទណ្ឌកម្មរបស់គេរួចទៅហើយ មានដូចជា លោក កុក អាន និងលោក លី យ៉ុងផាត់ ជាដើម។ ហើយប្រសិនបើ រដ្ឋាភិបាលក្រុមគ្រួសារហ៊ុន មិនចាត់ការអ្នកទាំងអស់ហ្នឹងទេ ដំណាក់កាលបន្តបន្ទាប់អាចដល់ករណីដាក់ទណ្ឌកម្មលើលោក ហ៊ុន តូ។ បើក្នុងករណីនេះ នោះមានន័យថា ពិបាកនឹងស្វែងរកការសម្របសម្រួលជាមួយអាមេរិក ពីព្រោះកាលណាដាក់ដល់កម្រិតទណ្ឌកម្មលើលោក ហ៊ុន តូ គឺដាក់ចំក្រុមគ្រួសារហ៊ុន ចំពោះមុខតែម្តង»។
កាលពីខែមេសា កន្លងទៅ សហរដ្ឋអាមេរិកបានរឹបអូសគ្រុបបណ្ដាញសង្គមតេឡេក្រាម (Telegram) មួយចំនួនមានអ្នកតាមដានច្រើនជាង ៦ពាន់នាក់ ដែលត្រូវបានប្រើសម្រាប់ជ្រើសរើសមនុស្សឱ្យទៅធ្វើការនៅមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា ហើយបន្ទាប់មកបង្ខំឱ្យពួកគេឆបោកជនរងគ្រោះ ជាពិសេសដាក់គោលដៅឆបោកលុយលើពលរដ្ឋអាមេរិក។
ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI របស់សហរដ្ឋអាមេរិកប្រកាសថា គិតត្រឹមខែមីនា សហរដ្ឋអាមេរិកបានជួយការពារជនរងគ្រោះអំពីការខាតបង់លុយពីក្រុមឆបោកតាមអនឡាញក្នុងទំហំទឹកប្រាក់ប្រមាណជាង ៥រយលានដុល្លារអាមេរិក។ នាយក FBI របស់អាមេរិកលោក (Kash Patel) បញ្ជាក់ថា បេសកកម្មតាមកម្ទេចមជ្ឈមណ្ឌលអនឡាញទ្រង់ទ្រាយធំទើបតែចាប់ផ្ដើមប៉ុណ្ណោះ ហើយខ្លួនក៏កំពុងធ្វើការជាមួយមេដឹកនាំកម្ពុជា និងប្រទេសក្នុងតំបន់ផ្សេងទៀត ដើម្បីចូលរួមស៊ើបអង្កេតដោយផ្ទាល់ និងចាប់ខ្លួនមេខ្លោងដែលកាងពីក្រោយឧស្សាហកម្មឆបោកទាំងនេះ៕









