

ពលរដ្ឋនៅតាមបណ្ដោយទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ ស្ទឹងត្រែង កំពង់ចាម និងខេត្តត្បូងឃ្មុំ កំពុងតែរងប៉ះពាល់ធ្ងន់ធ្ងរ ដោយសារទឹកជំនន់ជន់លិចផ្ទះសម្បែង វត្តអារាម សាលារៀន និងផលដំណាំ រាប់ពាន់ហិកតារ ក្នុងនោះពលរដ្ឋជាង១ម៉ឺននាក់ កំពុងរងប៉ះពាល់ ហើយពលរដ្ឋជាង១ពាន់គ្រួសារ ត្រូវបង្ខំជម្លៀសចេញពីលំនៅឋាន ទៅរកទីទួលសុវត្ថិភាព។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាល ត្រូវដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋឱ្យបានត្រឹមត្រូវ។
ជិត១សប្ដាហ៍ហើយ ដែលពលរដ្ឋនៅតាមបណ្ដោយដងទន្លេមេគង្គ ប្រឈមបញ្ហាទឹកជន់លិចផ្ទះ សាលារៀន វត្តអារាម ស្ពាន និងផ្លូវ ជាដើម ដែលបង្កផលលំបាកជាខ្លាំងដល់ការរស់នៅរបស់ពួកគាត់ មិនអាចប្រកបមុខរបរចិញ្ចឹមជីវិតបានស្រួល។ ទន្ទឹមគ្នានោះមានពលរដ្ឋជាច្រើនបានត្អូញត្អែរពីផលប៉ះពាល់ ផលដំណាំ ដូចជា ស្រូវ ពោតសណ្ដែក និងស្វាយចន្ទី ជាដើម។
អ្នកនាំពាក្យគណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមគុលមុន្នី បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា មកទល់ពេលនេះមាន ពលរដ្ឋ រស់នៅក្នុងខេត្តចំនួន៤គឺ ខេត្តក្រចេះ ត្បូងឃ្មុំ ស្ទឹងត្រែង និង កំពង់ចាម រងផលប៉ះពាល់ ជាង១ម៉ឺន៣ពាន់( ១៣៦៨០)នាក់។ ក្នុងនោះមានពលរដ្ឋជាង១ពាន់៥រយ(១.៥៥១)គ្រួសារ បានជម្លៀសចេញពីលំនៅឋាន ហើយមានដំណាំស្រូវរបស់កសិករ ជាង៤ពាន់៣រយ (៤.៣៧០)ហិកតារ រងការខូចខាត។
លោកបញ្ជាក់ថា តំបន់ខ្លះបានប្រកាសអាសន្ន ខណៈតំបន់ខ្លះទៀតតម្រូវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់។ លោកបន្តថា ក្នុងចំណោមខេត្តទាំងនោះមានខេត្តក្រចេះ រងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារទឹកជំនន់កើនឡើងខ្ពស់ ដែលបង្កផលប៉ះពាល់ដល់ពលរដ្ឋជិត៨ពាន់គ្រួសារ។
រីឯ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ លោក ហេង រត្ន័ម៉ូនីដា បានថ្លែងប្រាប់ទូរទស្សន៍ជាតិប្រចាំខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែសីហាថា បច្ចុប្បន្នមានពលរដ្ឋជាច្រើនគ្រួសារ ត្រូវបានជម្លៀសឱ្យមករស់នៅតំបន់ទីទួលសុវត្ថិភាព ខណៈដែលអាជ្ញាធរកំពុងតែស្វះស្វែងជួយប្រជាពលរដ្ឋ។
លោក ហេង រត្ន័ម៉ូនីដា៖ «ប្រជាជនដែលរស់នៅតាមដងទន្លេមេគង្គត្រូវប្រយ័តប្រយែងសុវត្ថិភាពមែនទែន ព្រោះឥឡូវនេះទឹកជិតដល់ចំណុចប្រកាសអាសន្ន។ អញ្ចឹងត្រូវប្រយ័ត្នគឺក្មេងលង់ទឹកទី១។ ទី២ សូមឲ្យយកចិត្តទុកដាក់រឿងគោ ក្របី សត្វពាហនៈ។ បើយើងមានបញ្ហាអីត្រូវជម្លៀសមកទីទួលសុវត្ថិភាព ហើយបើយើងអត់ទេត្រូវយកមកដាក់តាមដងផ្លូវអែបៗហ្នឹងទៅ»។
ជាមួយគ្នានេះ ព្រះសង្ឃ និងពលរដ្ឋ នៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ បានបង្ហោះសារ និងវីដេអូ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយរៀបរាប់ពីការលំបាកក្នុងការធ្វើដំណើរ និងបារម្ភពីសុវត្ថិភាព ខណៈដែលទឹកកំពុងតែបន្តកើនឡើង ហើយតាមវត្តអារាមខ្លះ ទឹកលិចអស់តម្រូវឱ្យព្រះសង្ឃជិះទូក នៅពេលធ្វើដំណើរនៅក្នុងវត្ត និងចេញក្រៅវត្ត។ ចំណែកពលរដ្ឋខ្លះបានចាកចេញពីលំនៅឋានទៅរស់នៅជាមួយសាច់ញាតិ ដែលរស់នៅតំបន់គោក ខណៈពលរដ្ឋខ្លះទៀតរស់នៅតាមដងផ្លូវ ដែលមិនលិចទឹក និងចងគោ ពេញនៅលើដងផ្លូវ។ ទន្ទឹមគ្នានោះ គេឃើញមាន វាលស្រែ របស់អ្នកភូមិ ដែលធ្លាប់តែពោរពេញដោយផលដំណាំខៀវស្រងាត់ពេលនេះបែរជា ជំនួសមកវិញ ដោយទឹកល្ហល្ហេវ ដាច់កន្ទុយភ្នែក។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទង អ្នកនាំពាក្យគណៈកម្មការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមគុលមុន្នី និង អាជ្ញាធរពាក់ព័ន្ធ តាមបណ្ដាខេត្តដែលរងផលប៉ះពាល់ដោយសារតែទឹកជំនន់ ដើម្បីបញ្ជាក់បន្ថែម ជុំវិញរឿងនេះ បានទេ នៅថ្ងៃទី២៤ ខែសីហា។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារ សិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី យល់ថារដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ត្រូវទទួលខុសត្រូវ និងជួយរៀបចំទីកន្លែងសុវត្ថិភាពជូន ពលរដ្ឋដែលកំពុងតែជួបប្រទះទឹកជំនន់ឱ្យពួកគាត់អាចស្នាក់នៅបណ្ដោះអាសន្ន ហើយត្រូវយកចិត្តទុកដាក់ខ្ពស់លើការផ្ដល់អាហារបរិភោគ ឱ្យបានគ្រប់គ្រាន់។ បន្ថែមពីលើនោះ លោកថា ប្រសិនបើមានពលរដ្ឋណារងគ្រោះធ្ងន់ធ្ងរដែលអាច ប៉ះពាល់ដល់លំនៅឋាន និងផលដំណាំ រដ្ឋាភិបាលត្រូវផ្ដល់ជំនួយដើម្បីស្ដារជីវភាពពួកគាត់ឡើងវិញ។ លោកថា អាជ្ញាធរមិនត្រូវទុកពលរដ្ឋណាម្នាក់ ចោលដោយអះអាងថា នេះជាគ្រោះធម្មជាតិ ឡើយ។
លោក យិន ម៉េងលី៖ «ការរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវតែមានរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់សម្រាប់ពួកគាត់ ហើយពិសេសសម្រាប់កុមារ បាទ។ សម្រាប់កុមារៗក៏ត្រូវមានការថែទាំផងដែរ ជាពិសេសគឺបញ្ហាជំងឺ ព្រោះមិនមែនត្រឹមតែលិចទឹក ប៉ះពាល់ដល់ស្បៀង គឺរឿងជំងឺឈឺស្កាត់ថែមទៀត ឬក៏អាចមានទឹកស្អាតថែមទៀត ដើម្បីជួយដល់ពួកគាត់ បាទ។ និយាយទៅថាជាកាតព្វកិច្ចរបស់រដ្ឋសម្រាប់ជួយពលរដ្ឋរបស់ខ្លួនបាទ»។
គេសង្កេតឃើញថា ពលរដ្ឋដែលរងផលប៉ះពាល់ខ្លាំង ដោយសារទឹកជំនន់ នៅខេត្តក្រចេះភាគច្រើននៅតំបន់ អមសងខាងដងទន្លេមេគង្គ ដូចជា ស្រុកសំបូរ ក្រុងក្រចេះ និងស្រុកចិត្របុរី ព្រោះនៅទីនោះ ជាតំបន់ទាប កម្ពស់ទឹកទន្លេមេគង្គ ឆាប់ហក់ឡើងលឿននៅរដូវវស្សា។ រីឯ ខេត្តស្ទឹងត្រែង តំបន់រងផលប៉ះពាល់ ដូចជា ស្រុកសេសាន ឃុំសាមឃួយ និងតំបន់ជុំវិញទន្លេ ហើយខេត្តកំពង់ចាម មានដូចជាស្រុកស្ទឹងត្រង់ ស្រុកកងមាស ស្រុកកំពង់សៀម និងស្រុកកោះសូទិន។ ចំណែកខេត្តត្បូងឃ្មុំ នៅតាមបណ្ដោយដងទន្លេមេគង្គ គឺស្ថិតនៅ ស្រុកត្បូងឃ្មុំ ឃុំទន្លេបិទ និងឃុំជីរោទ៍១និង ស្រុកក្រូចឆ្មារ ជាដើម។
ពលរដ្ឋថាទឹកជំនន់លិច នេះតែងតែកើតមានរាល់ឆ្នាំប៉ុន្តែឆ្នាំនេះទឹកកើនឡើងខ្ពស់ខុសពីឆ្នាំមុន ដែលធ្វើឱ្យប៉ះពាល់ ផលដំណាំ និងផ្ទះសម្បែងអ្នកភូមិ ប្រសិនបើទឹកនៅតែបន្តកើនឡើង មិនឆាប់ស្រក់ទៅវិញទេនោះ។ ពួកគាត់សង្ឃឹមថា រដ្ឋាភិបាលនឹងជួយរកដំណោះស្រាយ ហើយជួយស្ដារជីវភាពពួកគាត់ឡើង ក្រោយពីទឹកបានស្រកទៅវិញ៕









