

អ្នកឃ្លាំមើលសង្គមជំរុញឲ្យកម្ពុជាប្រមូលនិងរៀបចំភស្តុតាងជាប្រព័ន្ធ សម្រាប់បញ្ហាព្រំដែនទាំងមូល ដើម្បីយកទៅប្រើប្រាស់ក្នុងការដោះស្រាយតាមផ្លូវអន្តរជាតិ ខណៈមន្ត្រីរដ្ឋាភិបាល អំពាវនាវឱ្យថៃវិលមកប្រើយន្តការច្បាប់ និងការចរចា ដើម្បីដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា។ កម្ពុជានៅតែអះអាងថា ការប្រើកម្លាំងយោធា និងការបង្កើតស្ថានភាពថ្មី «fait accompli» មិនអាចបង្កើតសិទ្ធិស្របច្បាប់លើទឹកដីឈ្លានពានបានឡើយ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានឲ្យដឹងថា បញ្ហាទឹកដីដែលថៃឈ្លានពានកាន់កាប់សព្វថ្ងៃនេះ កម្ពុជាគួរស្វែងរកយន្តការអន្តរជាតិដោះស្រាយបញ្ហាជាកញ្ចប់ ជាជាងលើកយកករណីមួយៗទៅដោះស្រាយ ខណៈភាគីថៃនៅតែមិនបង្ហាញឆន្ទៈដោះស្រាយបញ្ហាជាមួយកម្ពុជា។ លោកថា កម្ពុជាត្រូវតែរៀបចំប្រមូលភស្តុតាងជាទូទៅសម្រាប់ព្រំដែនទាំងមូល យកទៅដោះស្រាយតាមផ្លូវអន្តរជាតិ។ លោកថា បើកម្ពុជារង់ចាំតែតវ៉ាក្រោយពេលថៃចូលឈ្លានពានហើយគ្មានវិធានការទប់ទល់ នោះថៃមិនបញ្ឈប់សកម្មភាពឈ្លានពានឡើយ។
បណ្ឌិត មាស នី៖ «ប៉ុន្តែបើថាឱ្យយើងទៅ យកអីទៅធ្វើជាមួយគេនៅពេលនេះ ខ្ញុំគិតថា ដៃយើង ជើងយើងនៅខ្លី ឬក៏ខ្ញុំប្រើពាក្យថា យើងមិនទាន់ រកឃើញដំណោះស្រាយណា ដែលអាចនឹងមានប្រសិទ្ធភាពនៅឡើយទេ ខ្ញុំដឹងថា រដ្ឋាភិបាលក៏កំពុងតែ ធ្វើដំណើរទៅលើរឿងហ្នឹង ក៏ប៉ុន្តែ យើងក៏មិនទាន់ហ៊ាននិយាយថា វាបានផលយ៉ាងម៉េចទេណា»។
ជុំវិញបញ្ហានេះ អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការប្រកាន់យកយុទ្ធសាស្ត្រទន់ភ្លន់ពេករបស់រដ្ឋាភិបាលកម្ពុជា អាចបង្កើតជារូបភាពនៃភាពទន់ខ្សោយផ្នែកនយោបាយ ដែលអាចធ្វើឱ្យភាគីថៃយល់ឃើញថា កម្ពុជាមានជំហរដកថយ ឬងាយរងសម្ពាធ។ លោកថា ការអនុញ្ញាតឱ្យភាគីថៃបន្តផ្លាស់ប្ដូរស្ថានភាពជាក់ស្តែងនៅលើដី ដោយសាងសង់រចនាសម្ព័ន្ធផ្សេងៗ ទោះជាគ្មានតម្លៃផ្លូវច្បាប់ ក៏អាចបង្កើតជាផលវិបាកយូរអង្វែង និងបង្កការលំបាកខ្លាំងដល់ការបោះបង្គោលព្រំដែនជាក់ស្តែងនាពេលអនាគត។
លោក សេង វណ្ណលី បានបន្ថែមទៀតថា ទន្ទឹមនឹងនេះ ការពឹងផ្អែកខ្លាំងលើការចរចា និងការប្រមូលភស្តុតាងផ្លូវច្បាប់តែមួយមុខ ដោយគ្មានវិធានការទប់ស្កាត់ភ្លាមៗនៅលើដី អាចធ្វើឱ្យប៉ះពាល់ដល់ស្មារតី និងទំនុកចិត្តរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែន។ ប្រជាពលរដ្ឋដែលរស់នៅផ្ទាល់អាចមានអារម្មណ៍ថា ទឹកដី និងជីវភាពរបស់ពួកគេមិនទទួលបានការការពារទាន់ពេលវេលា និងរឹងមាំពីសំណាក់អាជ្ញាធរ។
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជារូបនេះបន្ថែមថា ចំណាត់ការទន់ភ្លន់ពេកក្នុងផ្នែកការទូត ពេលខ្លះអាចស៊ីពេលរ៉ាំរ៉ៃ រហូតធ្វើឱ្យបញ្ហាព្រំដែនក្លាយជាប្រធានបទនយោបាយដែលគេអាចយកមកកេងចំណេញបានជាបន្តបន្ទាប់ ខណៈការអនុវត្តវិធានការម៉ឺងម៉ាត់ និងទាន់ពេលវេលាតាមរយៈការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) អាចបញ្ចប់បញ្ហាបានឆាប់រហ័សជាង។
ការអះអាងរបស់អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជារូបនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានអំពាវនាវឱ្យថៃវិលមកប្រើយន្តការច្បាប់ និងការចរចា ដើម្បីដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា ដោយលោកព្រមានថា ការប្រើកម្លាំងយោធា ឬបង្កើតស្ថានភាពថ្មី (fait accompli) មិនអាចបង្កើតសិទ្ធិស្របច្បាប់លើទឹកដីបានឡើយ។
ក្នុងសារបង្ហោះលើ Facebook នៅថ្ងៃទី២៥ ខែសីហា លោក នេត្រ ភក្ត្រា បានសរសេរថា កាន់តែឈ្លានពាន កាន់តែបន្សល់ភស្តុតាងច្រើន និងបង្កើនបន្ទុកសម្រាប់ការពន្យល់របស់ថៃចំពោះសហគមន៍អន្តរជាតិ។ បញ្ហាព្រំដែនកម្ពុជា-ថៃមិនអាចដោះស្រាយតាមរយៈការប្រើកម្លាំងយោធា ការដាក់ទូកុងតឺន័រ ការរាយលួសបន្លា ការបិទផ្លូវ និងភូមិប្រជាពលរដ្ឋ ការជីកលេណដ្ឋាន ការសាងសង់ផ្លូវ ការដាក់ទង់ជាតិ ឬការបំផ្លាញសំណង់ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋបានទេ។ លោក ថា សកម្មភាពឯកតោភាគីបែបនេះមិនអាចគូសខ្សែព្រំដែនថ្មី ផ្ទេរអធិបតេយ្យភាពពីរដ្ឋមួយទៅរដ្ឋមួយ ឬបម្លែងការគ្រប់គ្រងដោយកម្លាំងឱ្យទៅជាសិទ្ធិស្របច្បាប់លើទឹកដីបានឡើយ។
លោក នេត្រ ភក្ត្រា បានសរសេរថា ការឈប់បាញ់គួរតែមានន័យថា ភាគីទាំងពីរបញ្ឈប់ការប្រឈមមុខ និងរក្សាស្ថានភាពដែលមានស្រាប់ មិនមែនប្រើភាពស្ងប់ស្ងាត់នៃអាវុធ ដើម្បីបង្កើតស្ថានភាពថ្មីនៅលើដីនោះទេ។ លោក ថា ការដាក់ទូកុងតឺន័រ រាយលួសបន្លា សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឬពង្រឹងការគ្រប់គ្រងជាក់ស្តែង មិនគួរត្រូវបានយកបទឈប់បាញ់មកធ្វើជាមូលហេតុគាំទ្រឡើយ។
លោក នេត្រ ភក្ត្រា បានលើកឡើងថា កម្ពុជា និងថៃមានមូលដ្ឋានច្បាប់ និងយន្តការដែលអាចប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាព្រំដែន។ ក្នុងចំណោមនោះមាន អនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ផែនទី និងឯកសារពាក់ព័ន្ធ ព្រមទាំងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ឬ JBC ដែលមានតួនាទីពាក់ព័ន្ធនឹងការវាស់វែង និងខណ្ឌសីមាព្រំដែនគោក។
លោកក៏បានអំពាវនាវឱ្យភាគីថៃ ប្រសិនបើជឿជាក់ថា មានមូលដ្ឋានច្បាប់រឹងមាំ គួរយកមូលដ្ឋាននោះមកដោះស្រាយតាម JBC សន្ធិសញ្ញា កិច្ចព្រមព្រៀង ផែនទី និងច្បាប់អន្តរជាតិ ជាជាងប្រើកម្លាំងដើម្បីបង្កើតស្ថានភាពនៅលើដី។ លោកថា ការបន្តសកម្មភាពឯកតោភាគីអាចបង្កើនភាពតានតឹងនៅព្រំដែន និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងភាពជឿទុកចិត្តរបស់ថៃនៅលើឆាកអន្តរជាតិ។អ្នកឃ្លាំមើលសង្គម លើកឡើងថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ គឺមានទំនាក់ទំនងគ្នាទៅនឹងនយោបាយ ដោយសារតែអ្នកនយោបាយនៃប្រទេសទាំងពីរ បានប្រើប្រាស់ចរន្តជាតិនិយមយកមកធ្វើជាដើមទុន ដើម្បីស្វែងរកសំឡេងគាំទ្រ ដែលកត្តានេះធ្លាប់បានបង្កឱ្យមានភាពតានតឹង និងការប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែនជាច្រើនលើក។ ជាក់ស្ដែងនៅមុនពេលរៀបចំការបោះឆ្នោតកាលពីឆ្នាំ២០០៨ ឆ្នាំ២០១៣ និងឆ្នាំ២០១៨ កម្ពុជាសុទ្ធតែមានបញ្ហាជម្លោះព្រំដែន ជាមួយប្រទេសសថៃ ដែលបញ្ហានេះត្រូវបានគេមើលឃើញថា គណបក្សប្រជាជនកម្ពុជាហាក់ប្រើប្រាស់បញ្ហាជម្លោះព្រំដែនជាមួយថៃធ្វើជាសន្លឹកបៀរដើម្បីកៀរគរការគាំទ្រសម្រាប់ការបោះឆ្នោត៕









