ពលរដ្ឋ​អស់​សង្ឃឹមលើ​រដ្ឋាភិបាល​ថា នឹង​អាច​យក​ទឹកដី​ខ្មែរ​ដែល​ថៃ​គ្រប់គ្រង​មកវិញ​បាន

0
25
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ពលរដ្ឋ​ខ្មែរ​មួយចំនួន លើកឡើង​ថា ពួកគាត់​មិន​មាន​សង្ឃឹមថា រដ្ឋាភិបាល​ត្រកូល​”​ហ៊ុន​” អាច​ទាមទារ​ទឹកដី​ខ្មែរ​ដែល​បាន​បាត់បង់​ទៅ​ភាគី​ថៃ យក​មក​វិញ​បាន​នោះ​ទេ​។ ពួកគាត់ លើកឡើង​បែបនេះ គឺ​ដោយសារ​យោធា​ថៃ និង​រដ្ឋាភិបាល​ថៃ បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​កាន់កាប់​ទឹកដី​ជា​អចិន្ត្រៃយ៍ ខណៈ​រដ្ឋាភិបាល​ឪពុក​កូន​គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត​វិញ ហាក់​បាន​ត្រឹមតែ​ចេញ​លិខិតតវ៉ា​ដដែលៗ ដោយ​មិន​មាន​ចំណាត់ការ​នានា​ដើម្បី​ឲ្យ​ថៃ​ដកទ័ព​ចេញ​វិញ​នោះ​ទេ។

ពលរដ្ឋ​ខ្មែរ​មួយចំនួន​បង្ហាញ​ការ​ខកចិត្ត​និង​អស់សង្ឃឹម​កាន់តែ​ខ្លាំង​លើ​មេដឹកនាំ​ខ្មែរ ដោយ​ពួកគាត់ ចាត់ទុកថា ជា​មេដឹកនាំ​ដែល​អសមត្ថភាព​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី ប៉ុន្តែ​ពូកែ​តែ​ខាង​អួត និង​បំបែក​បំបាក់​ជាតិខ្មែរ​ខ្លួនឯង។

អ្នក​រត់​កង់បី​នៅ​ភ្នំពេញ លោក ហួន វណ្ណនី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា រដ្ឋាភិបាល​ហាក់​ស្ងប់ស្ងាត់ មិន​មាន​យន្តការ​ណាមួយ​ច្បាស់លាស់ និង​គួរ​ឲ្យ​ជឿជាក់​ក្នុង​ការ​ដណ្តើម​ទឹកដី​ខ្មែរ​ត្រលប់​មកវិញ​។ លោក​ថា ថៃ​មាន​មហិច្ឆតា​បន្ត​ឈ្លានពាន​ទឹកដី​ខ្មែរ​នេះ ដោយសារ​ការ​បែកបាក់​ផ្ទៃក្នុង និង​កម្សោយ​យោធា​របស់​រដ្ឋាភិបាល​ខ្មែរ ដែល​ធ្វើ​ឲ្យ​ថៃ​មាន​ឳ​កាស​ព័ទ្ធ​យក​ទឹកដី​ដោយ​មិន​ខ្លាចញញើត​អ្វី​ទាំងអស់។

លោក ហួន វណ្ណនី៖ «គេ​ព័ទ្ធ​របង​បន្លាយ​លួស​យកៗ តែ​យើង​អត់​មាន​ចំណាត់ការ​អី​ឬក៏ ហាមឃាត់​អី​គេ​បានទេ ដោយសារ​អី​? យើង​អត់​មានអី​នឹង​ឈ្នះ​គេ​។ ខ្ញុំ​សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល​សូម​គិត​ផលប្រយោជន៍​ជាតិ​ជាធំ យល់​ពី​អារម្មណ៍​អ្នក​ដែល​បាត់បង់​លំនៅឋាន ជនភៀសសឹក​ណា គាត់​មានការ​ឈឺចាប់​ខ្លាំង​ណាស់​។ ខ្លះ​គាត់​សាត់អណ្តែត​មកដល់​ក្រុងភ្នំពេញ ធ្វើការ​សំណង់ ធ្វើការ​រោងចក្រ ខ្លះ​ធ្វើ​សំណង់​អត់​បាន​លុយ​ទៀត​។ សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើ​វិធី​បែប​ណា​ក៏ដោយ ឲ្យ​តែ​បាន​ទឹកដី​ហ្នឹង​មក​ឲ្យ​គាត់​វិញ»។

ពលរដ្ឋ​នៅ​ខេត្តកណ្តាល លោក តំ សង់ ថ្លែង​ថា រដ្ឋាភិបាល​គួរ​បញ្ឈប់​សកម្មភាព​ស្អំ​ចិត្ត​ប្រជាពលរដ្ឋ ដោយ​ការត​វ៉ា​ដដែលៗ ដែល​គ្មាន​ប្រសិទ្ធភាព​នេះ ហើយ​ងាក​មក​រួបរួម​ជាមួយ​អ្នក​ប្រជាធិបតេយ្យ​ទាំងអស់ ប្រមូល​ភស្តុតាង​ប្តឹង​ថៃ​ទៅ​តុលាការអន្តរជាតិ ICC និង ICJ វិញ​ប្រសើរ​ជាង​។​

លោក តំ សង់៖ «​រាជរដ្ឋាភិបាល​សព្វថ្ងៃ​គឺ​នៅ​មាន​កម្រិត មានន័យថា​ខ្សោយ ព្រោះ​ដោយសារតែ​ថៃ​ព័ទ្ធ​របង​បន្លា​លួស ធ្វើ​របង ដាក់​ទូ​កុងតឺន័រ និង​ឈូស​ឆាយ​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​មិនបាន​យកចិត្តទុកដាក់ និង​យក​សកម្មភាព​នេះ​ទៅ​ប្តឹង​នៅ​តុលាការអន្តរជាតិ»។

ចំណែក បុគ្គលិក អង្គការ​មួយ​នៅ​រាជធានី​ភ្នំពេញ​កញ្ញា ឡាណា រៀបរាប់​ថា រយៈពេល​ជាង​១​ឆ្នាំ​មកនេះ ពលរដ្ឋ​ភៀស​សឹក​បន្ត​ជួប​ការ​លំបាក​ក្នុង​ជីវភាព បាត់បង់​ផ្ទះ និង​មិនទាន់​បាន​ទទួល​យុត្តិធម៌​។ កញ្ញា​ថា កញ្ញា​ខកចិត្ត​ចំពោះ​រដ្ឋាភិបាល​ដែល​មិន​មាន​វិធានការ​ណាមួយ​ទប់ស្កាត់​ការទន្ទ្រាន​របស់​ថៃ​មក​លើ​ទឹកដី​កម្ពុជា ជាពិសេស​សកម្មភាព​នាយ​ក​រដ្ឋមន្ត្រី​ថៃ និង​មន្ត្រី​ធំៗ​ថៃ​ចុះ​មក​តំបន់​ព្រំដែន​លើ​ទឹកដី​ខ្មែរ​ជា​ដើម។

​​កញ្ញា ឡាណា៖ «​សូម្បីតែ​ប្រជាជន​បញ្ចេញមតិ​អា​រឿង​បាត់​ដី​ហ្នឹង គឺ​យើង​អត់​អាច​បញ្ចេញ​បាន​នៅក្នុង​ស្រុក តែ​ហ៊ាន​បញ្ចេញ​ទៅ គឺ​យើង​ហ្នឹង​ត្រូវតែ​ជាប់​ហ្មង​។ ដល់ពេល​អញ្ចឹង ក្នុងនាម​បង​ជា​ខ្មែរ បង​ឲ្យ​តែ​រំលឹក​រឿង​ហ្នឹង គឺ​វា​ឈឺចាប់​ខ្លាំង​។ យើង​បាន​ទទូច​ហើយ យើង​មើលឃើញ​ហើយ ដែល​យើង​ជា​ជនជាតិ​ខ្មែរ ដែល​យើង​អឺ​មាន​សំឡេង​នៅ​ក្នុង​នាម​ជា​ខ្មែរ ជា​ពលរដ្ឋ​ខ្មែរ ប៉ុន្តែ​យើង​ទទូច​ទៅដល់​ថ្នាក់ដឹកនាំ​ខាងលើ គឺ​គេ​អត់​មាន​វិធានការ​អី​ជាក់ស្តែង​ទេ បាន​ត្រឹម​តែ​ចេញ​ញត្តិ​តវ៉ា​ធម្មតា​។ អាៗ​យើង​នៅ​ខាងក្រោម​គឺ​យើង វា មើលទៅ​វា​ពិបាក​… ពិបាក​ភ្នែក ហើយ​វា​ពិបាកចិត្ត​ទៀត​ណា​អូន»

ជាមួយ​គ្នា​នេះ ពលករ​ប្រទេស​កូរ៉េ លោក ណេង ណារ៉ាន់ លើកឡើង​ថា កម្ពុជា​មិន​មាន​អ្វី​ទៅ​តតាំង​ជាមួយ​ថៃ​បាន​ឡើយ សូម្បី​សព្វាវុធ និង​កម្លាំងយោធា ដោយ​មេដឹកនាំ​ខ្មែរ​គ្មាន​គំនិត ក្នុង​ការទិញ​អាវុធ​ទុក និង​យុទ្ធសាស្ត្រ​ដឹកនាំ​ជាដើម ហើយ​បាន​ត្រឹម​ឈរ​មើល​ថៃ​ចំអកឡកឡឺយ​ប៉ុន​នោះ​។ លោក​ថា របប​គ្រួសារ​ត្រកូល​ហ៊ុន បង្កើត​អំពើពុករលួយ​ច្រើនពេក​ក្នុង​ស្ថាប័នរដ្ឋ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​រងគ្រោះ​ពី​ការឈ្លានពាន​ពី​ប្រទេស​ថៃ​។ លោក​អះអាង​ថា លោក ហ៊ុន ម៉ា​ណែ​ត ព្យាយាម​បិទបាំង​ព័ត៌មាន​រឿង​ព្រំដែន មិន​ឲ្យ​ពលរដ្ឋ​បានដឹង ដោយសារ​ខ្លាច​ពលរដ្ឋ​ផ្ទុះ​កំហឹង និង​ប្រឆាំង​នឹង​លោក​។​

លោក ណេង ណារ៉ាន់៖ «​មេដឹកនាំ​យើង​រាល់ថ្ងៃ​ហ្នឹង​គឺ​វា​អសមត្ថភាព មិន​គិតគូរ​រឿង​ទឹកដី គិតគូរ​តែ​អា​រឿង​នែ​បំផ្លាញ​ជាតិ បង្កើត​រឿង​ល្បែងស៊ីសង ស្កេម (Scam) អនឡាញ​គ្រប់​ប្រភេទ ហើយ​គាត់​ស្រវា​បញ្ហា​អា​រឿង​លុយកាក់​ដាក់​ហោប៉ៅ តែ​មិន​… មិន​យក​លុយ​ហ្នឹង​ទៅ​ទិញ​អាវុធ​ការពារ​ខ្លួន​។ ដល់ៗ​ពេល​វា​ចុះ​ខ្សោយ វា​អន់​ទៅ គេ​ចូល​មក​តាមចិត្ត ហើយ​មិន​តបត​ដោយសារ​គាត់​ខ្លាច​ធ្លាក់​ចេញពី​អំណាច តំណែង ខ្លាច​គេ​វាយ​ដល់​ផ្ទះ​គាត់​អញ្ចឹង​ណា​! ព្រោះ​...»។

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន កញ្ញា លីម គីមស័រ ថ្លែង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ហាក់​គ្មាន​ឆន្ទៈ​ក្នុង​ការជំរុញ​បញ្ហា​ព្រំដែន​នេះ មក​ដោះស្រាយ​ឲ្យ​បានជាក់លាក់ និង​ធ្វើ​នយោបាយ​បែប​ប្រជាភិថុត បោក​បញ្ឆោត​ប្រជាពលរដ្ឋ​និង​មិន​ហ៊ាន​តតាំង​ជាមួយ​ថៃ​ឡើយ​។ កញ្ញា​ថា កម្សោយ​របស់​មេដឹកនាំ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​ថៃ​បន្ត​ឈ្លានពាន​បន្ថែម​ទៀត​លើ​ទឹកដី​កម្ពុជា​ហើយ​គ្រួសារ​លោក ហ៊ុន សែន មិន​ហ៊ាន​ប្តឹង​ថៃ​ឡើយ ដោយសារ​ភ័យខ្លាច​ការ​ស៊ើប​អង្កេត​របស់​អន្តរជាតិ ហើយ​អំពើ​ទុច្ចរិត អំពើអាក្រក់​របស់​ខ្លួន​នឹង​ត្រូវ​លាតត្រដាង និង​ការ​កាត់ទោស​ពី​អន្តរជាតិ​។ កញ្ញា​អះអាង​ថា លោក ហ៊ុន សែន ខ្លាច​បាត់បង់​អំណាច​របស់​ខ្លួន រហូត​មិន​ហ៊ាន​ប្រឈមមុខ​នឹង​ថៃ ហើយ​បន្ត​កៀប​សង្កត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​និយាយ​ពី​រឿង​ព្រំដែន​។ កញ្ញា​ថា កញ្ញា គាំទ្រ​សកម្មភាព​របស់​រដ្ឋាភិបាល​កម្ពុជា​ឯ​រាជ្យ​២៣​តុលា និង​ពលរដ្ឋ​ប្រជាធិបតេយ្យ​ដែល​បាន​ខិតខំ​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍ ដើម្បី​ឲ្យ​អន្តរជាតិ​ជួយ​កម្ពុជា​រឿង​ជម្លោះព្រំដែន។

កញ្ញា លីម គីមស័រ៖ «រដ្ឋាភិបាល​លោក ហ៊ុន សែន គឺ​គាត់​ខ្លាច​បាត់បង់​អំណាច​របស់​គាត់​ខ្លាំង​មែនទែន​! អញ្ចឹង​បើ​ទោះបី​ជា​យើង​អំពាវនាវ​ច្រើន​ប៉ុនណា​ក៏ដោយ គឺ​គាត់​មិន​ស្តាប់​យើង​ទេ​! តែ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ហ្នឹង យើង​ត្រូវ​គាំទ្រ​ទៅដល់​សកម្មភាព​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ ដូចជា​ក្រុម​ដែល​គាត់​មាន​និន្នាការ​ប្រឆាំង​ទាមទារ​តស៊ូ​ដើម្បី​ប្រយោជន៍​ប្រជាជន​យើង​ណា​! ចឹ​ង​ដូចជា​បច្ចុប្បន្ន​នេះ យើង​ឃើញថា រដ្ឋាភិបាល ២៣ តុលា ដែល​គាត់​រៀបចំ​យុទ្ធនាការ​មួយ​ដែល​ហៅថា «​រដ្ឋាភិបាល​ស្រមោល​» គឺ​គាត់​កំពុងតែ​ធ្វើ​យុទ្ធនា​ការ​ទាមទារ ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការអន្តរជាតិ ICC ហើយក៏​កំពុងតែ​ជំរុញ​ឲ្យ​អន្តរជាតិ​នឹង​ជួយ​រក​វិធី​ដើម្បី​ឲ្យ​ពួកគាត់​មានលទ្ធភាព​នៅក្នុង​ការ​ដាក់ពាក្យ​ប្តឹង​ទៅ ICJ…»។

មូលហេតុ​ដែល​ប្រជាពលរដ្ឋ​លើកឡើង​ពី​ការ​អស់សង្ឃឹម​នេះ ដោយសារ​ពួកគាត់​មើលឃើញ​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ មិនសូវ​សកម្ម​ក្នុង​ការ​ទាមទារ​យក​ដី​ខ្មែរ​ដែល​យោធា​ថៃ កំពុង​កាន់​កាប់​ឡើយ។ ពួកគាត់​ពិនិត្យ​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ហាក់​យឺតយ៉ាវ​និង​ទន់ខ្សោយ​ក្នុង​ការ​តវ៉ា​ជំទាស់​និង​រារាំង​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ ព្រមទាំង​មិនសូវ​សកម្ម​ការងារ​កា​ទូត​ជាមួយ​អន្តរជាតិ និង​មិន​ដាក់​បណ្តឹង ទៅកាន់​តុល​ការ​អន្តរជាតិ​ឡើយ​។​លើស​ពី​នេះ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ក៏​មិនបាន​បង្កើត​ឲ្យ​មានការ​ផ្សះផ្សា​ជាតិ​និង​បង្រួបបង្រួម​ជាតិ​ពិតប្រាកដ​ឡើយ ហើយ​កាន់តែ​ធ្វើ​ទុក្ខបុកម្នេញ និង​បំបែក​សំឡេង​ប្រឆាំង។

ដោយឡែក​មេដឹកនាំ​ថៃ និង​យោធា​ថៃ​វិញ ពួកគេ​ធ្វើ​ការងារ​យ៉ាងសកម្ម​និង​ប្រើ​គ្រប់​មធ្យោបាយ ទាំង​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ដើម្បី​កាន់​កាប​ទឹកដី​ខ្មែរ​ជា​អចិន្ត្រៃយ៍ ដូចជា​ការ​សាងសង់​របង​ព្រំដែន ការ​ជីក​លេណដ្ឋាន សាងសង់​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​លើ​ដី​ខ្មែរ ព្រមទាំង​ពុះ​ចែក​ដី​ខ្មែរ​ឲ្យ​ទៅ​ពលរដ្ឋ​ថៃ​ជាដើម​។​លើស​ពី​នេះ យោធា​ថៃ នៅតែ​បន្ត​ចូល​រាយ​បន្លា​លួស និង​ដាក់​តួ​កុងតឺន័រ រួម​ទាំង​សាងសង់​មូលដ្ឋានទ័ព​លើ​ដី​ខ្មែរ​ជា​បន្តបន្ទាប់​។ លើស​ពី​នេះ មេដឹកនាំ​ថៃ លោក អានុទីន ចាន់វីរៈគុល មាន​វត្ត​មាននៅ​តំបន់​អានសេះ​ក្នុង​ខេត្តព្រះវិហារ​ជាថ្មី កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២៦ ដោយ​មិន​មាន​ការរារាំង ឬ​ការទប់ស្កាត់​ណាមួយ​ពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វណ្ណលី មានប្រសាសន៍ថា ចំណុច​សំខាន់​គឺ​សមត្ថភាព​ដឹកនាំ និង​ការរៀបចំ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ថា តើ​មាន​ផែនការ​ច្បាស់លាស់​ប៉ុណ្ណា​ក្នុង​ការ​ទប់ស្កាត់​ការ​ផ្លាស់ប្ដូរ​ស្ថានភាព​នៅ​លើ​ដី​ប្រើ​ការទូត​ច្បាប់​អន្តរជាតិ និង​យន្តការ​តំបន់​ឱ្យ​មាន​ប្រសិទ្ធភាព និង​ធ្វើ​ឱ្យ​ភាគី​ម្ខាង​ទៀត​ដឹង​ថា សកម្មភាព​របស់​ខ្លួន​នឹង​មាន​តម្លៃ​នយោបាយ និង​ការទូត​។ លោក​បន្ត​ថា បើ​កម្ពុជា​បង្ហាញ​ភាព​ច្របូកច្របល់​ក្នុង​ការ​សម្រេចចិត្ត ពឹង​តែ​លើ​ការ​តវ៉ា និង​មិនអាច​បង្កើត​សម្ពាធ​ដល់​ថៃ​ឱ្យ​មាន​លទ្ធផល​ជាក់ស្តែង នោះ​វា​អាច​ធ្វើ​ឱ្យ​ថៃ​វាយតម្លៃ​ថា កម្ពុជា​មាន​សមត្ថភាព​ទប់ទល់​កម្រិត​ទាប ហើយ​នេះ​ជា​ចំណុច​ដែល​រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ​យ៉ាង​ខ្លាំង។

លោក សេង វណ្ណលី៖ «​យើង​ទទួល​ស្គាល់​ថា ការ​តវ៉ា​មាន​ប្រយោជន៍​ផ្លូវច្បាប់​ព្រោះ​វា​បញ្ជាក់​ថា​កម្ពុជា​មិន​ទទួលស្គាល់​សកម្មភាព​របស់​ថៃ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​សម្រាប់​ទប់ស្កាត់​ការ​ផ្លាស់ប្ដូរ​ស្ថានភាព​នៅ​លើ​ដី​ទេ។ ដូច្នេះ បញ្ហា​ធំ​បំផុត​សម្រាប់​លោក ហ៊ុន ម៉ាណែត នៅ​ពេល​នេះ គឺ​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា រដ្ឋាភិបាល​មាន​យុទ្ធសាស្ត្រ​លើស​ពី​ការ​តវ៉ា​។ ការ​រក្សា​សន្តិ​ភាពជា​ជម្រើស​ចាំបាច់ ប៉ុន្តែ​សន្តិភាព​មិន​គួរ​មានន័យថា​ទុក​ឲ្យ​ភាគី​ថៃ​បង្កើត​ការពិត​ថ្មី​លើ​ដី ហើយ​ភាគី​កម្ពុជា​ធ្វើ​បាន​ត្រឹមតែ​តវ៉ា​នោះ​ទេ​។ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​បង្ហាញ​លទ្ធផល​ជាក់ស្តែង​តាមផ្លូវ​ការទូត ច្បាប់​អន្តរជាតិ និង​យន្តការ​អន្តរជាតិ​ផ្សេងទៀត អឺ​បើ​ចង់​ស្ដារ​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​ឡើងវិញ​បាទ»។

កាលពី​ថ្ងៃទី​២៤ សីហា តំណាង​រដ្ឋាភិបាល​កម្ពុ​ជា​ឯករាជ្យ​២៣​តុលា​ជា​ច្រើន​រូប បាន​ចូល​ជួប​ជាមួយ​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC នៅ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់ ដើម្បី​ផ្តល់​ភស្តុតាង និង​ពន្យល់​បន្ថែម​ដល់​ក្រុម​រដ្ឋអាជ្ញា​ទាំងនោះ​ពាក់ព័ន្ធ​បណ្តឹង​របស់​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​។ រដ្ឋាភិបាល​នេះ បាន​ប្តឹង​លើ​មេដឹកនាំ​ថៃ ដែល​បាន​បង្ក​ឧក្រិដ្ឋ​សង្គ្រាម បង្ក​ការខូចខាត​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ជាច្រើន រួមមាន​ប្រាសាទបុរាណ​ខ្មែរ សាលារៀន ការ​បង្ក​របួស​និង​សម្លាប់​អាយុជីវិត​ទាហាន​ខ្មែរ ការប្រើប្រាស់​គ្រាប់បែក​ចង្កោម ការ​បន្ត​ឈ្លានពាន​ព័ទ្ធ​យក​ទឹកដី​ជាដើម ទៅ​តុលាការអន្តរជាតិ​ICC ខណៈ​រដ្ឋាភិបាល​កម្ពុជា​មិនបាន​ប្តឹង​ថៃ​ឡើយ​។ តំណាង​រដ្ឋាភិបាល​ក្រៅប្រទេស​នេះ​ក៏​គ្រោង​នឹង​ប្រមូល​ភស្តុតាង​បន្ថែម ដើម្បី​ប្តឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ បន្ត ក្នុង​សំណុំរឿង ថៃ​ឈ្លានពាន​កម្ពុជា។

កាលពី​ថ្ងៃទី​២៦ សីហា គណបក្ស​កម្លាំង​ជាតិ​ក៏បាន​ថ្កោលទោស​ថៃ ចំពោះ​សកម្មភាព​ទាំងឡាយ​របស់​ភាគី​ថៃ ដែល​បាន​ចូល​មក​ទន្ទ្រាន និង​រំលោភបំពាន​លើ​ដែន​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ថ្មីៗ​នេះ ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២៦ ដែល​ចូល​មក​ក្នុង​ដែន​អធិបតេយ្យភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​គ្មាន​ការអនុញ្ញាត នៅ​តំបន់​អានសេះ ស្ថិត​ក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ គណបក្ស កម្លាំង​ជាតិ យល់ថា រាល់​ការ​ចូល​មកកាន់​កាប់ ធ្វើ​សកម្មភាព​យោធា ឬ​ការ​ចុះ​ទស្សនកិច្ច​ឯក​ភាគី ដោយ​ខុសច្បាប់​របស់​ភាគី​ថៃ ចូល​មក​ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា គឺ​មិនអាច​ទទួល​យក​បាន និង​ជា​ការ​បង្ក​ភាព​តានតឹង តាំងពី​អតីតកាល និង​ពេល​បច្ចុប្បន្ន។

ពលរដ្ឋ សង្គម​ស៊ីវិល និង​គណបក្ស​កម្លាំង​ជាតិ​ទទូច​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​ប្រញាប់ប្រញាល់​ដោះស្រាយ​បញ្ហា​នេះ ដោយ​ស្នើ​ប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ កោះ​ប្រជុំ​ជាមួយ​បណ្តា​ប្រទេស​ហត្ថលេខី​ជាបន្ទាន់ ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ពិចារណា​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​ស្វ័យការពារ ករណី​ភាគី​ថៃ​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ទាំងឡាយ ដោយ​ចូល​កាន់កាប់ ទន្ទ្រាន ចូលក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា។ មិនតែប៉ុណ្ណោះ ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​មួយចំនួន ក៏​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ឈ្លានពាន​របស់​ថៃ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ គិតគូរ​រឿង​បូរណភាព​ទឹកដី​ខ្មែរ​ឲ្យ​បាន​ច្រើន​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ