

អ្នកឃ្លាំមើលថា អំពើពុករលួយជាប្រព័ន្ធក្នុងស្ថាប័នរដ្ឋ និងប្រព័ន្ធយុត្តិធម៌ ជាហេតុនាំឲ្យមន្ត្រីថ្នាក់ក្រោមហ៊ានបើកដៃឲ្យជនល្មើសរត់គេចខ្លួនបានយ៉ាងងាយ។ ការលើកឡើងនេះ គឺក្រោយពេលសាលាដំបូងខេត្តកោះកុង សម្រេចឃុំខ្លួននគរបាល៣នាក់ និងអ្នកបកប្រែម្នាក់ ដែលគប់គិតឲ្យជនល្មើសជាជនជាតិចិន២នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ (Online Scams ) លួចរត់ចេញពីស្នងការដ្ឋាននគរបាលខេត្តកោះកុង។
អ្នកឃ្លាំមើលបារម្ភយ៉ាងខ្លាំងចំពោះប្រព័ន្ធយុត្តិធម៌ និងការអនុវត្តច្បាប់នៅកម្ពុជា ខណៈពេលមន្ត្រីក្នុងជួររដ្ឋាភិបាលប្រព្រឹត្តផ្ទុយវិជ្ជាជីវៈឃុបឃិតជាមួយជនល្មើស រហូតមានការដោះលែងអ្នកជាប់ឃុំ។ ពួកគាត់យល់ថា ករណីនេះ បង្ហាញពីចន្លោះប្រហោងក្នុងការត្រួតពិនិត្យ ភាពទទួលខុសត្រូវ និងសុចរិតភាពក្នុងស្ថាប័ន ហើយពួកគាត់គ្មានជំនឿថា រដ្ឋាភិបាលអាចអាចកែប្រែប្រព័ន្ធអនុវត្តច្បាប់ឲ្យប្រសើរឡើងបានឡើយ ប្រសិនបើមិនលុបបំបាត់អំពើពុករលួយចាប់តាំងពីថ្នាក់កំពូលមក។
ក្តីបារម្ភនេះ គឺកើតឡើងក្រោយពេលនគរបាល ៣នាក់ និងអ្នកបកប្រែម្នាក់ ត្រូវបានសាលាដំបូងខេត្តកោះកុងសម្រេចឃុំខ្លួន ដោយសារការឃុបឃិតឲ្យជនល្មើសឆបោកអនឡាញ(Online Scams) ២នាក់ ជាជនជាតិចិន និងជាបុគ្គលសំខាន់ លួចរត់ចេញពីស្នងការដ្ឋាននគរបាលខេត្ត។
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី ថ្លែងថា ប្រសិនបើជនល្មើសអាចប្រើលុយ ឬបណ្ដាញទំនាក់ទំនងដើម្បីមានឥទ្ធិពលលើមន្ត្រីបាន នោះការបង្ក្រាបឧក្រិដ្ឋកម្មធំៗ ដូចជា Online Scams នឹងមិនមានប្រសិទ្ធភាព ព្រោះអ្នកបង្ក្រាបខ្លះអាចក្លាយជាអ្នកការពារអ្នកប្រព្រឹត្តបទល្មើសវិញ។ លោកថា ប្រសិនបើរដ្ឋាភិបាលមិនផ្តាច់ឫសគល់នៃអំពើពុករលួយ នោះការកែប្រែប្រព័ន្ធច្បាប់និងមិនអាចធ្វើបានងាយៗដោយគ្រាន់តែដាក់ទោសមន្ត្រីពីរបីនាក់នោះទេ។ លោកទទូចឲ្យរដ្ឋាភិបាលត្រូវកែទាំងប្រព័ន្ធ ចាប់ពីការជ្រើសរើស និងតែងតាំងមន្ត្រី ការប្រកាសទ្រព្យសម្បត្តិ ការត្រួតពិនិត្យលំហូរប្រាក់ ការតាមដានសេចក្តីសម្រេចក្នុងសំណុំរឿងសំខាន់ៗ និងការបង្កើតយន្តការស៊ើបអង្កេតឯករាជ្យដែលមិនរើសមុខ។ រដ្ឋគួរដាក់ទោសឱ្យសមស្រប និងម៉ឺងម៉ាត់លើមន្ត្រីដែលប្រើអំណាចរបស់ខ្លួនជួយជនល្មើស ព្រោះមន្ត្រីប្រព្រឹត្តអំពើបែបនេះបង្កផលប៉ះពាល់ធ្ងន់ជាងជនធម្មតា ដោយសារពួកគេបានបំផ្លាញទំនុកចិត្តសាធារណៈលើស្ថាប័នរដ្ឋ។
ជនល្មើសដែលរត់គេចខ្លួនទាំង២នាក់នោះ មានឈ្មោះថា ស៊ូ ហ្វឹង (XU FENG) ភេទប្រុសនិងម្នាក់ទៀតឈ្មោះ ប៊ី រុយ (BI RUI) ភេទប្រុស។ សាលាដំបូងខេត្តកោះកុងចោទប្រកាន់ពួកគេពីបទ «លួចរត់» តាមក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
ចំណែកបុរស៤នាក់ទៀត ជាមន្ត្រីនគរបាល៣នាក់ និងអ្នកបកប្រែម្នាក់ មានឈ្មោះ លោក សារ៉ាតឌី ដេឆា លោក ឈិ សុវណ្ណដែន លោក តុងស៊ី ម៉េងជូ ជាជនជាតិខ្មែរ និងលោក លីន យូ (LIN YU) ហៅ ឡុង ជាជនជាតិចិន។
សាលាដំបូងខេត្តកោះកុង សម្រេចចោទប្រកាន់អ្នកទាំង៤និងបក្ខពួកពីបទ «ផ្តល់មធ្យោបាយលួចរត់ និងបទទទួលដោយខុសច្បាប់» តាមក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
កន្លងទៅថ្មីៗនេះ កម្លាំងគណ:បញ្ជាការឯកភាពខេត្តកោះកុង បានចាប់ខ្លួន មនុស្សជាង១០០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams នៅតំបន់តារាសាគរ ហើយជនល្មើសលួចរត់គេចខ្លួនទាំង២នាក់នោះ ក៏ស្ថិតក្នុងចំណោមមនុស្សទាំង១០០នាក់នេះផងដែរ។ ពួកគេត្រូវអាជ្ញាធរបញ្ជូនទៅសួរចម្លើយ និងឃុំខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកោះកុង មុនបញ្ជូនទៅតុលាការ។
កាលពីថ្ងៃទី ២១ ខែសីហា បុគ្គលជាជនជាតិចិនទាំង ២នាក់នោះ បានលួចរត់ចេញពីស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្រោមការឃុបឃិតរបស់មន្ត្រីនគរបាល ដែលបានផ្តល់មធ្យោបាយដល់ជនល្មើសទាំង ២នាក់នេះ ជាមួយទឹកលុយយ៉ាងច្រើនសន្ធឹក។
បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចបានតាមចាប់ខ្លួនជនជាតិចិនទាំង២នាក់បានមកវិញហើយ ដោយម្នាក់ចាប់បាននៅខេត្តព្រះសីហនុ និងម្នាក់ទៀតចាប់នៅខេត្តត្បូងឃ្មុំ ហើយបានឃាត់ខ្លួនមន្ត្រីនគរបាលដែលឃុបឃិតរួមជាមួយអ្នកបកប្រែនោះដើម្បីចាត់ការតាមច្បាប់។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត មានប្រសាសន៍ថា អំពើពុករលួយក្នុងស្ថាប័នរដ្ឋនេះ គឺមានជាច្រើនឆ្នាំរហូតចាក់ស្រេះក្នុងស្ថាប័នទាំងមូល ដោយមិនអាចកែប្រែបាននោះទេ។ លោកបន្តថា មន្ត្រីតូចហ៊ានប្រព្រឹត្តបទល្មើសទាំងនេះ ដោយសារមន្ត្រីធំក្នុងជួររដ្ឋាភិបាលបើកដៃឲ្យពួកគេធ្វើរហូតក្លាយជាទម្លាប់របស់មន្ត្រីទាំងនោះ។
លោក ម៉ែន ណាត៖ «ប្រព័ន្ធច្បាប់ឲ្យកែប្រែមានប្រសិទ្ធភាពបាន វាទាល់តែមេដឹកនាំហ្នឹងចេះភ្ញាក់រលឹក ធ្វើដែរ កែដែរ។ អ្នកដែលនាំឈានទៅរកការអនុវត្តច្បាប់មានប្រសិទ្ធភាព គឺក្រសួងមហាផ្ទៃ ពួកប៉ូលិស ពួកទាហាន ពួក រដ្ឋសភា ធ្វើច្បាប់ហើយត្រូវនាំគ្នាអនុវត្តឲ្យមានប្រសិទ្ធភាពទៅ។ ហើយអ្នកដែលទទួលការអនុវត្តមុនគេ គឺនាយករដ្ឋមន្ត្រី ជាពិសេសគឺលោក ហ៊ុន សែន ដែលជាប្រមុខរដ្ឋស្តីទី អីកន្លងទៅហ្នឹង ត្រូវតែភ្ញាក់រលឹកគោរពច្បាប់ហ្នឹង។ ប៉ុន្តែអ្នកអស់ហ្នឹងអត់ទេ! អ្នកអស់ហ្នឹងយកច្បាប់ហ្នឹងមកធ្វើជាបាយឡុកបាយឡការពារអំណាច មិនមែនការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍រួមទេ។ អញ្ចឹងហើយដែលធ្វើឲ្យការប្រព្រឹត្តបទអំពើឧក្រិដ្ឋកម្មនៅប្រទេសកម្ពុជាហ្នឹង វាសុះសាយ ខ្ចរខ្ចាយពេញពិភពលោកហ្នឹង រឿងអំពើអាក្រក់ហ្នឹង វាអញ្ចឹងណា»។
បើទោះបីជារដ្ឋាភិបាល ត្រកូលហ៊ុន ធ្លាប់បង្ហាញឆន្ទៈក្នុងការបង្ក្រាបបទល្មើសឆបោកអនឡាញឲ្យអស់ពីកម្ពុជា ដោយការចុះបង្ក្រាប បិទទីតាំងប្រព្រឹត្តបទល្មើស ចាប់ខ្លួន និងបណ្តេញក្រុមឆបោកទាំងនោះចេញពីកម្ពុជាក្តី ប៉ុន្តែការបបង្ក្រាបទាំងនោះ ហាក់មិនមានប្រសិទ្ធភាព និងមិនអាចឲ្យពលរដ្ឋ សង្គមស៊ីវិល និងអន្តរជាតិ ជឿជាក់បានឡើយ ដោយសាររហូតមកដល់ពេលនេះ មេក្លោងធំៗ មិនទាន់បានវែកមុខយកមកផ្ដន្ទាទោសនៅឡើយ។ អ្នកឃ្លាំមើលយល់ថា ការមិនអាចវែកមុខមេក្លោងធំៗមកផ្ដន្ទាទោសបាននេះ ដោយសារអំពើពុករលួយដែលផ្តល់ផលចំណេញឲ្យគ្នាទៅវិញទៅមករវាងជនល្មើសនិងមន្ត្រីរាជការ៕









