អ្នកឃ្លាំមើល​ថា អំពើពុករលួយ​ជា​ប្រព័ន្ធ​ក្នុង​ស្ថាប័ន​រដ្ឋ​ជាហេតុ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ហ៊ាន​បើកដៃ​ឲ្យ​ជនល្មើស​រត់​គេច​ខ្លួន

0
110
សមត្ថកិច្ច​បង្ក្រាប​​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី២២ ខែមេសា
សមត្ថកិច្ច​បង្ក្រាប​​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី២២ ខែមេសា
សមត្ថកិច្ច​បង្ក្រាប​​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី២២ ខែមេសា
សមត្ថកិច្ច​បង្ក្រាប​​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី២២ ខែមេសា

អ្នកឃ្លាំមើល​ថា អំពើពុករលួយ​ជា​ប្រព័ន្ធ​ក្នុង​ស្ថាប័នរដ្ឋ និង​ប្រព័ន្ធ​យុត្តិធម៌ ជាហេតុ​នាំ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​ហ៊ាន​បើកដៃ​ឲ្យ​ជនល្មើស​រត់គេច​ខ្លួន​បាន​យ៉ាង​ងាយ​។ ការ​លើកឡើង​នេះ គឺ​ក្រោយ​ពេល​សាលាដំបូង​ខេត្តកោះកុង សម្រេច​ឃុំខ្លួន​នគរបាល​៣​នាក់ និង​អ្នកបកប្រែ​ម្នាក់ ដែល​គប់គិត​ឲ្យ​ជនល្មើស​ជា​ជនជាតិ​ចិន​២​នាក់ ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​អនឡាញ (Online Scams ) លួច​រត់​ចេញពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង។

អ្នកឃ្លាំមើល​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ប្រព័ន្ធ​យុត្តិធម៌ និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ខណៈ​ពេល​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ប្រព្រឹត្ត​ផ្ទុយ​វិជ្ជាជីវៈ​ឃុបឃិត​ជាមួយ​ជនល្មើស រហូត​មានការ​ដោះលែង​អ្នក​ជាប់ឃុំ​។ ពួកគាត់​យល់ថា ករណីនេះ បង្ហាញ​ពី​ចន្លោះប្រហោង​ក្នុង​ការ​ត្រួតពិនិត្យ ភាព​ទទួលខុសត្រូវ និង​សុចរិត​ភាព​ក្នុង​ស្ថាប័ន ហើយ​ពួកគាត់​គ្មាន​ជំនឿ​ថា រដ្ឋាភិបាល​អាច​អាច​កែប្រែ​ប្រព័ន្ធ​អនុវត្ត​ច្បាប់​ឲ្យ​ប្រសើរ​ឡើង​បាន​ឡើយ ប្រសិនបើ​មិន​លុបបំបាត់​អំពើពុករលួយ​ចាប់តាំងពី​ថ្នាក់​កំពូល​មក។

ក្តីបារម្ភ​នេះ គឺ​កើតឡើង​ក្រោយពេល​នគរបាល ៣​នាក់ និង​អ្នកបកប្រែ​ម្នាក់ ត្រូវ​បាន​សាលាដំបូង​ខេត្តកោះកុង​សម្រេច​ឃុំខ្លួន ដោយសារ​ការ​ឃុបឃិត​ឲ្យ​ជនល្មើស​ឆបោក​អនឡាញ​(Online Scams) ២​នាក់ ជា​ជន​ជាតិចិន និង​ជា​បុគ្គល​សំខាន់ លួច​រត់​ចេញពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វណ្ណលី ថ្លែង​ថា ប្រសិនបើ​ជនល្មើស​អាច​ប្រើ​លុយ ឬ​បណ្ដាញ​ទំនាក់ទំនង​ដើម្បី​មាន​ឥទ្ធិពល​លើ​មន្ត្រី​បាន នោះ​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ធំៗ ដូចជា Online Scams នឹង​មិន​មាន​ប្រសិទ្ធភាព ព្រោះ​អ្នក​បង្ក្រាប​ខ្លះ​អាច​ក្លាយជា​អ្នកការពារ​អ្នកប្រព្រឹត្ត​បទល្មើស​វិញ​។ លោក​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ផ្តាច់​ឫសគល់​នៃ​អំពើពុករលួយ នោះ​ការកែប្រែ​ប្រព័ន្ធ​ច្បាប់​និង​មិនអាច​ធ្វើបាន​ងាយៗ​ដោយ​គ្រាន់តែ​ដាក់ទោស​មន្ត្រី​ពីរ​បីនាក់​នោះទេ​។ លោក​ទទូច​ឲ្យ​រដ្ឋាភិបាល​ត្រូវ​កែ​ទាំង​ប្រព័ន្ធ ចាប់ពី​ការ​ជ្រើសរើស និង​តែងតាំង​មន្ត្រី ការប្រកាស​ទ្រព្យសម្បត្តិ ការ​ត្រួតពិនិត្យ​លំហូរ​ប្រាក់ ការ​តាមដាន​សេចក្តីសម្រេច​ក្នុង​សំណុំរឿង​សំខាន់ៗ និង​ការបង្កើត​យន្តការ​ស៊ើបអង្កេត​ឯករាជ្យ​ដែល​មិន​រើសមុខ​។ រដ្ឋ​គួរ​ដាក់ទោស​ឱ្យ​សមស្រប និង​ម៉ឺងម៉ាត់​លើ​មន្ត្រី​ដែល​ប្រើ​អំណាច​របស់​ខ្លួន​ជួយ​ជនល្មើស ព្រោះ​មន្ត្រី​ប្រព្រឹត្ត​អំពើ​បែបនេះ​បង្ក​ផល​ប៉ះពាល់​ធ្ងន់​ជាង​ជន​ធម្មតា ដោយសារ​ពួកគេ​បាន​បំផ្លាញ​ទំនុកចិត្ត​សាធារណៈ​លើ​ស្ថាប័នរដ្ឋ។

​ជនល្មើស​ដែល​រត់គេច​ខ្លួន​ទាំង​២​នាក់​នោះ មាន​ឈ្មោះថា ស៊ូ ហ្វឹង (XU FENG) ភេទ​ប្រុស​និង​ម្នាក់ទៀត​ឈ្មោះ ប៊ី រុយ (BI RUI) ភេទ​ប្រុស​។ សាលាដំបូង​ខេត្តកោះកុង​ចោទប្រកាន់​ពួកគេ​ពី​បទ «​លួច​រត់​» តាម​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៦។

ចំណែក​បុរស​៤​នាក់​ទៀត ជា​មន្ត្រី​នគរបាល​៣​នាក់ និង​អ្នកបកប្រែ​ម្នាក់ មានឈ្មោះ លោក សារ៉ាតឌី ដេឆា លោក ឈិ សុវណ្ណដែន លោក តុងស៊ី ម៉េងជូ ជា​ជនជាតិ​ខ្មែរ និង​លោក លីន យូ (LIN YU) ហៅ ឡុង ជា​ជន​ជាតិចិន។

សាលាដំបូង​ខេត្តកោះកុង សម្រេច​ចោទប្រកាន់​អ្នក​ទាំង​៤​និង​បក្ខពួក​ពី​បទ «​ផ្តល់​មធ្យោបាយ​លួច​រត់ និង​បទ​ទទួល​ដោយ​ខុសច្បាប់​» តាម​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង កាលពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៦។

កន្លងទៅ​ថ្មីៗ​នេះ កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ខេត្តកោះកុង បាន​ចាប់ខ្លួន មនុស្ស​ជាង​១០០​នាក់ ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស Online Scams នៅ​តំបន់​តារា​សាគរ ហើយ​ជនល្មើស​លួច​រត់​គេចខ្លួន​ទាំង​២​នាក់​នោះ ក៏​ស្ថិត​ក្នុងចំណោម​មនុស្ស​ទាំង​១០០​នាក់​នេះ​ផង​ដែរ​។ ពួកគេ​ត្រូវ​អាជ្ញាធរ​បញ្ជូន​ទៅ​សួរចម្លើយ និង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង មុន​បញ្ជូន​ទៅ​តុលាការ។

កាលពី​ថ្ងៃទី ២១ ខែសីហា បុគ្គល​ជា​ជនជាតិ​ចិន​ទាំង ២​នាក់​នោះ បាន​លួច​រត់​ចេញពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ក្រោម​ការ​ឃុបឃិត​របស់​មន្ត្រី​នគរបាល ដែល​បាន​ផ្តល់​មធ្យោបាយ​ដល់​ជនល្មើស​ទាំង ២​នាក់​នេះ ជាមួយ​ទឹក​លុយ​យ៉ាងច្រើន​សន្ធឹក។

បច្ចុប្បន្ន អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​តាម​ចាប់ខ្លួន​ជនជាតិ​ចិន​ទាំង​២​នាក់​បាន​មក​វិញ​ហើយ ដោយ​ម្នាក់​ចាប់បាន​នៅ​ខេត្ត​ព្រះសីហនុ និង​ម្នាក់ទៀត​ចាប់​នៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ដែល​ឃុបឃិត​រួម​ជាមួយ​អ្នកបកប្រែ​នោះ​ដើម្បី​ចាត់ការ​តាមច្បាប់។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត មានប្រសាសន៍ថា អំពើពុករលួយ​ក្នុង​ស្ថាប័នរដ្ឋ​នេះ គឺ​មាន​ជាច្រើន​ឆ្នាំ​រហូត​ចាក់ស្រេះ​ក្នុង​ស្ថាប័ន​ទាំងមូល ដោយ​មិនអាច​កែប្រែ​បាន​នោះ​ទេ​។ លោក​បន្ត​ថា មន្ត្រី​តូច​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ ដោយសារ​មន្ត្រី​ធំ​ក្នុង​ជួរ​រដ្ឋាភិបាល​បើកដៃ​ឲ្យ​ពួកគេ​ធ្វើ​រហូត​ក្លាយជា​ទម្លាប់​របស់​មន្ត្រី​ទាំងនោះ។

លោក ម៉ែន ណាត៖ «ប្រព័ន្ធ​ច្បាប់​ឲ្យ​កែប្រែ​មាន​ប្រសិទ្ធភាព​បាន វា​ទាល់តែ​មេដឹកនាំ​ហ្នឹង​ចេះ​ភ្ញាក់​រលឹក ធ្វើ​ដែរ កែ​ដែរ​។ អ្នក​ដែល​នាំ​ឈាន​ទៅរក​ការអនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព គឺ​ក្រសួងមហាផ្ទៃ ពួក​ប៉ូលិស ពួក​ទាហាន ពួក រដ្ឋសភា ធ្វើ​ច្បាប់​ហើយ​ត្រូវ​នាំគ្នា​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅ​។ ហើយ​អ្នក​ដែល​ទទួល​ការអនុវត្ត​មុនគេ គឺ​នាយករដ្ឋមន្ត្រី ជាពិសេស​គឺ​លោក ហ៊ុន សែន ដែល​ជា​ប្រមុខ​រដ្ឋស្តីទី អី​កន្លងទៅ​ហ្នឹង ត្រូវតែ​ភ្ញាក់​រលឹក​គោរព​ច្បាប់​ហ្នឹង​។ ប៉ុន្តែ​អ្នកអស់ហ្នឹង​អត់​ទេ​! អ្នកអស់ហ្នឹង​យក​ច្បាប់​ហ្នឹង​មក​ធ្វើជា​បាយ​ឡុក​បាយឡ​ការពារ​អំណាច មិនមែន​ការពារ​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​រួម​ទេ។ អញ្ចឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ការប្រព្រឹត្ត​បទ​អំពើ​ឧក្រិដ្ឋកម្ម​នៅ​ប្រទេស​កម្ពុជា​ហ្នឹង វា​សុះសាយ ខ្ចរខ្ចាយ​ពេញ​ពិភពលោក​ហ្នឹង រឿង​អំពើអាក្រក់​ហ្នឹង វា​អញ្ចឹង​ណា»។

បើទោះបីជា​រដ្ឋាភិបាល ត្រកូល​ហ៊ុន ធ្លាប់​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ឆបោក​អនឡាញ​ឲ្យ​អស់ពី​កម្ពុជា ដោយ​ការ​ចុះ​បង្ក្រាប បិទ​ទីតាំង​ប្រព្រឹត្ត​បទល្មើស ចាប់ខ្លួន និង​បណ្តេញ​ក្រុម​ឆបោក​ទាំងនោះ​ចេញពី​កម្ពុជា​ក្តី ប៉ុន្តែ​កា​រប​បង្ក្រាប​ទាំងនោះ ហាក់​មិន​មាន​ប្រសិទ្ធភាព និង​មិនអាច​ឲ្យ​ពលរដ្ឋ សង្គម​ស៊ីវិល និង​អន្តរជាតិ ជឿជាក់​បាន​ឡើយ ដោយសារ​រហូតមកដល់​ពេលនេះ មេ​ក្លោង​ធំៗ មិនទាន់​បាន​វែកមុខ​យក​មក​ផ្ដន្ទាទោស​នៅឡើយ​។ អ្នកឃ្លាំមើល​យល់ថា ការ​មិនអាច​វែកមុខ​មេ​ក្លោង​ធំៗ​មក​ផ្ដន្ទាទោស​បាន​នេះ ដោយសារ​អំពើពុករលួយ​ដែល​ផ្តល់​ផល​ចំណេញ​ឲ្យ​គ្នា​ទៅវិញទៅមក​រវាង​ជនល្មើស​និង​មន្ត្រីរាជការ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ