អតិថិជន ហួយ​វ័ន​ផេ ចោទ​រដ្ឋាភិបាល​ថា ឃុបឃិត​ជាមួយ​លោក ហ៊ុន តូ កេងប្រវ័ញ្ច​លុយ​ពួកគាត់

0
83
ទិដ្ឋភាពអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) លើកបដាតវ៉ានៅមុខស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១២ សីហា ២០២៦។ រូប៖ ផ្ដល់ឱ្យ
ទិដ្ឋភាពអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) លើកបដាតវ៉ានៅមុខស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១២ សីហា ២០២៦។ រូប៖ ផ្ដល់ឱ្យ

ក្រុម​អតិថិជន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) ចោទប្រកាន់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ថា កំពុង​ឃុបឃិត​ជាមួយ​សាច់ញាតិ និង​បក្សពួក​របស់​ខ្លួន​គឺ​លោក ហ៊ុន តូ ដើម្បី​កេងប្រវ័ញ្ច​លុយ​ញើស​ឈាម​របស់​ពួកគាត់​ដែល​រកបាន​ដោយ​លំបាក។ ជនរងគ្រោះ​ភាគច្រើន​ជា​ជន​ជាតិចិន និង​ខ្មែរ​ក៏បាន​បន្ត​ចេញ​តវ៉ា​ដោយ​សន្តិវិធី​នៅ​ខាងមុខ​ស្ថានទូត​ចិន ដោយ​នាំគ្នា​ស្រែក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​ច្បាប់ និង​បញ្ឈប់​ការ​គេចវេះ​ដោះស្រាយ​លុយ​ជនរងគ្រោះ​ដែល​លោក ហ៊ុន តូ បាន​បង្កក។

ក្រុម​អតិថិជន​នៃ​ក្រុមហ៊ុន ហួយ​វ័ន ផេ ជាង ៥០​នាក់​នៅ​ថ្ងៃទី​២៨ ខែសីហា បន្ត​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅ​ខាងមុខ​ស្ថានទូត​ចិន​សា​ជាថ្មី​ទៀត បន្ទាប់ពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិនបាន​អើពើ​ចេញមុខ​ដោះស្រាយ​រឿង​លុយ​ពួកគាត់​ដែល​លោក ហ៊ុន តូ បាន​បង្កក​ជិត​មួយឆ្នាំ​មក​នេះ។

ក្រុម​បាតុករ​ភាគច្រើន​គឺ​ជន​ជាតិចិន និង​ខ្មែរ​។ ពួកគាត់​បាន​ប្រមូលផ្ដុំ​តវ៉ា​តាំង​ពី​ព្រឹក​រហូតដល់​ថ្ងៃត្រង់​ដោយ​អ្នកខ្លះ​អង្គុយ​ក្នុង​ទឹកមុខ​ក្រៀមក្រំ និង​អស់សង្ឃឹម​។ ក្រុម​អ្នក​តវ៉ា​ក៏បាន​លើក​រូបថត​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ព្រមទាំង​រូបថត​ជនរងគ្រោះ​ដែល​ត្រូវ​បាន​អាជ្ញាធរ​វាយដំ​បណ្ដាល​ឱ្យ​បែកក្បាល​កន្លងទៅ និង​លើក​បដា​សរសេរ​ថា «​លោក ហ៊ុន តូ សង​លុយ​កម្លាំង​ញើស​ឈាម​យើង​វិញ​»។

សំឡេង​ក្រុមបាតុករ​៖«​ហួយ​វ័ន សងលុយ​ញើស​ឈាម​យើង​វិញ»។

តំណាង​អតិថិជន​ចិន​ម្នាក់​សរសេរ​សារ​ជា​សំណេរ​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ថា អ្នក​ដែល​ចេញ​តវ៉ា​ភាគច្រើន​គឺជា​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច និង​បាន​ចូល​មក​រកស៊ី​មាន​ឯកសារ​ស្របតាម​ច្បាប់​កម្ពុជា​។ ប្រភព​ដដែល​អះអាង​ទៀត​ថា ក្នុងចំណោម​អ្នក​តវ៉ា​ភាគច្រើន​មាន​លុយ​ចាប់ពី​ខ្ទង់​ម៉ឺន​ដុល្លារ​នៅក្នុង​គណនី​ហួយ​វ័ន ប៉ុន្តែ​ត្រូវ​បាន​ក្រុមហ៊ុន លោក ហ៊ុន តូ បង្កក​យក​ទាំង​អយុត្តិធម៌។

អតិថិជន​រូប​នេះ រិះគន់​ថា ការ​បរាជ័យ​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ គឺ​ដោយសារតែ​មេដឹកនាំ​មិនបាន​គោរព​ច្បាប់ និង​ឃុបឃិត​ជាមួយ​លោក ហ៊ុន តូ ខណៈ​ស្ថានទូត​ចិន​វិញ​ពួកគាត់​ថា ក៏​តែងតែ​រក​លេស​ដោះសា និង​មិន​ជួយ​ជំរុញ​ឱ្យមាន​ដំណោះស្រាយ​សម្រាប់​ពលរដ្ឋ​ខ្លួន​ឡើយ​។ អតិថិជន​ដដែល​បញ្ជាក់​ទៀត​ថា ក្រុម​ជនរងគ្រោះ​នឹង​នៅតែ​បន្ត​ចេញ​តវ៉ា​គ្មាន​ទី​បញ្ចប់ និង​ចាត់ទុកថា រដ្ឋាភិបាល​កម្ពុជា​កំពុង​គេចវេះ​ពី​ការទទួលខុសត្រូវ ដើម្បី​ព្យាយាម​យក​លុយ​អតិថិជន​ដែល​មាន​ក្នុង​គណនី​ហួយ​វ័ន​ទុកជា​ប្រយោជន៍​ផ្ទាល់ខ្លួន។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​អ្នកស្រី ជា សិរី ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​២៨ ខែ​សីហា។

ក្រុមហ៊ុន ហួយវ័ន ផេគឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) មានកម្ម​វិធី​ទូទាត់​លុយ​តាម​អន​ឡាញ​ក្នុង​មួយដង​អាច​ក្នុង​ចំនួន​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ប្រព័ន្ធ​ធនាគារ។ ក្មួយប្រុស​បង្កើត​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​ត្រូវជា​បងជីដូនមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែ​ត គឺ​លោក ហ៊ុន តូ ជា​សហប្រធាន​មួយ​រូប​នៃ​ក្រុមហ៊ុន​នេះ និង​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​សោយសុខ​លើ​គំនរ​ទ្រព្យសម្បត្តិ​មាន​អង្គរក្ស​ការពារ ២៤​ម៉ោង​។ ចំណែក ប្រធាន​ក្រុមហ៊ុន ហួយវ័ន គ្រុប គឺ​លោក លី សុង (LI XIONG) ជា​ជន​ជាតិចិន​មាន​សញ្ជាតិ​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​បញ្ជូន​ទៅកាន់​ប្រទេស​ចិន​កាល​ពី​ដើម​ឆ្នាំ​២០២៦ ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​អនឡាញ និង​ការ​លាង​លុយកខ្វក់។

ធនាគារជាតិ​កម្ពុជា​ដ​ក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ហួយ​វ័នគ្រុប (Huione Group) ដោយ​ស្ងាត់ៗ​កាលពី​ឆ្នាំ​២០២៤ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នៅតែ​បន្តដំណើរ​អាជីវកម្ម​របស់​ខ្លួន​រហូតដល់​ចុងឆ្នាំ​២០២៥ និង​បាន​ប្រើ​លេស​បង្កក​លុយ​អតិថិជន បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ដាក់ទណ្ឌកម្ម​ពាក់​ព័ន្ធ​នឹង​អើពើ​ឆបោក​តាម​អន​ឡាញ និង​ការ​លាង​លុយកខ្វក់។ បន្ទាប់​មក​ធនាគារជាតិ​កម្ពុជា​បាន​រំដោះខ្លួន ដោយ​គេចវេះ​ពី​ការទទួលខុសត្រូវ និង​ជំរុញ​ឱ្យ​ជនរងគ្រោះ​ដែល​បាត់​បង់លុយ​ដាក់ពាក្យ​បណ្ដឹង​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ​វិញ។

នាយក​ទទួលបន្ទុក​ក្រុម​ជំនាញ​ប្រឆាំង​អំពើពុករលួយ​នៃ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក ទេព មនោរម្យ លើកឡើង​ថា ជនរងគ្រោះ​ទាំងអស់​មិន​គួរ​នៅ​ស្ងាត់​រង់ចាំ​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​ត្រកូល ហ៊ុន នោះទេ ប៉ុន្តែ​ត្រូវ​ចង​កម្លាំង​គ្នា​ជា​ធ្លុង​មួយ បន្ត​ចេញ​តវ៉ា​ទាមទារ​យុត្តិធម៌​ដោយ​សន្តិវិធី​ឱ្យ​បាន​ផុលផុស​។ លោក​ក៏​ណែ​នាំ​ឱ្យ​ជនរងគ្រោះ​នាំគ្នា​រៀបចំ​ញត្តិ​ដាក់​ទៅកាន់​ស្ថានទូត​នៃ​បណ្ដា​ប្រទេស​ដែល​បាន​ដាក់​ទណ្ឌកម្ម ក្រុមហ៊ុន​លោក ហ៊ុន តូ ដូចជា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​ជាដើម ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ និង​ដាក់​សម្ពាធ​ដល់​មេដឹកនាំ​ក្រុងភ្នំពេញ។

លោក ទេព មនោរម្យ៖ «ប្រជាពលរដ្ឋ​ខ្មែរ​យើង​ក៏​ដូចគ្នា​ដែរ បើ​យើង​អត់​រៀបចំ​ឯកសារ​ទៅ​ប្ដឹង ទោះបីជា​គេចង់​ជួយ​យើង ក៏​គេ​អត់​ជួយ​យើង​បាន​ដែរ ព្រោះ​យើង​អត់​បាន​ប្ដឹង​។ ចោរ​ដែល​លួច​ទ្រព្យសម្បត្តិ​យើង យើង​អត់​ទៅ​ប្ដឹង​ប៉ូលិស គេ​នឹង​ស្វែងរក​យុត្តិធម៌ ចាប់ចោរ ហើយនឹង​សង​ទ្រព្យសម្បត្តិ​ដែល​ចោរលួច ចោរប្លន់​ហ្នឹង​យក​មក​ឱ្យ​យើង​យ៉ាងណា​? ប្រមូលផ្ដុំ​គ្នា​ជា​កម្លាំង កុំឱ្យ​ទៅ​ធ្វើ​បាតុកម្ម​រប៉េះរប៉ោះ​។ តុលាការ​មិន​អាច​មក​កាត់ទោស គ្រាន់តែ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ទេ សូម្បីតែ​ដីកា​របស់​សហរដ្ឋអាមេរិក ពាក់ព័ន្ធ​ជាមួយនឹង Scam Online ហ្នឹង មានឈ្មោះ​ហ៊ុន តូ នៅក្នុង​ហ្នឹង រដ្ឋាភិបាល​ខ្មែរ​អត់​ហ៊ាន​ចាត់វិធានការ​ផង​ហ្នឹង​។ ដោយសារ​អី​? ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា​យើង​ហ្នឹង នៅ​ពីក្រោយ​អំពើ​ឆបោក​ទាំង​អស់ហ្នឹង​។ អ៊ីចឹង​បាន​បរទេស​គេ​និយាយ​ថា ប្រទេស​ខ្មែរ​យើង​ហ្នឹង​គឺ​ដឹកនាំ​ដោយ​ក្រុម​ម៉ាហ្វីយ៉ា (Mafia)»។

ក្រៅពី​មាន​អ្នក​ចេញ​តវ៉ា​ជាប្រចាំ​ក៏​មាន​ជនរងគ្រោះ​មួយចំនួន​សម្រេច​ជ្រើស​រើស​យក​ការ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​លុយ​របស់​ខ្លួន​ដែរ​។ ទោះជា​យ៉ាងណា អតិថិជន​ហួយ​វ័ន​ឱ្យ​ដឹង​ថា មកដល់ពេលនេះ ជនរងគ្រោះ​ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​លោក ហ៊ុន តូ ទៅ​កាន់​តុលាការ​នោះ​គឺ​សំណុំរឿង​ស្ងាត់ជ្រងំ ហើយ​ពន្លឺយុត្តិធម៌​សម្រាប់​ពួកគាត់​ក៏​ហាក់​នៅ​ទី​ងងឹត​នៅ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ