

ក្រុមអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) ចោទប្រកាន់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ថា កំពុងឃុបឃិតជាមួយសាច់ញាតិ និងបក្សពួករបស់ខ្លួនគឺលោក ហ៊ុន តូ ដើម្បីកេងប្រវ័ញ្ចលុយញើសឈាមរបស់ពួកគាត់ដែលរកបានដោយលំបាក។ ជនរងគ្រោះភាគច្រើនជាជនជាតិចិន និងខ្មែរក៏បានបន្តចេញតវ៉ាដោយសន្តិវិធីនៅខាងមុខស្ថានទូតចិន ដោយនាំគ្នាស្រែកទាមទារឱ្យរដ្ឋាភិបាលគោរពច្បាប់ និងបញ្ឈប់ការគេចវេះដោះស្រាយលុយជនរងគ្រោះដែលលោក ហ៊ុន តូ បានបង្កក។
ក្រុមអតិថិជននៃក្រុមហ៊ុន ហួយវ័ន ផេ ជាង ៥០នាក់នៅថ្ងៃទី២៨ ខែសីហា បន្តប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខស្ថានទូតចិនសាជាថ្មីទៀត បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបានអើពើចេញមុខដោះស្រាយរឿងលុយពួកគាត់ដែលលោក ហ៊ុន តូ បានបង្កកជិតមួយឆ្នាំមកនេះ។
ក្រុមបាតុករភាគច្រើនគឺជនជាតិចិន និងខ្មែរ។ ពួកគាត់បានប្រមូលផ្ដុំតវ៉ាតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ដោយអ្នកខ្លះអង្គុយក្នុងទឹកមុខក្រៀមក្រំ និងអស់សង្ឃឹម។ ក្រុមអ្នកតវ៉ាក៏បានលើករូបថតនៃក្រុមគ្រួសារត្រកូល ហ៊ុន ព្រមទាំងរូបថតជនរងគ្រោះដែលត្រូវបានអាជ្ញាធរវាយដំបណ្ដាលឱ្យបែកក្បាលកន្លងទៅ និងលើកបដាសរសេរថា «លោក ហ៊ុន តូ សងលុយកម្លាំងញើសឈាមយើងវិញ»។
សំឡេងក្រុមបាតុករ៖«ហួយវ័ន សងលុយញើសឈាមយើងវិញ»។
តំណាងអតិថិជនចិនម្នាក់សរសេរសារជាសំណេរប្រាប់ទូរទស្សន៍អាស៊ីសេរីតាមបណ្ដាញសង្គមតេឡេក្រាម (Telegram) ថា អ្នកដែលចេញតវ៉ាភាគច្រើនគឺជាម្ចាស់អាជីវកម្មខ្នាតតូច និងបានចូលមករកស៊ីមានឯកសារស្របតាមច្បាប់កម្ពុជា។ ប្រភពដដែលអះអាងទៀតថា ក្នុងចំណោមអ្នកតវ៉ាភាគច្រើនមានលុយចាប់ពីខ្ទង់ម៉ឺនដុល្លារនៅក្នុងគណនីហួយវ័ន ប៉ុន្តែត្រូវបានក្រុមហ៊ុន លោក ហ៊ុន តូ បង្កកយកទាំងអយុត្តិធម៌។
អតិថិជនរូបនេះ រិះគន់ថា ការបរាជ័យរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ គឺដោយសារតែមេដឹកនាំមិនបានគោរពច្បាប់ និងឃុបឃិតជាមួយលោក ហ៊ុន តូ ខណៈស្ថានទូតចិនវិញពួកគាត់ថា ក៏តែងតែរកលេសដោះសា និងមិនជួយជំរុញឱ្យមានដំណោះស្រាយសម្រាប់ពលរដ្ឋខ្លួនឡើយ។ អតិថិជនដដែលបញ្ជាក់ទៀតថា ក្រុមជនរងគ្រោះនឹងនៅតែបន្តចេញតវ៉ាគ្មានទីបញ្ចប់ និងចាត់ទុកថា រដ្ឋាភិបាលកម្ពុជាកំពុងគេចវេះពីការទទួលខុសត្រូវ ដើម្បីព្យាយាមយកលុយអតិថិជនដែលមានក្នុងគណនីហួយវ័នទុកជាប្រយោជន៍ផ្ទាល់ខ្លួន។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងទេសាភិបាលធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី ដើម្បីអត្ថាធិប្បាយជុំវិញរឿងនេះបានទេនៅថ្ងៃទី២៨ ខែសីហា។
ក្រុមហ៊ុន ហួយវ័ន ផេគឺជាផ្នែកមួយនៃក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group) មានកម្មវិធីទូទាត់លុយតាមអនឡាញក្នុងមួយដងអាចក្នុងចំនួនទឹកប្រាក់រាប់ម៉ឺនដុល្លារដោយមិនចាំបាច់ឆ្លងកាត់ប្រព័ន្ធធនាគារ។ ក្មួយប្រុសបង្កើតប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងត្រូវជាបងជីដូនមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ ជាសហប្រធានមួយរូបនៃក្រុមហ៊ុននេះ និងកំពុងរស់នៅក្រៅសំណាញ់ច្បាប់សោយសុខលើគំនរទ្រព្យសម្បត្តិមានអង្គរក្សការពារ ២៤ម៉ោង។ ចំណែក ប្រធានក្រុមហ៊ុន ហួយវ័ន គ្រុប គឺលោក លី សុង (LI XIONG) ជាជនជាតិចិនមានសញ្ជាតិខ្មែរ ត្រូវបានអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅកាន់ប្រទេសចិនកាលពីដើមឆ្នាំ២០២៦ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញ និងការលាងលុយកខ្វក់។
ធនាគារជាតិកម្ពុជាដកអាជ្ញាប័ណ្ណក្រុមហ៊ុន ហួយវ័នគ្រុប (Huione Group) ដោយស្ងាត់ៗកាលពីឆ្នាំ២០២៤ ប៉ុន្តែក្រុមហ៊ុននេះនៅតែបន្តដំណើរអាជីវកម្មរបស់ខ្លួនរហូតដល់ចុងឆ្នាំ២០២៥ និងបានប្រើលេសបង្កកលុយអតិថិជន បន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងអើពើឆបោកតាមអនឡាញ និងការលាងលុយកខ្វក់។ បន្ទាប់មកធនាគារជាតិកម្ពុជាបានរំដោះខ្លួន ដោយគេចវេះពីការទទួលខុសត្រូវ និងជំរុញឱ្យជនរងគ្រោះដែលបាត់បង់លុយដាក់ពាក្យបណ្ដឹងដោះស្រាយតាមប្រព័ន្ធតុលាការវិញ។
នាយកទទួលបន្ទុកក្រុមជំនាញប្រឆាំងអំពើពុករលួយនៃរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក ទេព មនោរម្យ លើកឡើងថា ជនរងគ្រោះទាំងអស់មិនគួរនៅស្ងាត់រង់ចាំដំណោះស្រាយពីរដ្ឋាភិបាលត្រកូល ហ៊ុន នោះទេ ប៉ុន្តែត្រូវចងកម្លាំងគ្នាជាធ្លុងមួយ បន្តចេញតវ៉ាទាមទារយុត្តិធម៌ដោយសន្តិវិធីឱ្យបានផុលផុស។ លោកក៏ណែនាំឱ្យជនរងគ្រោះនាំគ្នារៀបចំញត្តិដាក់ទៅកាន់ស្ថានទូតនៃបណ្ដាប្រទេសដែលបានដាក់ទណ្ឌកម្ម ក្រុមហ៊ុនលោក ហ៊ុន តូ ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបជាដើម ដើម្បីឱ្យជួយអន្តរាគមន៍ និងដាក់សម្ពាធដល់មេដឹកនាំក្រុងភ្នំពេញ។
លោក ទេព មនោរម្យ៖ «ប្រជាពលរដ្ឋខ្មែរយើងក៏ដូចគ្នាដែរ បើយើងអត់រៀបចំឯកសារទៅប្ដឹង ទោះបីជាគេចង់ជួយយើង ក៏គេអត់ជួយយើងបានដែរ ព្រោះយើងអត់បានប្ដឹង។ ចោរដែលលួចទ្រព្យសម្បត្តិយើង យើងអត់ទៅប្ដឹងប៉ូលិស គេនឹងស្វែងរកយុត្តិធម៌ ចាប់ចោរ ហើយនឹងសងទ្រព្យសម្បត្តិដែលចោរលួច ចោរប្លន់ហ្នឹងយកមកឱ្យយើងយ៉ាងណា? ប្រមូលផ្ដុំគ្នាជាកម្លាំង កុំឱ្យទៅធ្វើបាតុកម្មរប៉េះរប៉ោះ។ តុលាការមិនអាចមកកាត់ទោស គ្រាន់តែបណ្ដឹងរបស់ប្រជាពលរដ្ឋទេ សូម្បីតែដីការបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធជាមួយនឹង Scam Online ហ្នឹង មានឈ្មោះហ៊ុន តូ នៅក្នុងហ្នឹង រដ្ឋាភិបាលខ្មែរអត់ហ៊ានចាត់វិធានការផងហ្នឹង។ ដោយសារអី? ដោយសារតែរដ្ឋាភិបាលកម្ពុជាយើងហ្នឹង នៅពីក្រោយអំពើឆបោកទាំងអស់ហ្នឹង។ អ៊ីចឹងបានបរទេសគេនិយាយថា ប្រទេសខ្មែរយើងហ្នឹងគឺដឹកនាំដោយក្រុមម៉ាហ្វីយ៉ា (Mafia)»។
ក្រៅពីមានអ្នកចេញតវ៉ាជាប្រចាំក៏មានជនរងគ្រោះមួយចំនួនសម្រេចជ្រើសរើសយកការដោះស្រាយតាមប្រព័ន្ធតុលាការ ដើម្បីស្វែងរកដំណោះស្រាយចំពោះលុយរបស់ខ្លួនដែរ។ ទោះជាយ៉ាងណា អតិថិជនហួយវ័នឱ្យដឹងថា មកដល់ពេលនេះ ជនរងគ្រោះដែលបានដាក់ពាក្យប្ដឹងក្រុមហ៊ុនលោក ហ៊ុន តូ ទៅកាន់តុលាការនោះគឺសំណុំរឿងស្ងាត់ជ្រងំ ហើយពន្លឺយុត្តិធម៌សម្រាប់ពួកគាត់ក៏ហាក់នៅទីងងឹតនៅឡើយ៕









