ចលនា​ខ្មែរ​នៅ​ជប៉ុន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្តឹង​ថៃ​រឿង​ឈ្លានពាន​ទៅ​តុលាការអន្តរជាតិ

0
39
ទិដ្ឋភាពពលរដ្ឋ​ខ្មែរ ជាង​១០០​នាក់ ធ្វើបាតុកម្ម​នៅ​សួន ហ៊ីប៊ីយ៉ាក់ (Hibiya) ទីក្រុង​តូឃ្យូ (Tokyo) ប្រទេស​ជប៉ុន កាលពីថ្ងៃទី៣០ សីហា ២០២៦។ រូប៖ ហ្វេសប៊ុក Mori Bora

ពលរដ្ឋ​ខ្មែរ ជាង​១០០​នាក់ ធ្វើបាតុកម្ម​នៅ​សួន ហ៊ីប៊ីយ៉ាក់ (Hibiya) ទីក្រុង​តូឃ្យូ (Tokyo) ប្រទេស​ជប៉ុន ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្តឹង​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា​ទៅ​តុលាការអន្តរជាតិ ICC និង ICJ និង​ដោះលែង​អ្នក​ទោស​នយោបាយ​។ សង្គម​ស៊ីវិល យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​ទទួលយក​នូវ​ការ​ទាមទារ​របស់​ក្រុម​បាតុករ​ទាំង​នោះ​មក​ដោះស្រាយ និង​មិន​គួរ​អូស​បន្លាយ​ពេល​យូរ​នោះ​ទេ។

ចលនា​សង្គ្រោះ​ជាតិ និង​បណ្ដាញ​យុវជន​កម្ពុជា​សកល ប្រចាំ​ប្រទេស​ជប៉ុន បាន​ធ្វើ​បាតុកម្ម​ដោយ​ដង្ហែ​មឈូស និង​កាន់​បដា​ដែល​មាន​រូបយន្ត​ហោះ​ចម្បាំង​របស់​ថៃ រូប​អ្នកទោស​មនសិការ​កំពុង​ជាប់ឃុំ ដើរ​តាមផ្លូវ រយៈពេល​ជិត​១​ម៉ោង ពី​កណ្តាល​ទីក្រុង​តូក្យូ កន្លែង​ដែល​មាន​មនុស្ស​អ៊ូអរ រហូតដល់​សួន​ហី​ប៊ីយ៉ា​ក់ កាលពី​ថ្ងៃទី​៣០ ខែសីហា​។ នៅ​លើ​មឈូស​ពណ៌​ខ្មៅ​ដែល​មាន​មនុស្ស​៤​នាក់​ស្លៀក​ឈុត​ខ្មៅ​សែង​នោះ មាន​សរសេរ​ពាក្យស្លោក​ថា ប្រជាធិបតេយ្យ និង​យុត្តិធម៌​នៅ​កម្ពុជា​បាន​ស្លាប់ ហើយ​មានការ​តុបតែង​ខ្លួន​ជា​ទាហាន​ខ្មែរ និង​ជា​ជនភៀសសឹក ដើរ​ជា​ក្បួន ស្រែក​ទាមទារ​ជា​ភាសា​ខ្មែរ និង​ជប៉ុន​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រក​ដំណោះស្រាយ។

ក្រុម​បាតុករ​បាន​ស្រែក​ទាមទារ​ចំនួន​៤​ចំណុច​រួមមាន ទាមទារ​ឲ្យ​ថៃ​សង​សំណង​មក​ឲ្យ​កម្ពុជា​វិញ​នូវ​ការខូចខាត​ទាំងអស់ ដែល​ប៉ះ​បាល់​ដោយសារ​សង្គ្រាម​ដែល​ថៃ​ឈ្លានពាន រដ្ឋាភិបាល​ខ្មែរ​ត្រូវ​ប្តឹង​ថៃ​ទៅ​តុលាការអន្តរជាតិ ICC និង ICJ ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់​ជាបន្ទាន់ និង​ត្រូវ​ដោះស្រាយ​ជម្លោះព្រំដែន​សមុទ្រ​តាមច្បាប់​អន្តរជាតិ UNCLOS។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​សកល អ្នកស្រី មូរី បូរ៉ា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា នៅ​ក្នុង​ពេល​បាតុកម្ម​នោះ​មានការ​ចូលរួម​ឃ្លាំមើល​ពី​អង្គការ​មួយចំនួន អ្នកកាសែត​ជប៉ុន និង​អាជ្ញាធរ​ជប៉ុន ដែល​ជួយ​សម្រួល​ផ្លូវ​ដល់​ក្រុម​បាតុករ​ទាំងនោះ​។ អ្នកស្រី​ថា បាតុកម្ម​នេះ គឺ​អ្នកស្រី​ចង់​ឲ្យ​ប្រទេស​ជប៉ុន​បាន​ដឹង​លឺ​ពី​ទង្វើ​របស់​ប្រទេស​ថៃ​ដែល​បាន​ឈ្លានពាន​កម្ពុជា ហើយ​លូកដៃ​ជួយ​ដោះស្រាយ​បញ្ហា​ទឹកដី​ដល់​កម្ពុជា​។ អ្នកស្រី​ក៏​ចង់​ឲ្យ​ជប៉ុន បានដឹង​ពី​អសមត្ថភាព​របស់​មេដឹកនាំ​កម្ពុជា ដែល​មាន​គ្រួសារ​ត្រកូល​«​ហ៊ុន​»​ជា​អ្នកកាន់អំណាច​ក្រាញ​ននាល ធ្វើ​ឲ្យ​កម្ពុជា​ចុះ​ទន់ខ្សោយ រហូត​បរទេស​មាន​ឳ​កាស​ឈ្លានពាន​បាន​។ អ្នកស្រី​បន្ត​ថា អ្នកស្រី​គ្មាន​សង្ឃឹមលើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត នោះ​ទេ ប៉ុន្តែ​អ្នកស្រី​ទទូច​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​ចូលរួម​គ្រប់​សកម្មភាព ដើម្បី​ការពារ​និង​ទាមទារ​ទឹកដី​ខ្មែរ​ពី​សត្រូវ​មកវិញ។

អ្នកស្រី មូរី បូរ៉ា៖ «​យើង​ត្រូវតែ​ធ្វើ​សកម្មភាព​ក្នុង​ការ​ទាមទារ​យក​ផ្ទះ យក​សម្បែង យក​ដី​របស់​យើង ព្រោះ​អី​មនុស្ស​រស់នៅ​ត្រូវការ​ផ្ទះសម្បែង ត្រូវការ​ទីជម្រក តែបើ​យើង​អត់​មាន​ទីជម្រក តើ​យើង​រស់នៅ​បែប​ណា​? ចឹង​បងប្អូន​មិន​ត្រូវ​នៅ​ស្ងៀម នឹង​ខ្លាច ឬក៏​គំរាមកំហែង​ណាមួយ ដែល​ធ្វើ​ឲ្យ​បងប្អូន​មិនអាច​និយាយ​ស្ដី​បានទេ​។ បងប្អូន​ត្រូវតែ​ចេញ​និយាយ​ស្ដី ត្រូវតែ​ទាមទារ​យក​ទឹកដី​របស់​យើង​មកវិញ​។ ហើយ​ជាពិសេស​នាង​ខ្ញុំ​សូម​អំពាវនាវ​ដល់​អន្ត​រ​ជាតិ​ដែល​ជា​ម្ចាស់​ចុះ​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ក្រុងប៉ារីស សូម​ប្រើប្រាស់​យន្តការ​របស់​ខ្លួន​ស៊ើបអង្កេត ទៅតាម​ដាន​មើល​តើ​បញ្ហា​ទឹកដី ព្រំដែន​របស់​ខ្មែរ​ត្រូវ​ប្រទេសជិតខាង​រំលោភបំពាន​ហ្នឹង តើ​ពួកគាត់​ត្រូវតែ​ធ្វើ​កិច្ច​ការងារ​ហ្នឹង​ថា តើ​ប្រជាពលរដ្ឋ​ខ្មែរ​រងគ្រោះ​មែនឬ​អត់​? ភៀស​សឹក​កំពុងតែ​រស់នៅ​តាម​ព្រំដែន​ប៉ុន្មាន​គ្រួសារ សូម​ឲ្យ​គាត់​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​សន្ធិសញ្ញា អឺ​មក​ដោះស្រាយ​នូវ​បញ្ហា​នេះ ជួយ​ដល់​ប្រទេស​កម្ពុជា»។

សមាជិក​ចលនា​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន លោក មុត សុភក្ត្រ រៀបរាប់​ថា លោក​ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា​មាន​ទំនួល​ខុសត្រូវ​លើ​បញ្ហា​បូរណភាព​ទឹកដី​ឲ្យ​បាន​ខ្ពស់​ជាង​នេះ ហើយ​ត្រូវ​ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លោក​បន្ត​ថា លោក ហ៊ុន ម៉ា​ណែ​ត មិន​ហ៊ាន​ប្តឹង​ថៃ ដោយសារ​គ្រួសារ​របស់​ខ្លួន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ឧក្រិដ្ឋ​ជាច្រើន ដូចជា​ការ​ឆបោក​អនឡាញ និង​ការ​សម្លាប់​លោក លិម គិមយ៉ា ហើយ​ខ្លាច​ថៃ​បកអាក្រាត​ទង្វើ​ស្មោកគ្រោក​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ ដែល​អាច​ឈាន​ដល់​ការ​រង្គោះរង្គើ​អំណាច​របស់​ខ្លួន។ លោក​ថា របប​លោក ហ៊ុន ម៉ាណែត គាបសង្កត់​ប្រជាពលរដ្ឋ​ក្នុងស្រុក​រហូត​មិន​មាន​នរណា​ហ៊ាន​ផ្សព្វផ្សាយ​ពី​បញ្ហា​ព្រំដែន​ឡើយ ហើយ​មានតែ​ពលរដ្ឋ​នៅ​ក្រៅ​ស្រុក​ប៉ុណ្ណោះ ដែល​ជា​សម្លេង​ជួស​ឲ្យ​ពលរដ្ឋ​នៅក្នុង​ស្រុក​ទាំងអស់ ដើម្បី​ទាមទារ​ឲ្យ​អន្តរជាតិ​ជួយ​ឈឺឆ្អាល​បាន។

លោក មុត សុភក្ត្រ៖ «ចំពោះ​ខ្ញុំ គឺ​មាន​ការឈឺចាប់​មែនទែន នៅ​ពេល​ដែល​រដ្ឋាភិបាល​របស់​ប្រទេស​កម្ពុជា មិន​ព្រម​ប្តឹង​ថៃ​ទៅ​តុលាការអន្តរជាតិ តុលាការ​ព្រហ្មទណ្ឌ ICC តុលាការ​យុត្តិធម៌ ICJ​។ យើង​មិន​ដឹង​ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គិត​អី​ទេ។ ខ្ញុំ​គិតថា របប​ត្រកូល​ហ៊ុន នេះ គឺ​ដឹកនាំ​ក្បត់ជាតិ គឺ​ឃុបឃិត​ជាមួយនឹង​អតីត​រដ្ឋាភិបាល​ថៃ ដែល​ធ្វើ​ឲ្យ​ជាប់​ពាក់​ពិន​នឹង​រឿង​ផ្សេងៗ​ជាច្រើន​ក្ដី​ក្ដាំ ទើប​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ហ្នឹង​មិន​ហ៊ាន​ប្តឹង​ថៃ»។

ចំណែក ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​លោក សោម សុជាតិ ថ្លែង​ថា រដ្ឋាភិបាល​ត្រូវ​ស្នើ​កោះ​ប្រជុំ​ជាបន្ទាន់​មួយ​ទៅ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស ១៩៩១ ដើម្បី​ឲ្យ​ប្រទេស​ទាំងនោះ​យក​បញ្ហា​ព្រំដែន​កម្ពុជា​មក​ដោះស្រាយ​ស្របតាម​កិច្ចព្រមព្រៀង និង​ផ្តល់​យុត្តិធម៌​ឲ្យ​កម្ពុជា​វិញ​។ លោក​ថា មេដឹកនាំ​កម្ពុជា​ត្រូវ​គោរព និង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​នេះ និង​បញ្ឈប់​ការ​ដោះស្រាយ​ទ្វេភាគី និង​ការ​តវ៉ា​ដែល​គ្មាន​ប្រសិទ្ធភាព​នោះ ទើប​អាច​ទាមទារ​ទឹកដី​ដែល​ខ្មែរ​បាន​បាត់បង់​ត្រឡប់មកវិញ​បាន​។ លោក​អះអាង​ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត​គ្មាន​ភក្ដីភាព​ចំពោះ​ពលរដ្ឋ និង​បូរណភាព​ទឹកដី​កម្ពុជា​ឡើយ​ទើប​បណ្តែតបណ្តោយ​ឲ្យ​កម្ពុជា​លិចលង់ ចុះ​ដុនដាប និង​ពលរដ្ឋ​រង​ទុក្ខ​វេទនា​បែបនេះ។

លោក សោម សុជាតិ៖ «​រដ្ឋាភិបាល​ហាក់​នៅ​ព្រងើយ ហើយ​បន្ត​ការ​ស្ងៀមស្ងាត់។ ក៏ប៉ុន្តែ​យើង​មាន​មោទនភាព​មួយ​ដែរ ដែល​អឺ​មាន​រដ្ឋាភិបាល​ក្រៅប្រទេស​មួយ គឺ​រដ្ឋាភិបាល​ដឹកនាំ​ដោយ ឯកឧត្តម សម រង្ស៊ី ហើយនឹង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​លើ​សកលលោក គាត់​បាន​ធ្វើ​កិច្ច​ការងារ​មួយ មាន​ឯកឧត្តម អ៊ុំ សំអាន ជា​គោល​ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICC​។ អានេះ​ហើយ​គឺជា​ដំណឹង​ល្អ​មួយ ហើយ​គឺជា​ការ​សាទរ​មួយ​ណាស់ ដែល​យើង​មាន​មេដឹកនាំ​ដែល​ស្នេហា​ជាតិ មាន​ប្រជាពលរដ្ឋ​ដែល​ចង់បាន និង​ថែរក្សា​នូវ​បូរណភាព​ទឹកដី​របស់​យើង»។

រីឯ​បាតុករ​មួយ​រូប​ទៀត​លោក មួន យ៉ន លើកឡើង​ថា លោក ហ៊ុន ម៉ាណែត គួរ​យកចំណេះ​ដឹង​របស់​លោក មក​ជួយ​ប្រទេស​កម្ពុជា​ពិតប្រាកដ និង​ប្រសើរ​ជាង​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ដែល​ជា​ជន​ផ្តាច់ការ និង​មានរឿង​អាស្រូវ​ជាច្រើន​។ លោក​ថា លោក​ខកចិត្ត​ចំពោះ​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ា​ណែ​ត ដែល​មិនទាន់​បាន​១​អាណត្តិ​នោះ​ទេ ប៉ុន្តែ​ប្រទេស​ធ្លាក់​ដុនដាប ពោរពេញ​ដោយ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​អន​ឡាញ​នៅ​កម្ពុជា និង​ការឈ្លានពាន​ពី​បរទេស​បែបនេះ​។​

លោក មួន យ៉ន៖ «​ចំពោះ​ខ្ញុំ យល់ឃើញថា ការចូលរួម​បាតុកម្ម​គឺជា​វិធី​ដ៏​ល្អ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជា​យុវជន​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ព្រោះ​វា​ជា​វិធី​ដែល​ដោះស្រាយ​បញ្ហា​ដោយ​អហិង្សា ហើយ​វា​ស្រប​នឹង​ច្បាប់​អន្តរជាតិ​។ ការ​បាតុកម្ម​នេះ​បង្ហាញ​ការ​មិន​ពេញចិត្ត​ក្នុង​ការ​ដឹកនាំ ហើយ​ជាពិសេស​មិន​ពេញចិត្ត​ចំពោះ​ប្រទេសជិតខាង​ដែល​ឈ្លានពាន​ទឹកដី​មក​លើ​ប្រទេស​យើង​។ ហើយ​វា​សម្ដែង​ឱ្យ​អន្តរជាតិ​ហ្នឹង​បាន​ឃើញថា ក្នុងនាម​យើង​ជា​យុវជន ក៏ដូចជា​ប្រជាពលរដ្ឋ កំពុងតែ​ទាមទារ​នូវ​សិទ្ធិ​សេរីភាព ហើយនឹង​ទាមទារ​យក​ទឹកដី​របស់​ប្រទេស​យើង ដែល​ត្រូវ​ប្រទេស​សៀម​ហ្នឹង​បាន​ឈ្លានពាន​យក​ដែរ»។

ខណៈ​ថៃ​បន្ត​ឈ្លានពាន​ទឹកដី​កម្ពុជា​ឥត​ឈប់ឈរ ហើយ​រដ្ឋាភិបាល​ខ្មែរ​បន្ត​ការ​តវ៉ា​ដដែលៗ ធ្វើ​ឲ្យ​ពលរដ្ឋ​ចាប់ផ្តើម​អស់សង្ឃឹម​កាន់តែ​ខ្លាំង និង​មើលឃើញ​ថា ចំណាត់ការ​របស់​រដ្ឋាភិបាល​ហាក់​គ្មាន​ប្រសិទ្ធភាព​ទាល់តែសោះ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា មានប្រសាសន៍ថា ការ​ទាមទារ​របស់​ក្រុម​បាតុករ​នៅ​ប្រទេស​ជប៉ុន គឺ​បង្ហាញ​ពី​ការពិត​ដែល​កើត​មាននៅ​កម្ពុជា​។ លោក​ថា ការ​ទាមទារ​នេះ គឺ​ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​ទទួលយក​ការ​ទាមទារ​របស់​ពួកគេ​មក​ដោះស្រាយ ឲ្យ​បាន​ឆាប់រហ័ស និង​គួរ​រក​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ ដូចជា​បញ្ហា​បូរណភាព​ទឹកដី​នេះ​ជាដើម ដើម្បី​ទទួល​បាន​ការគោរព គាំទ្រ​ពិតប្រាកដ​ពី​ប្រជាពលរដ្ឋ និង​អន្តរជាតិ។

លោក ស៊ឹង សែន​ករុណា៖ «កាលណា បើ​រដ្ឋាភិបាល​ទទួលយក ហើយ​ដោះស្រាយ បាន​ន័យថា គុណសម្បត្តិ​ដែល​រដ្ឋាភិបាល​ដោះស្រាយ​ហ្នឹង នឹង​ទទួល​បាន​ពី​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​របស់​ខ្លួន​ផង ហើយពី​សហគមន៍​អន្តរជាតិ​ផង​។ អញ្ចឹង ខ្ញុំ​យល់ថា គួរ​កុំ​មើល​រំលង ហើយ​ចេះតែ​បន្ត​អូសបន្លាយ ធ្វើឱ្យ​វិបត្តិ​នយោបាយ​កាន់តែ​ធ្លាក់​ក្នុង​សភាព​ធ្ងន់ធ្ងរ​ទៅៗ ដែល​បណ្តាល​ឱ្យ​ប្រទេសជាតិ​យើង​ចុះ​ទន់ខ្សោយ អាប់ឱន​កេរ្តិ៍ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ​ជាដើម​។ អញ្ចឹង យើង​អត់​ចង់​ឃើញ​រូបភាព​បែប​ហ្នឹង ចេះតែ​បន្ត​កើតមាន​តទៅទៀត​ទេ»។

ពលរដ្ឋ​នៅ​ប្រទេស​ជប៉ុន​ប្តេជ្ញា​ថា បើ​រដ្ឋាភិបាល​នៅតែ​ព្រងើយកន្តើយ មិន​ព្រម​ប្តឹង​ថៃ​ទៅ​ស្ថាប័ន​យុត្តិធម៌​អន្តរជាតិ និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ទេ ពួកគេ​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ម្តង​ទៀត​ដោយ​បិទ​រូបថត​គ្រួសារ​លោក ហ៊ុន សែន លើ​មឈូស ដើរ​ដង្ហែ​ជាថ្មី និង​ដុត​មឈូស​នោះ​ចោល​តែម្តង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ