ស្ថាប័ន​អាមេរិក​ទាមទារ​ឱ្យ​​វៀតណាម​ស៊ើបអង្កេត​ករណី​របួស​នៅ​លើ​ផ្ទៃមុខ​របស់​សកម្មជន​ខ្មែរក្រោម​លោក ថាច់ ង៉ា

0
232
ព្រះសង្ឃ​ខ្មែរក្រោម និង​សកម្មជន​ខ្មែរ​ក្រោម លោក ថាច់ ង៉ា។ រូប​ពី​គេហទំព័រ congan.vinhlong.gov.vn
ព្រះសង្ឃ​ខ្មែរក្រោម និង​សកម្មជន​ខ្មែរ​ក្រោម លោក ថាច់ ង៉ា។ រូប​ពី​គេហទំព័រ congan.vinhlong.gov.vn

គណៈកម្មការ​អន្តរ​សាសនា​សហរដ្ឋអាមេរិក (USCIRF) ប្រកាស​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ស៊ើបអង្កេត​ទៅលើ​ករណី​ស្លាកស្នាម​របួស​នៅ​លើ​ផ្ទៃមុខ​របស់​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​លោក ថាច់ ង៉ា ដែល​សង្ស័យ​ថា ត្រូវបាន​អាជ្ញាធរ​វៀតណាម​ធ្វើ​ទារុណកម្ម​នៅក្នុង​ពន្ធនាគារ​។ ក្នុង​ពេល​ជាមួយគ្នា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​អ្នកការពារ​សិទ្ធិមនុស្ស ក៏បាន​ចេញមុខ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​នៃ​បក្ស​កុម្មុយនិស្ត​វៀតណាម បញ្ឈប់​រាល់​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស​ខ្មែរក្រោម​ដែល​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក។

ប្រតិកម្ម​របស់​អង្គការ និង​ស្ថាប័ន​អន្តរជាតិ​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់ ថ្កោលទោស​តុលាការ និង​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​វៀតណាម​ដែល​បាន​កាត់ទោស​ព្រះសង្ឃ និង​ចាប់ខ្លួន​សកម្មជន​ខ្មែរក្រោម​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដោយ​ពួកគេ​ចាត់ទុកថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម។ ស្ថាប័ន​អន្តរជាតិ​ទាំងនោះ​រួមមាន គណៈកម្មការ​អន្តរ​សាសនា​សហរដ្ឋអាមេរិក (USCIRF) អង្គការ​ប្រជាជន​នៃ​ប្រជាជាតិ​គ្មាន​អ្នកតំណាង (UNPO) អង្គការ​សាមគ្គីភាព​គ្រិស្តសាសនា​អន្តរជាតិ (CSW) និង​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​អ្នកការពារ​សិទ្ធិមនុស្ស​ជាដើម។

ស្នងការ​នៃ​គណៈកម្មការ​អន្តរ​សាសនា​សហរដ្ឋអាមេរិក​លោក មែ សូឡូវីឈីក (Meir Soloveichik) បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម X កាលពី​ថ្ងៃទី​២៥ វិច្ឆិកា ដោយ​សម្ដែង​ការ​បារម្ភ​ថា វិធានការ​ចុងក្រោយបង្អស់​របស់​រដ្ឋាភិបាល​វៀតណាម​ទៅលើ​អ្នក​កាន់​ព្រះពុទ្ធសាសនា​ខ្មែរក្រោម គឺជា​ការរំលោភ​ទៅលើ​សេរីភាព​នៃ​ជំនឿ​ប្រតិបត្តិ​សាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ក្នុង​នោះ​រួមមាន ការ​កាត់ទោស​ព្រះសង្ឃ​ខ្មែរក្រោម​ព្រះតេជព្រះគុណ គឹម សំរិន្ទ យុវជន ថាច់ ង៉ា និង ថាច់ ស្វឹងដុង និង​ការ​ចាប់ខ្លួន​សកម្មជន​ស្ត្រី​ខ្មែរក្រោម​អ្នកស្រី ថាច់ ធីវ៉ារី កាលពី​ថ្ងៃទី​១៨ វិច្ឆិកា​។ លោក សូឡូវីឈីក បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​វៀតណាម​ឱ្យ​ដោះលែង​សកម្មជន​ទាំងអស់​នេះ។

ចំណែក​ស្នងការ​នៃ​គណៈកម្មការ​អន្តរ​សាសនា​សហរដ្ឋអាមេរិក​មួយ​រូប​ទៀត​គឺ​លោក ស្ទីហ្វឺន ស្នែក (Stephen Schneck) ក៏បាន​សរសេរ​សារ​នៅ​លើ​បណ្ដាញ​សង្គម X នៅ​ថ្ងៃ​ដដែល ដោយ​កត់សម្គាល់​ពី​ស្នាមរបួស​សញ្ញា​ជើងក្អែក​ជាច្រើន​នៅ​លើ​ផ្ទៃមុខ​របស់​សកម្មជន​ខ្មែរក្រោម​លោក ថាច់ ង៉ា ដោយ​លោក​អះអាង​ថា នៅ​មុន​ពេល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែមីនា​កន្លង​ទៅ លោក ថាច់ ង៉ា មិន​មាន​ស្នាមរបួស​នៅ​លើ​ផ្ទៃមុខ​នោះ​ឡើយ​។ លោក ស្ទីហ្វឺន ស្នែក ទាមទារ​ឱ្យ​មាន​ការស៊ើបអង្កេត​ដើម្បី​ស្វែងរក​ជន​ប្រព្រឹត្ត​អំពើ​ទារុណកម្ម​លើ​សកម្មជន ថាច់ ង៉ា មក​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

លោក ថាច់ ង៉ា រួម​ជាមួយ​ព្រះតេជព្រះគុណ គឹម សំរិន្ទ និង​យុវជន ថាច់ ស្វឹងដុង ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ខេត្ត​ព្រះត្រពាំង ចាប់ខ្លួន​កាលពី​ខែមីនា និង​ត្រូវ​បាន​បញ្ជូន​មក​តុលាការ​កាត់ទោស​នៅ​ថ្ងៃទី​១៨ វិច្ឆិកា​។ ក្នុង​ពេល​ឡើង​សវនាការ​អ្នក​ទាំង​បី​មាន​សភាព​ស្លេកស្លាំង ស្គមស្គាំង​ជាង​មុន​ពេល​ចាប់ខ្លួន ចំណែក​នៅ​លើ​ផ្ទៃមុខ​របស់​យុវជន ថាច់ ង៉ា មាន​ស្នាមរបួស​សញ្ញា​ជើងក្អែក​ជាច្រើន ដែល​គេ​សង្ស័យ​ថា យុវជន​រូប​នេះ​អាច​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​។ ប្រភព​អាច​ទុកចិត្ត​បាន បានឱ្យ​ទូរទស្សន៍​អាស៊ីសេរី​ដឹង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ខ្លាច​អាជ្ញាធរ​វៀតណាម​ធ្វើបាប​ថា យុវជន ថាច់ ង៉ា ត្រូវ​បាន​នគរបាល​ពន្ធនាគារ​វៀតណាម​ដុត​ដែក​ក្តៅ រួច​យក​ទៅ​ដាក់​លើ​ផ្ទៃមុខ​របស់​យុវជន​រូប​នេះ។

ទូរទស្សន៍​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បកស្រាយ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ជុំវិញ​ការចោទប្រកាន់​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី​២៦ វិច្ឆិកា ដោយ​ទូរស័ព្ទ​ដាក់​នៅ​លើ​គេហទំព័រ​ស្ថានទូត​មិនអាច​ទាក់ទង​បាន។ ចំណែក​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត​ព្រះ​ត្រពាំង និង​លង់ហោរ រហូត​មក​ដល់​ពេលនេះ ក៏​មិនឃើញ​ចេញ​មក​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​ពី​បញ្ហា​នេះ​នៅឡើយ​ដែរ ក្រៅ​តែ​ពី​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ​ការ​កាត់ទោស​សកម្មជន​ទាំង​បី​កាល​ពី​ពេល​កន្លង​ទៅ។ ការ​នៅ​ស្ងាត់ស្ងៀម​របស់​អាជ្ញាធរ​វៀតណាម​ធ្វើ​ឱ្យ​ខ្មែរក្រោម​កាន់តែ​សង្ស័យ​ថា អាជ្ញាធរ​វៀតណាម​អាច​ធ្វើ​ទារុណកម្ម​មក​លើ​យុវជន ថាច់ ង៉ា ប្រាកដ​មែន ទើប​មិន​ហ៊ាន​ចេញមុខ​និយាយ​ការពារ​ភាព​ត្រឹមត្រូវ​របស់​ខ្លួន។

ជុំវិញ​រឿង​នេះ អនុប្រធាន​ទី​១ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​សហរដ្ឋអាមេរិក​លោក ម៉ៅ មុនី ជឿជាក់​ថា លោក ថាច់ ង៉ា ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ធ្វើ​ទារុណកម្ម​នៅក្នុង​ពន្ធនាគារ ដោយ​លោក​បាន​ព័ត៌មាន​នេះ​ពី​ប្រភព​ច្បាស់លាស់​និង​ទុកចិត្ត​បាន​ពី​កម្ពុជា​ក្រោម។ លោក​ឱ្យ​ដឹង​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ផ្តល់​ព័ត៌មាន​ទាំងអស់​នេះ​ទៅកាន់​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ស្វែងរក​យុត្តិធម៌​ឱ្យ​យុវជន ថាច់ ង៉ា។

លោក ម៉ៅ មុនី៖ «​មុន​គាត់​ជាប់គុក នៅ​លើ​មុខ​គាត់ យើង​ឃើញ​គ្មាន​ស្នាមរបួស​អី​ទេ ដល់​ថ្ងៃ​ឡើង​តុលាការ​យើង​ឃើញ​មាន​ស្នាមរបួស​នៅ​លើ​មុខ​គាត់ យើង​ឃើញ​រូបភាព​ធ្វើ​ដាក់​លោក ថាច់ ង៉ា ជា​រឿង​ឃោរឃៅ​មួយ​យើង​មិនអាច​ទទួល​បាន ចឹ​ង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ខិតខំ​ឱ្យ​អស់​សមត្ថភាព​ទំនាក់​ទំនងជា​មួយ​អង្គការ​មួយ​ចំនួន ហើយ​និង​អង្គការសហប្រជាជាតិ ឬមួយ​រដ្ឋាភិបាល​ដែល​គោរព​សិទ្ធិមនុស្ស ឱ្យ​ពួកគាត់​ជួយ​ដើម្បី​រក​យុត្តិធម៌​ឱ្យ​លោក ថាច់ ង៉ា»។

កាលពី​ថ្ងៃទី​១៨ វិច្ឆិកា លោក ថាច់ ង៉ា លោក ថាច់ ស្វឹងដុង និង​ព្រះតេជព្រះគុណ គឹម សំរិន្ទ ត្រូវ​បាន​តុលាការ​ក្នុង​ខេត្ត​លង់​ហោរ​កាត់ទោស​ជាប់​ពន្ធនាគារ​ម្នាក់ៗ​រយៈពេល ៣​ឆ្នាំ ៦​ខែ​ពី​បទ​រំលោភ​សេរីភាព​ប្រជាធិបតេយ្យ​តាម​មាត្រា ៣៣១ នៃ​ក្រមព្រហ្មទណ្ឌ​ប្រទេស​វៀតណាម​ពាក់ព័ន្ធ​ការ​បញ្ចេញមតិ​នៅ​លើ​បណ្ដាញ​សង្គម​។ ក្នុង​ថ្ងៃ​កាត់ទោស​នោះ អ្នក​ទាំង​បី​គ្មាន​មេធាវី​ការពារ​សិទ្ធិ រីឯ​សាច់ញាតិ​ក៏​មិន​បានដឹង​ពី​ការ​កាត់ទោស​នេះ​ឡើយ។ នៅ​ថ្ងៃ​ដដែល​នោះ អាជ្ញាធរ​វៀតណាម​ក៏​បាន​ចាប់ខ្លួន​សកម្មជន​ស្ត្រី​ខ្មែរក្រោម​អ្នកស្រី ថាច់ ធីវ៉ារី ក្រោម​បទ​ចោទ​នៃ​មាត្រា ៣៣១ ដដែល​នេះ។

ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា លោក សឺ​ន យឿ​ង ថ្កោលទោស​អាជ្ញាធរ​វៀតណាម​ដែល​នៅតែ​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព និង​ធ្វើទុក្ខបុកម្នេញ​មក​លើ​ជនជាតិ​ដើម​ខ្មែរក្រោម​ម្ចាស់​ស្រុក​។ លោក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​សកម្មជន​ខ្មែរក្រោម​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ និង​ត្រូវ​ស៊ើបអង្កេត​ឱ្យ​បាន​ត្រឹមត្រូវ​ករណី​មុខរបួស​នៅ​លើ​ផ្ទៃមុខ​របស់​យុវជន ថាច់ ង៉ា។

លោក សឺន យឿង៖ «ពី​ដើម​មករ​ហូត វៀតណាម​តែង​ធ្វើទុក្ខបុកម្នេញ​ខ្មែរ​កម្ពុជា​ក្រោម​យើង ព្រោះ​ខ្មែរ​កម្ពុជា​ក្រោម​យើង​សំអាង​ខ្លួន​ថា​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី ហើយ​ក្នុង​ការ​រួមចំណែក​តស៊ូ​សិទ្ធិ​សេរីភាព​ទាមទារ​ឯករាជ្យ​ពី​អាមេរិក ពី​បារាំង ក្នុង​នោះ​ក៏​មាន​ខ្មែរក្រោម​ចូលរួម​ដែរ ប៉ុន្តែ​មកដល់​ឥលូវ​នេះ​រដ្ឋាភិបាល​វៀតណាម​បាន​រើសអើង​ខ្មែរក្រោម ធ្វើទុក្ខបុកម្នេញ​មកដល់​សិទ្ធិ​សេរីភាព ទើប​ខ្មែរក្រោម​យើង​មិន​សប្បាយចិត្ត​ចំពោះ​ករណី​ដែល​រដ្ឋាភិបាល​វៀតណាម​បាន​ធ្វើ​មក​លើ​ជនជាតិ​ខ្មែរ​នៅ​កម្ពុជា​ក្រោម»។

ជនជាតិ​វៀតណាម​បាន​ចូល​ទន្ទ្រាន​លើ​ទឹកដី​កម្ពុជា​ក្រោម​តាំង​ពី​ដើម​សតវត្សរ៍​ទី​១៧។ ចលនា​តស៊ូ​របស់​ខ្មែរក្រោម​ដើម្បី​ការពារ​ទឹកដី និង​សេរីភាព​បាន​កើតមានឡើង​តាំងពី​សម័យ​លោក​ឧកញ៉ា សឺន គុយ នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១៩ បន្ត​ជា​ហូរហែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។ សព្វថ្ងៃ​នេះ មាន​ព្រះសង្ឃ​ចំនួន ៥ អង្គ និង​សកម្មជន​ខ្មែរក្រោម​ចំនួន ៧​រូប​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ផ្សឹក និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ។ ពួកគាត់​ត្រូវ​បាន​តុលាការ​វៀតណាម​កាត់ទោស​ដោយសារតែ​បាន​ផ្សព្វផ្សាយ​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​របស់​អង្គការសហប្រជាជាតិ និង​បញ្ចេញមតិ​ទាមទារ​សេរី​ភាព​សម្រាប់​ខ្មែរក្រោម។

ទាក់ទង​នឹង​រឿង​នេះ​ដែរ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​អ្នកការពារ​សិទ្ធិមនុស្ស​អ្នកស្រី ម៉ារី ឡឡូ (Mary LawLor) បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃទី​២៥ វិច្ឆិកា ដោយ​ទទូច​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក និង​ទាមទារ​ឱ្យ​វៀតណាម​ត្រូវតែ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​ខ្មែរក្រោម។ ចំណែក​អង្គការ​ប្រជាជន​នៃ​ប្រជាជាតិ​គ្មាន​តំណាង (UNPO) ដែល​មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា​សមាជិក ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទាមទារ​ឱ្យ​វៀតណាម​ដោះលែង​សកម្មជន​ខ្មែរក្រោម​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ខណៈ​ដែល​អង្គការ​សាមគ្គីភាព​គ្រិស្តសាសនា​អន្តរជាតិ (CSW) ចាត់ទុក​ករណី​ចាប់​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​នេះ ជា​រូបភាព​នៃ​ការគាបសង្កត់​របស់​វៀតណាម​មក​លើ​ជនជាតិ​ដើម​ខ្មែរក្រោម​ដែល​កំពុង​ប្រឈម​នឹង​ការរើសអើង​ជា​ប្រព័ន្ធ ការ​រឹតត្បិត​ផ្នែក​វប្បធម៌ សេរីភាព​បញ្ចេញមតិ សេរីភាព​ជួប​ប្រជុំ និង​សេរីភាព​ប្រតិបត្តិ​ជំនឿ​សាសនា។

បច្ចុប្បន្ន ប្រទេស​វៀតណាម​ដែល​មាន​កំណត់ត្រា​អាក្រក់​ក្នុង​ផ្នែក​រំលោភ​សិទ្ធិមនុស្ស ត្រូវ​បាន​គណៈកម្មការ​អន្តរ​សាសនា​សហរដ្ឋអាមេរិក​ដាក់​ចំណាត់ថ្នាក់​ជា​ប្រទេស​នៃ​ការ​ព្រួយបារម្ភ​ពិសេស (Country of Particular Concerns-CPC) ផ្នែក​រំលោភ​សេរីភាព​ជំនឿ​ប្រតិបត្តិ​សាសនា​ធ្ងន់ធ្ងរ​។ ស្នងការ​នៃ​គណៈកម្មការ​អន្តរ​សាសនា​សហរដ្ឋអាមេរិក​លោក ស្ទីហ្វឺន ស្នែក (Stephen Schneck) សង្កត់ធ្ងន់​នៅ​លើ​បណ្ដាញ​​សង្គម X នៅ​ថ្ងៃទី​២៥ វិច្ឆិកា​ថា ការ​រំលោភបំពាន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​វៀតណាម​ទៅលើ​ព្រះសង្ឃ និង​សកម្មជន​ខ្មែរក្រោម​នៅ​ពេល​នេះ គឺជា​ភស្តុតាង​រឹងមាំ​បន្ថែម​ទៀត​គាំទ្រ​ទៅដល់​ការ​អំពាវនាវ​របស់​ស្ថាប័ន​មួយ​នេះ ឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​របស់​លោក ដូណាល់ ត្រាំ (Donald J. Trump) ដាក់​ប្រទេស​វៀតណាម​ទៅ​ក្នុង​បញ្ជី​នៃ​ប្រទេស​ព្រួយបារម្ភ​ពិសេស (CPC) របស់​សហរដ្ឋអាមេរិក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ