

ចលនាមាតាធម្មជាតិអះអាងថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនអនុវត្តតាមការទាមទាររបស់ អង្គការសហប្រជាជាតិ និងគេចវេះមិនទទួលខុសត្រូវ ក្នុងការឃុំខ្លួនសកម្មជនបរិស្ថានរបស់ចលនាមាតាធម្មជាតិទាំង៥នាក់ទាំងបំពាននោះឡើយ។ សកម្មជនចលនាមាតាធម្មជាតិ អះអាងថា ការណ៍មិនអើពើអំពីសំណើរបស់អង្គការសហប្រជាជាតិ នឹងធ្វើឲ្យរដ្ឋាភិបាលត្រកូលហ៊ុនជួបវិបត្តិធ្ងន់ធ្ងរនៅពេលខាងមុខ ពីព្រោះកំពុងអនុវត្តខុសពីច្បាប់អន្តរជាតិ។
អង្គការចលនាមាតាធម្មជាតិ បានបង្ហោះសារនៅលើបណ្ដាយសង្គមហ្វេសប៊ុក ដោយលើកឡើងថា ចាប់តាំងពីចុងឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត មិនទាន់អនុវត្តតាមការទាមទាររបស់ អង្គការសហប្រជាជាតិស្ដីពី ការឃុំខ្លួនមនុស្សទាំងបំពាននៅឡើយនោះទេ។ ចលនាមាតាធម្មជាតិចោទសួរថា តើរដ្ឋាភិបាលរបស់ លោក ហ៊ុន ម៉ាណែត នឹងបន្តគេចវេះមិនទទួលខុសត្រូវ និងមិនអនុវត្តតាមការទាមទាររបស់UN ដល់ពេលណាទៀត? ពីព្រោះការងារការពារបរិស្ថានដោយសន្តិវិធី របស់សកម្មជនបរិស្ថានទាំង៥នាក់ មិនមែនជាបទឧក្រិដ្ឋនោះទេ។
សមាជិកចលនាមាតាធម្មជាតិ កញ្ញា មាន លីសា អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៤ ខែកញ្ញាថា រដ្ឋាភិបាលត្រកូលហ៊ុន បានច្រានចោលការទាមទាររបស់ UN ជុំវិញការឃុំខ្លួនសកម្មជនបរិស្ថាន «តាមអំពើចិត្ត»។ បើទោះបីអង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលត្រកូលហ៊ុន ត្រូវតែដោះលែងសកម្មជនមាតាធម្មជាតិទាំង ៥ រូប ជាបន្ទាន់យ៉ាងណាក្ដី។
ប៉ុន្តែកញ្ញាថា ការគេចវេះនេះ នឹងធ្វើឲ្យរដ្ឋាភិបាលត្រកូលហ៊ុនជួបវិបត្តិជាច្រើនបន្ថែមទៀតពីព្រោះរដ្ឋាភិបាលត្រកូលហ៊ុនកំពុងអនុវត្តខុសពីច្បាប់អន្តរជាតិ។
សមាជិកចលនាមាតាធម្មជាតិ កញ្ញា មាន លីសា៖ «ការដែលមិនមានការប្ដេជ្ញាចិត្ត ជាដុំកំភួន ជាសកម្មភាពមួយ ពីរ បី ចំពោះភ្នាក់ងារពិសេសរបស់UNមួយនេះនោះទេ គ្រួសារត្រកូលហ៊ុនកំពុងតែបង្ហាញ លោក ហ៊ុន ម៉ាណែត កំពុងបង្ហាញអន្តរជាតិ ថាខ្លួនកំពុងដឹកនាំប្រទេសដោយរំលោភលើយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិហើយ បំភ្លេចថាខ្លួនក៏បានចុះឬក៏បានផ្ដល់សច្ចាប័នទៅលើកតិកាសញ្ញាអន្តរជាតិ រំលោភច្បាប់សិទ្ធិមនុស្សនានាផងដែរ ក្រសែភ្នែកអន្តរជាតិទាំងអស់នេះ ធ្វើឲ្យគ្រួសារត្រកូលហ៊ុន ចង់មិនចង់ត្រូវតែឈឺក្បាល ត្រូវតែពិចារណា បើមិនអញ្ចឹងទេ វាប៉ះពាល់សេដ្ឋកិច្ច ប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិ»។
ចលនាមាតាធម្មជាតិ អះអាងទៀតថា ពួកគេបន្តស្វែងរកដំណោះស្រាយ តាមរយៈអង្គការអន្តរជាតិ និងប្រទេសសេរី ដែលនិយមការការពារបរិស្ថានដើម្បីជំរុញឲ្យរដ្ឋាភិបាលដោះលែងអ្នកទាំង៥។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាព អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ឯម ច័ន្ទមករា ដើម្បីសុំការឆ្លើយតបបានទេ នៅថ្ងៃទី០៤ ខែកញ្ញា។
សកម្មជនបរិស្ថានមាតាធម្មជាតិ កំពុងជាប់ពន្ធនាគារ ចន្លោះពី ៦ ឆ្នាំទៅ ៨ឆ្នាំ រួមមាន កញ្ញា ឡុង គន្ធា កញ្ញា ភន កែវរស្មី លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត និង លោក យីម លាងហ៊ី។
ក្នុងសេចក្ដីសម្រេចកម្រាស់១៦ទំព័ររបស់ខ្លួន កាលពីខែកុម្ភៈ អង្គការសហប្រជាជាតិរកឃើញថា ការឃុំខ្លួនសកម្មជនបរិស្ថានទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិពលរដ្ឋ និងមិនយុត្តិធម៌ ដោយសារតែការចាប់ខ្លួនពួកគេពុំមានមូលដ្ឋានច្បាប់។ លើសពីនេះទៀត អង្គការសហប្រជាជាតិ លើកឡើងថា ការកាត់ទោស សកម្មជនបរិស្ថាន ធ្វើឡើងដោយសារមូលហេតុនៃការរើសអើង ដោយផ្អែកលើ ទស្សនៈនយោបាយ និងឋានៈពួកគេក្នុងនាមជាអ្នកការពារសិទ្ធិមនុស្ស ហើយ អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានកំណត់គោលដៅទៅលើពួកគេ ដោយហេតុ តែក្រុមសកម្មជនបរិស្ថាន អនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួន។ UN ទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទាំង ៥ ជាបន្ទាន់ ផ្តល់សំណង និងការជួសជុលការខូចខាតផ្សេងទៀត ព្រមទាំងធានាឱ្យមានការស៊ើបអង្កេតពេញលេញ និងឯករាជ្យលើកាលៈទេសៈនៃការឃុំខ្លួន និងចាត់វិធានការសមស្របចំពោះអ្នកទទួលខុសត្រូវលើការរំលោភសិទ្ធិរបស់ពួកគេ៕









