ចលនា​មាតា​ធម្មជាតិ​អះអាង​ថា រដ្ឋាភិបាល​មិន​អនុវត្ត​តាម​ការ​ទាមទារ​របស់​UN​ដោះលែង​សកម្មជន​បរិស្ថាន​​៥​នាក់

0
83
សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥រូប (ពីស្ដាំ​) កញ្ញា ឡូង គន្ធា លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា និង​កញ្ញា ភួន កែវរស្មី ដើរចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់សវនាការ​លើក​ទី៣ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ (រូប៖ ពលរដ្ឋផ្ដល់ឱ្យ)
សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥រូប (ពីស្ដាំ​) កញ្ញា ឡូង គន្ធា លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា និង​កញ្ញា ភួន កែវរស្មី ដើរចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់សវនាការ​លើក​ទី៣ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ (រូប៖ ពលរដ្ឋផ្ដល់ឱ្យ)

ចលនា​មាតា​ធម្មជាតិ​អះអាង​ថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិន​អនុវត្ត​តាម​ការ​ទាមទារ​របស់ អង្គការ​សហប្រជាជាតិ និង​គេចវេះ​មិន​ទទួលខុសត្រូវ ក្នុង​ការ​ឃុំខ្លួន​សកម្ម​ជន​បរិស្ថាន​របស់​ចលនា​មាតា​ធម្មជាតិ​ទាំង​៥​នាក់​ទាំង​បំពាន​នោះ​ឡើយ។ សកម្មជន​ចលនា​មាតា​ធម្មជាតិ អះអាង​ថា ការណ៍​មិន​អើពើ​អំពី​សំណើ​របស់​អង្គការសហប្រជាជាតិ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​នៅពេល​ខាងមុខ ពីព្រោះ​កំពុង​អនុវត្ត​ខុសពី​ច្បាប់​អន្តរជាតិ។

អង្គការ​ចលនា​មាតា​ធម្មជាតិ បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដា​យ​សង្គម​ហ្វេសប៊ុក ដោយ​លើកឡើង​ថា ចាប់តាំង​ពី​ចុងឆ្នាំ​២០២៥ រហូតមកដល់​បច្ចុប្បន្ន រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត មិនទាន់​អនុវត្ត​តាម​ការ​ទាមទារ​របស់ អង្គការ​សហប្រជាជាតិ​ស្ដីពី ការ​ឃុំខ្លួន​មនុស្ស​ទាំង​បំពាន​នៅ​ឡើយ​នោះ​ទេ។ ចលនា​មាតា​ធម្មជាតិ​ចោទ​សួរ​ថា តើ​រដ្ឋាភិបាល​របស់ លោក ហ៊ុន ម៉ាណែត នឹង​បន្ត​គេចវេះ​មិន​ទទួលខុសត្រូវ និង​មិន​អនុវត្ត​តាម​ការ​ទាមទារ​របស់​UN ដល់​ពេលណា​ទៀត? ពីព្រោះ​ការងារ​ការពារ​បរិស្ថាន​ដោយ​សន្តិវិធី របស់​សកម្មជន​បរិស្ថាន​ទាំង​៥​នាក់ មិនមែន​ជា​បទឧក្រិដ្ឋ​នោះ​ទេ។

សមាជិក​ចលនា​មាតា​ធម្មជាតិ កញ្ញា មាន លីសា អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី៤ ខែ​កញ្ញា​ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន បាន​ច្រានចោល​ការ​ទាមទារ​របស់ UN ជុំវិញ​ការ​ឃុំខ្លួន​សកម្មជន​បរិស្ថាន «​តាម​អំពើ​ចិត្ត​»​។ បើ​ទោះបី​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន ត្រូវតែ​ដោះលែង​សកម្មជន​មាតា​ធម្មជាតិ​ទាំង ៥ រូប ជាបន្ទាន់​យ៉ាងណាក្ដី​។​

​ប៉ុន្តែ​កញ្ញា​ថា ការ​គេចវេះ​នេះ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ជួប​វិបត្តិ​ជាច្រើន​បន្ថែម​ទៀត​ពីព្រោះ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​កំពុង​អនុវត្ត​ខុសពី​ច្បាប់​អន្តរជាតិ។

សមាជិក​ចលនា​មាតា​ធម្មជាតិ កញ្ញា មាន លីសា៖ «ការដែល​មិន​មាន​ការ​ប្ដេជ្ញាចិត្ត ជា​ដុំកំភួន ជា​សកម្មភាព​មួយ ពីរ បី ចំពោះ​ភ្នាក់ងារ​ពិសេស​របស់​UN​មួយ​នេះ​នោះ​ទេ គ្រួសារ​ត្រកូល​ហ៊ុន​កំពុងតែ​បង្ហាញ លោក ហ៊ុន ម៉ាណែត កំពុង​បង្ហាញ​អន្តរជាតិ ថា​ខ្លួន​កំពុង​ដឹកនាំ​ប្រទេស​ដោយ​រំលោភ​លើ​យន្តការ​អន្តរជាតិ និង​ច្បាប់​អន្តរជាតិ​ហើយ បំភ្លេច​ថា​ខ្លួន​ក៏បាន​ចុះ​ឬក៏​បាន​ផ្ដល់​សច្ចាប័ន​ទៅលើ​កតិកាសញ្ញា​អន្តរជាតិ រំលោភច្បាប់​សិទ្ធិមនុស្ស​នានា​ផង​ដែរ ក្រសែភ្នែក​អន្តរជាតិ​ទាំងអស់​នេះ ធ្វើ​ឲ្យ​គ្រួសារ​ត្រកូល​ហ៊ុន ចង់​មិន​ចង់​ត្រូវតែ​ឈឺក្បាល ត្រូវតែ​ពិចារណា បើ​មិន​អញ្ចឹង​ទេ វា​ប៉ះពាល់​សេដ្ឋកិច្ច ប៉ះពាល់​ដល់​ទំនាក់ទំនង​អន្តរជាតិ»។

ចលនា​មាតា​ធម្មជាតិ អះអាង​ទៀត​ថា ពួកគេ​បន្ត​ស្វែងរក​ដំណោះស្រាយ តាមរយៈ​អង្គការ​អន្តរជាតិ និង​ប្រទេស​សេរី ដែល​និយម​ការ​ការពារ​បរិស្ថាន​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទាំង​៥។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​ប្រធាន​អង្គភាព អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ឯម ច័ន្ទមករា ដើម្បី​សុំ​ការ​ឆ្លើយ​តប​បានទេ នៅ​ថ្ងៃទី​០៤ ខែ​កញ្ញា។

សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ កំពុង​ជាប់​ពន្ធនាគារ ចន្លោះ​ពី ៦ ឆ្នាំទៅ ៨​ឆ្នាំ រួមមាន កញ្ញា ឡុង គន្ធា កញ្ញា ភន កែវរស្មី លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត និង លោក យីម លាងហ៊ី។

ក្នុង​សេចក្ដីសម្រេច​កម្រាស់​១៦​ទំព័រ​របស់​ខ្លួន កាលពី​ខែ​កុម្ភៈ អង្គការ​សហប្រជាជាតិ​រកឃើញ​ថា ការ​ឃុំខ្លួន​សកម្មជន​បរិស្ថាន​ទាំងនេះ គឺជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​ពលរដ្ឋ និង​មិន​យុត្តិធម៌ ដោយសារតែ​ការ​ចាប់ខ្លួន​ពួកគេ​ពុំ​មាន​មូលដ្ឋាន​ច្បាប់។ លើស​ពី​នេះ​ទៀត អង្គការ​សហប្រជាជាតិ លើកឡើង​ថា ការ​កាត់ទោស សកម្មជន​បរិស្ថាន ធ្វើឡើង​ដោយសារ​មូលហេតុ​នៃ​ការរើសអើង ដោយ​ផ្អែកលើ ទស្សនៈ​នយោបាយ និង​ឋានៈ​ពួកគេ​ក្នុងនាម​ជា​អ្នកការពារ​សិទ្ធិមនុស្ស ហើយ អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​កំណត់​គោលដៅ​ទៅលើ​ពួកគេ ដោយហេតុ តែ​ក្រុម​សកម្មជន​បរិស្ថាន អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ខ្លួន​។ UN ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នក​ទាំង ៥ ជាបន្ទាន់ ផ្តល់​សំណង និង​ការ​ជួសជុល​ការខូចខាត​ផ្សេងទៀត ព្រមទាំង​ធានា​ឱ្យ​មាន​ការស៊ើបអង្កេត​ពេញលេញ និង​ឯករាជ្យ​លើ​កាលៈទេសៈ​នៃ​ការ​ឃុំខ្លួន និង​ចាត់វិធានការ​សមស្រប​ចំពោះ​អ្នកទទួលខុសត្រូវ​លើ​ការរំលោភ​សិទ្ធិ​របស់​ពួកគេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ