

សកម្មជនបរិស្ថាន និងអ្នកឃ្លាំមើលជំរុញឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ឲ្យស្មើភាពគ្នារវាងពលរដ្ឋសាមញ្ញដែលដឹកអុសពីព្រៃមកប្រើប្រាស់ក្នុងលក្ខណៈគ្រួសារនិងមេឈ្មួញរកស៊ីកាប់ឈើធំៗ។ ការលើកឡើងនេះ គឺក្រោយពីមន្ត្រីបរិស្ថានខេត្តឧត្តរមានជ័យជំរិតទារប្រាក់ពីពលរដ្ឋដឹកអុសមកប្រើប្រាស់ក្នុងផ្ទះចំនួន ៥០ម៉ឺនរៀល ខណៈមេឈ្មួញរកស៊ីកាប់ឈើធំៗជាច្រើន មន្ត្រីស្ថាប័នពាក់ព័ន្ធហាក់គ្មានចំណាត់ការ និងរក្សាភាពស្ងៀមស្ងាត់។
សកម្មជនបរិស្ថាន និងអ្នកឃ្លាំមើលថា រដ្ឋាភិបាល និងមន្ត្រីបរិស្ថានអនុវត្តច្បាប់មានស្តង់ដារ២លើពលរដ្ឋសាមញ្ញ ដែលដឹកមែកឈើងាប់ៗមកប្រើប្រាស់ក្នុងផ្ទះ ហើយរក្សាភាពស្ងៀមស្ងាត់គ្មានចំណាត់ការលើមេឈ្មួញមានឥទ្ធិពលរកស៊ីកាប់ឈើខុសច្បាប់។
ការលើកឡើងនេះ គឺក្រោយពីមានវីដេអូបង្ហោះនៅលើបណ្តាញសង្គម ដោយពលរដ្ឋបាននិយាយនៅក្នុងវីដេអូថា មន្ត្រីបរិស្ថានបានឃាត់គោយន្តដឹកអុស២គ្រឿងរបស់ប្រជាពលរដ្ឋ និងជំរិតយកប្រាក់ពីពលរដ្ឋ២គ្រួសារចំនួន ២៥ម៉ឺនរៀលក្នុងមួយគោយន្ត ស្ថិតនៅតំបន់អភិរក្ស សហគមន៍ ដែនជម្រកសត្វព្រៃសង្ឃរុក្ខវន្ត នៅភូមិគោកសំរេច ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។
ពលរដ្ឋរងគ្រោះអះអាងថា ដំបូងមន្ត្រីបរិស្ថានបានទារពួកគេក្នុង១គោយន្ត ៥០ម៉ឺនរៀល ប៉ុន្តែពួកគាត់មិនមានថវិកាគ្រប់គ្រាន់ដើម្បីបង់ជូននោះទេ ទើបមន្ត្រីទាំងនោះសម្រេចយក២៥ម៉ឺនរៀលក្នុង១គោវិញ កាលពីពេលថ្មីៗនេះ។
បន្ទាប់ពីផ្ទុះការវែកញែកលើបណ្ដាញសង្គមខ្លាំង អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានបញ្ជាឲ្យធ្វើការស្រាវជ្រាវ ហើយបានរកឃើញការពិតបែបនេះមែន និងបានបញ្ជាប្រធានទីស្នាក់ការបរិស្ថាន ដែលមានគោលដៅនៅតំបន់ព្រៃសហគមន៍សង្ឃរុក្ខាវ័ន យកលុយចំនួន៥០ម៉ឺនរៀលនោះ ជូនពលរដ្ឋវិញ។ នេះបើតាមការផ្សាយរបស់ព័ត៌មានក្នុងស្រុក។
បច្ចុប្បន្ន ប្រធានទីស្នាក់ការបរិស្ថានប្រចាំនៅទីស្នាក់ការសហគមន៍ព្រៃឈើសង្ឃរុក្ខាវ័ន ត្រូវបានដកឲ្យមកបម្រើការងារនៅមន្ទីរបរិស្ថានវិញហើយ។
សកម្មជនបរិស្ថាន និងសិទ្ធិមនុស្សកញ្ញា លីម គឹមស័រ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា កញ្ញាខកចិត្តដែលមន្ត្រីបម្រើការងាររដ្ឋប្រើចំណេះដឹងរបស់ខ្លួនមកគាបសង្កត់ប្រជាពលរដ្ឋក្រីក្រ។ កញ្ញាថា មន្ត្រីទាំងនោះហ៊ានប្រើអំណាចរបស់ខ្លួនតែលើប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឈ្មួញធំៗ មានលុយ អំណាច សូកប៉ាន់ ផ្តល់ផលប្រយោជន៍ឲ្យខ្លួន គឺត្រូវរួចខ្លួនពីសំណាញ់ច្បាប់ និងមិនមានចំណាត់ការម៉ឺងម៉ាត់លើពួកគេឡើយ។ កញ្ញារិះគន់ចំពោះការអនុវត្តច្បាប់នៅកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ថា ពុករលួយខ្លាំង និងដោះស្រាយតែពេលមានការរិះគន់ខ្លាំងប៉ុណ្ណោះ ប៉ុន្តែបញ្ហារបស់ពលរដ្ឋដែលរងភាពអយុត្តិធម៌ផ្សេងទៀត គឺមិនមានមន្ត្រីណាអើពើ យកចិត្តទុក្ខដាក់ជួយឡើយ។
កញ្ញា លីម គឹមស័រ៖ «នៅក្នុងរឿងហ្នឹងគឺអត់មានបានបញ្ឈរជើង ឬក៏បញ្ឈប់មន្ត្រីហ្នឹងទេ ប៉ុន្តែប្ដូរ ប្ដូរទីតាំង ប្ដូរមុខតំណែង ប្ដូរតួនាទី។ អញ្ចឹង អាការប្ដូរមុខតំណែង ប្ដូរតួនាទីហ្នឹង វាក៏មិនបានដាក់សម្ពាធឱ្យមន្ត្រីអនុវត្តឱ្យបានត្រឹមត្រូវដែរ ព្រោះមានអី បើធ្វើខុសហើយ គ្រាន់តែសុំទោស រួចខ្លួន ធ្វើខុសហើយ ដូរពីកន្លែងហ្នឹងទៅកន្លែងមួយទៀតដដែល ដូចតែដូចហ្នឹង។ អញ្ចឹង ការអនុវត្តហ្នឹងគឺវាមិនមានប្រសិទ្ធភាពទេ ដរាបណានៅតែអនុវត្តបែបដដែលៗអញ្ចឹងហ្នឹង វាអត់មានអីថ្មីចាស»។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បីសុំការឆ្លើយតបបានទេ នៅថ្ងៃទី៧ ខែកញ្ញា។
កាលពីថ្ងៃទី២៦ កក្កដា កន្លងទៅ ក៏ធ្លាប់មានករណី សកម្មជនបរិស្ថាន និងបណ្ដាញសហគមន៍ព្រៃឡង់ បានស្ទាក់ចាប់រថយន្តធំដឹកឈើមួយគ្រឿង គ្មានស្លាកលេខ មានផ្ទុកឈើបន្ទះជាច្រើន និងមាននៅលើដីចម្ការជាច្រើនម៉ែត្រគីបទៀត ក្នុងអំឡុងពេលពួកគាត់ចុះល្បាតព្រៃឈើនៅតំបន់ព្រៃឡង់ ស្ថិតនៅភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ សកម្មជនទាំងនោះ បានទាក់ទងទៅមន្ទីរបរិស្ថានខេត្ត និងមន្ត្រីពាក់ព័ន្ធក្នុងតំបន់នោះឲ្យមកចុះចាត់វិធានការផ្ទាល់ នៅនឹងកន្លែងកើតហេតុ ប៉ុន្តែមិនមានមន្ត្រីណាម្នាក់ចុះមកភ្លាមៗឡើយ ពោល គឺក្រោយពេលជនល្មើសនោះ រត់គេចខ្លួនបាត់ ទើបមានមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះទៅដល់ទីតាំងកើតហេតុនោះ។ សកម្មជនបរិស្ថាន បានអះអាងថា ឈ្មួយកាប់ឈើ ជាសាច់ញាតិបងប្អូនរបស់ប្រធានមន្ទីរបរិស្ថានខេត្តផងដែរ។ ពួកគេក៏ធ្លាប់បានរិះគន់ចំពោះការអនុវត្តច្បាប់មិនស្មើភាពគ្នា អំពើពុករលួយ ស៊ីសំណូកសូកប៉ាន់រវាងមន្ត្រី និងឈ្មួញរកស៊ីឈើផងដែរ។
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី មានប្រសាសន៍ថា ករណីនេះបង្ហាញពីការប្រើអំណាចដែលត្រូវតែមានការទទួលខុសត្រូវ។ លោកបន្តថា ចំពោះអ្នកដែលមិនហ៊ានថត ឬបង្ហោះ ពួកគាត់អាចត្រូវបង្ខំចិត្តបង់ប្រាក់ ទ្រាំរងការគាបសង្កត់ និងមិនហ៊ានប្តឹង ព្រោះខ្លាចការសងសឹក។ ការដោះស្រាយក្រោយមានការរិះគន់លើបណ្ដាញសង្គមជារឿងល្អ ប៉ុន្តែវាបង្កឱ្យមានក្តីបារម្ភអំពីប្រសិទ្ធភាពនៃប្រព័ន្ធទទួលពាក្យបណ្តឹងធម្មតា។ លោកលើកឡើងថា យុត្តិធម៌មិនគួរអាស្រ័យលើថា អ្នកណាមានទូរស័ព្ទ អ្នកណាហ៊ានបង្ហោះ ឬវីដេអូរបស់អ្នកណាមានគេចែកចាយច្រើនទេ។ ពលរដ្ឋដែលគ្មានសំឡេងលើបណ្ដាញសង្គមក៏ត្រូវទទួលបានការការពារដូចគ្នា។ លោកថ្លែងថា បើអាជ្ញាធរតឹងរ៉ឹងលើពលរដ្ឋដឹកអុស ប៉ុន្តែបណ្តោយឱ្យអ្នកមានលុយ និងអំណាចរកស៊ីឈើខុសច្បាប់រួចខ្លួន នោះជាការអនុវត្តច្បាប់ដោយរើសមុខ។ ការបង្ក្រាបអ្នករកអុសដើម្បីប្រើប្រាស់តូចតាចមិនអាចយកមកបញ្ជាក់ថា ការការពារព្រៃឈើមានប្រសិទ្ធភាពបានទេ បើអ្នកបំផ្លាញព្រៃឈើធំៗនៅតែគេចផុតពីសំណាញ់ច្បាប់។
លោក សេង វណ្ណលី៖ «ខ្ញុំយល់ថារដ្ឋាភិបាលគួរស៊ើបអង្កេតឱ្យបានច្បាស់លាស់ថា តើអ្នកណាបញ្ជាឱ្យយកប្រាក់? ប្រាក់ទៅដល់ដៃអ្នកណាខ្លះ? អឺនិងធ្លាប់មានពលរដ្ឋផ្សេងទៀតរងគ្រោះដែរឬទេ? បើរកឃើញការជំរិតទារប្រាក់ ត្រូវចាត់ការតាមច្បាប់ឱ្យសមនឹងកំហុស អឺព្រោះការសងលុយនិងផ្ទេរកន្លែងធ្វើការតែមួយមុខ មិនគ្រប់គ្រាន់ទេ។ ជាមួយគ្នានេះ ត្រូវមានកន្លែងប្តឹងដែលងាយទាក់ទង អឺរក្សាការសម្ងាត់ និងការការពារអ្នកប្តឹងពីការសងសឹក។ ការផាកពិន័យត្រូវបញ្ជាក់មូលហេតុ ចំនួនប្រាក់ និងមានប្រកាសប័ណ្ណដៃជាផ្លូវការឱ្យបានច្បាស់លាស់ ហើយត្រូវពន្យល់ឱ្យពលរដ្ឋយល់បានច្បាស់ថា តំបន់ណាអាចប្រមូលអុសបាន និងតំបន់ណាខ្លះដែលត្រូវហាមឃាត់ មិនអនុញ្ញាតឱ្យមានប្រមូលចេញពីតំបន់នោះ បាទ។»
សកម្មជន និងអ្នកឃ្លាំមើលទទូចឲ្យរដ្ឋាភិបាល ពង្រឹងច្បាប់ឡើងវិញឲ្យបានម៉ឺងម៉ាត់ អប់រំដល់មន្ត្រីក្រោមឳវាទ ឲ្យគោរពនិងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីលុបបំបាត់ការអនុវត្តច្បាប់ស្តង់ដារ២ ដែលធ្វើឲ្យពលដ្ឋរងទុក្ខ។ ពួកគេស្នើសុំឲ្យមានការដាក់ទោសទណ្ឌធ្ងន់ធ្ងរ ដោយដកតំណែង និងបន្តនីតិវិធីនៅតុលាការបន្ត ចំពោះមន្ត្រីណាដែលប្រព្រឹត្តផ្ទុយវិជ្ជាជីវៈរបស់ខ្លួន កេងប្រវ័ញ្ញលើប្រជាពលរដ្ឋ និងឃុបឃិតជាមួយឈ្មួញរកស៊ីខុសច្បាប់ជាដើម៕









