

ទាហានខ្មែរអះអាងថា កងទ័ពថៃនៅតែបន្តឈរជើង និងធ្វើសកម្មភាពកែប្រែភូមិសាស្ដ្រជាក់ស្ដែងក្នុងទឹកដីកម្ពុជា បន្ទាប់ពីយោធាថៃបានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសថៃ និងអ្នកសារព័ត៌មានអន្តរជាតិ ចូលទៅកាន់ទីតាំងអគារកាស៊ីណូក្នុងទឹកដីកម្ពុជា។ ទាហានខ្មែរបន្ថែមថា ក្រៅពីបន្តធ្វើសកម្មភាពឈ្លានពាន យោធាថៃបានបង្កសំឡេងផ្ទុះ ជាច្រើនលើកដែលបង្កជាការរំខានដល់កងកម្លាំងខ្មែរ ខណៈស្ថានការណ៍កំពុងតែមានភាពតានតឹងស្រាប់។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ យោធាថៃបានសាងសង់ផ្លូវយុទ្ធសាស្ត្រនៅតាមព្រំដែន និងធ្វើសកម្មភាពកែប្រែភូមិសាស្ដ្រក្នុងទឹកដីកម្ពុជា បានជាច្រើនទីតាំង នៅតំបន់អូរស្មាច់។ នេះបើតាមការអះអាងរបស់ទាហានខ្មែរម្នាក់ ដែលកំពុងឈរជើងនៅព្រំដែនខេត្តឧត្តរមានជ័យ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ។
ទាហានខ្មែរដដែលបានអះអាងថា យោធាថៃបានបំផ្ទុះថ្មភ្នំដើម្បីសាងសង់ផ្លូវយុទ្ធសាស្ត្រទៅកាន់តំបន់ប្រាសាទខ្នារ របស់កម្ពុជា និងតំបន់មួយចំនួនទៀតក្នុងសង្កាត់កូនគ្រៀល និងភ្នំគីង្គក់ ដែលយោធាថៃបានកាន់កាប់ក្រោយដណ្ដើមបានពីកម្ពុជា។ ប្រភពបន្តថា ក្រៅពីនេះ យោធាថៃបានបន្តរាយបន្លាលួស សាងសង់លេណដ្ឋាន និងឈូសឆាយក្នុងដីចម្ការ វត្តអារាម និងភូមិឋានរបស់ពលរដ្ឋខ្មែរ នៅក្នុងភូមិអូរខ្លាឃ្មុំ និងភូមិរួតចំប៉ី។
ការអះអាងរបស់ទាហានខ្មែរនេះ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ បានចុះផ្សាយដោយដកស្រង់សម្ដីរបស់ប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ានឬហៅកាត់ថា AOT ប្រចាំប្រទេសថៃក្នុងអំឡុងពេលលោកចុះទៅពិនិត្យនៅច្រកអូរស្មាច់ កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ថា «យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់»។ ក្នុងនោះ ប្រធាន AOT ប្រចាំប្រទេសថៃ ដែលជាមន្ត្រីយោធាហ្វីលីពីន គឺលោក រ៉ូឌឺរីក ហ្គាស៊ីយ៉ា (Roderick T Garcia) បាននិយាយថា អ្វីដែលលោកបានមើលឃើញផ្ទាល់នៅនឹងកន្លែង គឺខុសគ្នាឆ្ងាយពីព័ត៌មាន ដែលលោកទទួលបាន ហើយថាក្នុងដំណាក់កាលនេះ ក្រុម AOT មិនទាន់អាចឈានដល់ការសន្និដ្ឋានណាមួយនៅឡើយទេ។
ទោះជាបែបនេះក្ដី ទាហានខ្មែរប្រចាំការនៅតំបន់ព្រំដែនអូរស្មាច់ បានលើកឡើងថា ការលើកឡើងនេះមានភាពផ្ទុយគ្នាស្រឡះពីសកម្មភាពរបស់យោធាថៃ ដែលបានតម្រៀបទូ កុងតឺន័រ កាយប្រឡាយ រាយបន្លាលួស និងកែប្រែទីតាំងជាក់ស្ដែងនៅក្នុងទឹកដីកម្ពុជា។ ទាហានខ្មែរលើកឡើងថា សកម្មភាពទាំងនេះ គឺជាការឈ្លានពាន និងកាប់កាប់ជាអចិន្ត្រៃយ៍ ដោយមិនមែនជាការកាន់កាប់បណ្ដោះអាសន្ន ដើម្បីរង់ចាំការបោះបង្គោលព្រំដែន ដូចការអះអាងរបស់ភាគីថៃនោះឡើយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និងរដ្ឋលេខាធិការក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៩ ខែកញ្ញា។
កាលពីថ្ងៃទី៨ ខែកញ្ញា ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ដោយតវ៉ាចំពោះសកម្មភាពឈ្លានពានរបស់យោធាថៃ នៅក្នុងខេត្តចំនួនពីរមានដូចជា សាងសង់លេណដ្ឋានយោធានៅបរិវេណវត្តអូរខ្លាឃ្មុំ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ការជីកអណ្តូងទឹកមួយកន្លែងនៅភូមិជោគជ័យ និងការវាយកម្ទេចសំណង់ស៊ីវិលរបស់កម្ពុជា នៅក្នុងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។
ទន្ទឹមគ្នានេះ រដ្ឋាភិបាលកម្ពុជា តាមរយៈអង្គភាពអ្នកនាំពាក្យ បានតវ៉ាចំពោះសកម្មភាពរបស់យោធាថៃ ដែលបានដឹកនាំអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានអន្តរជាតិ ចុះទៅពិនិត្យនៅតំបន់អាគារកាស៊ីណូអូរស្មាច់ និងច្រកជាំ នៅខេត្តឧត្តរមានជ័យ ក្នុងទឹកដីកម្ពុជា ដោយគ្មានការអនុញ្ញាត។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន កត់សម្គាល់ថា ការដឹកនាំតំណាងអន្តរជាតិរបស់យោធាថៃ ទៅកាន់តំបន់អាគារកាស៊ីណូរបស់កម្ពុជានេះ គឺជាការសងសឹកបន្ទាប់ពីកម្ពុជា បានលាតត្រដាងពីសកម្មភាពឈ្លានពានរបស់យោធាថៃ នៅលើឆាកអន្តរជាតិ។ លោកបន្តថា ថៃបានប្រើប្រាស់សន្លឹកបៀធំ គឺឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត មកធ្វើជាលេសដើម្បីបំភ្លៃព្រឹត្តិការណ៍ឈ្លានពានមកលើកម្ពុជា ដូច្នេះដើម្បីទប់ទល់នឹងឧបាយកលនេះមេដឹកនាំកម្ពុជា ត្រូវតែចាប់ខ្លួនម្ចាស់កាស៊ីណូ ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មទាំងនេះ យកមកកាត់ទោស។
លោក អ៊ុំ សំអាន៖ «ដូច្នេះហើយ នេះក៏ជាការឆ្លើយតបទៅនឹងភាគីកម្ពុជា ដែលតវ៉ារឿងការឈ្លានពានរបស់ថៃដែរ។ គឺគេចង់ប្រាប់ទៅពិភពលោកថា កម្ពុជាមានបទល្មើសនៃការឆបោកតាមអនឡាញ ទើបថៃចូលមកគ្រប់គ្រងតំបន់ហ្នឹង ដើម្បីបង្ក្រាបបទល្មើសនៃការឆបោកតាមអនឡាញនេះ»។
ងាកមករឿងវិវាទនៅតាមខ្សែបន្ទាត់ព្រំដែនវិញ ទាហានខ្មែរបានអះអាងថា គិតមកដល់ពេលនេះ យោធាថៃបានបន្តពង្រីកកម្លាំងទ័ព សង់មូលដ្ឋានយោធាធំៗ ដើម្បីកាន់កាប់ទឹកដីកម្ពុជាមួយចំនួន ក្នុងតំបន់អូរស្មាច់ រយៈពេលយូរអង្វែង។ ទាហានខ្មែរបន្តថា យោធាថៃអាចនឹងដកទ័ពចេញពីតំបន់ព្រំដែនអូរស្មាច់ វិញ លុះត្រាតែពួកគេបង្កើតផែនទីថ្មី ដែលកាត់ឆ្វៀលទឹកដីកម្ពុជាមួយផ្នែកនៅតំបន់អូរស្មាច់នេះ មកដាក់បញ្ចូលក្នុងផែនទីនោះជាមុនសិន ព្រោះនៅពេលនេះយោធាថៃបានប្រកាសពីភាពជាម្ចាស់ផ្ដាច់មុខលើប្រាសាទខ្នាររបស់កម្ពុជា រួចបាត់ទៅហើយ៕









