ឧកញ៉ា ឡេង ណាវ៉ាត្រា ថា​របាយការណ៍​​ជនរងគ្រោះ ជិត​៤​ម៉ឺន​របស់​ក្រសួង​ដែនដី​ជា​រឿង​មិន​ពិត

0
158
លោក ឡេង ណាវ៉ាត្រា (ស្ដាំ) និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញសង្គម
លោក ឡេង ណាវ៉ាត្រា (ស្ដាំ) និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញសង្គម

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ទើប​ប្រកាស​ក្ស័យធន អះអាង​ថា របាយការណ៍​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង សំណង់ ដែល​អះអាង ថា ជនរងគ្រោះ​ពី​គម្រោង​ក្រុមហ៊ុន​របស់​លោក​មាន​រហូត​ដល់ ៣៨.០០០ នាក់ ជា​ការ​មិន​ពិត​។ លើស​ពី​នេះ លោក​ថា ក្រុមហ៊ុន​លោក​ក៏​ជា​ភាគី​រងគ្រោះ​នៅក្នុង គម្រោង​អាជីវកម្ម​ដែរ ដោយសារ​អតិថិជន​ប្រមាណ​ពាក់កណ្ដាល មិនបាន​បង់ប្រាក់​ឱ្យ​ទាន់​ពេល។

រីឯ​សង្គម​ស៊ីវិល អះអាងថា ការ​បង្ហាញ​ទិន្នន័យ​ខុសគ្នា​រវាង​ក្រសួង​និង​ក្រុមហ៊ុន មិនមែន​ជា​បញ្ហា​សំខាន់​នោះ​ទេ តែ​រឿង​សំខាន់​បំផុត គឺ​ការ​បង្ហាញ​ឆន្ទៈ​ដោះស្រាយ ជូន​អតិថិជន​រងគ្រោះ​ទាំងអស់​ដោយ​យុត្តិធម៌។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ចេញ​មុខ​បដិសេធ​របាយការណ៍​របស់​ក្រសួង​រៀប ចំ​ដែនដី នគរូបនីយកម្ម និង សំណង់ ដែល​ថា ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា នៅ​ជំពាក់​ផ្ទះ​អតិថិជន​ជាង ៣៨ ០០០ គ្រួសារ​ទៀត​។ ឧកញ៉ា​ដែល​មាន ទំនាក់ទំនង ជិតស្និទ្ធ​នឹង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​រូប​នេះ ហាក់​ចង់​បន្ទោស គម្រោង​របស់​ខ្លួន ជាប់​គាំង គឺ​បណ្ដាល​មក​ពី​អតិថិជន ប្រមាណ​ពាក់កណ្ដាល មិន​បាន​បង់ប្រាក់ ឱ្យ​ក្រុមហ៊ុន​តាម​កិច្ចសន្យា។

នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃទី​១៣ ខែកញ្ញា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​បង្ហាញ​ទិន្នន័យ ដែល​លោក អះអាង​ថា ពិតប្រាកដ និង​បាន​ផ្ទៀងផ្ទាត់ ជាមួយ ក្រសួង ដោយ​លោក​បញ្ជាក់​ថា នៅសល់​ដី​ចំនួន ១៦,៩២៥ ប្លង់ ឬ ជិត ២​ម៉ឺន​ឡូ​តិ៍ ទៀត ដែល​ជា​អតិថិជន​បង់​រំលស់ គ្មាន​លទ្ធភាព​បង់​បន្ត និង​បាន​ខកខាន បង់ប្រាក់ ចន្លោះ​ពី ១​ឆ្នាំ ទៅ ៤​ឆ្នាំ មក​ហើយ។

ឧកញ៉ា​រូប​នេះ បន្ថែម​ថា អតិថិជន នៅ​ជំពាក់​ក្រុមហ៊ុន​លោក សរុប ៦១​លាន​ដុល្លារ ទៀត ដែល​ភាគច្រើន ជា​ប្រភេទ​ដី​ឡូ​តិ៍ ក្នុង​គម្រោង​តាម​បណ្ដា​ខេត្ត ដូចជា នៅ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ សៀមរាប និង ខេត្ត​ផ្សេងទៀត​។ យ៉ាងណា លោក​ថា ដី​ឡូតិ៍​ទាំងនោះ មាន​ប្លង់​រឹង ត្រឹមត្រូវ និង​បាន​បោះបង្គោល​រួចរាល់។

ចំពោះ​អតិថិជន ដែល​បាន​បង់ប្រាក់​ផ្ដាច់​វិញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អះអាង ថា ទិន្នន័យ​ពិតប្រាកដ មាន​ចំនួន ១៥ ៣៣៥ ប័ណ្ណ ក្នុង​គម្រោង ដែល​ក្រុមហ៊ុន​បាន​បំបែក​ក្បាលដី​បញ្ចប់ និង​ប្រគល់​ជូន អតិថិជន រួចរាល់​ហើយ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សរសេរ​ថា ការ​លើកឡើង​ថា «​មាន​ប្រជាពលរដ្ឋ រងគ្រោះ​ដល់​ទៅ ៣៨,០០០ គ្រួសារ​» របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ គឺជា​រឿង​មិន​ពិត​ទាំងស្រុង​។ លោក​ថា ធាតុ​ពិត ក្រុមហ៊ុន​របស់​លោក​ក៏​ជា​អ្នករងគ្រោះ​បន្ត​ដែរ និង​ត្រូវ​រ៉ាប់រង​បន្ទុក​បំណុល រាប់​​សិប​លាន​ដុល្លារ ដោយសារ អតិថិជន​មិន​គោរព​កិច្ចសន្យា​បង់ប្រាក់។

ក្រសួង​ដែនដី នគរូបនីយកម្ម និង សំណង់ កាលពី​ថ្ងៃទី​១០ ខែកញ្ញា បាន​បញ្ចេញ ទិន្នន័យ ឱ្យ​ឃើញ​ថា ក្រុមហ៊ុន ឡេង ណា​វ៉ា​ត្រា ទើបតែ​បាន​ផ្ដល់​ឱ្យ​អតិថិជន ជិត ៦០០​ផ្ទះ​ប៉ុណ្ណោះ ហើយ​នៅ​ជំពាក់​អតិថិជន ជាង ៣៨ ០០០ គ្រួសារ​ទៀត​។ តួលេខ នេះ​របស់​ក្រសួង គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​អ្នកឧកញ៉ា ឡេង ណា​វ៉ាត្រា ដែល បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ថា ក្រសួង​រៀបចំ​ផែនការ​ធ្វើបាប​ខ្លួន​។​

យ៉ាងណាក៏ដោយ​រដ្ឋមន្ត្រី​ក្រសួង ដែនដី នគរូបនីយកម្ម និង សំណង់ លោក សាយ សំអាល់ លើកឡើង​ក្នុង​ពិធី​មួយ​ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា ថា លោក​មិន​ចង់​ឆ្លើយតប​វែងឆ្ងាយ​ជាមួយ​ក្រុមហ៊ុន អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ទេ​។ សារព័តមាន The Cambodia Morning Post បាន​ស្រង់​សម្ដី​របស់​លោក សាយ សំអាល់ ថា ចំណុច​សំខាន់ គឺ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ត្រូវ​បញ្ជាក់​ឱ្យ​ច្បាស់​ថា តើ​អ្នកឧកញ៉ា​មាន​ប្រភព​ហិរញ្ញវត្ថុ គ្រប់គ្រាន់ សម្រាប់​បញ្ចប់​ការសាងសង់ ឬ​នៅ ព្រោះ​ការងារ​នេះ ត្រូវការ​ថវិកា​រហូត ដល់​រាប់​លាន​ដុល្លារ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៤ ខែកញ្ញា ថា ភាគី​អតិថិជន គឺជា ជនរងគ្រោះ ដែល​មួយ​ចំនួនធំ​បាន​ចំណាយ​ប្រាក់​ទិញ​ផ្ទះ និង​ដី​ឡូតិ៍​ហើយ ប៉ុន្តែ មិន​បាន​ផ្ទះ និង​ដី តាម​កិច្ចសន្យា​។ លោក​កត់សម្គាល់​ថា សូម្បីតែ​អតិថិជន​ខ្លះ ដែល​បាន​បង់ប្រាក់​ផ្ដាច់​រួចហើយ ក៏​នៅតែ​មិនបាន​ផ្ទះ និង​ដី ពី​ក្រុមហ៊ុន​ទៀត​។ លោក​ពន្យល់​ថា នេះ​អាច​ជា​មូលហេតុ ដែល​អតិថិជន​មួយចំនួន លែង​បន្ត​បង់ រំលស់ ដោយ​រង់​ចាំ​មើល​ដំណោះស្រាយ​រួម​ជាមុន​សិន។

លោក អំ សំអាត មានប្រសាសន៍ថា ការ​ឆ្លើយ​ឆ្លង​ទិន្នន័យ​ខុសគ្នា រវាង​ក្រសួង និង​ក្រុមហ៊ុន​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា មិនមែន​ជា​ចំណុច​សំខាន់​នោះ​ទេ ប៉ុន្តែ លោក​ថា រឿង​ដែល​សំខាន់ និង​ចាំបាច់​បំផុត នៅ​ពេល​នេះ គឺ​ការ​បង្ហាញ​ឆន្ទៈ និង​យន្តការ​ដោះស្រាយ ក្រោម​អន្តរាគមន៍​របស់​រដ្ឋាភិបាល។ លោក​ថា រដ្ឋាភិបាល​ត្រូវ​ប្រកាន់​នូវ​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ដល់​អតិថិជន​ដែល​រងគ្រោះ។

លោក អំ សំអាត៖ «​អតិថិជន ឬ​ពលរដ្ឋ ដែល​ទិញ​គាត់​មាន​កាតព្វកិច្ច​នៅ​ការ​បង់លុយ ប៉ុន្តែ​ក្រុមហ៊ុន ត្រូវ​មាន​កាតព្វកិច្ច​អនុវត្ត​កិច្ចសន្យា ត្រូវ​ប្រគល់​ផ្ទះ ប្រគល់​ដី​ឱ្យ ពលរដ្ឋ បើ​គេ​បង់លុយ​គ្រប់​រួចទៅ​ហើយ​។ ប៉ុន្តែ​អ្នកខ្លះ​អត់​បាន​ទទួល អាហ្នឹង វា​ជា បញ្ហា ហើយ​មួយទៀត​ការ​ខកខាន មិនបាន​បង់ ដោយសារតែ ក្រុមហ៊ុន​ជា​ប់​គាំង​។ អ៊ីចឹង​គាត់​បង់​ទៅ​ខ្លាច វា​អស់​លុយ​បន្ថែម​ទៀត អ៊ីចឹង​រង់ចាំ​ដំណោះស្រាយ​ទាំងអស់​ហ្នឹង អាហ្នឹង​គឺ​នៅ​ពេល​ដែល​ដោះស្រាយ វា​នឹង​ចេញ​ជា​លទ្ធផល​ហើយ​។ អ៊ីចឹង​អ្វី​ដែល​សំខាន់ គឺ​ការ​ដោះស្រាយ​ទៅដល់​អតិថិជន ឬក៏​ពលរដ្ឋ ដែល​រងគ្រោះ វា​ជា​រឿង​សំខាន់ ហើយ​នេះ​ជា​មេរៀន ព្រោះ​មិនមែន​មានតែ​ក្រុមហ៊ុន​ហ្នឹង យើង​ឃើញ​មាន​ក្រុមហ៊ុន​ជាច្រើន​»។

ផ្ទុយ​ពី​ការ​អះអាង​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ថា បាន​ផ្ដល់​ផ្ទះ ជូន​អតិថិជន​ដែល​បង់ប្រាក់​ផ្ដាច់​នោះ​អតិថិជន​ម្នាក់​ដែល​បាន​ទិញ​ផ្ទះ​មួយ​ល្វែង និង ដី​មួយ​ប្លង់ សរុប​តម្លៃ​ជិត ៤​ម៉ឺន ដុល្លារ ដោយ​បាន​បង់​ផ្ដាច់​ទាំងអស់ ចាប់​តាំង ពី​ឆ្នាំ​២០២១ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា មកដល់ពេលនេះ ក្រុមហ៊ុន ឡេង ណាវ៉ាត្រា មិនទាន់​សង់ផ្ទះ និង ចាក់​ដី​បំពេញ ឱ្យ​ត្រឹមត្រូវ ឱ្យ​លោក​នៅ​ឡើយ​ទេ។

អតិថិជន​រូប​នេះ ថា នៅ​មាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត ដែល​បាន​បង់ប្រាក់​ផ្ដាច់ ឱ្យ​ក្រុមហ៊ុន ដូច​លោក​ដែរ តែ​នៅ​មិនទាន់​បាន​ផ្ទះ​ទេ​។ លោក​ទាមទារ​ឱ្យ​ក្រសួង​ដោះស្រាយ ឱ្យ​ជា​ប្រញាប់ ដោយសារតែ​អតិថិជន​ម្នាក់ៗ រង់ចាំ​៥ ទៅ​៦ ឆ្នាំ​ហើយ។

នៅ​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់ ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន មាន​ក្រុមហ៊ុន ឆបោក​ជាច្រើន​ទៀត ដែល​តុលាការ និង​រដ្ឋាភិបាល មិនទាន់​ដោះស្រាយ​នៅ ឡើយ​ហើយ​ទុក​ឱ្យ​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសាររងគ្រោះ យូរ​ឆ្នាំ ដូចជា ក្រុមហ៊ុន ពិភពដី​មាស របស់​អតីត​ឧកញ៉ា ហ៊ី គឹមហុង ក្រុមហ៊ុន​អតីត​ឧកញ៉ា ជា សារ៉ន និង ក្រុមហ៊ុន​ស៊ី​អាយ​ស៊ី (CIC) របស់លោក គុយ វ៉ាត ជាដើម។

ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ក៏​ជាប់​ក្នុង​បញ្ជី​ឆបោក និង លាងលុយកខ្វក់​ដែរ រួមមាន ក្រុមហ៊ុន​ហ៊ួយវ័ន​ផេ (Huione Pay) របស់​ឧកញ៉ា ហ៊ុន តូ ដែល​ជា​បងជីដូនមួយ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប របស់​សាច់ញាតិ លោក ដួង ដារា ដែល​ជា​អតីត​ជំនួយការ​របស់​លោក ហ៊ុន សែន និង ក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ