កម្ពុជា​បង្ហាញ​បំណង​ចុះសន្ធិសញ្ញា​ព្រំដែន​សមុទ្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ថៃ ក្រោម​ដំណើរការ​ផ្សះផ្សា​របស់​គណៈកម្មការ UNCLOS

0
107
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ស្ដាំ) និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ចូលរួមកិច្ចប្រជុំនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ កញ្ញា ២០២៦។ រូប៖ ក្រសួងការបរទេស
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ស្ដាំ) និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ចូលរួមកិច្ចប្រជុំនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ កញ្ញា ២០២៦។ រូប៖ ក្រសួងការបរទេស

កម្ពុជា​បង្ហាញ​គោលបំណង​ចុះសន្ធិសញ្ញា​ជាមួយ​ថៃ ដើម្បី​កំណត់ព្រំដែន​សមុទ្រ​តែមួយ និង​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ ក្នុង​ដំណើរការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS)​។ ចំណែក​ភាគី​ថៃ​អះអាង​ថា នីតិវិធី​ពេលនេះ មិន​ប៉ះពាល់​ព្រំដែន​គោក និង​កោះ​គុត​ឡើយ ហើយ​ថៃ​ក៏​ច្រាន​ចោលការ​គូស​ខ្សែបន្ទាត់​បែងចែក​ខ្ពង់រាប​បាតសមុទ្រ​នៅ​ឆ្នាំ​១៩៧២​ដោយ​កម្ពុជា​ផង​ដែរ។

ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ចំពោះមុខ​គណៈកម្មការ​ផ្សះផ្សា នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ភ្នាក់ងារ​តំណាង​កម្ពុជា លោក ប្រាក់ សុខុន បាន​និយាយ​ថា គោលបំណង​ចម្បង​របស់​កម្ពុជា​គឺ​ស្វែងរក​ដំណោះស្រាយ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ និង​រួមចំណែក​ដល់​សន្តិភាព កិច្ច​សហប្រតិបត្តិការ និង​វិបុលភាព​រួម​នៅក្នុង​តំបន់។

លោក​បាន​បន្ថែម​ថា ប្រសិនបើ​មិនអាច​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ព្រំដែន​សមុទ្រ​ជា​ស្ថាពរ​ភ្លាមៗ​ទេ កម្ពុជា​ត្រៀមខ្លួន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ថៃ សម្រាប់​ការ​អភិវឌ្ឍ​រួមគ្នា និង​ការបែងចែក​ធនធាន​ដោយ​សមធម៌ ខណៈ​កំពុង​រង់ចាំ​កិច្ចព្រមព្រៀង​ព្រំដែន​ជា​ស្ថាពរ។

លោក ប្រាក់ សុខុន៖ «ប្រសិនបើ​ភាគី​ទាំងពីរ​មិនអាច​សម្រេច​បាន​ទាំង​កិច្ចព្រមព្រៀង​ព្រំដែន​សមុទ្រ និង​កិច្ចព្រមព្រៀង​អភិវឌ្ឍ​រួមគ្នា កម្ពុជា​បាន​ស្នើ​ឱ្យ​គណៈកម្មការ​រៀបចំ​របា​យ​ការណ៍​ផ្តល់​អនុសាសន៍​ដល់​ភាគី​ទាំងពីរ ដើម្បី​ធ្វើជា​មូលដ្ឋាន​សម្រាប់​ការចរចា​នា​ពេល​អនាគត ស្របតាម​កាតព្វកិច្ច​របស់​ប្រទេស​ទាំងពីរ​ក្រោម UNCLOS»។

លោក ប្រាក់ សុខុន បាន​រំឭកថា កម្ពុជា​បាន​ផ្ដួចផ្ដើម​ដំណើរការ​ផ្សះផ្សា​នេះ បន្ទាប់ពី​ថៃ​បាន​ប្រកាស​លុបចោល​ជា​ឯកតោភាគី​នូវ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០១ ដែល​កម្ពុជា​ចាត់ទុកថា​ជា​យន្តការ​ទ្វេភាគី​សម្រាប់​ដោះស្រាយ​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​រវាង​ប្រទេស​ទាំងពីរ​។​

លោក បន្ថែម​ថា កម្ពុជា​ជ្រើសរើស​យន្តការ​នេះ ដើម្បី​ស្វែងរក​ផ្លូវ​សន្តិភាព​ស្រប​តាមច្បាប់​អន្តរជាតិ​។ លោក​បាន​សង្កត់ធ្ងន់​ថា សម្រាប់​កម្ពុជា ដំណើរការ​ផ្សះផ្សា​មិនមែន​ជា​មធ្យោបាយ​បង្កើន​ភាព​តានតឹង​ទេ ប៉ុន្តែ​ជា​វិធី​មួយ​ដើម្បី​ស្តារ​ទំនុកចិត្ត​រវាង​ភាគី​ទាំងពីរ​ឡើងវិញ។

កម្ពុជា​ក៏បាន​អំពាវនាវ​ឱ្យ​ថៃ​ចូលរួម​ក្នុង​ដំណើរការ​នេះ​ដោយ​ស្មារតី​ស្ថាបនា និង​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់ ជាពិសេស​សេចក្តី​ថ្លែងការណ៍​រួម​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥។

លោក ប្រាក់ សុខុន បាន​និយាយ​ថា ការចូលរួម​របស់​ថៃ​អាច​ជួយ​សម្រួល​ដល់​ការ​វិលត្រឡប់​របស់​ប្រជាជន​កម្ពុ​ជាជាង ២០,០០០​នាក់ ដែល​បាន​ភៀសខ្លួន​ពី​តំបន់​ជម្លោះ ការ​អភិរក្ស​ទីតាំង​វប្បធម៌​សំខាន់ៗ​ដែល​រង​ការខូចខាត និង​ការ​ស្តារ​ទំនាក់ទំនង​ទ្វេភាគី​ឡើងវិញ។

លោក​បាន​បន្ថែម​ថា កិច្ចប្រឹងប្រែង​ទាំងនេះ​អាច​ជួយ​កាត់បន្ថយ​ភាព​តានតឹង កសាង​ទំនុកចិត្ត និង​ស្តារ​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​ទាំងពីរ ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា ថៃ និង​តំបន់​អាស៊ាន​ទាំងមូល។

ជុំវិញ​បញ្ហា​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី បាន​និយាយ​ថា លោក​យល់ថា សារ​របស់​កម្ពុជា​នៅក្នុង​ដំណើរការ​ផ្សះផ្សា​មាន​លក្ខណៈ​ស្ថាបនា ព្រោះ​កម្ពុជា​មិន​ផ្ដោត​តែ​លើ​ការ​ឈ្នះ ឬ​ចាញ់​ក្នុង​ជម្លោះព្រំដែន​សមុទ្រ​ទេ ប៉ុន្តែ​បាន​ដាក់​គោលដៅ​លើ​ដំណោះស្រាយ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

លោក សេង វណ្ណលី បាន​និយាយ​ថា ការ​លើកឡើង​អំពី​សន្តិភាព កិច្ច​សហប្រតិបត្តិការ និង​វិបុលភាព​រួម មាន​សារៈសំខាន់ ប៉ុន្តែ​តម្លៃ​របស់​គោលការណ៍​ទាំងនេះ​នឹង​អាស្រ័យ​លើ​សមត្ថភាព​របស់​ភាគី​ទាំងពីរ​ក្នុង​ការ​ប្រែក្លាយ​វា​ទៅជា​កិច្ចព្រមព្រៀង​ជាក់ស្តែង។

លោក​បាន​លើកឡើង​ថា ជម្រើស​អាច​រួមមាន​ការកំណត់​ព្រំដែន​សមុទ្រ​ដោយ​យុត្តិធម៌ ឬ​ការ​អភិវឌ្ឍ​ធនធាន​រួម ដោយ​ធានា​ការបែងចែក​ផលប្រយោជន៍​ដោយ​សមធម៌​។ លោក​ក៏បាន​ព្រមាន​ថា កិច្ច​សហប្រតិបត្តិការ​មិន​គួរ​មានន័យថា កម្ពុជា​ត្រូវ​បោះបង់​សិទ្ធិ ឬ​ជំហរ​ផ្លូវច្បាប់​របស់​ខ្លួន​ឡើយ។

លោក សេង វណ្ណ​លី បន្ថែម​ថា ប្រសិនបើ​មាន​កិច្ចព្រមព្រៀង​អភិវឌ្ឍ​រួម គួរតែ​មាន​តម្លាភាព និង​មិន​ប៉ះពាល់​ដល់​ការកំណត់​ព្រំដែន​សមុទ្រ​ជា​ស្ថាពរ​។ លោក ថា តម្លៃពិត​ប្រាកដ​នៃ​សារ​របស់​កម្ពុជា​នឹង​ស្ថិត​នៅ​លើ​ការអនុវត្ត និង​ឆន្ទៈ​របស់​ភាគី​ទាំងពីរ​ក្នុង​ការចរចា​ដោយ​ស្មោះ​ត្រង់ គោរព​ច្បាប់​អន្តរជាតិ និង​ដាក់​ផលប្រយោជន៍​របស់​ប្រជាជន​លើស​ការប្រកួតប្រជែង​នយោបាយ។

នៅក្នុង​កិច្ចប្រជុំ​ដំបូង​របស់​គណៈកម្មការ​ផ្សះផ្សា រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow ) បាន​និយាយ​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​លំបាក ហើយ​ជម្លោះ​បាន​ធ្វើ​ឱ្យ​ទំនុកចិត្ត​រវាង​ប្រទេស​ទាំងពីរ​រង​ការខូចខាត​។ លោក​បាន​និយាយ​ថា ថៃ​ជឿ​ថា ភាព​ខុសគ្នា​រវាង​ភាគី​ទាំងពីរ​អាច​ដោះស្រាយ​បាន​តាមរយៈ​ការ​សន្ទនា​ទ្វេភាគី។

ជុំវិញ​ការលុបចោល​អនុស្សរណៈ​ឆ្នាំ​២០០១ លោក ស៊ីហាសាក់ ភួងកេតកែវ បាន​និយាយ​ថា ក្នុង​រយៈពេល​ប្រមាណ ២៥​ឆ្នាំ ភាគី​ទាំង​ពីរ​បាន​ជួបពិភាក្សា​គ្នា​តែ​ពីរ​លើក​ប៉ុណ្ណោះ ហើយ​មិនបាន​សម្រេច​លទ្ធផល​ជាក់ស្តែង​។ លោក ថា ថៃ​មិន​យល់​ពី​មូល​ហេតុ​ដែល​កម្ពុជា​ជ្រើសរើស​យន្តការ​ផ្សះផ្សា​ដែល​មាន​លក្ខណៈ​បង្ខំ​នេះ។

លោក ស៊ីហាសាក់ ក៏បាន​អះអាង​ថា នីតិវិធី​បច្ចុប្បន្ន​មិន​ពាក់ព័ន្ធ​នឹង​ព្រំដែន​គោក ឬ​កោះ​គុត​ទេ ហើយ​ថៃ​ច្រានចោល​ការកំណត់​ខ្សែ​បែងចែក​ខ្ពង់រាប​បាតសមុទ្រ​ឆ្នាំ​១៩៧២ ដែល​ធ្វើឡើង​ដោយ​កម្ពុជា​។ ទោះជា​យ៉ាងណា លោក​បាន​និយាយ​ថា ថៃ​ចូលរួម​ក្នុង​ដំណើរការ​ផ្សះផ្សា​ដោយ​ស្ម័គ្រចិត្ត គោរព UNCLOS និង​ការសម្រេច​របស់​គណៈកម្មការ​ដែល​មាន​ឯករាជ្យ និង​វិជ្ជាជីវៈ។

លោក​បាន​បន្ថែម​ថា ទ្វារ​សម្រាប់​ការសន្ទនា​នៅតែ​បើកចំហ ប៉ុន្តែ​ថៃ​នឹង​ការពារ​អធិបតេយ្យភាព និង​សិទ្ធិ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ព្រំដែន។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការប្រើប្រាស់​យន្តការ​ផ្សះផ្សា​ក្រោម UNCLOS​។ លោក ថា កម្ពុជា​កំពុង​ប្រើប្រាស់​យន្តការ​ដែល​លោក​ចាត់ទុកថា ឥតប្រយោជន៍ ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​ជាមួយ​ថៃ ខណៈ​លោក​បារម្ភ​ថា វា​អាច​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​កម្ពុជា​លើ​ដែនសមុទ្រ។

លោក គឹម សុខ៖ «កម្ពុជា​របស់​យើង កំពុង ផុង​ជ្រៅ ក្នុង​រឿង​ឥតប្រយោជន៍​បំផុត ហើយ​មិនអាច​ការពារ​អធិបតេយ្យភាព​លើ​ដែនសមុទ្រ​របស់​យើង​បានទេ ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត កំពុងតែ​ធ្វើ​រឿង​ឥតប្រយោជន៍ ក្នុង​ការ​ប្រើប្រាស់​យន្តការ​ដោយ​ចាប់បង្ខំ តាមច្បាប់​សមុទ្រ​របស់​អង្គការសហប្រជាជាតិ UNCLOS»។

លោក​បាន​និយាយ​ថា ថៃ​អាច​ទទួលយក​លទ្ធផល​ណាមួយ ប្រសិនបើ​លទ្ធផល​នោះ​ផ្តល់​ផលប្រយោជន៍​ដល់​ថៃ ប៉ុន្តែ​អាច​បដិសេធ​ប្រសិនបើ​លទ្ធផល​មិន​ស្រប​នឹង​ផលប្រយោជន៍​របស់​ខ្លួន​។ លោក ថា កម្ពុជា​គួរ​ប្រើ​ប្រាស់ UNCLOS រួម​ជាមួយ​ឯកសារ​ច្បាប់ និង​សន្ធិសញ្ញា​ដែល​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ការ​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន។

គណៈកម្មការ​ផ្សះផ្សា​ក្រោម UNCLOS ដែល​កម្ពុជា​ជា​អ្នក​ផ្ដួចផ្ដើម មាន​សមាជិក​ប្រាំ​រូប និង​ដឹកនាំ​ដោយ​អ្នកស្រី កាទ្រីណា ឃូភើ (Katrina Cooper) អ្នកជំនាញ​ច្បាប់​អន្តរជាតិ​ជនជាតិ​អូស្ត្រាលី​។ សមាជិក​ដែល​កម្ពុជា​ជ្រើសរើស​មាន​លោក ភី​ថើ តាក់សូ ជេនហ្សេន (Peter Taksøe-Jensen) មកពី​ដាណឺម៉ាក និង​លោក ហ្សង់ ម៉ាក ធូវើនីន (Jean-Marc Thouvenin) មកពី​បារាំង។ សមាជិក​ដែល​ថៃ​ជ្រើសរើស​មាន​លោក អាល់បែរ្តិ៍ ហូបម៉ែន (Albert Hoffmann) មកពី​អាហ្វ្រិក​ខាងត្បូង និង​លោក រូឌីហ្គើ វូបហ្វ្រម (Rüdiger Wolfrum) មកពី​អាល្លឺម៉ង់។

ដោយមាន​ការយល់ព្រម​ពី​ភាគី​ទាំងពីរ តុលាការ​អាជ្ញាកណ្តាល​អចិន្ត្រៃ​យ៍ (PCA) កំពុង​ផ្តល់​ការ​គាំទ្រ​ផ្នែក​រដ្ឋបាល និង​ច្បាប់​ដល់​ដំណើរការ​ផ្សះផ្សា​នេះ​។ ដំណើរការ​ផ្សះផ្សា​នៅ​សិង្ហបុរី​ត្រូវ​បាន​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែកញ្ញា ក្នុង​គោលបំណង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិវាទ​ព្រំដែន​សមុទ្រ​រវាង​កម្ពុ​ជា និង​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ