

កម្ពុជាបង្ហាញគោលបំណងចុះសន្ធិសញ្ញាជាមួយថៃ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក្នុងដំណើរការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS)។ ចំណែកភាគីថៃអះអាងថា នីតិវិធីពេលនេះ មិនប៉ះពាល់ព្រំដែនគោក និងកោះគុតឡើយ ហើយថៃក៏ច្រានចោលការគូសខ្សែបន្ទាត់បែងចែកខ្ពង់រាបបាតសមុទ្រនៅឆ្នាំ១៩៧២ដោយកម្ពុជាផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍នៅចំពោះមុខគណៈកម្មការផ្សះផ្សា នៅប្រទេសសិង្ហបុរី កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ភ្នាក់ងារតំណាងកម្ពុជា លោក ប្រាក់ សុខុន បាននិយាយថា គោលបំណងចម្បងរបស់កម្ពុជាគឺស្វែងរកដំណោះស្រាយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់។
លោកបានបន្ថែមថា ប្រសិនបើមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងព្រំដែនសមុទ្រជាស្ថាពរភ្លាមៗទេ កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌ ខណៈកំពុងរង់ចាំកិច្ចព្រមព្រៀងព្រំដែនជាស្ថាពរ។
លោក ប្រាក់ សុខុន៖ «ប្រសិនបើភាគីទាំងពីរមិនអាចសម្រេចបានទាំងកិច្ចព្រមព្រៀងព្រំដែនសមុទ្រ និងកិច្ចព្រមព្រៀងអភិវឌ្ឍរួមគ្នា កម្ពុជាបានស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគត ស្របតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរក្រោម UNCLOS»។
លោក ប្រាក់ សុខុន បានរំឭកថា កម្ពុជាបានផ្ដួចផ្ដើមដំណើរការផ្សះផ្សានេះ បន្ទាប់ពីថៃបានប្រកាសលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលកម្ពុជាចាត់ទុកថាជាយន្តការទ្វេភាគីសម្រាប់ដោះស្រាយតំបន់សមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ។
លោក បន្ថែមថា កម្ពុជាជ្រើសរើសយន្តការនេះ ដើម្បីស្វែងរកផ្លូវសន្តិភាពស្របតាមច្បាប់អន្តរជាតិ។ លោកបានសង្កត់ធ្ងន់ថា សម្រាប់កម្ពុជា ដំណើរការផ្សះផ្សាមិនមែនជាមធ្យោបាយបង្កើនភាពតានតឹងទេ ប៉ុន្តែជាវិធីមួយដើម្បីស្តារទំនុកចិត្តរវាងភាគីទាំងពីរឡើងវិញ។
កម្ពុជាក៏បានអំពាវនាវឱ្យថៃចូលរួមក្នុងដំណើរការនេះដោយស្មារតីស្ថាបនា និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
លោក ប្រាក់ សុខុន បាននិយាយថា ការចូលរួមរបស់ថៃអាចជួយសម្រួលដល់ការវិលត្រឡប់របស់ប្រជាជនកម្ពុជាជាង ២០,០០០នាក់ ដែលបានភៀសខ្លួនពីតំបន់ជម្លោះ ការអភិរក្សទីតាំងវប្បធម៌សំខាន់ៗដែលរងការខូចខាត និងការស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។
លោកបានបន្ថែមថា កិច្ចប្រឹងប្រែងទាំងនេះអាចជួយកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្ត និងស្តារសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ថៃ និងតំបន់អាស៊ានទាំងមូល។
ជុំវិញបញ្ហានេះ អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី បាននិយាយថា លោកយល់ថា សាររបស់កម្ពុជានៅក្នុងដំណើរការផ្សះផ្សាមានលក្ខណៈស្ថាបនា ព្រោះកម្ពុជាមិនផ្ដោតតែលើការឈ្នះ ឬចាញ់ក្នុងជម្លោះព្រំដែនសមុទ្រទេ ប៉ុន្តែបានដាក់គោលដៅលើដំណោះស្រាយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
លោក សេង វណ្ណលី បាននិយាយថា ការលើកឡើងអំពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួម មានសារៈសំខាន់ ប៉ុន្តែតម្លៃរបស់គោលការណ៍ទាំងនេះនឹងអាស្រ័យលើសមត្ថភាពរបស់ភាគីទាំងពីរក្នុងការប្រែក្លាយវាទៅជាកិច្ចព្រមព្រៀងជាក់ស្តែង។
លោកបានលើកឡើងថា ជម្រើសអាចរួមមានការកំណត់ព្រំដែនសមុទ្រដោយយុត្តិធម៌ ឬការអភិវឌ្ឍធនធានរួម ដោយធានាការបែងចែកផលប្រយោជន៍ដោយសមធម៌។ លោកក៏បានព្រមានថា កិច្ចសហប្រតិបត្តិការមិនគួរមានន័យថា កម្ពុជាត្រូវបោះបង់សិទ្ធិ ឬជំហរផ្លូវច្បាប់របស់ខ្លួនឡើយ។
លោក សេង វណ្ណលី បន្ថែមថា ប្រសិនបើមានកិច្ចព្រមព្រៀងអភិវឌ្ឍរួម គួរតែមានតម្លាភាព និងមិនប៉ះពាល់ដល់ការកំណត់ព្រំដែនសមុទ្រជាស្ថាពរ។ លោក ថា តម្លៃពិតប្រាកដនៃសាររបស់កម្ពុជានឹងស្ថិតនៅលើការអនុវត្ត និងឆន្ទៈរបស់ភាគីទាំងពីរក្នុងការចរចាដោយស្មោះត្រង់ គោរពច្បាប់អន្តរជាតិ និងដាក់ផលប្រយោជន៍របស់ប្រជាជនលើសការប្រកួតប្រជែងនយោបាយ។
នៅក្នុងកិច្ចប្រជុំដំបូងរបស់គណៈកម្មការផ្សះផ្សា រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow ) បាននិយាយថា ទំនាក់ទំនងរវាងកម្ពុជា និងថៃកំពុងស្ថិតក្នុងដំណាក់កាលលំបាក ហើយជម្លោះបានធ្វើឱ្យទំនុកចិត្តរវាងប្រទេសទាំងពីររងការខូចខាត។ លោកបាននិយាយថា ថៃជឿថា ភាពខុសគ្នារវាងភាគីទាំងពីរអាចដោះស្រាយបានតាមរយៈការសន្ទនាទ្វេភាគី។
ជុំវិញការលុបចោលអនុស្សរណៈឆ្នាំ២០០១ លោក ស៊ីហាសាក់ ភួងកេតកែវ បាននិយាយថា ក្នុងរយៈពេលប្រមាណ ២៥ឆ្នាំ ភាគីទាំងពីរបានជួបពិភាក្សាគ្នាតែពីរលើកប៉ុណ្ណោះ ហើយមិនបានសម្រេចលទ្ធផលជាក់ស្តែង។ លោក ថា ថៃមិនយល់ពីមូលហេតុដែលកម្ពុជាជ្រើសរើសយន្តការផ្សះផ្សាដែលមានលក្ខណៈបង្ខំនេះ។
លោក ស៊ីហាសាក់ ក៏បានអះអាងថា នីតិវិធីបច្ចុប្បន្នមិនពាក់ព័ន្ធនឹងព្រំដែនគោក ឬកោះគុតទេ ហើយថៃច្រានចោលការកំណត់ខ្សែបែងចែកខ្ពង់រាបបាតសមុទ្រឆ្នាំ១៩៧២ ដែលធ្វើឡើងដោយកម្ពុជា។ ទោះជាយ៉ាងណា លោកបាននិយាយថា ថៃចូលរួមក្នុងដំណើរការផ្សះផ្សាដោយស្ម័គ្រចិត្ត គោរព UNCLOS និងការសម្រេចរបស់គណៈកម្មការដែលមានឯករាជ្យ និងវិជ្ជាជីវៈ។
លោកបានបន្ថែមថា ទ្វារសម្រាប់ការសន្ទនានៅតែបើកចំហ ប៉ុន្តែថៃនឹងការពារអធិបតេយ្យភាព និងសិទ្ធិរបស់ខ្លួនពាក់ព័ន្ធនឹងព្រំដែន។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ បានរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះការប្រើប្រាស់យន្តការផ្សះផ្សាក្រោម UNCLOS។ លោក ថា កម្ពុជាកំពុងប្រើប្រាស់យន្តការដែលលោកចាត់ទុកថា ឥតប្រយោជន៍ ដើម្បីស្វែងរកកិច្ចព្រមព្រៀងជាមួយថៃ ខណៈលោកបារម្ភថា វាអាចប៉ះពាល់ដល់អធិបតេយ្យភាពរបស់កម្ពុជាលើដែនសមុទ្រ។
លោក គឹម សុខ៖ «កម្ពុជារបស់យើង កំពុង ផុងជ្រៅ ក្នុងរឿងឥតប្រយោជន៍បំផុត ហើយមិនអាចការពារអធិបតេយ្យភាពលើដែនសមុទ្ររបស់យើងបានទេ ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងតែធ្វើរឿងឥតប្រយោជន៍ ក្នុងការប្រើប្រាស់យន្តការដោយចាប់បង្ខំ តាមច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ UNCLOS»។
លោកបាននិយាយថា ថៃអាចទទួលយកលទ្ធផលណាមួយ ប្រសិនបើលទ្ធផលនោះផ្តល់ផលប្រយោជន៍ដល់ថៃ ប៉ុន្តែអាចបដិសេធប្រសិនបើលទ្ធផលមិនស្របនឹងផលប្រយោជន៍របស់ខ្លួន។ លោក ថា កម្ពុជាគួរប្រើប្រាស់ UNCLOS រួមជាមួយឯកសារច្បាប់ និងសន្ធិសញ្ញាដែលពាក់ព័ន្ធ ដើម្បីស្វែងរកការការពារអធិបតេយ្យភាពរបស់ខ្លួន។
គណៈកម្មការផ្សះផ្សាក្រោម UNCLOS ដែលកម្ពុជាជាអ្នកផ្ដួចផ្ដើម មានសមាជិកប្រាំរូប និងដឹកនាំដោយអ្នកស្រី កាទ្រីណា ឃូភើ (Katrina Cooper) អ្នកជំនាញច្បាប់អន្តរជាតិជនជាតិអូស្ត្រាលី។ សមាជិកដែលកម្ពុជាជ្រើសរើសមានលោក ភីថើ តាក់សូ ជេនហ្សេន (Peter Taksøe-Jensen) មកពីដាណឺម៉ាក និងលោក ហ្សង់ ម៉ាក ធូវើនីន (Jean-Marc Thouvenin) មកពីបារាំង។ សមាជិកដែលថៃជ្រើសរើសមានលោក អាល់បែរ្តិ៍ ហូបម៉ែន (Albert Hoffmann) មកពីអាហ្វ្រិកខាងត្បូង និងលោក រូឌីហ្គើ វូបហ្វ្រម (Rüdiger Wolfrum) មកពីអាល្លឺម៉ង់។
ដោយមានការយល់ព្រមពីភាគីទាំងពីរ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) កំពុងផ្តល់ការគាំទ្រផ្នែករដ្ឋបាល និងច្បាប់ដល់ដំណើរការផ្សះផ្សានេះ។ ដំណើរការផ្សះផ្សានៅសិង្ហបុរីត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ក្នុងគោលបំណងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ៕









